ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន​ សរសើរ​នយោបាយ​ឈ្នះ-ឈ្នះ​របស់​ខ្លួន​ក្នុង​ថ្ងៃ​៧មករា​និង​រិះគន់​ក្រុម​គណបក្ស​ប្រឆាំង


លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន និង​លោក ហេង​ សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ថ្ងៃ​ជ័យជម្នះ ៧មករា លើកទី៤០ឆ្នាំ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ (រូប​ថត​ពី​ទំព័រ​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន និង​លោក ហេង​ សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ថ្ងៃ​ជ័យជម្នះ ៧មករា លើកទី៤០ឆ្នាំ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ (រូប​ថត​ពី​ទំព័រ​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

​លោក ហ៊ុន សែន​ ថ្លែង​ថា​ ពលរដ្ឋ​កម្ពុជា​មិនត្រូវ​ការ​អ្នកនយោ​បាយ​ប្រឆាំង​ទេ​ ព្រោះ​មាន​អ្នក​បោះ​ឆ្នោត​ជាង​៨០​ភាគរយ​បាន​ចេញ​ទៅ​បោះឆ្នោត​ ​ហើយ​ភាគច្រើន​លើសលប់បានបោះឆ្នោតឲ្យគណបក្ស​​របស់​លោក។ លោក​ក៏​បានសំដែង​មោទនភាព​ចំពោះ​នយោបាយ​ឈ្នះ​ ឈ្នះរបស់​លោក​ដែល​បានបញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង​នៅ​កម្ពុជា។​

​មេដឹកនាំ​កម្ពុជា​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​នាថ្ងៃ​ប្រារព្ធខួប​ទី៤០ឆ្នាំ​ ​នៃ​ការ វាយ​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​របស់​ប៉ុល ពត​ ​ក្រោម​ការ​ជួយ​ពីកងទ័ព​វៀតណាម​ បានថ្លែង​កោតសរសើរ​ពី​«នយោ​បាយ​ឈ្នះ-ឈ្នះ»​ ​របស់​លោក​ដែលបាន​បញ្ចប់​សង្គ្រាម​ក្នុងស្រុក​ទាំងស្រុង​នៅកម្ពុជា​កាលពី​ចុង​ឆ្នាំ​១៩៩៨​ ​និង​បាន​រិះ​គន់​លើ​ក្រុម​អ្នក​នយោបាយ​គណបក្សប្រឆាំង​ ​ដែល​លោក​យល់​ថា​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​បំភ្លេច​ចោល​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃទី​២៩ ខែ​កក្កដា​ ឆ្នាំ​២០១៨។

ថ្លែងនៅចំពោះ​មុខ​ក្រុម​មន្ត្រី​នៃ​គណបក្សកាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​អ្នកចូល​រួម​អប​អរ​សាទរ​ខួប​ថ្ងៃទី​៧ មករា​ ឆ្នាំ​១៩៧៩នៅ​ឯពហុកីឡដ្ឋាន​ជាតិអូឡាំពិក​ស្ថិត​ក្នុង​រាជ​ធានី​ភ្នំពេញ​ ​លោក​ ​ហ៊ុន សែន​ ​បានរំឭក​ដល់​ថ្ងៃនៃ​ការ​សម្ពោធ​ ​«វិមានឈ្នះ-ឈ្នះ» ​កាល​ពី​ថ្ងៃទី​២៩​ខែធ្នូ​ ឆ្នាំ​២០១៨ ផង​ដែរ។

គណបក្ស​ប្រជាជន​កម្ពុជា​អបអរសាទរ​ថ្ងៃ​ជ័យជម្នះ ៧មករា លើកទី៤០ឆ្នាំ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ (រូប​ថត​ពី​ទំព័រ​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
គណបក្ស​ប្រជាជន​កម្ពុជា​អបអរសាទរ​ថ្ងៃ​ជ័យជម្នះ ៧មករា លើកទី៤០ឆ្នាំ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ (រូប​ថត​ពី​ទំព័រ​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

