ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី ចំអក​តុលាការ​ភ្នំពេញ​ឱ្យ​កោះ​ហៅ​លោក​បំភ្លឺ​ក្នុង​សំណុំ​រឿង​លោក កឹម សុខា


រូបឯកសារ៖ លោក សម រង្ស៊ី សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការិយាល័យ​របស់ ​VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៦ ធ្នូ ឆ្នាំ២០១៨។ (សាយ មុន្នី/VOA)
រូបឯកសារ៖ លោក សម រង្ស៊ី សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការិយាល័យ​របស់ ​VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៦ ធ្នូ ឆ្នាំ២០១៨។ (សាយ មុន្នី/VOA)

ជាង​​មួយ​សប្តាហ៍​ ក្រោយ​តុលាការ​ក្រុង​ភ្នំពេញ​កោះហៅ​​លោក គង់ គាំ អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក ​កឹម សុខា​​ ​លោក សម រង្ស៊ី​ ​បាន​អំពាវនាវ​ឲ្យ​តុលាការ​ក្នុង​ទីក្រុង​ភ្នំពេញ​កោះហៅ​លោក​ និង​សួរ​លោក​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​ Skype។

នៅ​ថ្ងៃ​ពុធ​នេះ​ ​លោក​សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយកាល​ពី​ឆ្នាំ​២០១៧​ ​បាន​រិះគន់​តុលាការ​កម្ពុជា​យ៉ាង​ចាស់​ដៃ​ និង​ហៅ​តុលាការ​កម្ពុជា​ថា​ ​ជា​តុលាការ​អាយ៉ង​ ​ដោយអំពាវនាវ​ឲ្យ​ប្រព័ន្ធ​តុលាការ​ដែល​លោក​អះអាង​ថា​ ​មាន​ការ​ទាញ​ខ្សែ​ញាក់​ពី​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែននោះ​ ​ធ្វើការ​កោះ​ហៅ​រូប​លោក​បំភ្លឺ​សំណុំ​រឿង​ក្បត់​ជាតិរបស់​លោក​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​

ការ​អធិប្បាយ​របស់​លោក​សម រង្ស៊ី​ ដែល​បាន​ទទួល​ការ​គាំទ្រ​របស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​នេះ បាន​ធ្វើឡើងជាង​មួយ​សប្តាហ៍​ ក្រោយ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​កោះ​ហៅ​សាក្សី​មួយ​រូប​បន្ថែម​ទៀត ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​លោកឲ្យ​ទៅ​បំភ្លឺ​សំណុំ​រឿង​លោក​កឹម សុខា​ដែល​រហូត​មក​ដល់​នេះ​ កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ។​

លោក​សម រង្ស៊ីបាន​អធិប្បាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​ន័យ​ដើម​ថា៖​

«ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​លោកកឹម សុខាពី​បទ​"សន្និដ្ឋិភាព​ជាមួយ​បរទេស"​ស្មើ​ទៅ​នឹង​បទ​"ក្បត់​ជាតិ"​និង​ពីបទ​បំផុស​បំផុល​កម្មករ​ឲ្យ​ធ្វើ​បាតុកម្ម​ នៅ​ទីក្រុង​ភ្នំពេញ​កាល​ពីដើម​ខែ​មករាឆ្នាំ​២០១៤​ ​ សាក្សី​ដែល​ដឹង​រឿង​ច្រើន​ជាង​គេ​គឺ​រូប​ខ្ញុំ​ សម រង្ស៊ី​តែ​ម្តង»។​

លោក​បាន​ពណ៌នា​បន្ត​ថា៖​

«មិន​ចាំបាច់​កោះ​ហៅ​លោក​គង់ គាំមក​សាក​សួរ​អ្វី​ទេ​ ពី​ព្រោះ​គាត់​គ្រាន់​តែ​បាន​ធ្វើ​ជា​ទី​ប្រឹក្សា​របស់​ខ្ញុំ​ទេ ​ហើយ​គាត់​មិន​សូវ​ដឹង​រឿង​អ្វី​ទេ​ ដោយ​សារ​តែ​មិន​បាន​ចូលរួម​ធ្វើ​សេចក្តី​សម្រេច​សំខាន់​អ្វី​ឡើយ»។​

លោក​គង់ គាំ​ ​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​លោក​ចៅ​ក្រមគី ឫទ្ធី ​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​នៅ​ថ្ងៃទី២៣​ខែមករា ​ក្នុង​សំណុំ​រឿង​ក្បត់ជាតិ​របស់​លោក​កឹម សុខា។​ នេះ​បើ​តាម​ដីកា​កោះ​មួយចុះ​ថ្ងៃ​ទី​២៦ខែ​ធ្នូឆ្នាំ២០១៨។​

