ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​បិទ​ដែន​អាកាស​​សម្រាប់​យន្តហោះ​ស៊ីវិល​​​ក្នុង​ពេល​ដែល​មាន​«ហានិភ័យ​ខ្ពស់»​ដល់​សុវត្ថិភាព


រូប​ឯកសារ៖ ទិដ្ឋភាព​នៃ​«វិមាន​មាតុភូមិ»​ក្នុង​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២២។

ប្រទេស​អ៊ុយក្រែន បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហ្បតិ៍​នេះ​ថា ខ្លួន​បាន​បិទដែន​អាកាស​របស់​ខ្លួន​សម្រាប់​ជើង​ហោះហើរ​ស៊ីវិល ពី​ព្រោះតែ​«ហានិភ័យ​ខ្ពស់»​ដល់​សុវត្ថិភាព​ហើយនិយ័តករ​អាកាសចរណ៍​អឺរ៉ុប​ក៏​បាន​ព្រមាន​ផង​ដែរ​អំពី​គ្រោះថ្នាក់​នៃ​ការហោះ​ហើរនៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​រុស្ស៊ីនិង​បេឡារុស​ដោយសារ​តែ​មាន​សកម្មភាព​យោធា​នៅ​ទីនោះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មានReuters។

ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បាន​អនុញ្ញាត​ឲ្យ​ធ្វើ​កិច្ចប្រតិបត្តិ​យោធា​នៅ​តំបន់​ខាង​កើត​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃព្រហ្បតិ៍​នេះ​នៅក្នុង​អ្វី​ដែល​ទំនង​ជា​ការចាប់​ផ្តើមសង្គ្រាម​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។

សហគ្រាស​សេវា​ចរាចរណ៍​ផ្លូវ​អាកាស​រដ្ឋ​អ៊ុយក្រែន បាន​បញ្ជាក់នៅ​លើ​គេហទំព័រ​របស់​ខ្លូន​ថា ដែនអាកាសរបស់​អ៊ុយក្រែន ត្រូវ​បាន​បិទ​សម្រាប់​ការ​ហោះហើររបស់​យន្តហោះ​ស៊ីវិល ដោយ​ចាប់​ផ្តើម​ពី​ម៉ោង​០០៤៥​ ម៉ោង​សាកល​ពី​ថ្ងៃព្រហ្បតិ៍​នេះ​តទៅ ហើយ​ការ​ផ្តល់សេវា​ចរាចរណ៍​ផ្លូវ​អាកាសត្រូវ​បាន​ត្រូវផ្អាកផង​ដែរ។

ដោយ​ឡែក ទីភ្នាក់ងារសុវត្ថិភាព​អាកាសចរណ៍​សហភាព​អឺរ៉ុប (EASA) បាន​បញ្ជាក់​ថា ដែន​អាកាសនៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​រុស្ស៊ីនិង​បេឡារុស​ក្នុង​ចម្ងាយ​ប្រមាណ១៨៦​គីឡូម៉ែត្រ​ដែលនៅ​ជាប់​នឹង​ប្រទេស​អ៊ុយក្រែន អាច​បណ្តាល​ឲ្យ​មាន​ហានិភ័យ​ដល់​សុវត្ថិភាព​អាកាសចរណ៍។

ឧស្សាហកម្ម​អាកាសចរណ៍ មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​អំពី​ជម្លោះ​ដែល​មាន​ហានិភ័យ​លើ​អាកាសចរណ៍​ស៊ីវិល​ចាប់តាំង​ពីជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី MH17 មួយ​គ្រឿង​ត្រូវ​បាន​បាញ់​ទម្លាក់នៅ​តំបន់​ភាគខាង​កើត​អ៊ុយក្រែនកាល​ពី​ឆ្នាំ​២០១៤​មក។

ទីភ្នាក់ងារសុវត្ថិភាព​អាកាសចរណ៍​សហភាព​អឺរ៉ុប បាន​បញ្ជាក់​ថា ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​បញ្ជូន​សារ​បន្ទាន់​មួយ​ឲ្យ​អ៊ុយក្រែន ដោយ​ព្រមានពី​ហានិភ័យ​ខ្ពស់​ចំពោះ​សុវត្ថិភាព​នៃ​ការ​ហោះហើរ​ដោយសារ​តែ​ការប្រើប្រាស់​អាវុធ​និង​ឧបករណ៍​យោធាចាប់ពី​ម៉ោង០០៤៥ ម៉ោង​សាកល​នៅ​ថ្ងៃ​ព្រហ្បតិ៍​នេះ ហើយបាន​ស្នើ​ឲ្យផ្នែក​គ្រប់​គ្រង​ចរាចរណ៍​ដែន​អាកាស​របស់​អ៊ុយក្រែន​ ត្រូវ​បញ្ឈប់ជើង​ហោះ​ហើរ។

មុន​ពេល​អ៊ុយក្រែន​បាន​ប្រកាស​ការដាក់​បម្រាមលើ​ដែន​អាកាសនោះ សហរដ្ឋ​អាមេរិក អ៊ីតាលី កាណាដា បារាំង​និង​ចក្រភព​អង់គ្លេស ក៏​បាន​ប្រាប់​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​របស់​គេ​ឲ្យ​ជៀសវាងការ​ហោះហើរ​លើ​ដែន​អាកាស​នៅ​ក្នុងតំបន់​ខាង​កើត​អ៊ុយក្រែន​និង​ Crimea ក៏​ប៉ុន្តែ មិន​បាន​ដាក់​បម្រាម​ហាម​ទាំង​ស្រុង​នោះ​ទេ៕

XS
SM
MD
LG