ស្ពាននោះគឺជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនទៀតដែលត្រូវបានបង្កើនល្បឿនក្នុងការសម្របសម្រួលដំណើរការកងកម្លាំងប្រដាប់អាវុធនិងកាំភ្លើងធំទៅរដ្ឋ Arunachal Pradesh ដែលប្រទេសចិនបានទាមទារជារបស់ខ្លួន។
ស្ពាន Dhola Sadiya ដែលមានប្រវែង៩.១៥គីឡូម៉ែតឆ្លងកាត់ទន្លេ Brahmaputra នឹងធ្វើឲ្យការធ្វើដំណើរទៅកាន់រដ្ឋហិមាល័យកាន់តែងាយស្រួលនិងលឿងជាងមុន ដែលប្រទេសចិនបានចាត់ទុករដ្ឋនេះថាជាតំបន់ទីបេខាងត្បូង។
ស្ពាននោះត្រូវបានសាងសង់ឡើងដើម្បីទ្រទ្រង់នឹងទម្ងន់រថក្រោះសង្រ្គាមដែលមានទម្ងន់ដល់ទៅ ៦០តោន។
ថ្ងៃបើកសម្ភោធគម្រោងនេះគឺនៅចំថ្ងៃដែលលោកនាយករដ្ឋមន្រ្តីNarendra Modi បានឡើងកាន់ដំណែងបានរយៈពេលបីឆ្នាំនោះ លោកនាយករដ្ឋមន្រ្តីមិនបានផ្តោតគោលបំណងសំខាន់ទៅលើការការពារជាតិទេ ប៉ុន្តែលោកបានផ្តោតលើគម្រោងដែលមានប្រយោជន៍ដល់វិស័យសេដ្ឋកិច្ច។ វាក៏ជាគម្រោងដែលអាចតភ្ជាប់ជាមួយតំបន់ដាច់ស្រយាលឲ្យប្រសើរជាមុន ដែលហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះមានសភាពយ៉ាប់យឺនខ្លាំងជាយូរមកហើយ។
លោកបាននិយាយថា ស្ពាននេះនឹងអាចពន្លឿនការអភិវឌ្ឍទាំងក្នុងរដ្ឋ Arunachal Pradesh និងរដ្ឋ Assam ហើយអាចជួយឲ្យកសិកររាប់ពាន់នាក់ចូលទៅកាន់ទីផ្សារថ្មីបាន។ លោក Modi និយាយថា៖ «វាមិនត្រឹមតែសន្សំពេលវេលានិងថវិកាប៉ុណ្ណោះទេ វានឹងនាំយើងទៅកាន់បដិវត្តន៍សេដ្ឋកិច្ច»។
ចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងឆ្នាំ២០១៤មក រដ្ឋាភិបាលរបស់លោក Modi បានកំណត់យកអាទិភាពនៃការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច។
អាទិភាពនេះរួមមានដូចជាគម្រោងសំខាន់ៗមួយចំនួនក្នុងតំបន់ព្រំដែននៅរដ្ឋឦសាន ដែលរដ្ឋាភិបាលលោកនិយាយថាជាការចាំបាច់ក្នុងការពង្រឹងវិស័យការពារជាតិរបស់ឥណ្ឌា។
គោលនយោបាយនេះបានបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ឥណ្ឌា ដែលប្រទេសនេះមិនមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ ពួកគេបានជឿថា ការធ្វើឲ្យតំបន់ទាំងនោះរីកចម្រើនអាចធ្វើឲ្យមានភាពងាយស្រួលដល់កងទ័ពចិនក្នុងការចូលក្នុងប្រទេសឥណ្ឌា។ ប្រទេសឥណ្ឌានិងប្រទេសចិនបានប្រយុទ្ធគ្នាក្នុងសង្រ្គាមខ្លីមួយកាលពីឆ្នាំ១៩៦២។ ទោះបីជាមានការចរចាដ៏អូសបន្លាយអស់ជាច្រើនឆ្នាំក៏ដោយ ក៏តំបន់ព្រំដែនរបស់ពួកគេមួយចំនួននៅតែមានជម្លោះនៅឡើយ។
