ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មន្ត្រី​ទស្សន៍ទាយ​ថា ​​ចំនួន​ស្លាប់​ភាគ​ច្រើន​​​ពី​ជំងឺ​កូវីដ១៩​​​​នៅ​សហរដ្ឋ​អាមេរិក​នឹង​មាន​នៅ​ក្នុង​ពីរ​បី​សប្តាហ៍​ខាង​មុខ​នេះ​​​​


រូបឯកសារ៖ ស្រ្តីម្នាក់ពាក់ម៉ាសដើរអូសរទេះដាក់ឥវ៉ាន់ឆ្លងផ្លូវមួយនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។

ក្រុមការងារ​ប្រយុទ្ធប្រឆាំង​មេរោគ​កូរ៉ូណា​របស់​សេតវិមាន​ថ្លែង​កាល​ពី​យប់​ថ្ងៃ​អង្គារ​ថា ចំនួន​អ្នក​ស្លាប់​ពី​ជំងឺ​កូវីដ១៩​ប្រចាំ​ថ្ងៃ​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក នឹង​កើនឡើងខ្ពស់​បំផុត​នៅ​ក្នុង​ពីរ​ទៅ​បី​សប្តាហ៍​ខាង​មុខ​នេះ​ មុន​ចំនួន​នេះ​ធ្លាក់​ចុះ​វិញ​ឬ​នៅ​នឹង។

ក្រុម​មន្ត្រី​និយាយ​ថា សហរដ្ឋ​អាមេរិកត្រូវ​ត្រៀម​ខ្លួន​ចំពោះ​ការ​ស្លាប់​ចំនួនពី​១០០.០០០​ទៅ​២៤០.០០០​នាក់ ដោយ​សារ​ជំងឺ​កូវីដ​១៩ ក្នុង​រយៈ​ពេល​ពីរ​ខែ​ខាង​មុខ​ទៀត សូម្បី​ក្នុង​ករណី​ដែល​ពលរដ្ឋ​អាមេរិកាំង​បន្ត​រក្សា​គម្លាត​ពី​គ្នា​និង​ពិ​សង្គម​ក្នុង​អំឡុង​ពេល​នោះ​ក្តី។

លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ថ្លែង​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​អង្គារ​ពេល​លោក​បង្ហាញ​ពី​សេចក្តី​ណែនាំ​ថ្មី​នៃ​ការ​រក្សា​គម្លាត​ពី​គ្នា​រហូត​ដល់​៣០​ថ្ងៃ​យ៉ាង​ដូច្នេះ​ថា៖

«ប្រទេស​ជាតិ​របស់​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សាកល្បង​មួយ​ដែល​យើង​មិន​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក។ ពីរ​បី​សប្តាហ៍​ខាង​មុខ​ជា​ពេល​វេលា​លំបាក​បំផុត​ដែល​ប្រទេស​យើង​មិន​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក»។​

មក​ទល់​នឹង​ថ្ងៃ​ពុធ​នេះ មាន​មនុស្ស​ប្រមាណ​១៨៩.០០០​នាក់​នៅ​សហរដ្ឋ​អាមេរិក​ត្រូវ​គេ​រក​ឃើញ​ថា​បាន​ឆ្លង​មេរោគ​កូវីដ១៩។ ចំនួន​អ្នក​ស្លាប់​បាន​កើន​លើស​៣.៨០០​នាក់ (១ភាគ​៤​នៃ​ចំនួន​នេះ​នៅ​បូរី​ញូវយ៉ក) ដែល​ចំនួន​នេះកើន​លើស​ចំនួន​អ្នក​ស្លាប់​នៅ​ប្រទេស​ចិន និង​ច្រើន​ជាង​ចំនួន​អ្នក​ស្លាប់​ដំបូង​នៅ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១។​

ករណី​នៃ​ការ​ឆ្លង​ដំបូង​នៃ​ជំងឺ​កូវីដ១៩​នៅសហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​រាយការណ៍​នៅ​រដ្ឋវ៉ាស៊ីនតោន​ភាគ​ខាង​លិច​ប្រទេស​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ៕

XS
SM
MD
LG