ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មេធាវី​លោក​ ​កឹម សុខា​ ​ដាក់​ពាក្យ​ស្នើ​សុំ​ជា​លើក​ទី៣​ឱ្យ​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​លើ​រូប​លោក


រូបឯកសារ៖ អ្នកសារព័ត៌មានចោមរោមសួរលោក ផែង ហេង សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា មេបក្សជំទាស់ នៅខាងក្រៅអគារតុលាការកំពូល កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។ (ទី អូលីស្សា/VOA)
រូបឯកសារ៖ អ្នកសារព័ត៌មានចោមរោមសួរលោក ផែង ហេង សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា មេបក្សជំទាស់ នៅខាងក្រៅអគារតុលាការកំពូល កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។ (ទី អូលីស្សា/VOA)

ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​បាន​ដាក់​លិខិត​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ជា​ថ្មី​ទៀត​ ស្នើ​ឲ្យ​មាន​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​លោក​ ​កឹម សុខា​ ​បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​ដែល​តុលាការ​ចោទ​លោក​ ​កឹម សុខា​​ពីបទ​ក្បត់ជាតិ​​ត្រូវ​បាន​បន្ត​អស់​រយៈ​ពេល​ជាង​១​ឆ្នាំ។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​ប្រធាន​បក្ស​ប្រឆាំង​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ ​បាន​ដាក់​លិខិត​ជា​លើក​ទី​៣​ទៅ​តុលាការ​ ​ស្នើ​សុំឱ្យ​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​ ​កឹម សុខា​ ​ក្រោយ​ការ​ស៊ើប​អង្កេត​បន្ត​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ។​

លោក​ ​ផែង ហេង​ ​មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​៤​រូប​ដែល​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​ប្រាប់​ VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ក្រុម​មេធាវី​បាន​ដាក់​លិខិត​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ ​ដោយ​ស្នើ​ឲ្យ​មាន​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​លើលោក​ ​កឹម សុខា។​ ​លោក​បន្ថែម​ថា​ ​នេះ​ជា​លើកទី​៣ហើយដែល​ក្រុម​មេធាវី​បាន​ដាក់​លិខិត​ស្នើ​ឲ្យ​មាន​ការ​លើក​លែង​ការ​ចោទ​ប្រកាន់លើ​លោក​ ​កឹម សុខា​ ​បន្ទាប់​ពីការ​ស៊ើបអង្កេត​លើ​សំណុំ​រឿង​កូនក្តី​របស់​លោក​បន្តជាង​មួយ​ឆ្នាំ​ ​ដោយ​មិនមាន​លទ្ធផល​ណា​មួយ។

លោក​បញ្ជាក់​ថា៖​

«ព្រោះ​យើង​ឃើញ​ថា​ ​ការ​ស៊ើប​អង្កេត​ហ្នឹង​វា​អស់​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ​ ​ហើយ​យើង​មើល​ទៅ​បទ​ចោទ​ហ្នឹង​ក៏​គ្មាន​សន្ទិដ្ឋិភាព​ ​ឬ​ក៏​បរទេស​ណា​មក​ត្រូវ​រ៉ូវ​ដើម្បីផ្តួល​រំលំ​រដ្ឋា​ភិបាល​ទេ​ ​អ៊ីចឹងហើយ​អង្គហេតុ​ដែល​ហ្វេសប៊ុក​បង្ហោះ​ហ្នឹង​វា​មិន​ស៊ី​សង្វាក់​ទៅ​នឹង​អង្គហេតុ​ពិត។​ អ៊ីចឹងហើយយើង​ទាមទារ​ឲ្យ​ចៅក្រម​ស៊ើប​សួរ​គាត់ទម្លាក់​ចោល​បទ​ចោទ»។​

VOA​ ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ​លី សុផាណា​ ​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃព្រហស្បតិ៍​នេះ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។​

លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជាគ​ណបក្ស​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ ​កាល​ពី​ខែវិច្ឆិកាឆ្នាំ២០១៧តាម​បណ្តឹង​រ​បស់​ក្រសួង​មហាផ្ទៃ​ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ ​និង​ឃុំខ្លួន​ពី​បទ​សន្ទិដ្ឋិ​ភាពជា​មួយ​បរទេស​ ​ដែល​ស្មើនឹង​បទ​ក្បត់ជាតិ​ដោយ​យោង​លើ​វីដេអូ​ខ្លី​មួយ។​

ក្នុង​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ កាល​ពី​ឆ្នាំ​២០១៧ ​និងត្រូវ​បាន​តុលាការ​យក​ធ្វើ​ជា​ភស្តុតាង​ក្នុង​ការ​ចាប់​ខ្លួន ​និង​ចោទ​ប្រកាន់​លោក​ ​កឹម សុខា​ពី​បទ​ក្បត់ជាតិនោះ​ ​គេ​ឃើញលោក​ ​កឹម សុខា​ ​បាន​ថ្លែង​ក្នុង​វីដេអូ​នោះ​ថា​ លោក​ត្រូវ​បាន​ឧបត្ថម្ភ​ និង​បង្ហាត់​បង្រៀន​ដោយ​សហ​រដ្ឋ​អាមេរិកក្នុង​ដំណើរ​ការ​នយោបាយ​របស់​លោកដើម្បី​ផ្តួល​រំលំ​មេ​ដឹកនាំ​ផ្តាច់ការ​ក្នុង​ប្រទេស​កម្ពុជា។​

ក្រោយ​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ទាំង​កំពុង​មាន​ជំងឺ​ ​តាំងពី​ដើម​ខែ​កញ្ញាឆ្នាំ​២០១៧​ អស់​រយៈ​ពេល​ជាង​១​ឆ្នាំ ​ដោយ​មិន​មាន​ការ​កាត់ទោស​ ​លោក​ កឹម សុខា ​ត្រូវ​បាន​តុលាការ​បញ្ជូន​ពីគុក​ត្រពាំង​ផ្លុង​ទៅ​ផ្ទះ​វិញ​ ​ដោយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​ ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ​ខែ​កញ្ញា​ ​ឆ្នាំ​២០១៨​មក។​

ចាប់​តាំង​ពី​មាន​ការ​ចោទ​ប្រកាន់ ​ចាប់​ខ្លួន ​និង​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​គេ​ឃើញ​អង្គការ​អន្តរជាតិ​ផ្នែក​ការ​ពារ​សិទ្ធិ​មនុស្ស​ ​និង​សហគមន៍​អន្តរជាតិ​ជាច្រើន​ ​ព្រមទាំង​រដ្ឋាភិបាល​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ផង​ ​បាន​រិះគន់​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​និង​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​លើ​លោក​ ​កឹម សុខា​ ជា​បន្តបន្ទាប់ ​ដោយ​ឥត​លក្ខខណ្ឌ។​

យ៉ាង​ណា​ក្តី​ ​ក្រុម​មន្រ្តី​ជាន់ខ្ពស់​រដ្ឋា​ភិបាល​បាន​ចេញ​មុខ​ការពារ​ចំណាត់​ការ​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ដោយ​និយាយ​ថា ​ធ្វើឡើង​ទៅ​តាម​ច្បាប់ ​ស្រប​តាម​ប្រទេស​នីតិ​រដ្ឋ​ប៉ុណ្ណោះ៕

XS
SM
MD
LG