នៅក្នុងខែមីនា ឆ្នាំ២០២២ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលខិតជិតមកដល់សកម្មជនគណបក្សភ្លើងទៀនយ៉ាងតិច១០នាក់ ត្រូវបានប៉ូលិសមូលដ្ឋាន ហៅទៅសួរនាំដោយគ្មានបង្ហាញដីកា ឬបញ្ជាក់មូលហេតុអ្វីឡើយ។ នេះបើតាមកំណត់ហេតុរបស់គណបក្សប្រឆាំងដ៏ធំមួយនេះ ចេញផ្សាយកាលពីថ្ងៃចន្ទ។
គណបក្សភ្លើងទៀនក៏បានរាយការណ៍ថាសកម្មជនគណបក្សជាច្រើននាក់ទៀត រងការបំភិតបំភ័យគ្រប់រូបភាពពីមន្ត្រីមូលដ្ឋាន ជាពិសេសមេភូមិមេឃុំ។
កំណត់ហេតុស្តីពីការរំខានផ្នែកនយោបាយសម្រាប់ខែមីនា ឆ្នាំ២០២២ គណបក្សភ្លើងទៀនបានកត់ត្រាថា ក្នុង១១ខេត្តរាជធានីមានសកម្មជនរបស់ខ្លួនមិនតិចជាង១០នាក់ទេបានរងការគំរាមកំហែង ធ្វើទុក្ខបុកម្នេញគ្រប់រូបភាពពីមន្ត្រីមូលដ្ឋានមានការកោះហៅសួរនាំពីមន្ត្រីនគរបាល និងតុលាការជាដើម។
បើតាមកំណត់ហេតុ បេក្ខជនក្នុងឃុំព្រះផុស និងឃុំតាសែនក្នុងខេត្តបាត់ដំបង ត្រូវបានមេប៉ុស្តិ៍នគរបាលហៅដោយផ្ទាល់មាត់ដើម្បីសាកសួរ ដោយគ្មានដីកា និងរងការគំរាមពីមន្ត្រីមូលដ្ឋានឱ្យលាលែងពីបេក្ខភាពឈរឈ្មោះបោះឆ្នោត។ នៅក្នុងខេត្តពោធិ៍សាត់ មានសកម្មជនរបស់គណបក្សយ៉ាងតិច៤នាក់ រួមមានលោក ស៊ឹម សុខឿន ប្រធានក្រុមការងារគណបក្សបណ្តោះអាសន្នប្រចាំស្រុកក្រគរ និងលោក ស៊ុំ លី ប្រធានក្រុមការងារគណបក្សប្រចាំឃុំកំពង់ហ្លួង ត្រូវបាននគរបាលស្រុកកោះហៅចូលបំភ្លឺដោយគ្មានមូលហេតុ។លោក ឈួន យឿន បេក្ខជនទី១នៃឃុំស្រែស្តុក ស្រុកកណ្តៀង និង លោក អ៊ុក សៅវ៉ារិន បេក្ខជនទី១នៃឃុំអន្សារចំបក់ ស្រុកក្រគរ ត្រូវបានអាជ្ញាធរនាំខ្លួនទៅស្នងការខេត្ត និងនាំទៅតុលាការពាក់ព័ន្ធក្លែងបន្លំឯកសារបញ្ជីឈ្មោះបេក្ខជនបោះឆ្នោត។
គណបក្សភ្លើងទៀនក៏បានរាយការណ៍ថាមានការបំភិតបំភ័យ គំរាមកំហែងលើបេក្ខជន ការព្រមានដកហូតបណ្ណក្រក្រី និងការមិនផ្តល់សេវារដ្ឋបាលជាដើមនៅក្នុងខេត្តផ្សេងៗផងដែរ។
លោក ស៊ឹម សុខឿន ប្រធានក្រុមការងារបណ្តោះអាសន្នគណបក្សភ្លើងទៀនប្រចាំស្រុកក្រគរ ខេត្តពោធិ៍សាត់ បានលើកឡើងថា អធិការដ្ឋាននគរបាលស្រុកក្រគរបានចេញលិខិតកោះហៅលោកពាក់ព័ន្ធជាមួយរឿងក្លែងបន្លំឯកសារបញ្ជីឈ្មោះបេក្ខជន។ លោកបន្ថែមថា នគរបាលក៏បានចោទប្រកាន់រូបលោកថាបង្ខិតបង្ខំស្ត្រីម្នាក់ឱ្យចូលរួមគណបក្សភ្លើងទៀនជាមួយខ្លួន។
លោកបន្តថា ប៉ូលិសបានហៅលោកទៅសាកសួរម្តងរួចមកហើយ ហើយលោកបានបញ្ជាក់ថា លោកមិនស្គាល់ស្រីម្នាក់នោះទេ។ទន្ទឹមគ្នានេះ ពេលដែលប៉ូលិសហៅលោកទៅកាលពីថ្ងៃទី១៩ ខែមីនានោះ លោកក៏មិនបានជួបស្រ្តីម្នាក់នោះដែរ។
លោកថ្លែងថា៖ «ខ្ញុំអត់មានការភិតភ័យអីផង ដោយសារទី១ខ្ញុំបាទយល់ថា ខ្ញុំអត់បានប្រព្រឹត្តអ្វីខុសផ្ទុយពីផ្លូវច្បាប់ផង»។
បើតាមសកម្មជនគណបក្សប្រឆាំងរូបនោះលោកត្រូវបានប៉ូលិសហៅទៅជួបម្តងទៀតនៅថ្ងៃអង្គារនេះ ដោយសារតែកាលពីលើកមុនដើមបណ្តឹងមិនបានបង្ហាញខ្លួនឡើយ។ លោកបន្ថែមថា៖ «នគរបាលដាក់ថានគរបាលយុត្តិធម៌ អ៊ីចឹងគួរតែផ្តល់យុត្តិធម៌ជូនខ្ញុំព្រោះខ្ញុំជាជនរងគ្រោះ ហើយពីព្រោះគេប្តឹងខ្ញុំហ្នឹង ខ្ញុំអត់បានស្គាល់មុខផងហើយក៏មិនបានបំពេញបែបបទតាមអ្វីដែលចោទប្រកាន់នោះទៀត»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអធិការនគរបាលស្រុកក្រគរបាននៅឡើយទេ។
អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សេត សមាជិកក្រុមការងារខេត្តបាត់ដំបងរបស់គណបក្សភ្លើងទៀន ប្រាប់វីអូអេថា អាជ្ញាធរមូលដ្ឋានបានគំរាមកំហែងគ្រប់រូបភាពដល់បេក្ខជន និងសកម្មជនគណបក្ស ហើយទង្វើរបស់សមត្ថកិច្ចនេះ មិនមែនកើតឡើងតែក្នុងឃុំព្រះផុស និងឃុំតាសែន ទេ គឺកើតឡើងច្រើនក្នុងខេត្តបាត់ដំបងនេះ សូម្បីតែការដាក់ភ្នាក់ងារ និងការលើកស្លាកគណបក្សក៏មានការរំខានយាយីផងដែរ។ អ្នកស្រីស្នើឲ្យអាជ្ញាធរបញ្ឈប់ការគំរាមកំហែង និងបំភិតបំភ័យប្រជាពលរដ្ឋបន្តទៀត។
អ្នកស្រីបន្ថែមថា៖ «បើយើងចង់ឱ្យដំណើរការក្នុងថ្ងៃបោះឆ្នោត ប្រព្រឹត្តទៅបានល្អ សេរី ត្រឹមត្រូវ យុត្តិធម៌សូមឱ្យអាជ្ញាធរក៏ដូចជាអ្នកមានអំណាច សមត្ថកិច្ចអីហ្នឹង មេត្តាកុំមកបំភិតបំភ័យ គំរាមកំហែង គូបដិបក្ខបែបហ្នឹងធ្វើអី។ វាអត់ត្រឹមត្រូវទេ»។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឱ្យដឹងថា សកម្មជន និងអ្នកគាំទ្ររបស់គណបក្ស បានរងការគំរាមកំហែងគ្រប់រូបភាព ហើយអាជ្ញាធរថែមទាំងបានចាប់ខ្លួនសកម្មជនមួយចំនួន ដែលធ្វើឱ្យសកម្មជនគណបក្ស និងអ្នកគាំទ្រមានការភ័យព្រួយយ៉ាងខ្លាំង។
ក្នុងសន្និសីទសារព័ត៌មាននៅការិយាល័យកណ្តាលរបស់គណបក្សភ្លើងទៀន ក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទ ទី៤ ខែមេសា លោក ថាច់ សេដ្ឋា បានថ្លែងថា៖ «ហើយរឿងធ្វើទុក្ខមុកម្នេញ ដូចការចាប់ខ្លួនអីហ្នឹង ពេលនេះប៉ូលិសបានបំពានរំលោភទៅលើច្បាប់បោះឆ្នោត។ ហើយ ក្នុងកាលៈទេសៈនេះ ក្នុងពេលវេលានៃការបោះឆ្នោត ចុះបញ្ជីអីហ្នឹង ប្រសិនរឿងមិនពិតយ៉ាងណាអី គឺទាល់តែCEC[គណៈកម្មការរៀបចំការបោះឆ្នោតក្នុងឃុំសង្កាត់]ហ្នឹង បញ្ជាក់សិន បានអាចថា អនុវត្តបន្តនីតិវិធី ហ្នឹង។ ក៏ប៉ុន្តែគ្រាន់តែទទួលបណ្តឹងភ្លាម ប៉ូលិសក៏កោះហៅមកធ្វើឱ្យមានការភ័យភិតយ៉ាងខ្លាំង»។
លោក សុខ ឥសាន អ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជា បានច្រានចោលអ្វីដែលគណបក្សភ្លើងទៀនលើកឡើង។ លោកថានេះជាចេតនាមិនល្អរបស់គណបក្សនេះ ដែលលោកថា ចង់បង្កើតរឿងឡើង ដើម្បីបង្ហាញគេថា បរិយាកាសនយោបាយមិនអំណោយផល នៅមុនការបោះឆ្នោត។
លោកបន្តថា ប្រសិនបើពិតជាមានករណីគំរាមកំហែងបែបនេះពិតមែននោះ ពួកគេត្រូវដាក់ពាក្យប្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ភ្ជាប់ជាមួយនឹងភស្តុតាងច្បាស់លាស់។
លោកប្រាប់វីអូអេថា៖ «ដូច្នេះហើយគឺថាបើករណីដែលគាត់គ្រាន់តែស្រែក ... វាអត់មានដាក់ពាក្យប្តឹងបានសេចក្តីថា ករណីនេះ គឺអត់មានទេ។ អ៊ីចឹងការស្រែកនេះគ្រាន់តែជាការស្រែកអត់បានការ»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានច្រានចោលថា មិនមានករណីគំរាមកំហែង ឬការបំភិតបំភ័យណាមួយកើតឡើងលើសកម្មជននយោបាយឡើយ។
លោកថ្លែងថា៖ «ហើយដោយឡែកករណីនីមួយៗ ឧទាហរណ៍ថា ការចាប់ខ្លួនចាប់អីនេះ អានេះរឿងធម្មតា មិនចាំបាច់តែគណបក្សណាទេ។ យើងមើលទៅក្នុងពន្ធនាគារមើល៍ គ្រប់តែគណបក្សហ្នឹង រួមទាំងគណបក្សប្រជាជនផង»។
មន្ដ្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស ថ្លែងថា ប្រសិនបើមានករណីគំរាមកំហែង ឬសមត្ថកិច្ចកោះហៅសកម្មជនគណបក្ស ដូចដែលគណបក្សភ្លើងទៀនបានកត់ត្រាមែននោះ វាបង្ហាញឱ្យឃើញថា ស្ថានភាពនយោបាយបានបង្កផលអាក្រក់ និងប៉ះពាល់សិទ្ធិនយោបាយធ្ងន់ធ្ងរណាស់។ លោកបន្តថាប្រសិនបើចង់ដោះស្រាយបញ្ហាទាំងនេះ អាជ្ញាធរត្រូវតែអនុវត្តតាមតួនាទី និងត្រូវប្រកាន់ខ្ជាប់នូវអព្យាក្រឹត្យ កុំលម្អៀងផ្នែកនយោបាយ ដោយត្រូវគោរពសិទ្ធិនយោបាយ និងសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ៕