ទោះ​យ៉ាង​ណា​ លោក​សម រង្ស៊ីបាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​ លោក​បាន​ដឹង​រឿង​ច្រើន​ជាង​គេ​បង្អស់​ ហើយ​លោក​ក៏​ទទួល​ខុស​ត្រូវ​ខ្ពស់​ជាង​គេ​បង្អស់​ដែរ​ ពី​ព្រោះ​លោក​ជា​អ្នក​ធ្វើ​សេចក្តី​សម្រេច​ចុង​ក្រោយក្នុង​ការ​អនុវត្តយុទ្ធសាស្ត្ររបស់​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ក្នុង​ន័យ​ដើម​បន្ត​ថា៖​

«ក្នុង​ឋានៈ​ខ្ញុំ​ជា​ប្រធាន​ ខ្ញុំ​មាន​ទំនាក់​ទំនង​ជាមួយ​ដៃ​គូ​អាមេរិកាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិច្រើន​ជាង​លោក​កឹម ​សុខាទៅ​ទៀត​ ហើយ​ខ្ញុំ​ក៏​មាន​ទំនាក់​ទំនង​ជា​មួយ​កម្មករ​នៅ​ស្រុក​ខ្មែរ​ច្រើន​ជាង​លោក​កឹម សុខាទៅទៀត​ដែរ»។​

លោកសម រង្ស៊ី​បាន​រំឭក​ដល់​ព្រឹត្តិ​ការណ៍​មួយ​ ដែល​បាន​ញុំាង​ឲ្យ​អាជ្ញាធរ​កម្ពុជា​សង្ស័យ​មក​លើ​លោក​កឹម សុខា​ និង​ឈាន​ដល់​ការ​ចាប់​ឃុំ​ខ្លួន​លោក​កឹម សុខា​ ដែល​ជា​អតីត​ប្រធាន​មជ្ឈណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ផង​ដែរ។​

លោក​បាន​ថ្លែង​រៀងរាប់​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ៖​

«នៅ​ពេល​ដែល​លោកកឹម សុខា​ធ្វើសុន្ទរក​ថាថ្ងៃ​ទី​១០​ខែ​ធ្នូ​ឆ្នាំ​២០១៣​ នៅ​ប្រទេស​អូស្ត្រាលី ​ដែល​ជា​ដើម​ហេតុ​នៃ​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោកកឹម សុខាពីបទ​"ក្បត់ជាតិ"​ ហើយ​នៅ​ពេល​ដែល​បាតុ​កម្ម​កម្មករ​ បាន​ផ្ទុ​ះឡើង​នៅ​ទីក្រុង​ភ្នំពេញ ​កាល​ពី​ដើម​ខែ​មករា​ឆ្នាំ​២០១៤​នោះ​ នៅ​ពេល​នោះ​ ​លោក​កឹម សុខា​ធ្វើ​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ តែ​ខ្ញុំ​ សម រង្ស៊ី ​ធ្វើ​ជា​ប្រធាន​គណ​បក្ស​សង្គ្រោះជាតិ​នេះ»។​

លោក​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«ដូច្នេះ ​បើ​ចង់ស៊ើប​អង្កេត​ស៊ី​ជម្រៅ​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​លោក​កឹម សុខា​ ពី​បទ​ល្មើស​ទាំងពីរ​ដូច​បាន​បញ្ជាក់​ខាង​លើ​នេះ​ តុលាការ​អាយ៉ងត្រូវ​តែ​ហៅ​ខ្ញុំសម រង្ស៊ី​មក​សាកសួរ​ មុន​គេ​បង្អស់។​ ខ្ញុំ​យល់​ព្រម​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​សំណុំ​រឿង​លោក​កឹម សុខានេះ​ ជូន​តុលាការ​អា​យ៉ងតាម​រយៈ​ប្រព័ន្ធ​វីដេអូ ​Skype ​ពី​សហ​រដ្ឋ​អាមេរិក​ ​ដែល​ខ្ញុំ​កំពុង​តែ​ស្ថិត​នៅ​ពេល​នេះ»។​

លោក​លី សុផាណា​ អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ មិន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ VOA ​ដែល​បាន​ផ្ញើទៅ​ទូរសព្ទ​ដៃ​របស់​លោក​នោះ​ទេ ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ។​