លោក Dipankar Banerjee អតីតឧត្តមសេនីយ៍និងអ្នកវិភាគសន្តិសុខឥណ្ឌានិយាយថា កាលពីមុនយើងធ្លាប់គិតថា «ការសាងសង់ផ្លូវធ្វើដំណើរនឹងធ្វើឲ្យយើងខិតកាន់តែជិតទៅព្រំដែន ហើយផ្លូវនោះប្រហែលជាអាចប្រើក្នុងគោលបំណងវាយលុកដោយភាគីទាំងសងខាង។ ដូច្នេះហើយការសាងសង់ផ្លូវមានឧបសគ្គមួយចំនួន»។
នៅឆ្នាំក្រោយនេះ ប្រទេសឥណ្ឌាសង្ឃឹមថានឹងអាចបញ្ចប់គម្រោងផ្លូវមួយខ្សែដែលមានពីរគន្លងទៅកាន់តំបន់ដាច់ស្រយាលនិងជាតំបន់ព្រំដែនយុទ្ធសាស្រ្តក្នុងរដ្ឋ Arunachal Pradesh ដែលតំបន់នោះគ្រឿងយុទ្ធភ័ណ្ឌទាំងអស់អាចដឹកទៅដល់ដោយឧទ្ធម្ភាគចក្រប៉ុណ្ណោះ។ ការសាងសង់ផ្លូវនៅតាមជម្រាលភ្នំហិមាល័យ គឺជាបញ្ហាប្រឈមផ្នែកវិស្វកម្ម ដែលរួមមានទាំងការលំបាកក្នុងការដឹកជញ្ជូនឧបករណ៍សាងសង់ផ្លូវតាមឧទ្ធម្ភាគចក្រ។
គម្រោងផ្សេងទៀតគឺផ្តោតលើការធ្វើឲ្យប្រសើរឡើងនូវមូលដ្ឋានសម្រាប់យន្តហោះធន់ធ្ងន់ចុះចត។ អ្នកវិភាគឥណ្ឌាមួយចំនួននិយាយថា គម្រោងទាំងនេះនឹងលុបបំបាត់ចន្លោះប្រហោងទាក់ទងនឹងបណ្តាញដឹកជញ្ជូនខ្នាតធំដែលប្រទេសចិនបានសាងសង់នៅក្នុងទឹកដីរបស់ខ្លួនជិតព្រំដែននោះ។ លោក Banerjee និយាយថា៖ «ប្រទេសចិនមានហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរជាងមុនច្រើន ហើយវាគឺជាបញ្ហាធំមួយ»។
កាលពីពាក់កណ្តាលខែឧសភា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Rajnath Singh បានអំពាវនាវដល់កងទ័ពដែលនៅយាមតាមព្រំដែនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពបំពានរបស់ចិន។ លោក Singh និយាយថា៖ «យើងចង់បានសន្តិភាព ប៉ុន្តែជាសន្តិភាពដោយកិត្តិយស។ យើងត្រូវតែមានលទ្ធភាពរារាំងអ្នកណាដែលគិតថាយើងទន់ខ្សោយ»។
ចំណងទាក់ទងរបស់ប្រទេសទាំងពីរនេះមានការធ្លាក់ចុះខ្លាំងកាលពីឆ្នាំកន្លងទៅ។
កាលពីខែមេសា ប្រទេសចិនបានប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់មេដឹកនាំសាសនានៃតំបន់ទីបេ គឺសម្តេចសង្ឃ Dalai Lama ទៅកាន់រដ្ឋ Arunachal Pradesh ហើយចិនក៏បានព្រមានថាការធ្វើទស្សនកិច្ចទៅកាន់តំបន់ជម្លោះដែលខ្លួនបានទាមទារនេះនឹងបំផ្លាញចំណងទាក់ទងរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះបានធ្វើឲ្យអនុរដ្ឋមន្រ្តីការពារជាតិលោក Kiren Rijiu និយាយថា «រដ្ឋ Arunachal Pradesh ជាផ្នែកមួយរបស់ប្រទេសឥណ្ឌា ហើយវាមិនមានថ្ងៃផ្លាស់ប្តូរឡើយ»៕
ប្រែសម្រួលដោយ ទុំ ម្លិះ