ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​ពីរឆ្នាំ​បន្ទាប់ពី​បដិវត្តន៍ ប្រជាពលរដ្ឋអេហ្សីប​ឆ្លុះ​បញ្ចាំង​ឡើងវិញ

  • Elizabeth Arrott

ទីលាន​តាហៀរ៍ (Tahrir Square)

ការផ្លាស់ប្តូរ​របស់​មនុស្ស ដែល​ជា​រឿង​ដ៏សំខាន់​បំផុត​នៅក្នុង​បដិវត្តន៍ គឺថា​ប្រជាពលរដ្ឋ​​បាន​ជម្នះ​រណាំង​​នៃ​ភាព​ភ័យខ្លាច។

ប្រែសម្រួលដោយ ឌី ខាំបូលី
ខណៈដែលប្រជាពលរដ្ឋអេហ្សីបប្រារព្ធខួបពីរឆ្នាំ ចាប់តាំងពី​ការបះបោរ​ជាប្រវត្តិសាស្រ្ត​របស់ពួគេ ប្រជាពលរដ្ឋ​ជាច្រើន​ដែល​រាប់​ចាប់តាំងពី​ក្រុម​បញ្ញវ័នរហូតដល់​វណ្ណៈកម្មករ កំពុង​ឆ្លុះបញ្ចាំងមើលឡើងវិញ​នូវអ្វី​ដែល​សម្រេចបាន និង​អ្វីដែល​ចាំបាច់​ត្រូវធ្វើបន្តទៀត។
សម្រាប់​ប្រជាពលរដ្ឋ​អេហ្សីបធម្មតា​ រយៈពេលពីរឆ្នាំ​ចាប់តាំង​ពី​បដិវត្តន៍ គឺជា​ពេលវេលា​ប្រកបដោយភាព​រីករាយ​ផង​ និង​ការតស៊ូព្យាយាម​ផង។ ប្រជាពលរដ្ឋ​ជាច្រើន ដូចជា​អ្នកភូមិ​ហ្គីហ្សា (Giza) លោក អ៊ីហាប ហ្គូហារ៍ (Ehab Gohar) និយាយ​ថា ការសមិទ្ធផល​យ៉ាង​ធំធេង​បំផុត គឺជា​អារម្មណ៍​នៃ​ការផ្តល់អំណាច។
លោក​និយាយ​ថា គ្មាន​សេរីភាពទេ​មុនបដិវត្តន៍។ ឥឡូវនេះ លោក​មាន​អារម្មណ៍​ថា​មាន​សេរីភាព​ក្នុងការប្រាប់​ជាសាធារណ​ដល់​លោក​ប្រធានាធិបតី​អំពី​អ្វី​ដែល​ប្រជាពលរដ្ឋអេហ្សីប​ត្រូវការ។
អ្នក​សរសេរ​ប្រលោមលោក​ប្រកបដោយ​ការផ្លាស់ប្តូរ​ដ៏អស្ចារ្យមួយរូប គឺ​លោក អាឡា អែលអាសវ៉ានី (Alaa el Aswany) ដែល​បានឃើញ​ជាលើកដំបូង នៅពេល​ដែល​លោក​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​រាប់លាន​នាក់ ដែល​បាន​នាំគ្នា​ចេញ​មក​តាម​ដងផ្លូវ​ទាំងឡាយ​នៃប្រទេសអេហ្សីប នៅក្នុង​អំឡុងពេល​នៃការបះបោរ។
ការផ្លាស់ប្តូរ​របស់​មនុស្ស ដែល​ជា​រឿង​ដ៏សំខាន់​បំផុត​នៅក្នុង​បដិវត្តន៍ គឺថា​ប្រជាពលរដ្ឋបាន​ជម្នះ​រណាំងនៃ​ភាព​ភ័យខ្លាច។ នេះ​គឺជា​អ្វី​ដែល​មិនអាចកែប្រែវិញបានទេ។ ប្រជាពលរដ្ឋ​នឹង​មិន​មាន​ការភ័យខ្លាច​ជាថ្មី​ម្តងទៀតទេ។»
ប៉ុន្តែ ប្រជាពលរដ្ឋ​មួយចំនួនមាន​ការភ័យខ្លាចថា ស្មារតី​បដិវត្តន៍​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់។ សម្រាប់​អ្នកទាំងនេះ ការបោះឆ្នោត​កាល​ពីឆ្នាំមុន នៃ​លោក​ប្រធានាធិបតី​អ៊ីស្លាមនិយម ម៉ូហាម៉េដ ម័រស៊ី (Mohamed Morsi) និង​ការអនុម័តរដ្ឋធម្មនុញ្ញ​ថ្មី​មួយប្រកបដោយ​ភាពចម្រូង​ចម្រាស់​បង្កឱ្យ​មាន​បញ្ហា​និងភាពបែកបាក់។
មេបញ្ជាការ​កប៉ាល់​ទន្លេ នីល (Nile) លោក ម៉ូស្តាហ្វា សៀម (Mustafa Siam) មាន​ការប្រយ័ត្ន​ប្រយែង​ចំពោះ​ចលនាដែលមាន​ឈ្មោះថា ភាតរភាព​អ៊ីស្លាម (Muslim Brotherhood) ហើយ​គិតថា ក្រុមនេះ​ព្យាយាម​សម្រាប់​តែខ្លួនឯង​ប៉ុណ្ណោះ។
លោក​និយាយ​ថា អ្នក​ទទួលខុសត្រូវគួរ​យល់ថា ពួកគេ​ទទួលខុសត្រូវ​ចំពោះ​ប្រទេសជាតិ​ទាំងមូល។
លោក អែល អាសវ៉ានី(El Aswany)​ ដែល​ជា​អ្នក​រិះគន់​ចលនាភាតរភាពអ៊ីស្លាម និយាយ​ថា ភាព​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុងការ​អនុវត្ត​តាម​ការ​សន្យា​ពីដំបូង ដើម្បី​កសាងឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការបង្កើត​ការងារ បន្ថែមបន្ទុក​នៃការទទួលខុសត្រូវ ដោយ​ហេតុ​ថា​ឥឡូវនេះ អ្នកដែល​ស្ថិត​នៅខាងក្រៅ​ជាយូរមកហើយ កំពុងក្តោប​ក្តាប់​ អំណាច។
«ខ្ញុំគិតថា កិច្ចការ​នេះ​មាន​ប្រយោជន៍​ខ្លាំងណាស់​សម្រាប់​បដិវត្តន៍។ ខ្ញុំ​មិន​គិត​ថា វាមាន​ប្រយោជន៍​សម្រាប់​ចលនាភាតរភាពអ៊ីស្លាម​នោះទេ ពីព្រោះ​ឥឡូវនេះ ពួកគេ​កំពុង​តែ​បរាជ័យ ហើយ​ពួកគេ​កំពុង​តែ​បាត់បង់​ប្រជាប្រិយភាព​រៀងរាល់​ព្រឹក។»
អ្នកសរសេរ​ប្រលោមលោក ដែល​ការសង្កេតយ៉ាង​ដិតដល់របស់​លោក ចំពោះ​សេចក្តី​សង្ឃឹម​និង​ការតស៊ូ​របស់​ជនរួម​ជាតិ​របស់​លោក ត្រូវបាន​សាទរ​ដោយ​ក្រុម​អ្នករិះគន់ ក៏ដូចជា​ក្រុម​អ្នក​អាន និយាយ​ថា លោក​បាន​គិត​ថា ប្រជាពលរដ្ឋអេហ្សីបនឹង​ត្រូវ​ចំណាយពេល​១០​ឆ្នាំក្នុងការ​ធ្វើឱ្យមាន​ការ​ផ្លាស់​ប្តូរជាមួយ​ចលនា​ភាតរភាព​អ៊ីស្លាម។ ឥឡូវនេះ លោក​ជឿជាក់ថា ប្រជាពលរដ្ឋ​ជាច្រើន​បាន​ងាកចេញ​បន្ទាប់ពី​រយៈពេល​តែ​១០ខែប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋជាច្រើនផ្សេងទៀត បង្ហាញពី​ភាព​អត់ធ្មត់​ជាមួយ​លោក​ប្រធានាធិបតី ម័រស៊ី ដែលជាញឹកញាប់បំផុស​ស្មារតី​បដិវត្តន៍។ លោក បែកឃ័រ អាស្រាហ្វ អាល់ហ៊ូស៊ីនី (Baker Ashraf Al Husseini) កំពុង​តស៊ូ​ជាមួយនឹង​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន ប៉ុន្តែប្រកបដោយសមាណចិត្ត។
លោក​និយាយ​ថា រដ្ឋាភិបាល​នៃ​ចលនា​ភាតរភាព​អ៊ីស្លាម ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​ជាច្រើន ហើយ​រដ្ឋាភិបាលកំពុង​ធ្វើការ​ដើម្បី​ជម្នះឱ្យ​បាន​នូវ​បញ្ហា​ប្រឈម​ទាំងនោះ។
ចលនា​ភាតរភាព​អ៊ីស្លាម នៅ​តែ​ជាក្រុមនយោបាយដែល​មាន​ការ​រៀបចំបាន​យ៉ាងល្អ​របស់​ប្រទេសអេហ្សីប ដែលមាន​លទ្ធភាព​ប្រមូលផ្តុំ​អ្នក​គាំទ្រ​ខ្លួន​រាប់​សែននាក់​ក្នុងការធ្វើបាតុកម្ម​ប្រឆាំង ដើម្បី​គាំទ្រ​រដ្ឋាភិបាល។
ក្រុមប្រឆាំង ដែលភាគច្រើន​នៃ​អ្នកទាំងនេះស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ បាន​ចូលរួមក្នុង​ទីលាន​តាហៀរ៍ (Tahrir Square) កាលពី​ពីរឆ្នាំ​មុន មិនទាន់បាន​រួមបញ្ចូលទៅជា​កម្លាំង​នយោបាយ​យ៉ាង​រឹងមាំ​មួយ​នៅឡើយ​ទេ។ លោក អែល អាស់វ៉ានី បានការពារភាព​មិន​ឯកភាព​គ្នា​ ​នេះ ដោយ​បាន​អះអាងថា ក្រុមនេះបែកបាក់​ដោយសារ​រចនាសម្ព័ន្ធ​របស់​ខ្លួន ដោយបាន​ទាត់ចោលនូវការបង្ខិតបង្ខំពី​អ្នកផ្សេង ហើយ​គិតអំពី​ខ្លួនឯងតែប៉ុណ្ណោះ។
ប៉ុន្តែ អ្នក​សរសេរ​ប្រលោមលោក​មានអារម្មណ៍​ថា ពេលវេលា​គឺ​នៅខាង​ពួកគេ។ លោក​កត់​សម្គាល់ឃើញ​អំពីថាតើ​ប្រទេស​បារាំង​និង​សហរដ្ឋអាមេរិក​ត្រូវចំណាយយូរ​ប៉ុនណា​ ដើម្បី​ឆ្លងកាត់​រយៈកាល​នៃ​បដិវត្តន៍​របស់​ពួកគេ។
«ប្រសិនបើ​យើង​រំពឹងថា បដិវត្តន៍​នឹង​ធ្វើការផ្លាស់ប្តូរ​ពិតប្រាកដ​នៅក្នុង​រយៈពេល​ពីរបីឆ្នាំនោះ​ វា​មានន័យ​ជា​សាមញ្ញ​ថា យើង​មិនបាន​អាន​ ​ប្រវត្តិ​នៃ​បដិវត្តន៍ឱ្យបាន​គ្រប់គ្រាន់សោះ។»
ហើយដូចជា​លោក​មេបញ្ជាការ​កប៉ាល់​ដែរ លោក អែល អាស់វ៉ានី ដឹងថា រឿងដែល​សំខាន់ជាងគេបំផុត គឺ​ការដឹកនាំ​នៅក្នុង​ទិសដៅ​ត្រឹមត្រូវ។ លោក​ជឿជាក់​ថា ប្រទេស អេហ្សីប គឺស្ថិតនៅក្នុង​ទិសដៅ​ត្រឹមត្រូវហើយ៕
XS
SM
MD
LG