ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​បញ្ជា​ឲ្យ​បិទ​សកម្មភាព​ទូទាំង​ប្រទេស ​ក្រោយ​ពី​ការ​ឆ្លង​រាតត្បាត​ជំងឺ COVID-19 ដំណាក់កាល​ទី​ពីរ​បាន​ផ្ទុះ​ឡើង


សាលារៀនមួយបានផ្អាកដំណើរការបង្រៀនសិស្ស ដោយសារការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណា នៅទីក្រុងហូជីមីញ ប្រទេសវៀតណាម កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។
សាលារៀនមួយបានផ្អាកដំណើរការបង្រៀនសិស្ស ដោយសារការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណា នៅទីក្រុងហូជីមីញ ប្រទេសវៀតណាម កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

ប្រទេស​វៀតណាម​បាន​ប្រកាស​ពី​ការ​បិទ​សកម្មភាព​ទូទាំង​ប្រទេស​ដើម្បី​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩ ដោយ​បាន​បញ្ជា​ពលរដ្ឋ​របស់​ខ្លួន​ជិត ១០០ លាន​នាក់ ​មិន​ឲ្យ​ចាកចេញ​ពី​គេហដ្ឋាន លើក​លែង​តែ​ក្នុង​ករណី​ត្រូវ​ការ​ទិញ​ស្បៀងអាហារ​និង​ទៅ​ពេទ្យ។ នេះ​ជា​វិធានការ​តឹងរ៉ឹង​បំផុត​ដែល​វៀតណាម​បាន​ធ្វើ​ក្រោយ​ពី​ប្រទេស​នេះ​ទទួល​បាន​ជោគជ័យ​ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ដំបូងៗ​នៃ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ។

ប្រធានាធិបតី​វៀតណាម​លោក Nguyen Xuan Phuc (ង្វៀន ស៊ួនហ្វុក) បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​នេះ កាល​ពី​ថ្ងៃ​អង្គារ ដែល​តម្រូវ​ឲ្យ​មនុស្ស​គ្រប់​គ្នា​នៅ​ផ្ទះ​រយៈ​ពេល ១៥ ថ្ងៃ ចាប់​ពី​ថ្ងៃ​ពុធ​ទី ១ ខែ​មេសា​តទៅ។ វិធានការ​នេះ​រួម​មាន​ការ​បិទ​អាជីវកម្ម​ស្ទើរ​តែ​ទាំង​អស់ លើក​លែង​តែ​អាជីវកម្ម​ដែល​គេ​ចាត់​ទុក​ថា​ចាំ​បាច់​បំផុត។

ការ​បិទ​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​អ្នក​វិនិយោគ​បរទេស​ជា​ច្រើន​កំពុង​ផ្លាស់​ទី​តាំង​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​ពី​ប្រទេស​ចិន​មក​ប្រទេស​វៀតណាម ដែល​មួយ​ផ្នែក​ដោយ​សារ​ពួក​គេ​ត្រូវ​បង្ខំ​បិទ​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន។

រដ្ឋាភិបាល​វៀតណាម​បាន​បញ្ជាក់​តាម​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​ថា ខ្លួន​នឹង​បន្ត​អនុវត្ត​វិធានការ​នេះ «ដោយ​ផ្អែក​លើ​គោលការណ៍​ថា​គ្រប់​គ្រួសារ ភូមិ ឃុំ ស្រុក និង​ខេត្ត​នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក»។

ការ​ប្រកាស​របស់​រដ្ឋាភិបាល​នេះ​ត្រូវ​បាន​ផ្សាយ​តាម​ឧគ្ឃោសនស័ព្ទ​តាម​ផ្លូវ​សាធារណៈ​នៅ​រដ្ឋធានី​ហាណូយ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ប្រញាប់ប្រញាល់​ចេញ​ទៅ​ទិញ​ឥវ៉ាន់​កាល​ពី​ថ្ងៃ​អង្គារ​មុន​នឹង​លែង​ចេញ​ពីផ្ទះ។

នៅ​មុន​ការ​ប្រកាស​នេះ ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​ទទួល​ការ​កោត​សរសើរ​ពី​អន្តរជាតិ​ចំពោះ​ជោគជ័យ​របស់​ខ្លួន​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា​នេះ ដោយ​អាជ្ញាធរ​វៀតណាម​បាន​ចាត់​វិធានការ​ភ្លាមៗ​ក្នុង​ការ​ដាក់​អ្នក​ជំងឺ​កូវីដ១៩​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ និង​ស្វែង​រក​ជន​ទាំង​ឡាយ​ណា​ដែល​បាន​ទាក់ទង​ជាមួយ​អ្នក​ឆ្លង​មេរោគ​នោះ។

ទោះ​បី​ប្រទេស​វៀតណាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​មាន​ធនធាន​តិច​ក្ដី ក៏​វៀតណាម​បាន​គ្រប់គ្រង់​ដោយ​ជោគជ័យ​នៃ​ការ​រាតត្បាត​ដំណាក់កាល​ទី​មួយ​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ​កាល​ពី​ខែ​មករា។ ក៏​ប៉ុន្តែ​ការ​ផ្ទុះ​រាលដាល​ដំណាក់​កាល​ទី ២ នៃ​ជំងឺ​កូវីដ១៩ នេះ បាន​នាំ​ឲ្យ​ចំនួន​ឆ្លង​កើន​ឡើង​ដល់ ២០៤ ករណី​គិត​ត្រឹម​ថ្ងៃ​ច័ន្ទ (៣០ មីនា) ដោយ​មិន​ទាន់​មាន​ការ​រាយការណ៍​អំពី​ការ​ស្លាប់​នៅ​ឡើយ​ទេ។

ការ​ចេញ​បញ្ជា​របស់​រដ្ឋាភិបាល​វៀតណាម​នេះ កើត​មាន​ឡើង​ក្រោយ​ពី​មាន​មនុស្ស​ជា​ច្រើន​ដែល​ជាប់​ទាក់ទង​នឹង​មន្ទីរពេទ្យ​ដ៏​ធំ​បំផុត​មួយ​របស់​វៀតណាម គឺ​មន្ទីរពេទ្យ Bach Mai នៅ​ក្នុង​ទី​ក្រុង​ហាណូយ បាន​ធ្វើ​តេស្ត​ឃើញ​មាន​ឆ្លង​មេរោគ​ជំងឺ​កូវីដ១៩។ ក្រុម​អាជ្ញាធរ​កំពុង​តាម​រក​មក​មនុស្ស​ពាក់ព័ន្ធ​ទាំង​អស់​ចំនួន​ជាង ១០.០០០ នាក់​ដែល​បាន​ស្ថិត​នៅ​មន្ទីរពេទ្យ​នេះ​តាំង​ពី​ថ្ងៃ​ទី ១២ ខែ​មីនា​មក និង​ណែនាំ​ពួក​គេ​ឲ្យ​ធ្វើ​តេស្ត​ពិនិត្យ​រក​មេរោគ​នេះ។

ពលរដ្ឋ​ទាំង​អស់​ត្រូវ​បាន​គេ​បញ្ជា​ឲ្យ​នៅ​គម្លាត​ពី​គ្នា​ចម្ងាយ ២ ម៉ែត្រ​នៅ​ពេល​ពួក​គេ​ចេញ​ក្រៅ និង​ហាម​មិន​ឲ្យ​មាន​ការ​ជួប​ប្រជុំ​គ្នា​លើស​ពី ២ នាក់ លើក​លែង​តែ​នៅ​សាលារៀន មន្ទីរពេទ្យ និង​តាម​កន្លែង​អាជីវកម្ម​ណា​ដែល​គេ​អនុញ្ញាត​ឲ្យ​នៅ​បើក​ដំណើរការ​តែ​ប៉ុណ្ណោះ។

វៀតណាម​បាន​ភ្ជាប់​ការ​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ១៩​ដំណាក់កាល​ទី ២ នេះ ភាគច្រើន​ទៅ​ជន​បរទេស​ដែល​បាន​ចូល​ក្នុង​ប្រទេស​វៀតណាម ក្រោយ​ពី​ប្រទេស​នេះ​ហាក់​បាន​ទប់​ស្កាត់​ដោយ​ជោគជ័យ​នូវ​ការ​រាតត្បាត​ដំណាក់កាល​ទី ១ នៃ​ជំងឺ​នេះ៕

ប្រែ​សម្រួល​ដោយ សឹង សុផាត

វីដេអូថ្មីៗបំផុត

XS
SM
MD
LG