លោក​ ​ហ៊ុន សែន​ ​ដែល​ជា​អតីតទាហាន​ខ្មែរ​ក្រហម​ និង​ដែល​បានសារភាព​ថា លោកពិតជា​បាន​សុំ​ឲ្យ​វៀតណាម​ជួយ​រំដោះ​កម្ពុជាពី​មេ​របស់​លោក​ គឺ​ប៉ុល ពត​នោះ​ បាន​អះអាងថា​ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ឆ្នាំ​១៩៩១​ មិនបាន​បញ្ចប់​ភ្លើង​សង្គ្រាម​ទាំង​ស្រុង​នៅកម្ពុជា​នោះទេ​ ពោល​គឺ​មាន​តែនយោបាយ​ឈ្នះ​ ឈ្នះ​របស់​លោក​ ដែលបាន​ពន្លត់​ភ្លើង​សង្គ្រាម​ទាំងស្រុង​ ដោយ​គ្មានការ​ប្រើ​ប្រាស់​គ្រាប់​កំាភ្លើង​សូម្បី​តែមួយ​គ្រាប់។

«ការ​អនុវត្ត​ដោយ​ជោគ​ជ័យ​នូវនយោបាយ​ឈ្នះ​ ឈ្នះ​នេះ​ បាន​បញ្ចប់​ជាស្ថាពរ​នូវ​សង្គ្រាម​ដ៏រ៉ាំរ៉ៃ​ នៅ​កម្ពុជា​ និងបាន​នាំមកនូវ​សន្តិភាព​ពេញ​លេញ​ ព្រម​ទាំង​ការ​ឯកភាព​ជាតិ​ និង​ឯកភាព​ទឹក​ដី​ទាំង​ស្រុង​នៅ​ចុង​ឆ្នាំ​ ១៩៩៨»។

ដោយ​នៅ​ពី​ក្រោយ​លោក​មាន​ស្លាក​ឡូហ្គោ​ក្រហម​លឿងឆ្អិនឆ្អៅ​ ប្រៀប​ដូច​ជាពណ៌​របស់​ទង់​ជាតិ​ប្រ​ទេស​កុម្មុយ​នីស្ត​ចិន​ និង​វៀតណាម​ រំលេច​ដោយ​ទង់បក្ស​ប្រជាជនកម្ពុជា​ និងទង់​ជាតិ​កម្ពុជា​ ​ជាមួយ​ពាក្យ​ថា​ ​«ខួបទី​៤០ ៧​មករា»​ ​លោក​ ​ហ៊ុន សែន​ ​ដែលស្ថិត​ក្នុង​អំណាច​ជាង​បី​ទសវត្សរ៍​មក​នោះ​ បាន​ថ្លែង​បន្តថា៖​

«កម្ពុជា​ដែល​ពីមុន​ជា​វាលពិឃាត​ គ្រប​ដណ្តប់​ដោយ​អំណាច​ផ្តាច់​ការ និង​ឧក្រិដ្ឋ​កម្ម​គួរ​ឲ្យ​រន្ធត់​នៃ​របប​ប្រល័យ​ពូជសាសន៍​ ឥឡូវ​បាន​ក្លាយ​ជា​ទឹកដី​នៃសេរីភាព​ ដែល​មាន​ការ​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ ពហុបក្ស​ តាម​រយៈ​ការ​រៀបចំការ​បោះឆ្នោត​យ៉ាង​ទៀង​ទាត់​ ដោយ​សេរី ត្រឹមត្រូវ​ និងយុត្តិធម៌​ និង​ជារដ្ឋ​ដែល​គោរព​គោល​ការណ៍​ច្បាប់​ដោយ​ឥត​ងាក​រេ​ ហើយ​ប្រជាជន​គ្រប់​រូប​មាន​សិទ្ធិ​ស្មើ​ភាព​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់»។

លោក​ស្រី សៅ ទី ​លោក ហេង សំរិន លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន និងលោកស្រី ប៊ុន រានី ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ថ្ងៃ​ជ័យជម្នះ ៧មករា លើកទី៤០ឆ្នាំ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ (រូប​ថត​ពី​ទំព័រ​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
លោក​ស្រី សៅ ទី ​លោក ហេង សំរិន លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន និងលោកស្រី ប៊ុន រានី ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ថ្ងៃ​ជ័យជម្នះ ៧មករា លើកទី៤០ឆ្នាំ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ (រូប​ថត​ពី​ទំព័រ​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

ការ​ប្រារព្ធ​ខួប​ទី​៤០ នៃ​ថ្ងៃ៧ មករា ឆ្នាំ២០១៩នោះ​ បានធ្វើឡើង​ ក្រោយការ​បោះឆ្នោត​ជាតិកាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ ឆ្នាំ​២០១៨ ដែលប្រទេស​ប្រជាធិបតេយ្យ​ធំៗ​មាន​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​ បាន​ដក​ការ​គាំទ្រ​របស់​ពួកគេ​ ដោយសារ​តែគ្មាន​វត្តមាន​គណ​បក្ស​ប្រឆាំង​ដ៏ធំ​បំផុត​នៅ​កម្ពុជា​ ​គឺ​គណ​បក្ស​សង្គ្រោះជាតិ​ ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោកហ៊ុន សែន​ ​ប្តឹង​ឲ្យតុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​ក្រោម​បទ​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។

អាជ្ញាធរ​របស់​កម្ពុជា​ បានចោទប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក​ កឹម សុខា​ ​ដែល​ពេល​នេះ​កំពុង​ជាប់​ឃុំ​ក្នុងផ្ទះថា​ បាន​សម​គំនិត​ជាមួយ​រដ្ឋាភិបាល​បរទេស​ ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​របស់​ទីក្រុង​ភ្នំពេញ​ ដែល​ការប្រព្រឹត្ត​យ៉ាងដូច្នេះ​ គឺស្មើ​នឹង​ «អំពើ​ក្ប​ត់ជាតិ»។

ក៏​ប៉ុន្តែ​ក្នុង​ការពណ៌នា​របស់​លោក​អំពី​ជោគ​ជ័យ​លើក្រុម​កុម្មុយនីស្តម៉ៅនិយម​ខ្មែរ​ក្រហម ​នាថ្ងៃ​ច័ន្ទ ទី​៧ ខែ​មករា ឆ្នាំ​២០១៩​នេះ​ ​លោក​ ​ហ៊ុន សែន​ ​មិន​បាន​និយាយចំ​ឈ្មោះ​គណបក្ស​សង្គ្រោះជាតិ​នោះ​ទេ​ តែ​លោក​មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​មិនត្រូវ​ការ​ក្រុម​គណបក្សប្រឆាំង​នោះ​ទេ​ ដោយ​ប្រជា​ពល​រដ្ឋ​ខ្មែរ​បាន​សម្រេច​ជោគ​វាសនា​ខ្លួន​ ក្នុងការ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​របស់​លោក​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​បន្តទៀត។​

លោក​ ​ហ៊ុន សែន​ ​អះអាង​យ៉ាងដូច្នេះ៖​

«ប្រការ​នេះ​ ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ផងដែរ​ថា​ ប្រជាជនកម្ពុជា​កំពុង​ក្តាប់​ក្នុង​ដៃ​នូវ​ជោគ​វាសនា​ជាតិ​ និង​មាន​ភាព​ជឿជាក់​ ក្នុង​ការ​អនុវត្តន៍​ភាព​ធ្វើ​ជា​ម្ចាស់​ប្រទេស​ ដោយ​បដិសេធ​ដាច់​អហង្កា​នូវ​សកម្មភាព​របស់​ក្រុម​អ្នក​នយោបាយ​ ប្រឆាំង​ជ្រុល​និយម និង​មជ្ឈដ្ឋាន​បរទេស​ នៅពីក្រោយ​ខ្នង​របស់​ពួក​គេ​ ដែល​នៅតែ​បន្ត​ រក​វិធី​រាំង​ខ្ទប់​ការ​អភិវឌ្ឍន៍​កម្ពុជា​ និង​រុញច្រាន​កម្ពុជា​ ឲ្យ​ឃ្លាត​ចេញ​ពី​មាគា​ប្រជាធិបតេយ្យ​ និងនីតិរដ្ឋ​ តាម​រយៈ​មធ្យោបាយ​បដិវត្តន៍​ពណ៌»។

លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​កាលពីខែ​កក្កដា ឆ្នាំ​២០១៨​ ដែល​គ្មានគណបក្ស​ប្រឆាំង​ចូលរួម​នោះ​ បាន​បង្ហាញ​ពី​ជោយជ័យ​យ៉ាងសម្បើម​របស់​គណបក្ស​ប្រជាជនកម្ពុជា​ ដែលបាន​ក្តោបក្តាប់​អាសនៈ​ទាំង​១២៥នៅ​រដ្ឋសភា។​ ​រដ្ឋសភា​ ដែលមាន​តែគណបក្ស​កាន់​អំណាច​នេះ​ ត្រូវបាន​គេចាត់​ទុក​ថា​ ជា​សភា​ឯកបក្ស។

ក្រុម​អ្នកសង្កេតការណ៍បោះឆ្នោតឯករាជ្យមួយចំនួន​ដែល​សុំមិនបញ្ចេញ​អត្កសញ្ញាណ​បាន​ឲ្យដឹង​ថា​ កម្ពុជា​ពិត​ជា​មានការបោះឆ្នោត​ដោយ​ទៀងទាត់​ប្រាកដ​មែន​ ទៅតាម​អាណត្តិនីមួយៗ។

ទោះយ៉ាងណា ពួកគេ​ថា​ ការបោះឆ្នោត​ថ្ងៃទី​២៩ ខែ​កក្កដា​ គឺមិនទាន់​ពេញលេញ​ដោយ​ស្មើភាព​គ្នា​នោះ​ទេ ដោយហេតុថា​ ឆន្ទៈ​ប្រជាពលរដ្ឋ​មិនត្រូវបាន​គេគោរព​ ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៨​ ហើយ​ជា​ពិសេស​នោះ​ អ្នកត្រូវបាន​ជ្រើសរើស​ត្រូវបាន​រំលាយ​ចោល​ និង​ចែក​អាសនៈ​ឲ្យ​អ្នកផ្សេង។

ពួកគេ​និយាយ​ថា​ លទ្ធិប្រជាធិប​តេយ្យ​នៅកម្ពុជា​ គឺមានតែ​នៅលើ​ក្រដាស​ប៉ុណ្ណោះ ព្រោះ​អ្នកន​យោបាយ​គ្មាន​សិទ្ធិ​ស្មើគ្នា​ក្នុងការ​ធ្វើនយោ​បាយ​ ដោយសារ​ថា អ្នកនយោបាយ​មួយ​ក្រុមដែលទទួលបាន​សំឡេង​គ្រាំទត្រូវបាន​គេរំលាយ ឯមួយក្រុម​ទៀត​មានសិទ្ធិ​ឈរ​ឈ្មោះឲ្យ​គេបោះឆ្នោត​ ហើយ​ឈ្នះ​ពីការ​បោះ​ឆ្នោត​មួយ​ដែលមិនមាន​សុក្រឹតភាព។

ទាក់ទិន​នឹង​លំហសេរីភាព​ក្នុង​ប្រទេស​នោះ​ ក្រុម​អ្នកសង្កេតការណ៍បោះឆ្នោតឯករាជ្យមួយចំនួន ដែល​សុំមិនបញ្ចេញ​អត្ក​សញ្ញាណដដែល​ក៏បាន​ឲ្យដឹងថា​ ប្រព័ន្ធ​ព័ត៌មាន​ឯករាជ្យ​ មិនបាន​ចូលរួម​ដំណើរ​ការ​របស់​ខ្លួនដោយ​ពេញលេញ​ ខណៈដែល​សង្គម​ស៊ីវិល​មួយចំនួន​ដែលធ្លាប់​ចូលរួម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នោះបាន​ទទួល​រង​ការ​គំរាមកំហែង​ក្នុងវិជ្ជាជីវៈ​របស់ខ្លួន។​

