ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

សង្គ្រាម​នៅ​​អ៊ុយក្រែន​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ឲ្យ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ


រូប​ឯកសារ៖ បុគ្គលិក​​ខាង​ខួង​ប្រេងកាត​ម្នាក់​ធ្វើ​ការ​នៅ​អណ្តូង​ប្រេង​​មួយ​កន្លែង​នៅ​តំបន់ Yarakta Oil Field ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Irkutsk Oil Company (INK) នៅ​តំបន់ Irkutsk ប្រទេស​​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩។

នៅពេល​ដែល​ប្រទេស​រុស្ស៊ី បញ្ជូន​កងទ័ព​ចូល​ក្នុង​តំបន់ Donbas នៃ​ប្រទេស​អ៊ុយក្រែន ពួក​អ្នក​ជំនាញ​បាន​ព្រមាន​ថា ការរំពឹងថា​នឹងមាន​សង្គ្រាម​បាញ់​ប្រហារ​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​អឺរ៉ុប គួបផ្សំ​ជាមួយ​ការដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​លើ​ប្រទេស​រុស្ស៊ី​ផង​នោះ ទំនង​ជា​បណ្តាល​ឲ្យ​មាន​អស្ថិរភាព​នៅ​ទីផ្សារ​ថាមពល​ដែល​អាច​ធ្វើ​ឲ្យ​តម្លៃ​កាន់តែ​ឡើង​ខ្ពស់​ទាំង​ប្រេង​សាំង​និង​ឧស្ម័ន​ធម្មជាតិ។

ដោយសារ​តែ​រុស្ស៊ី​ជា​ប្រទេស​ផលិត​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​ដ៏​ធំ​បង្អស់​មួយ​របស់​ពិភពលោក​នោះ ការបង្អាក់​ទិន្នផល​នេះ បើ​ទោះបី​ជាកើត​ឡើង​ដោយ​ផលវិបាក​ដោយ​អចេតនា​នៃ​សកម្មភាព​ខាង​យោធា​ឬ​ជាការឆ្លើយ​តប​ដល់​ការដាក់​ទណ្ឌកម្ម​អន្តរជាតិ​នោះ អាច​មាន​ផលប៉ះពាល់​យ៉ាង​ខ្លាំងលើ​តម្លៃ​ថាមពល។

តម្លៃ​ប្រេង​សាកលលោក មាន​លក្ខណៈ​រសើប​ខ្លាំងបំផុត​ដល់​ការ​បង្អាក់​ការ​ផ្គត់ផ្គង់។ នេះ​បើ​តាម​លោក Ed Hirs អ្នក​ស្រាវជ្រាវ​ខាង​ថាមពលនៅឯ​សាកលវិទ្យាល័យ Houston សហរដ្ឋ​អាមេរិក។

លោក Hirs បាន​ប្រាប់​វីអូអេ​ថា៖ «រុស្ស៊ី​បាន​នាំ​ចេញ​ប្រេង​ប្រហែល​៤លាន៥សែន​ធុន​ក្នុង​មួយ​ថ្ងៃ​ទៅ​កាន់​ទីផ្សារ​សាកលលោក​ដែល​មាន​ប្រេង​ប្រហែល​១០០លាន​ធុង​ក្នុង​មួយ​ថ្ងៃៗ។ ប្រសិន​បើប្រេង​មួយ​លាន​ធុង ត្រូវ​គេ​ដកចេញ​ពី​ទីផ្សារ​នោះ ទោះបី​ដោយសារ​សង្គ្រាម​ឬ​ពីព្រោះ​តែ​ការ​ដាក់​ទណ្ឌកម្ម​ឬ​ក៏​ដោយ​គ្រោះ​មហន្តរាយ​ណាមួយ​ដែល​ទាក់ទិន​នឹង​រុស្ស៊ី​នៅ​វាល​អណ្តូង​ប្រេង​នៅ​ពេល​ដែល​សង្គ្រាម​កើត​មាន​ឡើង​នោះ យើង​នឹង​រំពឹង​ឃើញ​តម្លៃ​ប្រេង​កើន​ឡើង​ពី២០​ទៅ២៥ភាគរយ។ ការណ៍​នេះ​មាន​ន័យ​ថា តម្លៃ​ប្រេង​សាំង​លក់​រាយ នឹង​ឡើង​ថ្លៃពី៥០​ទៅ៧៥សេន​ក្នុង​មួយGallon។

នៅ​ពេល​ដែល​ការ​តានតឹង បាន​កើនឡើង​នៅ​ប្រទេស​អ៊ុយក្រែន​ក្នុង​រយៈពេល​បីបួន​ខែ​កន្លង​មក​នេះ តម្លៃ​ប្រេង​បាន​ឆ្លើយតប​ទៅនឹង​ភាព​មិន​ប្រាកដ​ប្រជា​កាន់តែ​ខ្លាំង​ឡើង​ដោយ​ការឡើង​ថ្លៃ​យ៉ាង​ខ្លាំង។ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ តម្លៃ​ប្រេង​ឆៅ​មាន​ជាង​៩៦ដុល្លារ​ក្នុង​មួយ​ធុង ដែល​ឡើង​ពី​៧០ដុល្លារ​ក្នុង​មួយ​ធុង​កាលពី​ដើម​ខែ​ធ្នូ។

កាលពី​ថ្ងៃ​ចន្ទ​និង​ថ្ងៃ​អង្គារ ពួក​មេដឹកនាំ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប បាន​ចាប់ផ្តើម​ប្រកាស​បញ្ជី​នៃ​វិធានការ​ដាក់​ទណ្ឌកម្មប្រឆាំង​នឹង​រុស្ស៊ី។ ភាគ​ច្រើន​នៃ​ការដាក់​ទណ្ឌកម្ម​នេះ​សំដៅ​លើ​ធនាគារ​និង​ជនជាតិ​រុស្ស៊ី​ដែល​មាន​ប្រាក់ ហើយ​មិន​បានចាត់វិធានការ​ដោយ​ផ្ទាល់​ប្រឆាំង​នឹង​វិស័យថាមពល​របស់​រុស្ស៊ី​នោះ​ទេ។

អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បាន​ប្រកាស​នូវ​វិធានការ​មិន​ធម្មតា​មួយ​ ដោយ​លើក​ឡើង​ថា រដ្ឋាភិបាល​អាល្លឺម៉ង់ នឹង​មិនអនុញ្ញាត​ឲ្យ​បំពង់​បង្ហូរ​ប្រេង​ដ៏​ចម្រូងចម្រាស Nord Stream 2 ដែល​បង្ហូរឧស្ម័ន​ធម្មជាតិ​ដោយ​ផ្ទាល់​ពី​ប្រទេស​រុស្ស៊ី​ទៅ​កាន់​អាល្លឺម់ង់​នៅ​ក្រោម​បាត​សមុទ្រ​បាល់ទិក​បើក​ដំណើរការ​នោះទេ។

ដោយ​សារ​តែ​បំពង់​បង្ហូរ​ឧស្ម័ន​នេះ មិនមានប្រតិបត្តិការ ការប្រកាស​នេះ មិនមាន​ឥទ្ធិពល​ដល់​ការផ្គត់ផ្គង់​ថាមពល​នៅ​ពេល​បច្ចុប្បន្ន​នេះ​ទេ។ ទោះ​ជា​យ៉ាងណាក៏ដោយ មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​ម្នាក់​របស់​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ បាន​សរសើរ​ការ​សម្រេច​ផ្អាក​ការអនុម័ត​ឲ្យ​ប្រើ​បំពង់​បង្ហូរ​ឧស្ម័ន​នេះ​ ថា​ជា​វិធានការ​សំខាន់​មួយ​នៅ​ក្នុង​ការបំបែក​ការពឹងផ្អែក​ខាង​ថាមពល​របស់​អឺរ៉ុប​ទៅលើ​ប្រទេស​រុស្ស៊ី ហើយ​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក នឹង​បន្ត​បង្កើន​ការដឹក​ជញ្ជូន​ឧស្ម័ន​ធម្មជាតិ​ដើម្បី​ជំនួសដល់​ការបាត់បង់​ការផ្គត់ផ្គង់​មកពី​ប្រទេសរុស្ស៊ី៕

XS
SM
MD
LG