ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​អេហ្ស៊ីប ហ្វេសប៊ុក​ជា​ឧបករណ៍​សម្រាប់​រដ្ឋាភិបាល​ផង អ្នក​ប្រឆាំង​ផង


រូបថត​នៃ​ទំព័រ ហ្វេសប៊ុក «We Are All Khaled Said» កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ ២០១៤។ ទំព័រ​នេះ​​​ត្រូវ​ដាក់​ឈ្មោះ​តាម​សកម្មជន​អេហ្ស៊ីប​មួយដែល​​ជា​ជន​រង​គ្រោះ​នៃ​អំពី​ឃោរឃៅ​របស់​ប៉ូលិស​នៅ​ក្នុង​ឆ្នាំ​២០១១។
រូបថត​នៃ​ទំព័រ ហ្វេសប៊ុក «We Are All Khaled Said» កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ ២០១៤។ ទំព័រ​នេះ​​​ត្រូវ​ដាក់​ឈ្មោះ​តាម​សកម្មជន​អេហ្ស៊ីប​មួយដែល​​ជា​ជន​រង​គ្រោះ​នៃ​អំពី​ឃោរឃៅ​របស់​ប៉ូលិស​នៅ​ក្នុង​ឆ្នាំ​២០១១។
នៅ​ក្នុង​អំឡុង​១០​ឆ្នាំក្រោយ​ការ​ចាប់​ផ្តើម​ដំណើរការ​បណ្តាញ​សង្គម Facebook មិន​មាន​ប្រទេស​ច្រើន​ទេ​ដែលបណ្តាញ​សង្គម​មួយ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំងលើ​ជីវិត​នយោបាយ​ប្រទេស​នោះ​ដូច​ប្រទេស​អេហ្ស៊ីប។

ក្នុង​ខែ​មិថុនា​ឆ្នាំ​២០១០​ ជនជាតិ​អេហ្ស៊ីប​វ័យ​ក្មេង​មួយ​រូបត្រូវ​ប៉ូលិស​វាយ​ស្លាប់​នៅ​ទី​ក្រុង Alexandria ប្រទេស​អេហ្ស៊ីប។ ថ្វី​បើ​មានសាក្សីឃើញ​ជា​ច្រើន​ ក៏​ក្រុម​ប៉ូលិស​អះអាង​ថា​ ជនរងគ្រោះ​បានថប់​ដង្ហើម​ស្លាប់​ក្នុង​ពេល​ព្យាយាម​លាក់​ថ្នាំ​ញៀន។

ថ្វី​បើ​មិត្ត​ភក្តិ​និង​ក្រុមគ្រួសារ​ព្យាយាម​ស្វែង​រក​ការណ៍​ពិត ក៏បុរស​អាយុ​២៨​ឆ្នាំ​រូបនេះ​ ពេល​នោះ​ហាក់​មាន​វាសនា​បាន​ត្រឹម​ក្លាយ​ជា​តួ​លេខ​មួយ​ទៀតនៅ​ក្នុង​ប្រវត្តិ​ដ៏​យូរ​អង្វែង​នៃ​អំពើ​ឃោរឃៅ​របស់ស្ថាប័ន​ប៉ូលិស​អេហ្ស៊ីប។

តែ​ក្រោយ​មក​ក៏​លេច​មុខបណ្តាញ​សង្គម Facebook។​ អ្នក​គាំទ្រ​បុរស​វ័យ​ក្មេងរូប​នេះ​បាន​បង្កើត​ទំព័រហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា៖ «យើង​ទាំង​អស់គ្នា​ជា Khaled Said»។ ដោយ​មាន​អ្នក​គាំទ្រ​ Like រាប់​សែន​នាក់​ ទំព័រ​នេះ​បាន​ក្លាយ​ទៅ​ជា​ចំណុច​កណ្តាល​នៃ​ចលនាដែល​កាន់​តែ​ចេញ​ជារូបរាង​ឡើង ប្រឆាំង​នឹង​របប​ផ្តាច់ការលោក​ប្រធានាធិបតី Hosni Mubarak។

នៅ​ទី​បំផុត​អ្នក​សម្លាប់ Khaled Said បាន​ត្រូវ​កាត់​ទោស។ ហើយ​កម្លាំង​ប្រឆាំង​ជំនាន់​ថ្មី​មួយ​បាន​រក​ឃើញ​វិធី​ដើម្បី​រួបរួម​គ្នា។

សកម្មជន​ដែល​នៅ​ពី​ក្រោយ​ការ​បះបោរ​ខែ​មករា​ឆ្នាំ​២០១១​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក Mubarak បាន​ចាត់​ទុក​បណ្តាញ​ហ្វេសប៊ុក​ថា​បាន​ជួយ​ពួក​គេ​ទាក់ទង​នឹង​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​បះបោរ។

អ្នកស្រី Bel Trew អ្នក​យក​ព័ត៌មាន​មួយ​រូប​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​ឡឺគែរ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ពន្យល់​ថា ក្នុង​អំឡុង​ពេល​នោះ បណ្តាញ​ហេ្វសប៊ុក​ក៏​បាន​ដើរ​តួ​នាទី​ជា​ប្រភពព័ត៌មានជម្រើស​ផ្សេង​មួយពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូទៅ​របស់​អេហ្ស៊ីប។

អ្នក​ស្រី​ថ្លែង​ថា៖ «ការ​ចែកចាយ​ព័ត៌មាន​ពលរដ្ឋ​ (citizen journalism) បាន​រីក​ធំ​ខ្លាំងណាស់នៅ​ក្នុង​ឆ្នាំ​២០១១ ហើយ​បណ្តាញ​ Facebook និង Twitter ជា​មធ្យោបាយ​មួយ ឬ​ក៏​មធ្យោបាយ​ពីរ​ក្នុង​ចំណោម​មធ្យោបាយ​នានា​ ដែល​ពលរដ្ឋ​(អេហ្ស៊ីប)​អាច​បញ្ជូន​ព័ត៌មាន​ទៅ​កាន់​ពិភពលោក​ទាំង​មូល​ ព្រោះ​បណ្តាញផ្សព្វផ្សាយ​របស់​ពួក​គេ​មិន​បាន​ជួយ​ពួក​គេ​ទេ។»

ដោយ​មាន​អ្នក​ប្រើប្រាស់​ប្រមាណ​១៦​លាន​នាក់​ ប្រទេស​អេហ្ស៊ីប​ជា​ប្រទេស​ប្រើប្រាស់ Facebook ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភព​អារ៉ាប់ ហើយ​រឿង​នេះ​មេដឹកនាំ​អេហ្ស៊ីប​បន្ត​បន្ទាប់​មក​បាន​ដឹង​ច្បាស់។ ស្ថាប័ន​យោធា​អេហ្ស៊ីប បាន​ប្រើ Facebook ដើម្បី​ផ្សព្វ​ផ្សាយ​ក្នុង​ពេល​ការ​កាន់អំណាច​របស់​ពួក​គេ​ក្រោយ​បដិវត្តន៍ ហើយ​ក្រុម Muslim Brotherhood ដែល​គាំទ្រប្រធានាធិបតី Mohamed Morsi ក៏​ប្រើ​បណ្តាញ​នេះ​ដែរ។

នៅ​ក្នុង​អំឡុងការ​បង្ក្រាប​និង​បាតុកម្ម​តាម​ផ្លូវ​សាធារណៈ​នៅ​ក្រោយ​ពេល​លោក Morsi ត្រូវ​បណ្តេញ​ចេញ​កាល​ពី​ឆ្នាំ​មុន អ្នក​គាំទ្រ​របស់​លោក​ Morsi កាន់​តែ​ងាក​ទៅ​រក​ការ​ប្រើ​ហ្វេសប៊ុក។

ការ​ធ្វើ​សកម្មភាព​តវ៉ា​តាម​អ៊ីនធឺណិត​បែប​នេះ​ក៏​អាច​មាន​គ្រោះថ្នាក់​ផង​ដែរ។ កាល​ពី​សប្តាហ៍​មុន អាជ្ញាធរ​បាន​ចាប់​ខ្លួន​សមាជិក​ក្រុម Muslim Brotherhood ១១​នាក់​ពី​បទ​បាន​ប្រើ​គណនី Facebook ដើម្បី​«ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា»។

ប៉ុន្តែ​ទោះបី​ពន្ធនាគារ​អេហ្ស៊ីប​កាន់​តែ​ត្រូវពេញ​ឡើង​ដោយ​មនុស្ស​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា​កម្លាំង​ប្រឆាំង​រដ្ឋាភិបាល​ ដែល​រួម​មាន​អ្នក​យក​ព័ត៌មាន​របស់​បណ្តាញ​ព័ត៌មាន Al Jazeera ផងនោះ ក៏​អ្នក​ដែល​រិះគន់​ការ​បង្ក្រាប​របស់រដ្ឋាភិបាល​បន្ត​ងាក​ទៅ​រក​បណ្តាញ​សង្គម​ដើម្បី​ផ្សព្វផ្សាយ​សារ​របស់​ពួក​គេ។ កាល​ពី​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ ដែល​ជា​ខួប​១០​ឆ្នាំ​នៃ​ការ​បង្កើត​ Facebook អ្នក​យក​ព័ត៌មាននៅ​ទូទាំង​ពិភពលោក​បាន​ផ្សាយ​តាម​បណ្តាញ​នេះ គាំទ្រ​សហការី​របស់​ពួក​គេ​ដែល​កំពុង​ត្រូវ​ជាប់​ពន្ធនាគារ៕

ប្រែ​សម្រួល​ដោយ សឹង សុផាត

អត្ថបទ​ទាក់ទង

XS
SM
MD
LG