ចៅក្រមស៊ើបអង្កេតនៃសាលាដំបូងរាជធានីភ្នំពេញបានបដិសេធសំណើរបស់មេធាវីការពារក្តីឱ្យលោក កឹម សុខា ដែលសុំឱ្យលើកលែងការចោទប្រកាន់លើអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ។ នេះបើតាមឯកសារតុលាការដែលបានចែកផ្សាយជាសាធារណៈ។
លោកចៅក្រម គី ឫទ្ធី បានច្រានចោលសំណើនេះកាលពីថ្ងៃសុក្រ ដោយសំអាងហេតុផលថា សំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា នៅកំពុងតែត្រូវតុលាការស៊ើបសួរនៅឡើយ ហើយថាតុលាការកំពុងតែមានគម្រោងការកោះហៅសាក្សីបន្ថែមដើម្បីឆ្លើយបំភ្លឺនៅពេលខាងមុខ។
កាលពីចុងខែធ្នូ ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ បានដាក់លិខិតជាលើកទី៣ទៅតុលាការ ស្នើសុំឱ្យលើកលែងការចោទប្រកាន់លើរូបលោក ក្រោយការស៊ើបអង្កេតបន្តអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំ។
លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិត្រូវបានលោកចៅក្រម គី ឫទ្ធី កោះហៅឱ្យចូលបំភ្លឺក្នុងនាមជាសាក្សីនៅថ្ងៃទី ២៣ ខែ មករា ក្នុងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា។ នេះបើតាមដីកាកោះដោយឡែកមួយទៀតចុះថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ ២០១៨។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនតាំងពីដើមខែកញ្ញាឆ្នាំ២០១៧ ពីបទឃុបឃិតជាមួយនឹងបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