ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការប្រយុទ្ធប្រឆាំង​របស់​ស្រ្តីអេហ្សីបធ្វើឱ្យមាន​ការកើនឡើង​ការវាយប្រហារ​ជាក្រុម


លោក​ប្រធានាធិបតី​អេហ្សីប​ មូហាមមេដ មូស៊ី (Mohamed Morsi)
ដោយ Elizabeth Arrott
ការកើនឡើង​នៃអំពើហិង្សាផ្លូវភេទនាពេល​ថ្មីៗនេះទៅលើស្ត្រី​នៅ​ប្រទេស​អេហ្សីប (Egypt) ទទួល​ការ​ថ្កោលទោស​ពី​ក្រុម​សិទ្ធិ​មនុស្ស​នៅក្នុង​តំបន់​និង​អន្តរជាតិ។ ការ​តវ៉ា​ត្រូវ​បាន​គ្រោង​ធ្វើឡើង​នៅថ្ងៃអង្គារ នៅខាងក្រៅស្ថានទូត​អេហ្សីប​ទាំងអស់​នៅទូទាំងពិភពលោក។
ស្រ្តី​បានដើរតួនាទី​យ៉ាងសំខាន់​នៅ​ក្នុង​បដិវត្តន៍ អេហ្សីប ចាប់តាំង​ពី​ការបះបោរ​កាលពី​ពីរឆ្នាំមុន​ រហូតដល់​ការតវ៉ា​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​បច្ចុប្បន្ន មូហាមមេដ មូស៊ី (Mohamed Morsi)។ ពួកគេ​ទទួល​រងគ្រោះ​ពី​ការប្រឆាំង​តវ៉ា​នៅ​ជួរមុខ ប៉ុន្តែ​នៅក្នុង​ប៉ុន្មាន​សប្តាហ៍ថ្មីៗនេះ ការគំរាមកំហែង​ដែល​មានការកើន​ឡើង​មួយ​បាន​លេចឡើង។
អំពើហិង្សា​ផ្លូវភេទជាក្រុម​ប្រឆាំងនឹង​អ្នកតវ៉ា​ស្រ្តី បានកើនឡើង​យ៉ាងខ្លាំង​ នៅក្នុងអំឡុងពេលប៉ុន្មានខែកន្លងទៅ​នេះ ដែល​យ៉ាង​ហោច​ណាស់ ការវាយប្រហារ​ចំនួន១៩​ករណី​ ត្រូវបាន​រាយការ​ថា ​បានកើត​ឡើង នៅឯ​ទីលានតាហៀរ (Tahrir) ក្នុងទីក្រុង​គែរ​ នៅក្នុង​រយៈពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ។
​វីដេអូ​មិនផ្លូវការទាំងឡាយ និង​ការរៀបរាប់​របស់​សាក្សី បាន​ពណ៌នា​អំពី​របៀប​ដែល​ស្រ្តី​ម្នាក់​នៅក្នុងហ្វូងមនុស្ស ត្រូវបានជ្រើសរើស​ និង​ត្រូវបាន​ឡោមព័ទ្ធដោយបុរស​មួយក្រុម។​ ​បុរស​ទាំងនោះ​បានហែក​សម្លៀក​បំពាក់​របស់​ស្ត្រី ហើយ​បាន​រំលោភបំពាន​ស្រ្តី​ទាំងនោះ​ដោយដៃ ដំបង ​និងយ៉ាងហោច​ណាស់មាន​មួយករណី​ដោយកាំបិត។
ខណៈដែល​ការវាយប្រហារ​ត្រូវបានដឹងឮ បុរស​មួយចំនួន​បាន​ធ្វើពុតជាមក​ជួយសង្រ្គោះ ដូចមកចូលរួមក្នុង​អំពើ​រំលោភ​បំពាន​នោះ​ដែរ។ បុរស​ខ្លះទៀតគ្រវីកាំបិត ដើម្បីរារាំង​អ្នក​ជួយ​សង្រ្គោះ​ពិត​ប្រាកដ ឳ្យ​ចេញឆ្ងាយ​ពី​ទីកន្លែង​នោះ។
ស្រ្តី​បានប្រមូលផ្តុំគ្នា​តវ៉ា ដើម្បី​ទាមទារ​ឱ្យ​លោក​ប្រធានាធិបតី​ធ្វើការស៊ើប​អង្កេត និងនាំយក​អ្នកទាំងឡាយ ដែល​ទទួលខុសត្រូវ​មក​កាត់​ទោស។ អង្គការលើកលែងទោស​អន្តរជាតិ ក៏បាន​អំពាវនាវ​ដល់​លោក​ មូស៊ី ឲ្យចាត់​វិធានការផងដែរ។
ក្រុមអង្គការ​សិទ្ធិមនុស្ស បានជំរុញ​ថ្នាក់ដឹកនាំ អេហ្សីប ជា​យូរ​មក​ហើយ ក្នុងការដោះស្រាយ​បញ្ហា​នៃ​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី​នៅក្នុង​ប្រទេសនេះ ដែល​នៅទីនោះ​ស្រ្តី​ជាច្រើន​ត្រូវបានរាយការ​ថា បាន​ទទួលរងការបៀតបៀន​ផ្លូវភេទ​ជាញឹកញាប់ គ្រាន់តែ​ចាប់ផ្តើម​ធ្វើអ្វី​មួយ​សម្រាប់ការរស់នៅរបស់ពួកគេ។ ស្រ្តី​ទាំងឡាយ​ដូចជា​និស្សិត​សាកល​វិទ្យាល័យ​រូបនេះ ចាត់ទុក​បញ្ហា​នេះ​ថា​មាន​ស្មុគស្មាញ​ពិបាក​យល់ណាស់។
«នៅពេលដែល​ខ្ញុំ​ចេញមក​តាម​ផ្លូវ ហើយ​ប្រទះឃើញ​អ្វី​មួយ​វាយខ្ញុំ​ ឬប៉ះ​រាងកាយ​របស់ខ្ញុំ។ តើពួកគេកំពុងគិតពីអ្វី? តើពួកគេ​អាចធ្វើ​រឿងនេះ​ដោយរបៀបណា?»
ការវាយប្រហារជាក្រុម​នៅទីលានតាហៀរ បានបង្កើត​ឡើង​សំណួរ​ និងការចោទប្រកាន់​កាន់តែ​អាក្រក់​ថែមទៀត ដែលថា​អំពើហិង្សា​នេះ មិនគ្រាន់តែ​ផ្អែក​លើផ្លូវ​ភេទប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំងផ្អែក​ទៅលើ​នយោបាយ​ទៀតផង។
អ្នកស្រី នេហាដ អាប៊ូអាលកំសាន (Nehad Abu Al Komsan) គឺជា​នាយក​មជ្ឈមណ្ឌល អេហ្សីប សម្រាប់​សិទ្ធិនារី។
អ្នកស្រី​និយាយថា ការវាយប្រហារ​ទាំងនេះ​ត្រូវបានរៀ​បចំឡើង ជា​មធ្យោ​បាយ​មួយ​ដើម្បី​ធ្វើឲ្យ​ទីលាន​នេះ​គ្មាន​មនុស្ស​ និង​ធ្វើឱ្យ​ក្រុម​អ្នកប្រឆាំង​មានការភ័យខ្លាច។ អាប៊ូអាលកំសាន ពណ៌នា​ការ​វាយប្រហារ​ទាំងនោះ​ថាជា​«សារ​ទៅកាន់​សង្គម ដូច្នេះ ពួកគេភ័យខ្លាច​ក្នុង​ការបញ្ចេញ​មតិយោបល់»។
ក្រុម​សកម្មជន​ចង្អុល​បង្ហាញ​ថា មិនមាន​របាយការណ៍​ស្តី​ពី​ការវាយ​ប្រហារជារក្រុម​ នៅឯ​ការប្រមូលផ្តុំ​ដែល​គាំទ្រ​រដ្ឋាភិបាល​នោះទេ។
អ្នក​វិភាគ​នយោបាយ សេដ សាដែក (Said Sadek) និយាយថា ការអនុវត្ត​បែបនេះ ធ្វើដំណើរ​ត្រឡប់​ថយក្រោយ​រាប់សិបឆ្នាំមុន។
