ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុប្រធាន​បក្សជំទាស់​មួយ​រូប​ច្រានចោល​ការ​ចោទ​ថា ​បក្ស​ជំទាស់​ដឹកនាំ​កុបកម្ម​ផ្តួល​រំលំ​រដ្ឋាភិបាល​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣


រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពិធី​ជួបជុំ​បេក្ខនារី​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ទីស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ​​ នៅ​ថ្ងៃទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពិធី​ជួបជុំ​បេក្ខនារី​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ទីស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ​​ នៅ​ថ្ងៃទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

ភ្លាមៗ​ក្រោយ​ការ​ចោទប្រកាន់​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួងមហាផ្ទៃ​ថា​ មាន​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ ជា​អ្នក​ចេញ​បញ្ជា​ពី​ទីលាន​ប្រជាធិបតេយ្យ​ឲ្យ​ក្រុម​កម្មករ​ធ្វើ​កុបកម្ម​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​នោះ​ អនុប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​មួយ​រូប​អះអាង​ថា​ ​គណបក្ស​ប្រឆាំង​មិនបាន​ញុះញង់​ឲ្យ​កម្មករ​ធ្វើ​សកម្មភាព​កុបកម្ម​នោះ​ទេ​ ហើយ​ថា​ការ​ចូលរួម​របស់​គណបក្ស​ប្រឆាំង​ជាមួយ​កម្មករ​ដើម្បី​ធ្វើ​បាតុកម្ម​កាល​ពី​ជិត​ប្រាំ​ឆ្នាំ​មុន​នោះ​ គឺ​ដើម្បី​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​កម្មករ​ ដែល​ត្រូវ​បាន​ថៅកែ​រោងចក្រ​កេងប្រវ័ញ្ច។

អ្នកស្រី មូរ សុខហួរ អ្នក​តំណាង​រាស្ត្រ​ ​និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​ទៅ​តាម​សំណើ​របស់​រដ្ឋាភិបាល​ប្រទេស​នេះ​ ​បាន​ថ្លែង​បដិសេធ​ការ​ចោទប្រកាន់​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​មួយ​រូប​ ​ដែល​ថា​ ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ជា​អ្នក​ចេញ​បញ្ជា​ពី​ទី​លាន​ប្រជាធិបតេយ្យ​កាលពី​ជិត​ប្រាំ​ឆ្នាំ​មុន ឲ្យ​កម្មករ​ធ្វើ​កុបកម្ម​ ​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។

កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន នាយ​ឧត្តមសេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ ​មាន​ប្រសាសន៍​បញ្ជាក់​ ​VOA​ ​ថា​បាតុកម្ម​របស់​ក្រុម​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ ​ដែល​បាន​ផ្ទុះឡើង​កាល​ពី​ចុង​ឆ្នាំ​២០១៣​ និង​ដើម​ឆ្នាំ​២០១៤​នោះ​ ​មិនមែន​មាន​គោល​ដៅ​សំខាន់​ក្នុង​ការ​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល​នោះ​ទេ​ ពោល​គឺ​មាន​ការ​បញ្ជា​ពី​អ្នកស្រី​ ​មូរ សុខហួរ​ ​និង​លោក​ ហូ វណ្ណ ​ដែល​ជា​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ឲ្យ​ក្រុម​កម្មករ​ធ្វើ​កុបកម្ម​ដែល​មាន​ចេតនា​ផ្តួល​រំលំ​រដ្ឋាភិបាល​មួយ​ដែល​បាន​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត។​

ប៉ុន្តែ​អ្នកស្រី​ ​មូរ សុខហួរ​ ​ដែល​បាន​និរទេសខ្លួន​ទៅ​រស់​នៅ​ឯក្រៅ​ប្រទេស​ ​ដើម្បី​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​ មានប្រសាសន៍​ប្រាប់​ ​VOA​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ថា​ ​ការ​អត្ថាធិប្បាយ​របស់​នាយ​ឧត្តមសេនីយ៍​ខៀវ សុភ័គ​ ជា​អ្វី​ដែល​មិន​អាច​ទទួលយក​បាន​ ហើយ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​ជាថ្មី​ថា​ តើ​នរណា​ ជា​អ្នក​ចេញ​បញ្ជា​ឲ្យ​បង្ក្រាប​ក្រុមកម្មករនា​ពេល​នោះ​ ​ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នកតវ៉ា​ជាច្រើន​នាក់​ស្លាប់​ និង​រង​របួស។

អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖​

«ទោះបី​ថា​ យើង​ខ្ញុំ​ជា​អ្នកបញ្ជាក៏ដោយ​ ​អ្នកឲ្យ​កម្មករ​កម្មការិនី​ ធ្វើ​កូដកម្ម​ក៏ដោយ​ ទោះបី​ថា​ ពួក​យើង​ខ្ញុំ​ថា​ ទៅ​ចុះ​ ​ក៏ប៉ុន្តែ​នៅ​ប្រទេស​ដែល​គេ​មាន​ការ​ទទួល​ខុសត្រូវ​ ​មាន​ប្រជាធិបតេយ្យ​ កងកម្លាំង​ប្រដាប់​អាវុធ​របស់​គេ​ មិនមែន​នៅ​កណ្តាប់​ដៃ​ ក្រុម​គ្រួសារ​ណាមួយ​ទេ​ គឺ​គេ​ឯករាជ្យ​ពិតប្រាកដ​ ហើយ​វា​ច្បាស់​ណាស់​ គេ​នឹង​ធ្វើ​ការស៊ើប​អង្កេត​ថា​ អ្នក​ណា​ជា​អ្នកបញ្ជា​ឲ្យ​បាញ់?​ ពីព្រោះ​ទំហំ​នៃ​អាវុធ​ ទំហំ​ចំនួន​នៃ​កង​ប្រដាប់​អាវុធ​ ហើយ​ជា​កង​ប្រដាប់​អាវុធ​ពិសេស​ទៅ​ទៀត​ មិន​អាច​បញ្ជា​ឲ្យ​មក​តាម​ថ្នល់​បាញ់​សម្លាប់​ ប្រជាពលរដ្ឋ​ដូច្នេះ​បាន​ទេ»។​

​អ្នកស្រី​ ​មូរ សុខហូរ​ ​ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី បាន​សួរ​ទៅ​ក្រសួង​មហាផ្ទៃវិញ​ថា​ ​តើ​ហ៊ាន​បើក​ការ​ស៊ើប​អង្កេត​មួយ​ដែល​ឯករាជ្យ​ដែរ​ឬទេ?​

​អ្នកស្រី​ថ្លែង​ថា៖

​«ដូច្នេះ​ ​ខ្ញុំ​ ​យើង​ខ្ញុំ​សុំ​សួរ​ទៅ​ក្រសួង​មហាផ្ទៃ​វិញ ​ហ៊ាន​ទេ​? ហ៊ាន​មិន​ហ៊ាន?​ ​ហ៊ាន​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ទេ?​ ​ចាប់​ខ្ញុំ​ពេលណា​ក៏បាន​ដែរ​! ហើយ​បើ​សិន​ជា​ ពួក​ ពួក​យើង​ខ្ញុំ​មាន​ជាប់​រឿង​ហ្នឹង​ ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ ម៉េច​មិន​ចាប់​យើងខ្ញុំ ​តាំងពី​២០១៤​ទៅ​? ​នៅ​ពី​ពេល​កន្លែង​ហ្នឹង​ទៅ​? ម៉េច​ក៏​ចាំ​ដល់​ពេលនេះ​? អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៅ​?»

ក្នុង​ព្រឹត្តិការណ៍​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​កាល​ពី​ចុង​ឆ្នាំ​២០១៣​ និង​ដើម​ឆ្នាំ​២០១៤​នោះ​ ក្រុម​កម្មករ​បាន​ចេញ​តវ៉ា​នៅ​លើ​កំណាត់​ផ្លូវ​វេងស្រេង​ និង​តំបន់​ឧស្សាហកម្ម​ផ្សេង​ទៀត​នៅ​រាជធានី​ភ្នំពេញ។

កងទ័ព​ពិសេស​នៃ​កង​ពល​៩១១​ ដែល​ជា​អង្គភាព​ជំនិត​របស់​លោក​ ​ហ៊ុន សែន​ ​បាន​ធ្វើ​ការ​បង្ក្រាប​យ៉ាង​ហិង្សា​លើ​ក្រុម​បាតុករ​នៅ​ថ្ងៃ​ទី ២​ ​ខែ​ ​មករា ឆ្នាំ​ ២០១៤។

មួយ​ថ្ងៃ​ក្រោយ​មក​ គឺ​ថ្ងៃ​ទី ៣​ ខែ មករា ឆ្នាំ ២០១៤​ មាន​មនុស្ស​បួន​នាក់​បាន​ស្លាប់​ និង​ម្នាក់​បាត់​ខ្លួន ​ហើយ​របួស​ជាច្រើន​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​បង្ក្រាប​បាតុកម្ម​នោះ​ ដោយ​ក្នុង​ថ្ងៃ​នោះ​មាន​ការ​បាញ់​រះ​ពី​ក្រុម​សមត្ថ​កិច្ច​នៅ​តំបន់​សួន​ឧស្សាហកម្ម​កាត់ដេរ​ ​កាណាឌីយ៉ា​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​លើ​កំណាត់​ផ្លូវ​វេងស្រេង​នោះ។

មាន​ការ​ចាប់​ខ្លួន​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​២៣​នាក់​ផ្សេង​ទៀត​ក្នុង​ព្រឹត្តិការណ៍​តវ៉ា​លើ​ផ្លូវ​វេងស្រេង​ និង​នៅ​ត្រង់​តំបន់​រោងចក្រ​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ៤ ​មក​ផ្តន្ទាទោស​ផង​ដែរ​ តែ​ពួក​ទាំង​២៣​នាក់​នេះ​ ក្រោយ​មក​បាន​ទទួល​សេរីភាព​វិញ​ បន្ទាប់​ពី​មាន​ការ​ថ្កោល​ទោស​ជា​អន្តរជាតិ​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ធំៗ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​ដែល​ធ្វើការ​ក្នុង​វិស័យ​ការងារ។ ​គណបក្ស​សង្គ្រោះជាតិ​ក៏​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ក្នុង​គ្រា​នោះ​ដែរ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេដឹកនាំ​សហជីព​មួយ​ចំនួន។

នាយ​ឧត្តមសេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ មាន​ប្រសាសន៍​ប្រាប់​ ​VOA​ កាល​ពី​ថ្ងៃ​ សុក្រ ថា បាតុកម្ម​ដែល​មាន​គណបក្ស​ប្រឆាំង​ចូលរួម​នៅ​ក្រោយ​ការ​បោះឆ្នោត​ ឆ្នាំ​២០១៣​នោះ​ ​គឺ​មាន​ចរិត​ជាបដិវត្តន៍។

លោក​បាន​ពណ៌នា​យ៉ាង​ដូច្នេះ៖​

«យើង​ដឹង​ហើយ​ថា​ កាល​ពី​ឆ្នាំ​២០១៣​នោះគណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត សុំ​ឲ្យ​បោះឆ្នោតឡើង​វិញ​ ហើយ​ក៏​នាំ​គ្នា​ធ្វើ​បាតុកម្ម​រហូត​បន្លាយ​ពេល​ រយៈពេល​មួយ​ឆ្នាំ​ឯណោះ។​ ​ក្នុង​ន័យ​នេះ​ហើយ​ បាន​សេចក្តី​ថា​ នេះ​គឺ​មិនមែន​ជា​ការ​ បាតុកម្ម​ទេ​ ដែល​យើង​រក​ឃើញ​ពិត​នោះ​គឺជា​ ការ​ធ្វើបដិវត្តន៍​ពណ៌​ ដើម្បី​ផ្តួល​រំលំ​ រដ្ឋាភិបាល​ដែល​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត​ ឲ្យ​ផ្តើម​ចេញ​ពី​មូលហេតុ​ ឬក៏​លេស​ហៅ​ថា​ មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ ដូច្នេះ​អំពើ​ហិង្សា​នៅ​វេងស្រេង​ យើង​បាន​មាន​ឯកសារ​គ្រប់​គ្រាន់​ទាំង​អស់​។ នេះ​ក៏​ជា​ការ​ទប់ស្កាត់​ នូវ​ការ យើង​ហៅថា​ ការ​ទប់​ស្កាត់​នៃ​កុបកម្ម»។

លោក​បាន​បន្ត​ថា​ ប្រសិន​បើ​កុបកម្ម​ពេលនោះ ទទួល​បាន​ជោគជ័យ​ ​នោះ​ប្រទេស​កម្ពុជា​នឹង​ជួប​ជម្លោះ​ផ្ទៃ​ក្នុង​ធ្ងន់​ធ្ងរ​ដូច​ប្រទេស​ស្ថិត​ក្នុង​តំបន់​មជ្ឈិម​បូព៌ា។

«​ដូច្នេះ​យើង​ចាត់​ទុក​ថា នេះ​មិន​មែន​ជា​ ​បាតុកម្ម​ដើម្បី​ទាមទារ​ការ​ដំឡើង​ប្រាក់​ខែ​ទេ​ គឺ​ជា​កុបកម្ម​សុទ្ធសាធ​ ឈាន​ចេញ​ពី​កុបកម្ម​នោះ​ ប្រសិនបើ​កុបកម្ម​នោះ​បាន​ជោគ​ជ័យ​ នោះ​គឺ​រាជរដ្ឋាភិបាល​កម្ពុជា​ ជួប​វាសនា​ នូវ​ជាតិ​កម្ពុជា​នោះ​ ធ្លាក់​ទៅក្នុង​ភក់​ជ្រាំ​ ឬ​គេ​ហៅ​ថា​ សង្គ្រាម​ ឬ​ក៏​វិបត្តិ​ផ្ទៃក្នុង​ដូច​ជា​បណ្តា​ប្រទេស​នៅ​ នៅ​មជ្ឈិម​បូព៌ា​ នៅ​ឧទាហរណ៍​ដូច​ជា​ ស៊ីរី​ ឬ​ប្រទេស​លីប៊ីជា​មិន​ខាន​ទេ​ ក៏ប៉ុន្តែ​ជោគ​ល្អ​ គឺ​យើង​បាន​ទប់​ស្កាត់​បាន​នូវ​កុបកម្ម​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ»។

ក្នុង​សំណុំ​រឿង​វាយ​បង្ក្រាប​ហិង្សា​លើ​ហ្វូងបាតុករ​ក្នុង​ទីតាំង​ឧស្សាហកម្ម​មួយ​ចំនួន​ក្នុង​រាជធានី ភ្នំពេញ​ នេះ​ មាន​ក្រុម​មេដឹកនាំ​សហជីព​ប្រាំមួយ​នាក់​ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ​ក្រុង​ភ្នំពេញ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​៦ខែ​ តែ​ទោស​ត្រូវ​ព្យួរ។​

​ពួក​អ្នក​ទាំង៦​រូប ត្រូវបាន​ចោទ​ពី​បទ​ «​អ្នក​ផ្តួចផ្តើម​គំនិត​ ក្នុង​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោសធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស គំរាម​កំហែង​ថា​ នឹង​ធ្វើឲ្យ​ខូច​ខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ​ និង​បទ​ធ្វើ​ឲ្យ​ស្ទះ​ចរាចរ​នៅ​ក្នុង​ព្រឹត្តិការណ៍​ទាម​ទារ​ប្រាក់​ឈ្នួល​ក្នុង​ទីក្រុង​ភ្នំពេញ»។

ក្រុម​មេដឹកនាំ​សហជីព​ទាំង​៦​នាក់​នោះ​ មាន​លោក ​អាត់​ ធន់​ លោក​ ជា មុនី ​អ្នកស្រី យ៉ាង​ សោភ័ណ្ឌ​ លោក ប៉ាវ​ ស៊ីណា​ លោក ​រ៉ុង ឈុន​ និង​អ្ន​ក​ស្រី​ ម៉ម​ ញឹម។

ក្រោយ​ការ​ផ្តន្ទាទោស​នោះ មាន​ក្រុម​មេដឹកនាំ​សហជីព​បួន​នាក់​ គឺ​លោក ​អាត់​ ធន់​ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក ​ប៉ាវ​ ស៊ីណា​ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ លោក ​រ៉ុង ឈុន​ អតីត​សមាជិក​មួយ​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.)​ និងអ្នកស្រី ​យ៉ាង​ សោភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​ជាថ្មី​ ទៅ​ក្នុង​ព្រឹត្តិកាណ៍បង្រ្កាប​យ៉ាង​ហិង្សា​នោះ។

ក្រុម​មេដឹកនាំ​សហជីព​ទាំងបួន​នាក់​នេះ​អះអាង​ថា ពួកគេ​មិន​បាន​ប្រព្រឹត្ត​កំហុស​ ដូច​ការ​ចោទ​របស់​តុលាការ​នោះ​ទេ។

យ៉ាង​ណា​ក៏ដោយ​ នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ ​ថ្លែង​ថា​ ការ​ស៊ើប​អង្កេត​ណាមួយ​ ក្នុង​ករណី​នេះ​អាច​ធ្វើ​ទៅ​បាន​ឬ​ក៏​អត់​នោះ​ គឺ​អាស្រ័យ​ទៅតាម​ការ​បង្គាប់​បញ្ជា​របស់​ស្ថាប័ន​តុលាការ​តែប៉ុណ្ណោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG