ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាលក្រុង Los Angeles ជំរុញឲ្យប្រើម៉ាស ខណៈចំនួនអ្នកស្លាប់ដល់៥ពាន់នាក់


អភិបាលក្រុង Los Angeles លោក Eric Garcetti ពាក់ម៉ាសអំឡុងពេលថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុង Los Angeles កាលពីថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។
អភិបាលក្រុង Los Angeles លោក Eric Garcetti ពាក់ម៉ាសអំឡុងពេលថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុង Los Angeles កាលពីថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។

នៅពេលដែលសហរដ្ឋអាមេរិកមានមនុស្សស្លាប់លើស៥ពាន់នាក់ អភិបាលក្រុង Los Angeles បានជំរុញឲ្យពលរដ្ឋនៅក្នុងក្រុងធំទី២របស់អាមេរិកនេះពាក់ម៉ាសនៅទីសាធារណៈ។

លោកអភិបាលក្រុង Eric Garcetti បានមានប្រសាសន៍ថា ពលរដ្ឋមិនគួរប្រើម៉ាសសម្រាប់ប្រើនៅមន្ទីរពេទ្យដែលពួកគ្រូពេទ្យត្រូវការនោះទេ ក៏ប៉ុន្តែបាននិយាយទៀតថា ការប្រើម៉ាសធ្វើពីក្រណាត់ នឹងជួយកាត់បន្ថយការរាលដាល មេរោគកូរ៉ូណា។

មន្រ្តីសុខាភិបាលសហព័ន្ធសហរដ្ឋអាមេរិក រហូតមកទល់ពេលនេះ មិនបានស្នើឲ្យប្រជាពលរដ្ឋពាក់ម៉ាសទេ។

លោកអភិបាលក្រុង Garcetti ក៏បាននិយាយដែរថា ការពាក់ម៉ាសនេះ មិនមែនជាការអញ្ជើញមនុស្ស «ឲ្យចេញទៅខាងក្រៅនោះទេ» ហើយថា ពួកគេត្រូវតែស្ថិតនៅផ្ទះ លើកលែងតែមានការងារចាំបាច់ដូចជាទៅទិញម្ហូបអាហារ។

ករណីមេរោគកូរ៉ូណាទូទាំងពិភពលោកមានជិត១លានករណីដោយមានមនុស្សស្លាប់៥ម៉ឺននាក់។

លោក Tedros Adhanom អគ្គនាយកអង្គការសុខភាពពិភពលោកបាននិយាយថា លោកមានការព្រួយកង្វល់យ៉ាងខ្លាំងអំពីការរាលដាលយ៉ាងខ្លាំងនូវមេរោគកូរ៉ូណានេះ។

លោកក៏បានសម្តែងនូវការព្រួយកង្វល់អំពីសម្ពាធដែលមនុស្សក្រីក្រនិងមនុស្សងាយទទួលរងគ្រោះនៅក្នុងតំបន់នានាដែលបញ្ជាឲ្យបិទជិត ហើយបានអំពាវនាវឲ្យជួយប្រទេសកំពុងអភិវឌ្ឍន៍ដែលអាចមិនមានធនធានគ្រប់គ្រាន់ដើម្បីជួយកម្មវិធីសុខមាលភាពសង្គម។

មជ្ឈមណ្ឌលត្រួតត្រានិងរារាំងជំងឺរបស់សហរដ្ឋអាមេរិកបានព្រមានកាលពីថ្ងៃពុធម្សិលមិញថា មនុស្សណាក៏អាចមានមេរោគកូរ៉ូណាដែរ ទោះបីគេមិនបានបង្ហាញរោគសញ្ញាក៏ដោយ។

មជ្ឈមណ្ឌលត្រួតត្រានិងរារាំងជំងឺរបស់សហរដ្ឋអាមេរិក បញ្ជាក់ពីការសិក្សាពីប្រទេសសឹង្ហបុរីថា ករណីថ្មីនៃមេរោគកូរ៉ូណាចំនួន១០ភាគរយ បានត្រូវរាលដាលដោយមនុស្សដែលមិនបានបង្ហាញសញ្ញាថា មានជំងឺ។ ទីភ្នាក់ងារអាមេរិកនោះបានឲ្យដឹងទៀតថា ការសិក្សានោះចាំបាច់ឲ្យមនុស្សស្ថិតនៅដាច់ពីគ្នា៕

XS
SM
MD
LG