ចំណែក​អ្នកស្រី​ម៉េង សុភារី ​មេធាវី​ការពារ​ក្តី​លោក​កឹម សុខាសុំ​មិន​ធ្វើ​ការ​អធិប្បាយទៅ​លើ​ការ​ថ្លែង​របស់​លោក​សម រង្ស៊ី​ទេ។​

«ខ្ញុំ​សុំ​អត់​មាន​យោបល់​ទាក់ទង​រឿង​ហ្នឹង​ទេ​ ជា​ការ​លើកឡើង​របស់​គាត់​ ស្រេច​តែ​គាត់​ទេ ​ចា៎»។​

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពីលោក​គង់ គាំ ​អតីត​សមាជិក​ព្រឹទ្ធ​សភា​របស់​គណ​បក្ស​សម រង្ស៊ី​ តែ​មិនទាន់​អាច​ទាក់​ទង​លោក​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ពុធនេះ។

លោក​កឹម សុខាត្រូវ​បាន​ចាប់​ខ្លួន​តាំងពី​ដើម​ខែ​កញ្ញា​ឆ្នាំ​២០១៧។ លោក​ត្រូវ​បាន​ចោទ​ពី​បទ​ឃុប​ឃិត​ជាមួយ​នឹង​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន។​ តែ​ការ​ចោទ​ប្រកាន់​នេះធ្លាប់​ត្រូវ​បាន​លោក​កឹម សុខា​ប្រកែក​ថា មិន​ពិត​នោះ​ទេ។​

បន្ថែម​លើ​ការ​ស្នើឲ្យ​តុលាការ​កោះហៅ​រូប​លោក​បំភ្លឺ​សំណុំ​រឿង​លោក​កឹម សុខា​នោះ ​លោក​សម រង្ស៊ី​ ក្នុង​រយៈ​ពេល​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ បាន​អំពាវនាវ​ជា​ញឹក​ញាប់​សុំ​ឲ្យ​មន្ត្រី​របស់​គណ​បក្ស​ប្រឆាំង​១១៨​នាក់​ ដែលជាប់​បម្រាម​របស់​តុលាការ​កំពូល​កម្ពុជា​មិនឲ្យ​ធ្វើ​នយោបាយ​ប្រាំ​ឆ្នាំនោះ​ កុំ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន។​

លោក​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​អំពី​រឿង​នេះ​ កាលពី​ថ្ងៃ​ទី​៨មករា​ឆ្នាំ​២០១៩​ ក្នុង​ន័យ​ដើម​ថា៖ ​

«ខ្ញុំ ​សម រង្ស៊ី ​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ សូម​អំពាវនាវ​ទៅ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨រូប​កុំ​ទន់​ជ្រាយ​ កុំ​ចាញ់​បោកហ៊ុន សែន​ កុំ​ចូល​ទៅ​បម្រើ​អំណាច​ផ្តាច់ការ​ ដោ​យ​មិន​ដឹង​ខ្លួន»។​

យ៉ាង​ណា​ក៏​ដោយ​ លោក​គង់​ គាំបាន​ប្រាប់​បណ្តាញ​ព័ត៌មានមួយ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ កាល​ពីចុង​ខែ​ធ្នូឆ្នាំ​២០១៨​ថា​ យ៉ាង​តិច​បំផុត​ក៏មាន​អតីត​ថ្នាក់​ដឹកនាំ នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​១០​រូបនឹង​ធ្វើ​សំណើ​សុំ​ទទួល​យក​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក​ហ៊ុន សែន​ បន្ទាប់​ពី​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។​

កាលពី​ដើម​ខែ​មករា​នេះ​ ព្រះ​មហា​ក្សត្រ​ខ្មែរបានប្រកាស​ឲ្យ​ប្រើ​ជា​ប្រញាប់​នូវ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណ​បក្ស​នយោបាយ​ដែល​សម្រេច​បើក​ផ្លូវ​ឲ្យ​មន្រ្តី​គណ​បក្ស​ប្រឆាំង​ចំនួន​១១៨​នាក់​អាច​ចូល​ធ្វើ​នយោបាយ​វិញ។​

រហូត​មក​ទល់​ពេលនេះមិនទាន់​ឃើញ​មាន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ម្នាក់​ក្នុង​ចំ​ណោម​ចំនួន​១១៨​នាក់​នេះ​ បាន​ស្នើ​ជា​ផ្លូវការសុំ​ឲ្យ​លោក​ហ៊ុន សែន​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG