គូសត្រូវខ្លាំងៗរបស់សហរដ្ឋអាមេរិក ទំនងរួបរួមគ្នា ដោយប្រើបណ្តាញព័ត៌មានសង្គមនិងការលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រដើម្បីបង្កើតព័ត៌មានក្លែងក្លាយអំពីមេរោគកូរ៉ូណា ដោយមានគោលបំណងធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះសហរដ្ឋអាមេរិក និងការខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរាលដាលជាសាកលនូវមេរោគកូរ៉ូណា។
ការចោទប្រកាន់នេះចេញមកពីពួកមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក ផ្តោតលើការខំប្រឹងប្រែងដោយប្រទេសរុស្ស៊ី ចិននិង អ៊ីរ៉ង់។ ពួកមន្រ្តី និយាយថា ប្រទេសទាំងបី ឥឡូវនេះ បានបង្កើតការចងមេត្រីភាពនៃព័ត៌មានក្លែងក្លាយដោយការបន្ទោតាមគ្នានិងបំភ្លើសកិច្ចប្រតិបត្តិការព័ត៌មាន។
លោកស្រី Lea Gabrielle នាយកមជ្ឈមណ្ឌលការទាក់ទងសាកលលោកឬ GEC នៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ពួកអ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែតតាមទូរស័ព្ទថា៖ «យើង កំពុងឃើញកិច្ចប្រតិបត្តិការព័ត៌មានរដ្ឋរុស្ស៊ី ចិននិងអ៊ីរ៉ង់ដោយចាប់ផ្តើមការប្រឌិតព័ត៌មានក្លែងក្លាយដូចគ្នាអំពីជំងឺកូវីដ១៩»។
លោកស្រីមានប្រសាសន៍ទៀតថា៖ «យើងក៏កំពុងឃើញព័ត៌មានក្លែងក្លាយរបស់រុស្ស៊ីបានផ្សព្វផ្សាយយ៉ាងរហ័សព័ត៌មានដែលប្រឌិតដោយចិននិងអ៊ីរ៉ង់ដែរ»។
ពួកមន្រ្តីសហរដ្ឋអាមេរិក បានបដិសេធពុំនិយាយថាតើកិច្ចសហការណ៍ជាក់ស្តែងនោះ ជាចេតនាឬគ្រាន់តែជាការឆ្លៀតឱកាស។ ក៏ប៉ុន្តែ ពួកមន្រ្តី រួមទាំងពួកមន្រ្តីដែលធ្វើការនៅក្រសួងការពារប្រទេសនិងនៅសហគមន៍ស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក កាលពីពេលមុនបានចោទប្រកាន់ប្រទេសទាំងនោះថា បានបង្កើនកិច្ចប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ពួកគេ។
លោកស្រី Gabrielle បាននិយាយទៀតថា៖ «វិបត្តិជំងឺកូវីដ១៩ ប្រាកដជាបានផ្តល់ឱកាសដល់ប្រទេសទុច្ចរិតទាំងនោះឆ្លៀតឱកាសប្រើព័ត៌មានក្នុងគោលបំណងធ្វើឲ្យប៉ះពាល់និងធ្វើឲ្យរំខានការផ្តោតការយកចិត្តទុកដាក់របស់សហគមន៍សាកលលោកដល់វិបត្តិជំងឺនេះ»។
តាមពួកមន្រ្តីសហរដ្ឋអាមេរិក និងអឺរ៉ុប បានប្រាប់ឲ្យដឹងថា ព័ត៌មានក្លែងក្លាយភាគច្រើន បានផ្តោតលើការស្តីបន្ទោសសហរដ្ឋអាមេរិកឬប្រទេសលោកខាងលិចចំពោះការផ្ទុះឡើងនូវមេរោគកូរ៉ូណាឬចោទប្រកាន់ពីអសមត្ថភាពរបស់ប្រទេសលោកខាងលិចដើម្បីដោះស្រាយវិបត្តិនេះ។
មន្រ្តីអឺរ៉ុបនិយាយថា តួអង្គលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រដែលជាប់ទាក់ទិនជាមួយរុស្ស៊ី មានសកម្មភាពយ៉ាងខ្លាំង ព្យាយាមប្រើល្បិចធ្វើឲ្យមនុស្សជឿថា ការរាលដាលជាសាកលនូវមេរោគកូរ៉ូណាជាការបញ្ឆោតឬជំរុញឲ្យមនុស្សសាកល្បងព្យាបាលក្លែងក្លាយ។
ពួកមន្រ្តីសហរដ្ឋអាមេរិក ក៏បានសម្តែងនូវការព្រួយកង្វល់ខ្លាំងឡើងថា ការរាលដាល ជាសាកលនូវមេរោគកូរ៉ូណា បានធ្វើឲ្យចិនហ៊ានប្រើបណ្តាញព័ត៌មានសង្គមវាយប្រហារយ៉ាងខ្លាំងលើខ្ទង់គណនីបណ្តាញព័ត៌មានផ្លូវការ។
នៅក្នុងប្រទេសអ៊ីរ៉ង់ ពួកមន្រ្តីជាន់ខ្ពស់ ក៏បានបន្ទោទៅតាមការចោទប្រកាន់មិនពិតថា សហរដ្ឋអាមេរិកយកវិបត្តិកូរ៉ូណាធ្វើជាអាវុធ។
ប្រទេសទាំង៣នោះ បានធ្វើការតបតវិញ ដោយបានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកនិងអឺរ៉ុប។ ជាពិសេស ចិន បានចោទប្រកាន់សហរដ្ឋអាមេរិកពីការប្រើភាសាបង្ខូចការខំប្រឹងប្រែងរបស់ចិនដើម្បីប្រយុទ្ធប្រឆាំងការរាលដាលជាសាកលនូវមេរោគកូរ៉ូណា។
ទោះជាយ៉ាងណាក៏ដោយ ពួកមន្រ្តីសហរដ្ឋអាមេរិក មិនបានបង្អន់ការរិះគន់របស់ខ្លួនទេ ហើយនិយាយថា ពួកគេកំពុងធ្វើការជាមួយដៃគូផ្នែកឯកជនដើម្បីឃ្លាំមើលនិងតាមដានការឃោសនារបស់ប្រទេសទាំង៣នោះ។
វិធានការផ្សេងៗទៀតដើម្បីទប់ទល់«ព័ត៌មានក្លែងក្លាយសាកល» រួមមានការបញ្ជូនសារជាសាធារណៈនៅក្នុងប្រទេសនិងនៅបរទេស ការទាក់ទងខាងការទូតនិងការផ្សព្វផ្សាយព័ត៌មានដែលផ្អែកលើការពិតដល់ពួកអ្នកស្តាប់នៅក្នុងស្រុកតាមរយៈស្ថានទូតនិងស្ថានកុងស៊ុលសហរដ្ឋអាមេរិក។
ក្រុមហ៊ុនបណ្តាញព័ត៌មានសង្គមដូចជា Twitter បានប្រាប់ VOA ថា ពួកគេបានទទួលព័ត៌មានស្តីពីការព្រួយកង្វល់របស់រដ្ឋាភិបាលចំពោះព័ត៌មានក្លែងក្លាយនេះ។
ក៏ប៉ុន្តែ ពួកមន្រ្តីនិងអ្នកវិភាគ និយាយថា បញ្ហាមានហួសពីកម្មវិធីបណ្តាញព័ត៌មានសង្គមសំខាន់ៗ។ពួកមន្រ្តី និងអ្នកវិភាគទាំងនោះនិយាយបន្ថែមទៀតថា ព័ត៌មានមិនពិតមិនអាចមើលឃើញដោយស្រួលៗនោះទេ។
លោកស្រី Lindsay Gorman ជាអ្នកស្រាវជ្រាវកម្មវិធី Emerging Technologies នៅអង្គការសម្ព័ន្ធភាពដើម្បីការពារប្រជាធិបតេយ្យ បាននិយាយថា៖ «មិនមែនព័ត៌មានមិនពិតទាំងអស់ឆ្លងកាត់តាម Facebook ឬ Twitterនោះទេ។ មានកម្មវិធីផ្សេងទៀតដែលរួមមានការបញ្ជូនសារដែលរួមមានការបង្កើតក្រុមតាម Facebook»។
លោកស្រី បានមានប្រសាសន៍ទៀតថា៖ «ការបញ្ឈប់វានៅផ្នែកណាមួយ មិនមែនមានន័យថា លោក អ្នកបង្ក្រាបវានៅផ្នែកផ្សេងមួយទៀតទេ»។
សមាជិកសភាសហរដ្ឋអាមេរិកបានដាក់ការគាបសង្កត់កាន់តែច្រើនឡើង ឲ្យមានចំណាត់ការកាន់តែខ្លាំងឡើង។
នៅដើមខែនេះ សមាជិកសភា២រូប បានជំរុញឲ្យប្រព័ន្ធ Twitter ដែលត្រូវគេ បិទខ្ទប់នៅប្រទេសចិនហាមឃាត់ខ្ទង់គណនីទាំងអស់របស់គណបក្សកុម្មុយនិស្ត។
កាលពីថ្ងៃព្រហស្បត៍សប្តាហ៍មុន លោក Michael McCaul តំណាងរាស្រ្តអាមេរិកខាងគណបក្សសាធារណរដ្ឋនៅគណៈកម្មាធិការកិច្ចការបរទេសរបស់សភាតំណាងរាស្រ្ត បានសុំឲ្យក្រសួងការបរទេសអាមេរិកចាប់ផ្តើមស៊ើបអង្កេតអំពីចំណាត់ការវិបត្តិមេរោគកូរ៉ូណារបស់ចិន។
លោក McCaul បានសរសេរថា៖ «ដើម្បីទប់យុទ្ធនាការព័ត៌មានក្លែងក្លាយប្រកបដោយគ្រោះថ្នាក់របស់គណបក្សកុម្មុយនិស្តចិន សហរដ្ឋអាមេរិក គួរតែធ្វើការជាមួយប្រទេសមានលទ្ធិប្រជាប្រធិបតេយ្យសំខាន់ៗដូចជា កោះតៃវ៉ាន់ ផលិតព័ត៌មានពិតពីប្រភពរបស់វីរុសកូរ៉ូណា ភាពគួរឲ្យស្តីបន្ទោសគណបក្សកុម្មុយនិស្តចិន ហើយនិង ថាតើឥទ្ធិពលហួសហេតុរបស់ចិន ធ្វើឲ្យអន្តរាយភាពស្របច្បាប់របស់អង្គការសុខភាពពិភពលោក (WHO) នៅពេលសំខាន់នេះយ៉ាងណា»។
ការអំពាវនាវបែបនេះ ត្រូវវានពួកមន្រ្តីយោធាខ្លះបន្ទោតាម។
ឧត្តមសេនីយ៍ត្រីកងទ័ពអាកាសសហរដ្ឋអាមេរិកលោក Robert Spalding បានប្រាប់សេវាផ្សាយជាភាសាចិនកុកងឺថា៖ «ខ្ញុំគិតថា មន្រ្តីគណបក្សកុម្មយនិស្តចិនឬមន្រ្តីរបស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវហាមឃាត់មិនឲ្យបង្កើតខ្ទង់គណនី។ ខ្ញុំគិតថា ប្រព័ន្ធគណនីសង្គម WeChat, Alibaba, TenCent ត្រូវតែហាមឃាត់ទាំងអស់»។
លោកឧត្តមសេនីយ៍ បានមានប្រសាសន៍ទៀតថា «ជារៀងរាលថ្ងៃ កងទ័ពរំដោះប្រជាជនចិន និង ក្រុមផ្សេងៗទៀត ត្រូវបានគណបក្សកុម្មុយនិស្តចិនផ្តល់ប្រាក់កាសឲ្យដើម្បីធ្វើការឃោសនានិងបញ្ចេញឥទ្ធិពលនៅក្នុងសម្ព័ន្ធមិត្តរបស់យើង។ ប្រសិនបើ មិនអនុញ្ញាតឲ្យពួកគេមានឥទ្ធិពលនៅក្នុងពលរដ្ឋរបស់យើង ហេតុអ្វីយើងអនុញ្ញាតឲ្យពួកគេនៅក្នុងបណ្តាញនិងនៅក្នុងទិន្នន័យរបស់យើង»។
ទោះជាយ៉ាងណាក៏ដោយ អ្នកខ្លះប្រាប់ដោយប្រុងប្រយ័ត្នថា ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនធ្វើការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដ៏ច្រើនសំដៅលើសហរដ្ឋអាមេរិក មិនទំនងជាចុះខ្សោយនោះទេ។
លោក Ben Buchanan ជាអ្នកស្រាវជ្រាវនៅឯមជ្ឈមណ្ឌល Wilson និងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «អ្នកលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រនិងរដ្ឋ» ដែលពិនិត្យមើលតួនាទីនៃកិច្ចប្រតិបត្តិការលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រក្នុងនយោបាយសាកលលោក បាននិយាយថា ប្រទេសរុស្ស៊ី ចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង កំពុងប្រើកិច្ចប្រតិបត្តិការលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រកាន់តែប្រសើរឡើងជាងពួកគេបានធ្វើកាលពីអតីតកាល ហើយកំពុងប្រើវាក្នុងរបៀបដែលឆ្លៀតយកប្រយោជន៍ពីភាពកំសោយនៅក្នុងសហរដ្ឋអាមេរិក»។
លោក Buchanan និយាយទៀតថា «អ្វីដែលយើងមើលឃើញជារឿយៗគឺ ការប្រកួតប្រជែងជារៀងរាល់ថ្ងៃនិងការបន្តធ្វើរវាងប្រទេសទំនើបជាការមិនអាចទស្សន៍ទាយបាន»៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន