ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បដិវត្ដន៍​នៅ​ក្នុង​ប្រទេស​អារ៉ាប់​ទទួល​លទ្ធផល​ល្អ​និង​អាក្រក់​លាយឡំ​គ្នា​ ខាង​វិស័យ​សិទ្ធិមនុស្ស​


បាតុករ​​ឈរ​នៅ​ចំពោះ​មុខ​ប៉ូលិស​​រក្សា​សណ្តាប់ធ្នាប់​​ក្នុង​ពេល​បាតុកម្ម​មួយ​នៅ​ក្រៅ​អគារ​សភា​ក្នុង​ទីក្រុង​ទុយនីស​ (Tunis) កាលពី​ថ្ងៃ​ទី២២ ខែវិច្ឆិកា ឆ្នាំ២០១១។
បាតុករ​​ឈរ​នៅ​ចំពោះ​មុខ​ប៉ូលិស​​រក្សា​សណ្តាប់ធ្នាប់​​ក្នុង​ពេល​បាតុកម្ម​មួយ​នៅ​ក្រៅ​អគារ​សភា​ក្នុង​ទីក្រុង​ទុយនីស​ (Tunis) កាលពី​ថ្ងៃ​ទី២២ ខែវិច្ឆិកា ឆ្នាំ២០១១។

ខណៈ​ពេល​ដែល​បដិវត្ដន៍​ក្នុង​ពិភព​អារ៉ាប់ ​ហៅនិទាឃរដូវ​អារ៉ាប់ ដែល​បន្ដ​ដំណើរការ​រហូត​ដល់​ពេល​នេះ​ នាំ​ឲ្យ​មាន​លទ្ធផល​ល្អ ​និងអាក្រក់​ លាយឡំគ្នា​ដែរ​ ខាង​វិស័យការពារ​សិទ្ធិមនុស្ស​នោះ សកម្មជន​នៅ​ជុំវិញ​ពិភពលោកនិយាយ​ថា​ គេ​បាន​ត្រូវ​លើកទឹកចិត្ដ​ពី​ចលនា​នោះ​ដើម្បី​ប្រយុទ្ធ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​នយោបាយ​នៅ​ក្នុង​ប្រទេស​របស់​គេ ខណៈ​ដែល​ ពិភពលោក​ កំពុង​រៀបចំ​ឲ្យ​មាន​ការ​ប្រារព​ពិធីបុណ្យ​ទិវា​សិទ្ធិមនុស្ស​នៅ​ក្នុង​ថ្ងៃ​ទី​ ១០ ​ខែ​ធ្នូ។

ក្រុម​អ្នក​តាក់តែង​ច្បាប់​ថ្មីនៅ​ពេល​ក្រោយ​របប​គ្រប់គ្រងផ្ដាច់ការ​នៃប្រទេសទុយណេស៊ី​ នឹង​ក្រុម​អ្នក​បោះឆ្នោត​ ក្នុង​ប្រទេស​អេហ៊្សីប នៅ​ទី​បញ្ចប់​ បាន​ចូលរូម​ក្នុង​ការបោះឆ្នោត​សេរី​ និង​ យុត្ដិធម៌​អ្នក​ទាំងនោះ​ជា​លទ្ធផល​ច្បាស់​លាស់​នៅ​ ក្នុង​ចលនា​នៃ​ការបដិវត្ដន៍​ អារ៉ាប់។

ការតវ៉ា​ ដែល​ចាប់ផ្ដើម​កាល​ពី​ឆ្នាំ​មុន​ បាន​ធ្វើ​ឲ្យ​រង្គើ​ ដល់​រដ្ឋាភិបាល​ដែល​កាន់អំណាច​ផ្ដាច់ការ​នៅ​ក្នុង​មជ្ឈឹមបូព៌ា​ប្រទេស​ និង​តំបន់​អាហ្វ្រីក​ខាង​ជើង។

ការ​ប៉ះទង្គិចគ្នា​នៅ​តាម​ផ្លូវ​ នៅ​តែ​មាន​បន្ដ​ សូម្បី​នៅ​ក្នុង​ប្រទេស​ដែល​មេដឹកនាំ​យូរអង្វែង​ បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​អំណាច​ក៏​ដោយ​ ដូច​ជា​នៅ​ក្នុង​ប្រទេស​ អេហ៊្សីប​ ជាដើម។ នៅ​ក្នុង​ប្រទេស ​ស៊ីរី​គេ​ឃើញ​មាន​ការប្រែប្រួល​តិចតួច​ តែ​នៅ​ មាន​អំពើ​ឃោរឃៅ​ជា​ច្រើន។

ប្រទេស​ខ្លះ​ដូច​ជា​ប្រទេស​ បារ៉េន​ គេឃើញ ​មាន​ការ​តវ៉ា​ និយម​ លទ្ធិប្រជា​ធិបតេយ្យ ​មិន​ឈប់ឈរ ក្រោយ​ពី​រដ្ឋាភិបាល​សន្យា​ នឹង​ធ្វើ​ការ​ផ្លាស់ប្ដូរ​ តែ​គេ​មិន​ឃើញ​មាន​សកម្មភាព​ធំ​ដំ​ទេ។​ រាជាណាចក្រ​នៃ​ប្រទេស​ បារ៉េន​ កាល​ពី​ពេល​ថ្មី​នេះ​ និយាយ​ថា​នឹង​សិក្សា​អំពី​សេចក្ដីស្នើ​ថ្មី​របស់​គណកម្មការ​មូយ​ របស់​ រដ្ឋាភិបាល​ ដើម្បី​ពង្រីក​សេរីភាព​ក្នុង​ការសម្ដែង​មតិ​ និង​ សេរីភាព​ក្នុង​ការ​ជួបប្រជុំ។

តែ​អ្នក​ស្រាវជ្រាវ​ម្នាក់​ នៃ​ អង្គការ ​Amnesty International​ ក្នុង​ប្រទេស​បារ៉េន Said Boumedouha​ ស្ទាក់ស្ទើរ​ មិន​ចង់​ប្រារព​ពិធីបុណ្យ​ទិវា ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​របស់​លោក។

«មានករណី ​ឬ ​ឧទាហរណ៍​ជា​ច្រើន​ ដែល​អង្គការ​អន្ដរជាតិ ​ឬ ​អង្គការ​តំបន់​ បាន​ផ្ដល់​អនុសាសន៍​ ទៅ​ឲ្យ​រដ្ឋាភិបាល​ តែ​ គេ​មិន​ឃើញ​មាន​ការ​អនុវត្ដន៍​ទេ។ ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ប្រជាពលរដ្ឋ​មាន​ការ​មន្ទិល​សង្ស័យ​ចំពោះ​រឿង​ទាំង​នោះ​ ថា​ តើ​ រដ្ឋាភិបាល ​នឹង​អនុវត្ដ​តាមសេចក្ដី​ស្នើ​ទាំង​នោះ​ ឬ​ ទេ?»

នៅ​ពី​ចម្ងាយ​ ប្រមាណ ​១ ម៉ឺន គីឡូម៉ែត្រ​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោនJessica Mazour​ បាន​ចូលរួម​ធ្វើ​បាតុកម្ម​ ជា​លើក​តំបូង។ ​នាងខិតខំ​ប្រមូល​មនុស្ស​ទូទាំង​ សរអ ដូច​ចលនា​ហៅ ​Occupy ឲ្យ​ចូលរួម​ធ្វើ​ការ​តវ៉ាក្នុង​រដ្ឋ​របស់នាង​ Iowa ដែល​នៅ​ ខែ​មករា​ នឹង​ មាន​ការ​ចាប់​ផ្ដើមការ​តែងតាំង​បេក្ខជន​ប្រធានាធិបតី​ សរអ ​សម្រាប់​ការ​បោះឆ្នោត​ ឆ្នាំ​ ២០១២។

នាង ​ម៉ាសួរ​ ថ្លែងថា​ ក្រុម​បាតុករ ​នៅ​មជ្ឈឹមបូព៌ា​ បាន​លើកទឹកចិត្ដ​នាង​ឲ្យ​មាន​ចិត្ដ​តស៊ូ​ជា​និច្ច​ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ នៅ​ក្នុង​រដ្ឋាភិបាល​ របស់នាង។

«នៅ​គ្រប់​ពេលវេលា​ដែល​ អាជ្ញាធរ​ ព្យាយាម​ឃាត់ឃាំង​យើង​ តែ​យើង​នឹង​តស៊ូ​រឹត​តែ​ខ្លាំង​ឡើង​ រហូត​ដល់ ​មន្ដ្រី​ទាំងនោះ​យល់​ព្រម​តាម​យើង​ ហើយ​នេះ​ មាន​សារៈសំខាន់​ណាស់​ដល់​ប្រជាពលរដ្ឋ។»

ចលនា​ Occupy​ មិនមាន​គោលការណ៍​ជាក់លាក់​ទេ​ តែ​ បាតុករ​ជាច្រើន​នៅ​ក្នុង​ សរអ ​នេះ​ និយាយ​ថា​ គេ ​ចង់​បាន​ឱកាស​ការងារ​ច្រើន ​មាន​ការ​បែងចែក​ប្រាក់​ចំណូល​ស្មើ​គ្នា​ ព្រម​ទាំង​ការ​កាត់​បន្ថយ​ឥទ្ធិពល​អ្នក​មាន​ទ្រព្យសម្បត្ដិ​ មក​លើ​នយោបាយ ​ដែល​ជា​ការ​ទាមទារ​ស្រដៀង​គ្នា​ នៅ​តំបន់​មជ្ឈឹមបូព៌ា។

Zaid Jelani ​បាន​តាម​ដាន​ការបះបោរ​នៅ​ជុំវិញ​ពិភព​លោក​ យ៉ាង​ដិតដល់ ​ហើយ​ជា​ សកម្មជន​សរសេរ​ ប្ល៉គ ​សម្រាប់​អង្គការ​មួយ​ ក្នុង​រដ្ឋធានី​ វ៉ាស៊ិនតោន​ ហៅ ​Think Progress។

«រឿង​សំខាន់​ដែល​យើង​អាច​និយាយ​នៅ​ឆ្នាំ​ ២០១១​ គឺ​ថា​ មាន​ការ​ងើប​តវ៉ា​និយម​លទ្ធិប្រជាធិបតេយ្យ​ នៅ​ជុំវិញ​ពិភពលោក ។​ វា​ជា​រឿង​មូយ​ដែល​ពលរដ្ឋ​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភពលោក​ និយាយថា​ ថ្នាក់​ដឹកនាំ​ប្រទេស​គេ ​មិនបាន​បំរើ​ពលរដ្ឋ​ទេ ​ហើយ​ជីវិត​របស់​គេ​ ធ្លាក់​ចុះ​ដុនដាប​ដោយសារ​តែ​សេដ្ឋកិច្ច​ជាតិ​ចុះ​អន់ខ្សោយ។ គេ​និយាយ​ថា​ បើ​ចង់​បាន​សម្រេច​តាម​គោល​បំណង​ គេ​ត្រូវ​ ធ្វើការ​តវ៉ា​ដោយ​ដើរ​លើផ្លូវ​ដោយ​អនុវត្ដលទ្ធិប្រជាធិបតេយ្យ​ពី​ឬសគល់ ស្ដាប់មតិ​របស់​ប្រជាពលរដ្ឋ។​ ការ​រំលោភ​លើ​ប្រជាពលរដ្ឋ​ និង​ នយោបាយការប្រើបាស​វិធានការ​មិនស្រប​តាម​ចំណង់​ពលរដ្ឋ​ រឿង​ទាំង​នោះ​ត្រូវ​យក​មក​ដោះស្រាយ។»

ក្រុម​បាតុករ ​និយាយ​ថា ​បើ​កាលណា ជំរំ​នៅ​លើ​ទី​វាល​ បាន​ត្រូវ​បំបិទ​ហើយ​ជន​ទាំង​នោះ​ប្រឈម​មុខ​នឹង​ការ​វាយបង្រ្កាប​ មិន​ឈប់ឈរ​ពី​កងកម្លាំង​សន្ដិសុខ ការតស៊ូ​សង្គម​ដ៏​ខ្លាំង​ក្លា​ របស់​គេ​នៅ​ពេល​នេះ​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ដល់​សិទ្ធិមនុស្ស ​នឹង​ប្រើ​ពេលយូរ​ ហើយ​មុខ​ជា​បន្ដ​ឆ្ងាយហួស​ពី​ឆ្នាំ​នេះ​ទៅ​ទៀត៕

ប្រែ​សម្រួល​ដោយ អ៊ូ ធួក

XS
SM
MD
LG