ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ពី​ការវិល​ត្រឡប់​របស់​លោក​សម រង្ស៊ី


រូប​ឯកសារ៖ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ជំទាស់ លោក អេង ឆៃអ៊ាង សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស​នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ពីររូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​នីរទេស​ខ្លួន​ក្រៅ​ប្រទេស​បាន​ប្រកាស​ទទួល​យក​លោកសម រង្ស៊ី ​មេ​ដឹកនាំ​គណបក្ស​បណ្តោះអាសន្នក្នុង​ពេល​ដែល​លោកកឹម សុខា​ប្រធាន​គណបក្ស​នៅ​បន្តជាប់​ឃុំ​ក្នុង​លំនៅដ្ឋាន។​

នៅក្នុង​សារមួយ​ចេញផ្សាយ​កាលពី​ថ្ងៃអង្គារ​ទី​១៨ខែធ្នូ​ ​លោកអេង ឆៃអ៊ាង​ និង​លោកស្រី​មូរ សុខហួរដែល​ជា​អនុប្រធាន​គណបក្ស​បាន​ពន្យល់​ថា​ការអញ្ជើញ​លោកសម រង្ស៊ី​មកដឹកនាំ​បក្ស​ឡើង​វិញ​គឺ​ដើម្បី​ជៀសវាង​មិន​ឱ្យ​ក្បាល​ម៉ាស៊ីន​គណបក្ស​ជាប់គាំង​ហើយ​លោកសម រង្ស៊ី​នឹង​បំពេញ​តួនាទី​នេះរហូត​ដល់​ថ្ងៃ​ដែល​លោកកឹម សុខា​«ទទួលបាន​សេរីភាព​ពេញលេញ​វិញ​ហើយ​អាច​សម្តែង​មតិ​របស់​លោក​ជាសាធារណៈ​ដោយ​ខ្លួនឯង‍»។

លោក​អេង ឆៃអ៊ាង​បាន​បញ្ជាក់​បន្ថែម​ប្រាប់​វីអូអេ​ថា៖

«យើង​ធ្វើការ​កន្លង​មក​ បើ​និយាយ​ការពិត​ទៅ​គឺយើង​ធ្វើ​ទៅតាម​សម្បជញ្ញៈ ​មនសិការ​ទេ​ភាគច្រើន​ហ្នឹង​ គឺ​ដោយសារ​បញ្ហា​ជាប់​គាំងហ្នឹង។ អីចឹង​ក្នុង​ស្ថានភាព​គណបក្ស​ដែល​ជាប់​គាំងបែប​ហ្នឹង​បើ​កាលណា​យើង​បណ្តោយ​ឱ្យ​នៅ​ជាប់​គាំង​អត់​មាន​ក្បាលម៉ាស៊ីន​ដឹកនាំ​ច្បាស់​លាស់​ទេ​គឺ​គណបក្ស​អាច​នឹង​ស្លាប់​ទៅ​ដោយខ្លួនឯង។ នេះ​លោក​ហ៊ុន សែន​គាត់​ចង់​បាន​អីចឹង។ អីចឹង​បាន​ន័យ​ថា​តម្រូវ​ការ​របស់​យើង​ចាំ​បាច់​ហ្នឹង​គឺ​អ្នកមូលដ្ឋាន​តំណាង​គណបក្ស​ទាំង​នៅ​ក្រៅប្រទេស​ ជាពិសេស​តំណាង​ក្រៅប្រទេស​ដែល​គាត់​ជួបជុំ​គ្នា​រៀបចំ​ឱ្យ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​បណ្តោះ​អាសន្ន​ហ្នឹង​គឺ​អ្នកនៅ​ក្នុងស្រុក​ក៏គេ​គាំទ្រ​គេ​ស្វាគមន៍​ដែរ‍»។

លោកកឹម សុខា​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ត្រូវ​បានចាប់​ខ្លួន​កាលពីខែ​កញ្ញា​ឆ្នាំ​មុននិង​ត្រូវ​ចោទ​ប្រកាន់​ពីបទក្បត់ជាតិហើយតុលាការ​កំពូល​បាន​រំលាយ​អតីត​គណបក្ស​ប្រឆាំង​ដ៏ធំ​នេះ ​ចោលកាលពី​ខែ​វិច្ឆិកា​និងបាន​ហាមឃាត់​មន្ត្រី​ចំនួន​១១៨​នាក់​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។ មាន​មន្ត្រី​មួយ​ចំនួន​បាន​រត់ភៀសខ្លួន​ចេញក្រៅ​ប្រទេស​ដើម្បី​បន្ត​សកម្មភាព​នយោបាយ​ក្នុងខណៈ​ដែល​អ្នកនៅ​ក្នុង​ប្រទេស​បន្ត​រក្សា​ការស្ងៀមស្ងាត់។

ដំណើរការ​តែងតាំង​លោក​សម រង្ស៊ី​ជា​ប្រធាន​ស្តីទី​គណបក្ស​បាន​ចាប់ផ្តើម​ពី​សន្និសីទ​ពិភព​លោក​នៃសាខា​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅប្រទេស​ដែល​បាន​រៀបចំឡើង​នៅទីក្រុង​អាត្លង់តា​ រដ្ឋ​ចរចា សហរដ្ឋ​អាមេរិក​ក្នុងថ្ងៃទី​០១​និង​ទី០២​ខែ​ធ្នូ​ហើយ​ដំណើរការ​នេះ​បាន​បន្ត​រហូត​ដល់​កិច្ច​ប្រជុំ​មួយ​ទៀត​ដែល​បាន​រៀបចំឡើង​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​កាលពីថ្ងៃ​ទី​១៥​ខែ​ធ្នូ។

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទាំងពីរ​រូប​បាន​បញ្ជាក់​បន្ថែម​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មិន​អាច​កោះប្រជុំ​បាន​ដោយ​សារ​តែ​សមាជិក​នៅប្រទេស​កម្ពុជា​រស់​ក្នុងការភ័យ​ខ្លាច​ហើយ​អ្នកខ្លះ​ត្រូវ​លាក់ខ្លួន​ពួន​អាត្មា​ហើយ​លក្ខន្តិកៈ​គណបក្ស​ក៏​មិន​អាច​យក​មក​អនុវត្ត​បាន​ដែរ​ក្នុងគ្រា​មាន​អាសន្ន​នេះ។ រីឯ​អនុប្រធាន​ម្នាក់ទៀត​គឺ​លោក​ប៉ុល ហំម ​ដែល​មក​ពី​ខាង​អតីត​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម សុខា​មុន​ពេល​ដែល​រួមគ្នា​ជាមួយ​នឹង​ក្រុម​លោក​សម រង្ស៊ី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មិន​អាចបញ្ចេញ​យោបល់​ជា​សាធារណៈ​បានទេ។ ដូច្នេះ​សន្និសីទ​ទាំងពីរ​គឺ​ជា​ដំណើរការ​ដែល​«បើកចំហរ​ជាងគេ‍​ហើយ​ប្រាកដ​និយម​ជាងគេ‍»​ដោយ​ផ្អែកលើ​លក្ខណៈ​ថា​លោក​សម រង្ស៊ី​ជា​សហស្ថាបនិក​និង​ជា​អតីត​ប្រធាន​គណបក្ស​និង​ជា​ឥស្សរជន​មួយគត់​«ដែល​មាន​លក្ខណៈ​ធ្វើ​ឱ្យ​គេ​ទទួលស្គាល់​ជា​ថ្នាក់ដឹកនាំ​គណបក្ស​ យោង​កត្តា​ប្រវត្តិសាស្រ្ត​និង​ប្រជាប្រិយភាព‍»។​

កិច្ចប្រជុំ​ដំបូង​នៅទីក្រុង​អាត្លង់តា​មិន​ត្រូវ​បាន​លោក​កឹម សុខា​ប្រធាន​គណបក្ស​ទទួលស្គាល់​ទេ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រុមមេធាវី។ លោកកឹម សុខា​ត្រូវបាន​តុលាការ​ហាមឃាត់​មិន​ឱ្យ​ជួប​ប្រាស្រ័យទាក់ទង​ជាមួយ​នឹង​អ្នកខាងក្រៅ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ក្បត់ជាតិ​របស់​លោក​ទេ​ដូច្នេះ​អ្វីៗ​គឺ​បាន​ដឹង​តាម​រយៈ​មេធាវី​របស់​លោក។

លោកចាន់ ចេន ​មេធាវី​មួយរូបរបស់​លោក​កឹម សុខា​បាន​បញ្ជាក់​ប្រាប់វីអូអេ​តាម​សារអេឡិក​ត្រូ​និក​ថា​ការជ្រើសតាំង​ឬ​តែងតាំង​លោកសម រង្សី​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ នៅតែ​មិន​អាច​យក​ជា​ការបាន​ ដោយ​លោក​បន្ថែម​ថា​សហគមន៍​ជាតិ​និង​អន្តរជាតិ​មិន​ទទួល​ស្គាល់​ទេ។ ការណ៍នេះ​ដោយសារ​ ខុសគោលការណ៍​របស់​គណបក្ស​សង្គ្រោះជាតិ​ ដោយសារ​ការរៀបចំ​ធ្វើ​និង​សម្រេច​តែ​ភាគី​ម្ខាង​មិនមាន​ឯកភាព​និង​មិន​មាន​ការចូលរួម​ពី​ភាគី​ម្ខាង​ទៀត។ លោក​ថា​លក្ខន្តិកៈ​គណបក្ស​ត្រូវ​តែ​យកមកប្រើ​បើ​យល់​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​រលាយ​ទេ​ហើយ​បើយល់ថា​អតីត​គណបក្ស​ប្រឆាំង​នេះរលាយ​ឬ​ជាប់គាំង​ហើយ ក៏​មិន​មិនចាំបាច់​មាន​ប្រធាន​ស្តីទី​ដែរ។

លោក​បន្ថែមថា៖​

«ដូច្នេះ​ទោះបី​លោកសមរង្សី​និង​ក្រុមគាត់​ខិតខំ​ឆ្លេឆ្លា​ បកស្រាយ​ ម្តង​សន្និសីទ ​ម្តង​វេទិការ​ ម្តង​រត់​ទៅ​រក​គណកម្មការ​ចំពោះកិច្ច​ ម្តង​រត់​ទៅ​រក​គណកម្មាធិការ​អចិន្ត្រៃយ៍ ​ម្តង​រត់​រក​អនុប្រធាន​ពីរ​នាក់​ជួយ​បញ្ជាក់ ​យ៉ាងណាក៏ដោយ ​ក៏​តួរនាទី​ជា​ប្រធាន​ស្តីទី​CNRP​របស់​លោកសមរង្សី​នៅតែ​មិន​អាច​យក​ជា​ការបាន‍»។

ក្រុមអ្នកគាំទ្រ​លោកកឹម សុខា​បន្ត​ប្រើប្រាស់​បណ្តាញ​សង្គម​វាយប្រហារ​លោកសម រង្ស៊ី​ដោយ​ចាត់​ទុក​ថា​នេះ​គឺជា​ទង្វើ​«បក្សប្រហារ‍»។ រីឯ​ក្រុមអ្នកគាំទ្រ​លោកសម រង្ស៊ី​ក៏​តបត​វិញ​ដោយ​ចាត់ទុក​ថា​ការវាយ​ប្រហារ​លោកសម រង្ស៊ី​គឺជា​ការធ្វើឡើង​ស្រប​តាម​គោលនយោបាយ​គណបក្ស​កាន់​អំណាច។

លោក​អេង ឆៃអ៊ាង​អះអាង​ថា​លោក​នៅតែ​ស្នើ​សុំ​កុំ​ឱ្យ​មាន​ការវាយប្រហារ​គ្នា​ក្នុង​ចំណោម​ដៃគូ​នយោបាយ​ ជាពិសេស​អ្នករិះគន់​លើ​ការវិវត្តន៍​របស់​គណបក្ស​នៅ​ក្រៅ​ប្រទេស។

«បើសិនអ្នកណា​យល់​ឃើញ​ថា​ការចាត់ចែង​របស់​លោក​សម រង្ស៊ី​ថាវា​មិនមាន​ប្រសិទ្ធភាព​យើង​ត្រូវ​តែ​ដឹកនាំធ្វើទៅ​ ដឹកនាំ​ឱ្យ​មាន​ប្រសិទ្ធភាព​ជាងទៅ​គឺយើង​ជួយគ្នា។ នេះ​ឯង​គឺ​នាំ​ជោគជ័យ​មក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុន្តែ​បើ​សិន​ជា​យើង​វង្វេង​សមរភូមិ​បានន័យ​ថា​យើង​ហុច​ដងដាវ​ឱ្យ​គូប្រកួត​ចាក់​សម្លាប់​ខ្លួនឯង​ហើយ‍»។​

បើទោះបីជា​យ៉ាង​ណា​ក៏ដោយ​ក្រុមអ្នកគាំទ្រ​លោកកឹម សុខា​ដែល​នៅក្រៅប្រទេស​មិន​មាន​គម្រោង​ធ្វើ​សន្និសីទ​ឬ​កិច្ចប្រជុំ​ធំ​ណាមួយ​ដើម្បី​ចេញ​សេចក្តី​សម្រេច​ធំដុំ​ណា​មួយ​ទេ។ នេះ​បើតាម​ការលើកឡើង​របស់​អ្នកគាំទ្រ​នៅ​ក្រៅ​ប្រទេស​ដែល​វីអូអេ​បាន​សម្ភាស។

រីឯ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់អំណាចបាន​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ដើម្បី​បើក​ផ្លូវ​ឱ្យ​អតីត​មន្ត្រី​គណបក្ស​ប្រឆាំ​ងណា​ដែល​ចង់​ធ្វើ​នយោបាយ​វិញ​ដោយ​គ្រាន់តែ​ធ្វើ​លិខិត​សុំ​ទោស​និង​ទទួល​ស្គាល់​ការ​សម្រេច​របស់​តុលាការ​កំពូល។ រហូត​មកដល់​ពេល​នេះមាន​តែ​លោក​គង់ គាំ​ អតីត​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្តែង​ចេតនា​ក្នុងការ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG