ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំណាត់​ការ​របស់​លោក ដូណាល់ ត្រាំ ​អំពី​វិបត្តិ​កូវីដ១៩​អាច​ឱ្យ​លោក​ជាប់​ឆ្នោត​​ជា​ថ្មី


​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ឆ្លើយ​តប​ទៅ​សំណួរ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​សេតវិមាន អំពី​ជំងឹ​កូវីដ១៩ កាល​ពី​ថ្ងៃ​ទី៣ មេសា ២០២០។
​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ឆ្លើយ​តប​ទៅ​សំណួរ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​សេតវិមាន អំពី​ជំងឹ​កូវីដ១៩ កាល​ពី​ថ្ងៃ​ទី៣ មេសា ២០២០។

នៅពេល​​ដែល​​មេរោគ​វីរុស​កូរ៉ូណា​​រាតត្បាត​​ស.រ.អា. ​លោក​ប្រធនាធិបតី​ ដូណាល់ ត្រាំ ​បាន​ខិត​ខំព្យាយាម​​បង្ហាញ​ថា​លោក​ជា​មេដឹកនាំ​ម្នាក់​អាច​ជឿ​ទុកចិត្ត​បាន នៅ​ពេល​មាន​វិបត្តិ។

នៅ​ក្នុង​សន្និសីទ​កាសែតសឹង​តែ​រាល់ថ្ងៃ​ពី​សេតវិមាន​ លោក​ ត្រាំ ​បាន​និយាយ​ថា៖​«យើង​កំពុងធ្វើ​សង្គ្រាម​ជាមួយ​វីរុសដ៏​ប្រល័យ​មួយ»។

លោក​បាន​និយាយ​បន្ថែម​ថា៖ «ជោគជ័យ​ក្នុង​ការ​ប្រយុទ្ធ​នេះ​តម្រូវ​ឱ្យ​មាន​វិធានការ​ដាច់​ណាត់​ពេញ​លេញ​នៃ​ការ​រួម​កម្លាំង​គ្នា​សេចក្តី​ស្រឡាញ់​និង​ភក្តី​ភាព​របស់​យើង»។

កាល​ពី​ឆ្នាំ​ទៅ​មិញ​ រដ្ឋបាល ​ត្រាំ មិន​ធ្វើ​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​ដែល​មាន​ជា​ទម្លាប់យូរយា​មក​ហើយ​របស់​សេតវិមាន។​ក៏ប៉ុន្តែ​នៅ​ពេល​នេះ​ដែល​ការ​រាតត្បាត​សាកល​នៃ​ជំងឺ​កូវីដ១៩ ​បាន​បញ្ឈប់​ការ​ប្រជុំ​គ្នានោះ សន្និសីទ​កាសែត​បាន​ក្លាយ​ជា​ជម្រើស​មួយ​ជំនួស​ការប្រជុំ​គ្នា។​

សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​លោក ​ត្រាំ ​និង​គណៈកម្មការ​ចំពោះ​កិច្ច​របស់​លោក​សម្រាប់​ទប់ទល់​នឹង​វីរុស​កូរ៉ូណាបាន​ទាក់ទាញ​អ្នក​មើល​ទូរទស្សន៍​ជា​មធ្យមចំនួន​៨​លាន​៥​សែន​នាក់​តាម​កម្ម​វិធីព័ត៌មាន​នៃ​ទូរទស្សន៍​ខ្សែ​កាប។​

ប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​បាន​អួត​អំពី​រឿង​នេះ​តាម​ Twitter ​ដែល​នាំ​ឱ្យ​អ្នក​សង្កេត​ការណ៍​ខ្លះ​ចោទ​ប្រកាន់​ថា ​លោក​បាន​ធ្វើ​ឱ្យ​វិបត្តិ​នេះ​មាន​លក្ខណៈ​នយោបាយ។​

អ្នកស្រី ​Shannon O’Brien ​ជា​សាស្ត្រាចារ្យវិទ្យាសាស្ត្រ​នយោបាយ​នៅ​ឯ​សាកល​វិទ្យាល័យ​រដ្ឋ​ Texas ​នៅ​ក្នុង​ក្រុង​ Austin។​ អ្នកស្រី​បាន​និយាយ​ថា៖ «យើង​មិន​គួរ​រវី​រវល់​អំពី​អត្រា​គាំទ្រ​ដល់​សន្និសីទ​កាសែត​របស់​ប្រធានាធិបតី​ទេ»។

អ្នកស្រី​សាស្ត្រាចារ្យ​រូប​នេះ​បាន​ចោទ​ប្រកាន់​ថា​ លោក​ ត្រាំ ​យក​ចិត្ត​ទុក​ដាក់​លើ​អត្រា​គាំទ្រ​លោក​ច្រើន​ជាង​កំណើន​ករណី​អ្នក​ជំងឺ​កូរ៉ូណា​និង​ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ដែល​កើត​មាន​នៅ​ក្នុង​ស.រ.អា.។​

លោក​ Larry Sabato ​នៃមជ្ឈមណ្ឌល​នយោបាយ​របស់​សាកល​វិទ្យាល័យ​ Virginia ​បាន​និយាយ​ថា លោក​ ត្រាំ ​ប្រាកដ​ជា​បាន​ប្រើសន្និសីទ​កាសែតអំពី​វីរុស​កូរ៉ូណា​ដើម្បីជំរុញ​ឲ្យ​លោក​បាន​ជាប់​ឆ្នោត​ជា​ថ្មី។ ​លោក​ Sabato ​បានថ្លែង​ថា៖ «ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ​ជាបញ្ហា​ធ្ងន់​ធ្ងរ​មួយដែល​អ្វីៗ​ទាំងអស់ទាក់ទិន​នឹង​ជំងឺ​នេះត្រូវ​តែ​ផ្សាយ​តាម​ទូរទស្សន៍ ​ហើយ​លោក​ ត្រាំ ​ដឹង​អំពី​ការណ៍​នេះ»។​

លោក​ Sabato ​បាន​ថ្លែង​បន្ថែម​ថា៖ «លោក​ ត្រាំ យល់​ថា​ ការ​បង្ហាញ​ខ្លួន​លោក​នៅ​ក្នុង​ស្ថានភាព​នេះ​តាមរយៈ​ទូរទស្សន៍​នៅ​ក្នុង​ផ្ទះ​របស់​ប្រជា​រាស្ត្រ​អាមេរិកាំងរៀង​រាល់​ថ្ងៃ​ នឹង​នាំ​ឱ្យ​មាន​លទ្ធផល​ដូច​ការប្រជុំ ​នៅ​ជុំវិញ​ទង់ជាតិ​ ​ពី​ព្រោះ​លោក​ជា​មនុស្ស​សំខាន់​ក្នុងការ​ប្រយុទ្ធ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​ដែល​កំពុង​មាន​ត​ទៅ​ទៀត​នេះ»។​

យុទ្ធសាស្ត្រ​នេះ​មាន​ប្រសិទ្ធ​ភាព​នៅ​ក្នុង​កម្រិត​ខ្លះ។ អត្រា​គាំទ្រ​លោក ​ត្រាំ ​បាន​កើន​ឡើង​ ៥​ ភាគ​រយ​គឺ​ឡើង​ដល់​៤៩​ភាគ​រយ​នៅ​ក្នុង​ការ​ស្ទង់មតិ​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​ Gallup។​ចំនួន​៦០​ភាគ​រយ​នៃ​ពួក​អ្នក​ត្រូវ​បាន​ស្ទង់​មតិ​ បាន​គាំទ្រ​លោក​ចំពោះ​ការ​ដោះស្រាយ​អំពី​ការ​រាតត្បាត​សាកល​នៃ​ជំងឺ​នេះ។​

ពួក​អ្នក​រឹះគន់​និយាយ​ថា ​សន្និសីទ​កាសែត​ទាំង​នេះ​បាន​ក្លាយ​ទៅ​ជា​ការ​ប្រជុំ​តូចៗ​របស់​លោក ត្រាំ ​ដើម្បី​បំពេញ​បំណង​នៃ​គំនិត​អាត្មានិយម​របស់​លោក​ផ្ទាល់។ជួន​កាល​សន្និសីទ​សារ​ព័ត៌មានទាំង​នេះ​មាន​ការ​ចូលរួម​ដោយពួក​អ្នក​ចាត់ចែង​កិច្ចការប្រតិបត្តិនៃ​ក្រុមហ៊ុន​ឯកជន​ដែល​គាំទ្រ​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់រដ្ឋាភិបាល​សហព័ន្ធក្នុង​ការ​ទប់ទល់​នឹង​ការ​រាត​ត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ។​ក្នុង​សន្និសីទ​កាសែត​មួយកាល​ពី​ថ្ងៃ​ចន្ទ​ទី​៣០​ខែ​មីនា​មាន​ការ​ចូល​រួម​ដោយ​លោក​ Mike Lindell ​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ផលិត​ខ្នើយ​ឈ្មោះ​ MyPillow ​ដែល​នឹង​ផលិត​ម៉ាស់។​

លោក ​Lindell ​ ដែល​ល្បី​ឈ្មោះ​ដោយ​សារ​ការ​ឃោសនា​ពាណិជ្ជ​កម្ម​របស់​លោកតាម​ទូរទស្សន៍បាន​ឈរ​នៅ​ជិត​លោក ​ត្រាំ ​នៅ​ក្នុង​សួន​ផ្កា​កុលាប​ក្នុង​បរិវេណ​សេតវិមាន។​

លោក ​Lindell ​បាន​និយាយ​ថា៖ «ព្រះ​អាទិទេព​បាន​ប្រទានពរ​ឱ្យ​យើង​កាលពី​នៅ​ថ្ងៃ​ទី៨​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦​ដើម្បី​ផ្លាស់​ប្តូរ​មា៌គា​របស់​យើង។ ​ប្រធានាធិបតី​យើង​បាន​ផ្តល់​សេចក្តីសង្ឃឹម​ច្រើន​ដល់​យើង»។

ពួក​អ្នក​រិះគន់​និយាយ​ថា​ ​ក្រៅពី​សរសើរ​ខ្លួន​ឯង​នៅ​ក្នុង​សន្និសីទ​កាសែត​ទាំង​នេះ​លោក ត្រាំ ​ក៏​បាននិយាយ​ព័ត៌មានខុស​អំពី​វីរុស​កូរ៉ូណា។​លោក​បាន​ លើកឡើង​អំពី​ថ្នាំ​ Chloroquine ដែល​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​គឺ​ ជា​ឱសថ​ដែល​មាន​ស្រាប់​និង​អាច​ព្យាបាល​វីរុស​នេះ​បាន។​លោក​វេជ្ជបណ្ឌិត​ Anthony Fauci ​ដែល​ជា​អ្នក​ជំនាញ​ជាន់​ខ្ពស់​របស់​លោក​ ត្រាំ ​ខាង​វីរុស​កូរ៉ូណា​បាន​មាន​ប្រសាសន៍​អំពី​ថ្នាំ​នេះ​ថា ​ជា​«ការ​និទាន​ខ្លីៗ​ដើម្បី​ឱ្យ​មាន​ការ​យក​ចិត្តទុក​ដាក់»​តែ​ប៉ុណ្ណោះ។​

អ្នកស្រី​សាស្ត្រាចារ្យ​ O’Brien ​នៃ​សាកល​វិទ្យាល័យ​ Texas ​បាន​និយាយ​ថា ​ វាជា​ការ​រំខាន​យ៉ាង​ខ្លាំង​ ដោយ​ឃើញប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​ដែល​ដំបូង​ឡើយ​បាន​មើល​ស្រាល​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​រាតត្បាត​ជា​សាកល​ នេះហើយ​បាន​និយាយ​ថា​ នេះ​ជា​ការ​និយាយបំផ្លើស​ពី​ព្រោះបណ្តាញ​ផ្សាយ​ព័ត៌មាន​និយាយ​មិន​ពិត។ ​ពួក​អ្នករឹះគន់​លោក​បាន​ថ្លែង​ថា​ នៅ​ក្នុង​សន្និសីទ​កាសែត​ទាំង​នេះ​លោក​ ត្រាំ ​បាន​បង្កើន​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្តី​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ដើម្បី​គ្រប់​សង្កត់​លើ​សម្តី​របស់​អ្នក​រិះគន់​លោក​អំពី​វិបត្តិ​នេះ។​

ប្រវត្តិសាស្ត្រ​បង្ហាញ​ថា​ ប្រធានាធិបតី​កំពុង​កាន់​តំណែង​មាន​ប្រៀប​នៅ​ពេល​មាន​វិបត្តិ​ហើយ​នេះ​ឱកាស​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ត្រាំ។​ពួក​អ្នក​សង្កតការណ៍​និយាយ​ថា ​ រូបភាព​នៅ​លើ​កញ្ចក់​ទូរទស្សន៍ដែល​បញ្ចាំង​លោក​ ត្រាំ ​ជូន​ដំណើរ​នាវា​មន្ទីរពេទ្យមួយ​គ្រឿង​ឈ្មោះ​USNS Comfort ទៅ​ជួយ​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​សង្គ្រោះ​នៅ​ឯ​បូរី New York ​កាល​ពីថ្ងៃ​សៅរ៍​ទី​២៨​ខែ​មីនា​បាន​ត្រូវ​គេ​យល់​ឃើញ​ថា​ ជា​សារ​មាន​ប្រសិទ្ធ​ភាព។

ពួក​គេ​ក៏បាន​ចង្អុល​បង្ហាញ​ដែរ​ថា​ អត្តចរិត​របស់​លោក​ ត្រាំ ​ប្រហែលជា​ផ្តល់​ផល​អាក្រក់​បំផុត​សម្រាប់​ខ្លួន​លោក​ផ្ទាល់។​

លោក ​Sabato ​នៃ​សាកល​វិទ្យាល័យ​ Virginia ​បាន​និយាយ​ថា ​ប្រសិន​បើលោក​ ត្រាំ ​មាន​វិន័យ​ជាង​មុន​ហើយ​បើ​លោក​និយាយ​ពី​ការណ៍​ពិត​ជាក់ស្តែងជា​ជាង​ប្រឌិត​រឿង​ ​លោក​អាច​មាន​ឱកាស​ល្អ​ជាង​ក្នុង​ការ​ជាប់​ឆ្នោត​ជាថ្មី។​ លោក​បាន​ថ្លែង​ថា៖ «លោក​ ត្រាំ​មិន​ឈ្នះ​ឆ្នោតភ្លូក​ទឹក​ភ្លូកដី​ទេ​។ ​នេះ​ជា​ការណ៍​ពិត។​លោក​ត្រូវ​មាន​ការ​គាំទ្រ​ពីរ​បី​ភាគ​រយ​ថែម​ទៀត​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​លោក​នឹង​ជាប់​ឆ្នោត​ជា​ថ្មី»។​

ពួក​អ្នក​ឃោសនា​បោះឆ្នោត​ឱ្យ​លោក ​ត្រាំ ​ត្រូវតែ​ដោះស្រាយ​បញ្ហា​ឃោសនា​បោះឆ្នោត​អវិជ្ជមាន​ដែល​បង្ហាញ​កំហុស​ផ្តេសផ្តាស​របស់​ប្រធានាធិបតី​រូប​នេះ។​ ពួក​គេ​បាន​សុំ​ឲ្យ​ស្ថានីយ៍​ទូរទស្សន៍​ទាំងឡាយ​ឈប់​ចាក់​ផ្សាយ​ការ​ឃោសនា​បោះឆ្នោត​ដោយ​គណៈ​កម្មាធិការ​នយោបាយដែល​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជា​ធិបតតេយ្យ​ដែល​បាន​បង្ហាញ​ថា ករណី​អ្នក​ជំងឺ​កូរ៉ូណា​បាន​កើន​ឡើង​ ​ ​នៅ​ពេល​អត្ថាធិប្បាយ​កាល​ពី​មុន​របស់​លោក ​ត្រាំ ​ដែល​មើល​ស្រាល​វីរុស​នេះ​ ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ផ្ទៃ​ខាង​ក្រោយ​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​នេះ៕​

ប្រែសម្រួល​ដោយ​ពិន ស៊ីសុវណ្ណ

អត្ថបទ​ទាក់ទង

XS
SM
MD
LG