​សម្រាប់​ការអនុវត្តច្បាប់​ ដែល​លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ អះអាងថា​ បាន​ឈរ​លើ​គោល​ការណ៍​ស្មើ​ភាព​គ្នានោះ​ គឺ​ធាតុ​ពិត​មិន​ដូច្នេះនោះឡើយ។​ ​នេះបើយោងតាម​អ្នកដែល​រង​គ្រោះ​ដោយ​ការរំលោភ​បំពាន​សិទ្ធិមួយចំនួន​ពីសំណាក់​អាជ្ញាធរ​កម្ពុជា។

លោក​ ​ថេង សាវឿន​ ​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ឬហៅថា​ ​(CCFC)​ ​ដែល​ចូល​រួម​រំឭក​ថ្ងៃមានការបង្រ្កាប​ដ៏ហិង្សា​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​មកលើ​ហ្វូង​បាតុករ​កាលពីឆ្នាំ​២០១៤​ បាន​លើកឡើងថា កម្ពុជា​ មិនទាន់​មានការ​គោរពច្បាប់​ដោយ​ឈរ​លើ​គោល​ការណ៍​ស្មើភាព​គ្នា​នោះទេ។

លោក​ ​ថេង សារឿន​ ​បានថ្លែងយ៉ាងដូច្នេះ​ នៅក្រោយមានការ​រំខាន​របស់​អាជ្ញាធរ​ក្នុង​ខ័ណ្ឌ​សែន​ សុខ​រាជធានីភ្នំពេញ​ ​ដែលបាន​ចូល​មក​រុះរើរោងតង់​សម្រាប់​រំឭកដល់​ព្រឹត្តការណ៍​ហិង្សា​នោះ​យ៉ាង​កំរោល។

​លោកបានលើក​ឡើងកាលពីថ្ងៃទី​៣ ខែ​មករា​ ​ឆ្នាំ​២០១៩​យ៉ាង​ដូច្នេះ៖​

«យើង​ត្រូវ​តែ​ជំរុញ​ធ្វើ​ម៉េច​ប្រព័ន្ធ​យុត្តិធម៌​ឲ្យ​មាន​ស្តង់ដា​តែ​មួយ​បាន​ហើយ​ កុំឲ្យ​មាន​ប្រព័ន្ធ​ស្តង់ដា​ពីរ​ ពីព្រោះ​ថាបច្ចុប្បន្ននេះ អយុត្តិធម៌​សង្គម​ កើត​ឡើង​ដោយសារតែ​ការ​អនុវត្តន៍​ប្រព័ន្ធ​ច្បាប់​ក្នុងប្រទេស​កម្ពុជា​មានស្តង់ដា​ពីរ​ ពិសេស​ដូច​ថ្ងៃហ្នឹង​អ៊ីចឹង​ ប្រសិន​បើ​គេ​មាន​បក្ស​ពួក​ គេមាន​អំណាច​ គេ​អាច​រៀប​ចំ​កម្មវិធី​បាន​ដោយ​សេរី​ មានការ​គាំទ្រ​ ក៏ប៉ុន្តែ​បើយើង​ជា​ក្រុម​សហជីព​ ក្រុម​សមាគម​ ក្រុម​ប្រជា​ពលរដ្ឋ​ដែល​អ្នករងគ្រោះ​ ដែល​ចង់​រៀបចំ​នេះ​ត្រូវ​បាន​គេ​រំខាន​ គេធ្វើ​ទុក្ខ​បុក​ម្នេញ​មិន​ឲ្យ​ធ្វើការ​ជួប​ប្រជុំ​ មិន​ឲ្យ​សំដែង​មតិ​ដើម្បី​ទាម​ទារ​យុត្តិធម៌»។

រឿង​រំលោភ​បំពានសិទ្ធិ​នានា​ដែលបាន​កើត​ឡើង​ក្នុង​កម្ពុជា​បច្ចុប្បន្ននេះ​ មិន​ត្រូវបាន​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន​ សែន​ ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ​ លើកឡើង​ក្នុងថ្ងៃ​នៃជ័យ​ជម្នះ​របស់​គណបក្ស​នយោបាយ​លោក​នោះទេ។

លោក​ ហ៊ុន សែន​ ​លើកឡើងថា​ សង្គម​កម្ពុជា​ មានលក្ខណៈ​សេរី បើក​ចំហ​ និង​គោរពតម្លៃ​មនុស្ស​។ លោកបាន​បញ្ជាក់​ថា​ សេដ្ឋកិច្ច​ជាតិ​បាន​រីកធំធាត់​យ៉ាង​ឆាប់​រហ័ស​ ហើយ​ក្នុង​រយៈពេល​៤០ឆ្នាំ​ ផ្តើម​ពី ជ័យ​ជម្នះ​ ៧ មករា​ ១៩៧៩​ «កម្ពុជា​សម្រេច​បាន​នូវ​ការ​កែប្រែ​មុខមាត់​ ដែល​គ្មាន​អ្នកណា​អាច​នឹង​ស្មាន​ដល់​»។

យ៉ាង​ណា​ក៏ដោយ​ វឌ្ឍនភាព​របស់​កម្ពុជា​ ត្រូវ​គេ​មើល​ឃើញ​ថា​ កំពុង​ស្ថិត​ក្នុងការ​គំរាម​កំហែង​ ដោយសារ​តែ​សហភាព​អឺរ៉ុប​ ដែល​ជា​ទីផ្សារ​ដ៏​ធំ​បំផុត​សម្រាប់​ផលិតផល​នាំចេញ​កម្ពុជា​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ បាន​ព្រមាន​ដកការ​អនុគ្រោះ​ពន្ធ​ ប្រសិនបើ​កម្ពុជា​ខកខាន​ មិន​អាច​ស្តារដំណើរ​ប្រជាធិបតេយ្យ​ឡើងវិញ​ ឲ្យ​បាន​ដូច​មុនការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ ដែល​គណបក្ស​សង្គ្រោះ ជាតិ​ទទួល​បាន​ការ​គំាទ្រ​ជាង​ ៤០​ភាគរយ​ពី​អ្នក​បោះឆ្នោត។ កម្ពុជា​មាន​ពេល​តែ​១២ ខែ​ប៉ុណ្ណោះ​ ក្នុង​ការកែ​ខៃ​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស​ សិទ្ធ​នយោបាយ​និង​ធ្វើ​ឲ្យប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​ ដើម្បី​រក្សា​នូវ​ការ​អនុគ្រោះពន្ធ​របស់​សហភាព​អឺរ៉ុប។

អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម​ ​និង​នយោបាយ​កម្ពុជា​មួយ​ចំនួន​ បាន​លើក​ឡើង​កាល​ពី​កន្លងមក​ថា​ សេដ្ឋ​កិច្ច​កម្ពុជា​ទាំងមូល​នឹង​រង្គោះ​រង្គើ​ ប្រសិនបើប្រទេស​នេះ​ បាត់​បង់​ការគាំទ្រ​ខាង​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប។ ពួកគេ​និយាយ​ថា​ ប្រសិន​បើ​សហភាព​អឺរ៉ុប​ពិត​ជា​លែង​អនុគ្រោះ​ពន្ធ​លើទំនិញ​កម្ពុជា​មែន​ នោះ​សហរដ្ឋ​អាមេរិក​ដែល​ជា​សម្ត័ន្ធមិត្ត​ស្អិតល្មួត​របស់​សហភាព​អឺរ៉ុប​នឹង​ចាត់វិធានការ​ស្រដៀងគ្នា​នេះ​ផង​ដែរ៕

XS
SM
MD
LG