នេះ​គឺជា​វប្បធម៌​ដែល​គិតថា ការធ្វើ​ឲ្យ​អាម៉ាស់ខាងផ្លូវភេទ​ ​នឹងរារាំង​ពួកគេមិន​ឲ្យ​មាន​សកម្ម​ផ្នែក​នយោបាយ។ ដូចេ្នះ នេះ​គឺជា​អ្វី​ ដែល​កំពុង​ត្រូវបានធ្វើឡើង ហើយ​មិនមាន​អ្នកណា​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នោះទេ ទោះបីជា​ថា ​អ្នក​មាន​កាសែត​វីដេអូ​អំពីមនុស្ស ដែល​បាន​ប្រព្រឹត្តរឿង​នេះក៏​ដោយ។
ខណៈពេល​ដែល​វប្បធម៌​និទណ្ឌភាព​មិនមែនជារឿងថ្មី ការកើនឡើង​នៃការវាយប្រហារ បានដាក់សម្ពាធកាន់តែធ្ងន់​ទៅលើ​លោក​ប្រធានា​ធិបតី មូស៊ី និងក្រុម​មេដឹកនាំ​អ៊ីស្លាមនិយម​ដ៏ទៃទៀត ឱ្យ​ធ្វើការ​ប្រកាស​ផ្តន្ទាទោស​ឱ្យ​បាន​ច្បាស់​ចំពោះ​អំពើ​ហិង្សា​នេះ និង​ធ្វើការ​ដើម្បីទប់ស្កាត់​បញ្ហានេះ​។
ចិត្ត​វិទូ ហ្វារ៉ាហ៍ ស្សា (Farah Shash) ធ្វើការ​នៅឯ​មជ្ឈមណ្ឌល ណាឌីម (Nadeem) សម្រាប់​ជនរងគ្រោះ​ដោយ​អំពើហិង្សា។
«ប្រជាពលរដ្ឋ​នឹង​ជំរុញ​ឱ្យមាន​ច្បាប់សម្រាប់អនុវត្ត សម្រាប់​ច្បាប់​ទាំងឡាយ ដែលនឹងត្រូវ​បញ្ជូន​ទៅកាន់​រដ្ឋសភា ដើម្បី​បញ្ឈប់​សកម្មភាព​ប្រភេទ​ទាំងនេះ ទោះបីជា​ការបៀតបៀន​ផ្លូវភេទ អំពើហិង្សា​ផ្លូវភេទ ឬ​ប្រភេទ​នៃ​អំពើហិង្សា​ណា​មួយ ដែល​បាន​កើតឡើង​ក៏ដោយ។»
សញ្ញា​ចង្អុលបង្ហាញ​មួយ ដែលថាតើ​ការខិតខំ​ប្រឹងប្រែង​នេះ​មាន​ការលំបាក​យ៉ាង​ណា បាន​កើតឡើង​កាលពី​ថ្ងៃ​ច័ន្ទ នៅពេល​សមាជិក​អ៊ីស្លាម​និយម​នៃ​អង្គនីតិបញ្ញត្តិ​តែ​មួយ​គត់​របស់ អេហ្សីប គឺ​ក្រុមប្រឹក្សា ស្សូរ៉ា (Shura) បាន​ស្តីបន្ទោស​ជនរងគ្រោះ​ចំពោះ​ឧក្រិដ្ឋ​កម្ម​នេះ ដោយ​បាន​និយាយ​ថា ស្រ្តី​ទាំងនោះ​បានធ្វើខ្លួនឯងឱ្យ​ស្ថិត​នៅក្នុង​គ្រោះថ្នាក់ ដោយ​ការធ្វើដំណើរ​ទៅ​ចូលរួម​ការតវ៉ា។
នៅខណៈពេល​នេះ និង​បើទោះបី​ជា​មាន​គ្រោះថ្នាក់​យ៉ាងណា​ក៏ដោយ ស្រ្តី​អេហ្សីប ជាច្រើន​និយាយ​ថា ពួកគេ​នៅតែ​ប្តេជ្ញា​ចិត្តដើម្បី​ធ្វើឱ្យ​សម្លេងរបស់​ពួកគេ​ត្រូវបាន​ស្តាប់ឮ ហើយ​ការតវ៉ា​ត្រូវបាន​គ្រោង​ធ្វើ នៅខាងក្រៅ​ស្ថាទូត អេហ្សីប នៅទូទាំង​ពិភពលោក៕
ប្រែសម្រួល​ដោយ ឌី ខាំបូលី
XS
SM
MD
LG