ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នករិះគន់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ដែល​ជាប់​ពន្ធនាគារ​លោក Navalny ថា៖ «ខ្ញុំ​ប្រឆាំង​នឹង​សង្គ្រាម​នេះ»


ទាហាន​អ៊ុយក្រែន​ផ្ទុក​សម្ភារ​ដែល​នៅ​សេសសល់​នៅ​ទីតាំង​យោធា​អ៊ុយក្រែន​ដែល​រង​ការបំផ្លិចបំផ្លាញ​នៅ​ខាង​ក្រៅ​ក្រុង Mariupol ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។
ទាហាន​អ៊ុយក្រែន​ផ្ទុក​សម្ភារ​ដែល​នៅ​សេសសល់​នៅ​ទីតាំង​យោធា​អ៊ុយក្រែន​ដែល​រង​ការបំផ្លិចបំផ្លាញ​នៅ​ខាង​ក្រៅ​ក្រុង Mariupol ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។

មេដឹកនាំ​គណបក្ស​ប្រឆាំង​រុស្ស៊ី​ដែលកំពុង​ជាប់​ពន្ធនាគារ​លោក Alexei Navalny បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា លោក​ប្រឆាំង​ការ​ឈ្លានពានរបស់​រដ្ឋាភិបាល​ក្រុងមូស្គូ​លើ​ប្រទេស​អ៊ុយក្រែន ​នៅ​ពេល​ដែល​លោក​ឈរ​ក្នុង​សវនាការកាត់ទោស​ពី​ពន្ធនាគារ ​បន្ទាប់​ពី​ប្រធានាធិបតី Vladimir Putin បាន​ចាប់ផ្តើម​វាយ​ប្រហារ​ប្រទេស​អ៊ុយក្រែន។

លោក Navalny បាន​ត្រូវ​គេ​ឮ​និយាយ​នៅ​ក្នុង​វីដេអូ​នៅ​ក្នុងអំឡុង​ការកាត់ទោស​នោះ​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ឯករាជ្យ Dozhd ថា៖ «ខ្ញុំ​ប្រឆាំង​នឹង​សង្គ្រាម​នេះ»។

លោក​បាន​និយាយ​ទៀត​ថា៖ «សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​នេះ ជា​ការ​បិទបាំង​ការ​លួច​ទ្រព្យសម្បតិ្តពី​ប្រជាពលរដ្ឋ​រុស្ស៊ី​ ហើយ​នឹង​បង្វែរ​ការយកចិត្ត​ទុកដាក់​របស់​ពួកគេ​ចេញ​ពី​បញ្ហា​ដែល​មាន​នៅ​ក្នុង​ប្រទេស»។

រូបឯកសារ៖ មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី​លោក Alexei Navalny ឈរ​នៅខាង​ក្នុងបន្ទប់​កញ្ចក់​អំឡុងពេល​សវនាការ​នៅ​តុលាការ​មួយ ក្នុង​ទីក្រុង​មូស្គូ កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី​លោក Alexei Navalny ឈរ​នៅខាង​ក្នុងបន្ទប់​កញ្ចក់​អំឡុងពេល​សវនាការ​នៅ​តុលាការ​មួយ ក្នុង​ទីក្រុង​មូស្គូ កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

ដោយស្លៀក​សម្លៀក​បំពាក់​អ្នក​ទោស លោក Navalny បាន​និយាយ​ថា សង្គ្រាម​នេះ នឹង​«នាំ​ឲ្យ​មាន​ចំនួន​ជន​រងគ្រោះ​យ៉ាង​ច្រើន បំផ្លាញ​អនាគត​ជា​ច្រើន​ ​និង​បន្ត​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​រុស្ស៊ី»។

លោក​ត្រូវ​បាន​គេ​កាត់ទោស​នៅ​ក្នុង​គុក​ដែល​មាន​សន្តិសុខ​ដ៏​តឹងតែង​បំផុត​ ជា​ទីកន្លែង​ដែល​លោក​ត្រូវ​បាន​គេ​ឃុំឃាំង​នៅ​ខាង​ក្រៅ​ទីក្រុង​មូស្គូ​ លើ​បទចោទ​ប្រកាន់​ថ្មីៗ​ទៀត​ ​ដែល​អាច​ធ្វើ​ឲ្យ​លោកអាចជាប់​ពន្ធនាគារបន្ថែម​មួយ​ទសវត្សរ៍​ទៀត។ ​

សម្ពន្ធមិត្ត​របស់​លោក បាន​និយាយ​ថា ការ​កាត់ទោស​ដែល​បាន​បើក​ធ្វើ​កាលពី​សប្តាហ៍​មុន បាន​ធ្វើ​ឡើង​ឱ្យស្រប​ពេលគ្នា​ទៅ​នឹង​វិបត្តិ​នៅ​អ៊ុយក្រែន។

លោក Navalny បាន​ស្ថិត​នៅ​ក្នុង​ការឃុំឃាំង​អស់​រយៈពេល​មួយ​ឆ្នាំ​លើ​បទចោទប្រកាន់​ពី​ការលួច​បន្លំ​ប្រាក់ ក្រោយ​លោក​បាន​រស់រាន​មាន​ជីវិត​ពី​ការវាយ​ប្រហារ​ដោយ​ដាក់​ថ្នាំ​បំពុលដែល​លោក​និង​ពួក​ប្រទេស​លោក​ខាង​លិច បាន​ស្តី​បន្ទោស​លើ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង។

លោក Putin បាន​ចាប់ផ្តើម​ការវាយ​ប្រហារ​លើ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ព្រឹកព្រហាម​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ធ្វើ​សន្ទរកថា​ទៅកាន់​ប្រទេស​ជាតិ​ដែល​ត្រូវ​បាន​ផ្សាយ​នៅ​ម៉ោង​ប្រហែល ៥:៤០ នាទី​ព្រឹក​ម៉ោង​នៅ​ក្នុង​ស្រុក​មក៕

ប្រែ​សម្រួល​ដោយលោក ​ជឹង ប៉ូជីន

អត្ថបទ​ទាក់ទង

XS
SM
MD
LG