នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋសភាឯកបក្សដែលមានតែតំណាងរាស្ត្ររបស់បក្សកាន់អំណាចបានពិភាក្សានិងអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលគេរំពឹងថា នឹងអាចជួយបើកផ្លូវឱ្យអ្នកនយោបាយនៃបក្សសង្គ្រោះជាតិចំនួន១១៨រូប អាចវិលចូលឆាកនយោបាយឡើងវិញ។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ បានសរសេរយ៉ាងដូច្នេះថា៖
«យោងតាមសេចក្តីថ្លែងហេតុសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានធ្វើឡើងដើម្បីធានាភាពច្បាស់លាស់អំពីបុគ្គលដែលត្រូវតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ ស្របតាមគោលការណ៍នីតិរដ្ឋដើម្បីលើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិ ក៏ដូចជាការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា»។
តំណាងរាស្រ្តចំនួន១១៨រូបរបស់គណបក្សសង្រ្គោះជាតិ ដែលជាគូប្រជែងធំមួយរបស់គណបក្សកាន់អំណាចរបស់លោកហ៊ុន សែន ដែលត្រូវបានរំលាយកាលពីខែវិច្ឆិកាឆ្នាំ២០១៧ ត្រូវបានតុលាការដកហូតសិទ្ធិក្នុងការធ្វើនយោបាយរយៈពេលប្រាំឆ្នាំ។ ការដកហូតសិទ្ធិនយោបាយ និងរំលាយបក្សសង្គ្រោះជាតិនេះបាននាំឱ្យគណបក្សប្រជាជនកម្ពុជា ឈ្នះនិងដឹកនាំប្រទេសកម្ពុជាដោយឯកបក្ស ក្រោយការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៨។ ការណ៍នេះបានធ្វើឱ្យកម្ពុជារងការរិះគន់ និងសម្ពាធយ៉ាងខ្លាំងពីបស្ចឹមប្រទេស និងទាមទារឱ្យមានការបើកសិទ្ធិសេរីភាព និងការធ្វើនយោបាយឡើងវិញសម្រាប់មន្ត្រីបក្សជំទាស់។
លោកហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃពុធថា ច្បាប់នេះគឺសម្រាប់គ្រប់បក្សនយោបាយទាំងអស់ ហើយអតីតមន្ត្រីបក្សសង្គ្រោះជាតិត្រូវដាក់លិខិតស្នើមកលោកដើម្បីទទួលបាននីតិសម្បទាពីព្រះមហាក្សត្រឡើងវិញ ពេលដែលច្បាប់នេះត្រូវដាក់ឱ្យប្រើប្រាស់ ប្រសិនបើពួកគេចង់មានសិទ្ធិធ្វើនយោបាយឡើងវិញ។
«នៅពេលច្បាប់ចូលជាធរមាន ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្រ្តី ខ្ញុំត្រៀមនឹងទទួលយកៗ នូវសំណើរបស់សាម៉ីជនម្នាក់ មិនតំណាងឲ្យបក្សនយោបាយណាមួយមកស្នើទេ»។
យោងតាមច្បាប់ស្តីពីគណបក្សនយោបាយ បុគ្គលដែលត្រូវបានតុលាការដកហូតសិទ្ធិនយោបាយ អាចទទួលបានសិទ្ធិនយោបាយឡើងវិញតាមការផ្តល់នីតិសម្បទា ដោយព្រះមហាក្សត្រ ក្រោមការស្នើសុំដោយនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ។
យ៉ាងណាក៏ដោយ លោកសម រង្ស៊ី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូនេះ បានធ្វើការអំពាវនាវលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា ហាមមិនឲ្យអ្នកតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិចាញ់«ការបោកកញ្ឆោត និងការសម្លុត»របស់លោក ហ៊ុន សែន។
លោកបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖
«អ្នកដែលទទួលសិទ្ធិពីហ៊ុន សែន ឲ្យធ្វើនយោបាយតទៅទៀត ក៏មិនដឹងជាធ្វើនយោបាយយ៉ាងម៉េចទេ ក្នុងគ្រាដែលគណបក្សសង្គ្រោះជាតិត្រូវគេរំលាយ ហើយប្រធានគណបក្សសង្គ្រោះជាតិ គឺលោកកឹម សុខា ត្រូវគេចាប់ឃុំឃាំង។ ដូច្នេះ សម្រាប់អ្នកដែលទទួលសិទ្ធិពីហ៊ុន សែន គ្មានផ្លូវណាធ្វើនយោបាយតទៅទៀត ក្រៅពីទៅបម្រើនយោបាយហ៊ុន សែន ដោយផ្ទាល់ ឬដោយប្រយោល»។
រហូតមកទល់ពេលនេះ មានអតីតអ្នកនយោបាយគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយមួយចំនួនកំពុងត្រៀមខ្លួនដាក់ពាក្យមកនាយករដ្ឋមន្រ្តីហ៊ុន សែន ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយវិញ។
លោកគង់ គាំ អតីតប្រធានគណបក្សសម រង្ស៊ី និងជាទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់គណបក្សសង្គ្រោះជាតិ បាននិយាយប្រាប់ VOA តាមទូរស័ព្ទកាលពីរសៀលថ្ងៃព្រហស្បតិ៍នេះថា លោកមានក្តីរីករាយដោយបានទន្ទឹងរង់ចាំឱកាសដើម្បីចូលបម្រើលទ្ធិប្រជាធិបតេយ្យវិញយូរមកហើយ។
«ការទន្ទឹងចង់បន្តដង្ហើមដល់កម្លាំងប្រជាធិបតេយ្យហ្នឹង គឺបានធ្វើឲ្យខ្ញុំមានទឹកចិត្តនិងការរីករាយតាមរយៈការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយថ្មីៗហ្នឹងបាទ»។
លោកបន្តថា លោកបានត្រៀមខ្លួនរួចហើយ ដើម្បីធ្វើតាមនីតិវិធីដើម្បីបានទទួលនីតិសម្បទាធ្វើនយោបាយឡើងវិញ។
ទោះជាយ៉ាងនេះក៏ដោយ លោក Ted Yoho អ្នកតំណាងរាស្រ្តប្រចាំរដ្ឋ Florida នៃគណបក្សសាធារណរដ្ឋក្នុងសហរដ្ឋអាមេរិក បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយ VOA ថា សំណើវិសោធនកម្មច្បាប់ដើម្បីអនុញ្ញាតឱ្យអ្នកនយោបាយអតីតបក្សប្រឆាំង១១៨នាក់វិលត្រឡប់ទៅធ្វើនយោបាយឡើងវិញនោះ ជារឿងក្លែងក្លាយ ហើយគ្រាន់តែជាល្បែងសម្រាប់លោកហ៊ុន សែន ប៉ុណ្ណោះ។
លោកបានប្រាប់ VOA យ៉ាងដូច្នេះ៖
«ខ្ញុំគិតថា វាជារឿងក្លែងក្លាយទេ។ ចំពោះលោក ហ៊ុន សែន ដែលធ្វើដូច្នេះក្រោយពីការបោះឆ្នោតចប់ហើយ គឺគាត់គ្មានចាញ់អ្វីទេ ពីព្រោះគ្មានការបោះឆ្នោតទេ ហើយគាត់អាចទាមទាររកភាពស្របច្បាប់ ដែលបានជាប់ឆ្នោតជាថ្មី បើទោះជាគាត់បានបណ្តេញបក្សប្រឆាំងចេញពីប្រទេស ឬដាក់គុកអ្នកដែលនៅក្នុងប្រទេស។ ហើយរឹតត្បិតបណ្តាញសារព័ត៌មាន»។
ជាមួយគ្នានោះដែរ ឆ្លើយតបទៅការអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) សភាអាស៊ានដើម្បីសិទិ្ធមនុស្ស បានសរសេរក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចេញនៅថ្ងៃព្រហស្បតិ៍នេះថា ការព្យាយាមកែប្រែច្បាប់នេះជាឥរិយាបថក្លែងក្លាយមួយទៀតរបស់លោកហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ដើម្បីទទួលបានការពេញចិត្តពីសហគមន៍អន្តរជាតិប៉ុណ្ណោះ ហើយការហាមឃាត់នេះមិនគួរត្រូវបានដាក់ចេញតាំងពីដំបូងម៉្លេះ។
លោក Charles Santiago ប្រធានសមាជិកសភាអាស៊ានដើម្បីសិទិ្ធមនុស្សនៅម៉ាឡេស៊ី ត្រូវបានគេស្រង់សម្តីដើមយ៉ាងដូច្នេះ៖
«នេះជាក់ស្តែងណាស់ជាសម្បទានតូចមួយទៀត ដើម្បីកាត់បន្ថយសម្ពាធពីសហគមន៍អន្តរជាតិ ដែលកម្ពុជាកំពុងប្រឈមនឹងការបាត់បង់អត្ថប្រយោជន៍ពាណិជ្ជកម្ម ដោយសារតែកំណត់ត្រាសិទ្ធិមនុស្សយ៉ាងឃោរឃៅរបស់ខ្លួន។ សហគមន៍អន្តរជាតិគួរតែបន្តក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរធំបន្ថែមទៀត រួមមានការដោះលែងមេដឹកនាំគណបក្សសង្រ្គោះជាតិ គឺលោកកឹម សុខា ភ្លាមៗដោយគ្មានលក្ខខណ្ឌ ការត្រឡប់មកវិញនូវសមាជិកគណបក្សសង្រ្គោះជាតិទាំងអស់ ក៏ដូចជាការបោះឆ្នោតមួយដោយសេរីនិងយុត្តិធម៌។ បើសិនជាការណ៍ទាំងនេះមិនអាចសម្រេចបានទេ វិសោធនកម្មច្បាប់ថ្ងៃនេះនឹងមានឥទ្ធិពលតិចតួចប៉ុណ្ណោះក្នុងរយៈពេលយូរ»។
ទោះយ៉ាងជាមានការរិះគន់យ៉ាងណា ក្រោយការអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) សភាជាតិនឹងបញ្ជូនច្បាប់នេះទៅកាន់ព្រឹទ្ធសភាដើម្បីពិនិត្យនិងអនុម័តបន្ត មុនបញ្ជូនទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ និងអង្គព្រះមហាក្សត្រ ដើម្បីដាក់ឱ្យដំណើរការវិសោធនកម្មថ្មីនេះ៕