ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

រុស្ស៊ី​វាយ​ប្រហារ​អ៊ុយក្រែន​ ខណៈ​ដែល​លោក Biden ចោទ​​លោក Putin អំពី​ការ​ធ្វើ​«សង្គ្រាម​ដែល​រៀបចំ​ទុក​ជា​មុន»


ក្រុម​ពន្លត់​អគ្គិភ័យ​ព្យាយាម​ពន្លត់​អគ្គិភ័យ​​​នៅ​អគារ​មួយ​ក្រោយ​ពី​មាន​​ការ​​ផ្ទុះគ្រាប់​​នៅ​ទី​ក្រុង​ Chuguiv ភាគ​ខាង​កើត​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ខណៈ​កងទ័ព​រុស្ស៊ី​ព្យាយាម​ឈ្លានពាន​អ៊ុយក្រែន​ពី​ទិសដៅ​ជា​ច្រើន។ (AFP)

ប្រទេស​រុស្ស៊ី​បាន​ចាប់​ធ្វើ​ការវាយប្រហារលើ​ប្រទេសអ៊ុយក្រែន​នៅ​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ព្រមាន​ប្រទេស​ដទៃ​មិន​ឱ្យ​ចូល​មក​អន្តរាគមន៍ ខណៈ​សម្ព័ន្ធមិត្ត​លោក​ខាង​លិចបន្ត​ប្តេជ្ញា​គាំទ្រអ៊ុយក្រែន និង​ប្រកាស​ការដាក់​ទណ្ឌកម្ម​ថ្មីៗ​ទៀត ខណៈ​ពួកគេ​ថ្កោល​ទោស​ការ​វាយប្រហារ​របស់​រុស្ស៊ី​នេះ។

នៅពេល​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​បើក​សម័យ​ប្រជុំ​បន្ទាន់មួយនៅពេល​យប់​នៅ​ក្នុង​ការស្វះស្វែង​ដើម្បី​បញ្ចៀស​សង្គ្រាម​នោះ​ លោក Putin បាន​ប្រកាស​ការ​ចាប់​ផ្តើម​កិច្ចប្រតិបត្តិការ​យោធា​នៅ​ក្នុង​តំបន់​ខាង​កើត​អ៊ុយក្រែន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ដោយ​និយាយ​ថា លោក​បាន​ធ្វើ​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​គំរាម​កំហែង​មក​ពី​អ៊ុយក្រែន​ហើយ​បាន​ព្រមាន​ប្រទេស​ផ្សេងៗ​ទៀត​កុំ​ឲ្យ​ធ្វើ​អន្តរាគមន៍។

លោក Putin បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា អ្នក​ដែល​ជំទាស់​ប្រឆាំង​សកម្មភាព​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់ Donbas នឹង​ប្រឈម​«ផលវិបាក​ដែល​ពួកគេ​មិន​ដែល​បាន​ឃើញ»។

នៅ​ពេល​ប្រហែល​ជាមួយ​គ្នា​នោះ​ដែរ គេបាន​ឮ​ការ​ផ្ទុះ​លាន់​សូរ​យ៉ាង​ខ្លាំង​ជា​ច្រើន​នៅ​ក្នុង​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន​ដោយ​ស្ថិត​នៅ​ឆ្ងាយ​ពី​កណ្តាល​ទីក្រុង។ ក្រោយ​មក​សារ៉ែន បាន​បន្លឺ​នៅ​ក្នុង​ទីក្រុង​ដែល​ជា​សញ្ញា​មួយ​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ស្វះស្វែង​រក​កន្លែង​ជ្រកពួន។

មន្ត្រី​ខ្លះ បាន​ប្រាប់​វីអូអេ​ថា ចំណត​យន្តហោះ​២កន្លែង​នៅ​ក្នុង​រដ្ឋធានី​កៀវ បាន​ក្លាយ​ជា​ទីដៅ​នៃ​ការវាយ​ប្រហារ​របស់​យន្តហោះ​ដ្រូន​ដែល​គ្មាន​មនុស្ស​បើក ហើយ​ថា សំឡេង​ផ្ទុះ​ខ្លះដែល​គេ​បាន​ឮនោះ​ជា​គ្រាប់​រ៉ុក្កែត​ដែល​កងទ័ព​អ៊ុយក្រែន​បាញ់យន្តហោះដ្រូនគ្មាន​មនុស្ស​បើក​នោះ។ មន្ត្រី​ម្នាក់​បាន​និយាយ​ថា រុស្ស៊ី អាច​វាយ​ប្រហារ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការវាយ​ប្រហារ​តាម​អាកាស​របស់​ខ្លួន។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky បាន​និយាយ​ថា កងទ័ព​រុស្ស៊ី បាន​ធ្វើ​ការវាយ​ប្រហារ​ទៅ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​យោធា​និង​ឆ្មាំ​ការពារ​ព្រំដែន​របស់​អ៊ុយក្រែន។ លោក​បាន​និយាយ​ទៀត​ថា រដ្ឋាភិបាល​អ៊ុយក្រែន​ បាន​ដាក់​ចេញ​ច្បាប់​អាជ្ញាសឹក​ទូទាំង​ប្រទេស ស្រប​ពេល​ជាមួយ​គ្នា​នោះ បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​រក្សា​ការស្ងៀមស្ងាត់​ហើយ​ស្ថិត​នៅ​ផ្ទះ។

លោក​ប្រធានាធិបតី Zelensky បាន​និយាយ​ទៀត​ថា «សូម​កុំ​ភ័យស្លន់ស្លោ។ យើង​នៅ​តែ​ខ្លាំង។ យើង បាន​ត្រៀមខ្លួន​ដើម្បី​អ្វី​ៗ​ទាំង​អស់។ យើងនឹង​ឈ្នះ​លើ​ពួកគេ ពីព្រោះយើង​ជា​អ៊ុយក្រែន»។

ពលរដ្ឋឈរ​មើល​កន្លែង​ត្រូវ​អាជ្ញាធរ​បិទ​មួយ​កន្លែង​ដែល​មាន​បំណែក​គ្រាប់​រ៉ុក្កែតនៅ​តាម​ដង​ផ្លូវ​នៃ​រដ្ឋធានីកៀវ​ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ឆ្នាំ​២០២២ ក្រោយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ប្រកាស​ពី​ការ​វាយប្រហារ​យោធា។ (AFP)
ពលរដ្ឋឈរ​មើល​កន្លែង​ត្រូវ​អាជ្ញាធរ​បិទ​មួយ​កន្លែង​ដែល​មាន​បំណែក​គ្រាប់​រ៉ុក្កែតនៅ​តាម​ដង​ផ្លូវ​នៃ​រដ្ឋធានីកៀវ​ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ឆ្នាំ​២០២២ ក្រោយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ប្រកាស​ពី​ការ​វាយប្រហារ​យោធា។ (AFP)

ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក Joe Biden បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​អ៊ុយក្រែន បាន​ទទួល​រងគ្រោះ​ដោយ​ការវាយ​ប្រហារដែល​ខ្លួន​មិន​បាន​បង្ក​និង​ដោយ​អយុត្តិធម៌​ពី​កងកម្លាំង​យោធា​របស់​រុស្ស៊ី។

លោក​ប្រធានាធិបតី Biden បាន​ពិភាក្សា​ស្ថានភាព​នេះ​នៅ​ក្នុង​ការនិយាយ​តាម​ទូរស័ព្ទ​ជាមួយ​លោក Zelensky ដែល​បាន​សុំ​ឲ្យ​លោក​ធ្វើ​ការ​អំពាវនាវ​ដល់​មេដឹកនាំ​ពិភពលោក​ ដើម្បី​ថ្កោល ទោស​ប្រឆាំង​នឹង​ភាព​គគ្លើន​របស់​ប្រធានាធិបតី Putin ហើយ​នឹង​សាមគ្គី​ជាមួយ​ប្រជាពលរដ្ឋ​អ៊ុយក្រែន។

បន្ទាប់​ពី​និយាយ​ជាមួយ​មេដឹកនាំ​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ជាង​គេ​ទាំង៧​ប្រទេស​ឬ G-7នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​មក លោក​ប្រធានាធិបតី Biden មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ផ្សេងៗ​ទៀត នឹង​ដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​រុស្ស៊ី។

វិធានការ​ទាំង​នោះ កើត​មាន​ឡើងបន្ទាប់ពី​ការដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប​និង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​សប្តាហ៍​នេះ​ប្រឆាំង​នឹង​ពួក​មន្ត្រី​រុស្ស៊ី​និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​រុស្ស៊ី ហើយ​នឹង​បញ្ឈប់​គម្រោង​បំពង់​បង្ហូរ​ឧស្ម័ន​របស់​រុស្ស៊ី។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​បញ្ជូន​សារ​តាម Twitter នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មេដឹកនាំ​រុស្ស៊ី បាន​ចាប់ផ្តើម​ឈ្លានពាន​ប្រទេសអ៊ុយក្រែន​ពេញ​បន្ទុក​ហើយ។

​លោក​បាន​និយាយ​ថា សហគមន៍​អន្តរជាតិ ចាំបាច់​ធ្វើការឆ្លើយតប​ដោយ​«ការដាក់​ទណ្ឌកម្ម​ដ៏​ខ្លាំងទៅ​លើ​ប្រទេស​រុស្ស៊ី» និង​បញ្ជូន​អាវុធ​ឧបករណ៍​យោធា ជំនួយ​ហិរញ្ញវត្ថុ​និង​ជំនួយ​មនុស្សធម៌​ដល់​ប្រទេសអ៊ុយក្រែន។

អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg បាន​ថ្កោលទោស​ការវាយ​ប្រហារ​របស់​រុស្ស៊ី ដោយ​លោក​បាន​ហៅ​ការវាយ​ប្រហារ​នេះ​ថា ជា​«ការរំលោភ​ច្បាប់​អន្តរជាតិ​ដ៏​ធ្ងន់ធ្ងរ»​មួយ៕

XS
SM
MD
LG