ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ស ខេង អំពាវនាវ​កុំ​ឲ្យ​បក្ស​ប្រឆាំង​បំផ្លើស​ការពិត និង​កុំ​ធ្វើ​ជា​អ្នកនយោបាយ​«ពូកែរំអួយ»


រូបឯកសារ៖ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​ស៊ុយអែត លោក Anders Ygeman នៅ​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។ (Reuters)
រូបឯកសារ៖ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​ស៊ុយអែត លោក Anders Ygeman នៅ​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។ (Reuters)

នៅ​មុន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ដែល​នឹងចូលមក​ដល់​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជារដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​កុំនិយាយ​បំផ្លើស​ការពិត និង​កុំ​ធ្វើ​ជា​អ្នក​នយោបាយ«​ពូកែ​រំអួយ»។​

លោក ស ខេង បាន​ប្រតិកម្ម​បែប​នេះ​ទៅ​នឹងការ​និយាយ​បង្ខូច​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លោក​ថា រង​ការ​ចោទ​ប្រកាន់​ថា​ចង់​បាន​សន្លឹក​ឆ្នោត​ដោយ​ឲ្យ​សារុង​ក្រមាទៅ​ប្រជាពលរដ្ឋ។

នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​រដ្ឋបាល​ខេត្តព្រៃវែង​ កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ លោក ស ខេង ​បាន​ការពារ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ការងារ​ និងសកម្ម​ភាព​ដូច​ភ្លៀង​រលឹម ដែល​រួម​មានរក្សាសុខ​សន្តិ​ភាព ស្ថិរ​ភាព​ ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​ ទំនាក់​ទំនង​អន្តរជាតិ ការ​អភិវឌ្ឍមូល​ដ្ឋាន និង​មិន​ដែល​ព្រងើយ​កន្តើយ​ពីទុក្ខ​ធុរៈរបស់​ប្រជា​ពល​រដ្ឋ​ឡើយ​។ លោក​ក៏​បាន​ចោទ​សួរ​ថា តើ​គណ​បក្ស​ណាអាច​ធ្វើ​បាន​ស្មើ​គណ​បក្ស​ប្រជាជន​កម្ពុជា?

លោក ស ខេង បាន​ប្រាប់​ទៅ​គណបក្ស​នយោបាយ​ទាំងអស់​មិន​ត្រូវ​បំផ្លើស​ ឬ​និយាយ​មួល​បង្កាច់​ពីអ្វី​ដែល​កើត​ឡើង​ក្នុង​សង្គម​ ដែល​គ្រាន់តែ​រឿង​តូច​ឲ្យ​ទៅ​ជា​រឿង​ធំ​នោះទេ​។ លោកមិន​បាន​បញ្ចេញ​ឈ្មោះ​គណបក្ស​ដែល​លោក​បាន​ប្រតិកម្ម​នោះ​ឡើយ។

លោក​ថ្លែងថា​៖ «នេះ​ខ្ញុំ​គ្រាន់​បើក​វង់​ក្រចក​បន្តិចដើម្បី​បញ្ជាក់​ និង​បក​ស្រាយ​ចំពោះ​អ្នក​ដែល​ថា​ យើង​អត់ចេះ​ធ្វើអ្វី​ទេ​ដឹង​តែ​ពេល​បោះ​ឆ្នោត​សំពះ​សុំ​សន្លឹក​ឆ្នោត​ឲ្យ​សារុង ឲ្យ​ក្រមា​ អើ មាន​មាត់​ចេះ​តែ​ថា​ទៅ​ ហើយ​ដល់​គេ​ថា​ទៅ​វិញ​ទៅ​មិន​ស្រួល​ថា​យើង​ហ្នឹង​អត់​ប្រជាធិប​តេយ្យ​ទេ ថា​សំឡុត។ អាត្រង់​ហ្នឹង​មួយ ​គឺ​អ្នក​នយោ​បាយ​យើង​ពូកែ​ណាស់ ​ពូកែ​អារឿង​រំអួយ​ហ្នឹង។ អ៊ី​ចឹង​ទាំង​អស់​គ្នា។ ខ្ញុំ​និយាយ​នេះ​ មិន​បន្ទុច​បង្អាក់​អ្នក​ណា​ទេ»។

លោក​បន្ថែម​ថា៖ ​«​សម្រាប់​យើ​ងអ្នក​កាន់​អំណាច​ក៏​ត្រូវ​ឈរ​លើ​គោល​ការណ៍​ច្បាប់ ​យើង​បង្ក​លក្ខណៈ​សម្បត្តិ​ឲ្យ​គ្រប់​គណ​បក្ស​នយោបាយ​ធ្វើ​សកម្មភាព ប៉ុន្តែ​គណ​បក្ស​នយោ​បាយ​ទាំង​អស់ហ្នឹង​ក៏ ​មិនត្រូវ​គឺ​ថា​បំផ្លើស ​បង្ខូច នូវ​អ្វី​ដែល​មិន​ពិត​។ ​គ្រាន់​ខ្លួន​ឯង​រឿង​តូច​មួយ​ទេ ពង្រីក​ឲ្យ​ទៅ​ប៉ុន​ភ្នំ​ក៏​មាន​ ដល់​អ៊ីចឹង​ទៅ​វានាំ​ឲ្យ​បញ្ហា​ស្មុគ​ស្មាញ»។

លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃបាន​លើក​ឡើង​ថា ​សមត្ថ​កិច្ច​មូល​ដ្ឋាន​ក៏​មាន​ការ​យល់​ដឹង​ច្រើន​អំពីតួនាទី​ និង​ការផ្តល់​អំណោយ​ផលដល់​គណ​បក្ស​នយោ​បាយ​ទាំង​អស់​ក្នុង​ការ​ឃោសនា ​និង​ធ្វើ​សកម្ម​ភាព​នយោបាយ។ ​លោក​បន្ត​ថា ​អាជ្ញាធរក្នុង​នាម​មន្ត្រី​សាធារណៈ​មិនត្រូវ​កាន់ជើ​ងគណបក្ស​ណាមួយ​នោះទេ​ ដោយ​ត្រូវ​ធ្វើ​ការងារ​របស់​ខ្លួន ប្រកប​ដោយ​វិជ្ជាជីវៈ​ និង​ប្រកាន់​អព្យាក្រឹត​ ប៉ុន្តែ​លោក​ថា ប្រសិន​បើជា​សមា​ជិក​បក្ស​ណា គឺត្រូវ​តែ​កាន់ជើង​គណ​បក្ស​របស់​ខ្លួន​ហើយ​។

លោក​ថ្លែង​ថា៖ ​«​យើង​ជា​អព្យា​ក្រឹត​ ធ្វើ​ការ​ប្រកប​ដោយ​វិជ្ជាជីវៈ ​ធ្វើតាម​មុខ​ជំនាញ​ ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ ដោយ​មិន​កាន់​ជើង​។ ក្នុ​ងនាម​មន្ត្រី​សាធារណៈ​ យើង​មិនត្រូវ​កាន់ជើង​បក្ស​ណា​មួយ​ទេ​ ប៉ុន្តែ​ក្នុង​នាម​យើង​ជា​សមា​ជិក​បក្ស​ យើង​ត្រូវតែ​កាន់​ជើង​គណ​បក្ស​យើង​ ដែល​យើង​កាន់​»​។ ​

អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន​ លោក ​ថាច់ សេដ្ឋា​ គាំទ្រ​ចំពោះ​ប្រសាសន៍​ណែនាំ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ លោក ស ខេង​ ទៅកាន់មន្ត្រី​ ឬ​អាជ្ញាធរ​មូ​លដ្ឋាន​ក្នុង​ការ​បំពេញ​ការងារ​ ឬធ្វើ​សកម្ម​ភាព​ណាមួយ​ដោយ​អព្យា​ក្រឹត សម្រាប់គណបក្ស​នយោ​បាយ​ទាំង​អស់​។ ប៉ុន្តែ​លោក​កត់​សម្គាល់​ថា​ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ គឺ​មេឃុំ និងអាជ្ញាធរ​ឃុំ​សង្កាត់​ដែល​កំពុង​បម្រើការ​ងារ​បច្ចុប្បន្ន​ គឺជា​អ្នក​ចូលរួម​ប្រកួត​ប្រជែង​ដោយ​ផ្ទាល់​ ដែល​នេះ​ជា​ហេតុ​បង្ក​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍​ និង​បង្ក​ជារឿង​រ៉ាវ​ច្រើន។ ដូច្នេះ​លោកថា​ ប្រសិនបើ​ក្រសួង​មហាផ្ទៃ​ចង់​ដឹង​ការ​ពិត​ដែល​បាន​កើត​ឡើង​ក្នុង​មូល​ដ្ឋាន គួរតែ​បង្កើត​គណៈ​កម្មការ​ឯក​រាជ្យចម្រុះមួយ​ ដើម្បី​ស្រាវជ្រាវ​លើ​ករណី​គំរាម​កំហែង ឬការ​ទិញ​ទឹក​ចិត្ត​។

លោក​ថ្លែង​ថា៖ ​«តែ​ចំពោះ​អ្វី​ដែល​លើកឡើង​ពីគណបក្ស​ខ្លះ​ រំអួយ ឬ​រឿង​មិន​ពិត [ដែល​]​រឿង​តូច​ទៅជា​រឿង​ធំ អាហ្នឹង​ជារឿង​គណ​បក្ស​ណា​យើង​មិន​បាន​ដឹង​ទេ។ ចំពោះ​គណបក្ស​ភ្លើង​ទៀន យើង​លើក​ឡើង​វិញ​សុទ្ធ​សឹង​តែ​ការ​ពិត។ ហើយ​បើ​ចង់​ដឹង​ថាពិត​ឬមិនពិត​ សូម​ឲ្យយើង​បង្កើត​គណៈ​កម្មការ​មួយ​ដោយ​ឯករាជ្យ ឬ​ដោយ​ចម្រុះ​ជាមួយ​ខាង​មហាផ្ទៃ យើង​អាច​ទៅស្រាវ​ជ្រាវផ្ទាល់​បាន​[ថា] តើ​នៅ​មូល​ដ្ឋាន​មាន​ការ​គំរាម​កំហែង​មែន​ឬ​អត់?​ មាន​ការ​ទិញ​ទឹក​ចិត្ត​ហ្នឹង​មែន ​ឬក៏​អត់?​ អាហ្នឹង ​គឺដើម្បី​បង្ហាញ​ភាព​ច្បាស់​លាស់​ទាំង​អស់គ្នា​»។

​នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ឈ្មោះ​ថានិចហ្វិច ​លោក​ សំ គន្ធាមី ​ឲ្យដឹង​ថា តាម​ច្បាប់​បោះ​ឆ្នោត​ គឺជិ​តពេលបោះ​ឆ្នោត គណបក្ស​នយោបាយ​ទាំង​អស់​មិន​ត្រូវ​ផ្តល់​អំណោយ ដែល​គេ​ហៅ​ថា ការទិញ​ទឹក​ចិត្តរបស់ពល​រដ្ឋឲ្យគាំទ្រ​ខ្លួន​នោះទេ ដែល​ការ​ណ៍នេះ​ផ្ទុយ​នឹងច្បាប់ ​ហើយ​ក្រសួង​មហាផ្ទៃ និ​ងស្ថាប័ន​រៀបចំការបោះឆ្នោត(​គ.ជ.ប)​អាច​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​បាន។

លោកថ្លែង​ថា៖ ​«សម្តេច​ ស ខេង លើក​ឡើង​អ៊ីចឹង​ វា​ម្យ៉ាង​ហើយ​សម្រាប់​គណបក្ស​នយោបាយ​ទូទៅ ពី​ព្រោះ​ច្បាប់ [ឬ]​បទ​បញ្ជា​ ច្បាប់​បោះ​ឆ្នោត​ នីតិ​វិធី ក៏​គេមិន​ឲ្យ​មាន​ការ​ទៅ​ចែ​កជា​អំណោយ​ [ឬ]ផ្តល់​ជា​អំណោយ​ អ៊ី​ចឹង​។​ អាហ្នឹង​គេ​ហៅ​ថា​ទិញ​ទឹក​ចិត្ត​»។

លោក សំ គន្ធាមី ​បន្តថា​ ចំពោះ​បញ្ហា​ដែល​គណ​បក្សនយោបាយ​ជួប​ប្រទះ​ ដូច​ជា​ការ​យា​យី ​ការ​សំឡុ​ត​ និង​ការ​បំភិត​បំភ័យ​ជា​ដើម គឺ​រដ្ឋា​ភិបាល ជាពិសេសក្រសួងមហា​ផ្ទៃ​ដែល​ជាក្រសួង​សាមី​ ត្រូវធ្វើ​ការ​ស្រាវ​ជ្រាវ ស៊ើប​អង្កេត​ និង​ពិភាក្សា​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ដើ​ម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះឲ្យ​មាន​ភាព​ល្អប្រសើ​រ និង​ដើម្បីស្វែង​រក​ការពិត​ផង​ដែរ​។ លោក​បន្ថែម​ថាប្រសិន​បើ​រក​ឃើញ​កំហុស​ឆ្គង ឬការ​ប្រព្រឹត្ត​ណា​ដែលដូច​ការ​លើក​ឡើងរបស់​គណ​បក្ស​ណា​មួយ​នោះ ក្រសួង​មហា​ផ្ទៃត្រូវ​តែ​អនុវត្ត​តាម​ច្បាប់ ឬ​វិធាន​ការ​រដ្ឋ​បាល​ជា​ដើម ដើម្បី​បង្ក​ភាព​ល្អ​ប្រសើ​រ​ដល់ដំណើរ​ការ​បោះ​ឆ្នោត។

​ចំណែក​មន្ដ្រី​ជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល លោក​ កន សាវាង្ស ថ្លែង​ថារដ្ឋាភិបាល​ និង​ស្ថាប័នពាក់ព័ន្ធត្រូវ​តែ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​បំពេញ​តួនាទី​របស់​អាជ្ញាធរ​មូលដ្ឋានមួយ​ចំនួន ចំពោះការ​បំពេញ​តួនាទី​ ដោយមិនត្រូវ​គាំទ្រ ​ឬមាននិន្នាការ​នយោបាយ លាយឡំ​ការ​បំពេញតួនាទី​ឡើយ​ ដើម្បីបង្ក​លក្ខណៈ​ឲ្យ​ស្មើ​ៗ​គ្នា​ដល់​គណបក្ស​នយោបាយ​ទាំងអស់​ ។ ​លោកថា​ ​ត្រូវ​ពិនិត្យ​មើល​ការ​បំពេញ​តួនាទី​របស់​មន្ត្រីមូល​ដ្ឋាន​ទាំង​នោះ​ កុំ​ឲ្យយាយី​ ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ហៅសមាជិក​គណបក្ស​ដែល​មាន​និន្នាការ​ផ្ទុយ​ ទៅសួរ​នាំ ដែលជា​ហេតុ​នាំ​ឲ្យមាន​ការ​ភិត​ភ័យ​ និង​ជះឥទ្ធិពល​ដល់ការ​សម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត។

គណបក្ស​ភ្លើង​ទៀន ​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​គណបក្ស​ឆន្ទៈ​ខ្មែរ ធ្លាប់​ប្រាប់​វីអូអអេ​ថាបេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោ​តរបស់​គណ​បក្ស​ តែង​តែ​ត្រូវ​បាន​រង​ការ​យាយី ការ​គំរាម​កំហែង សម្លុត​គ្រប់រូប​ភាពពី​អាជ្ញាធរ​មូលដ្ឋាន​ ដែល​ធ្វើ​ឲ្យ​សមាជិក​របស់​ខ្លួន​មួយ​ចំនួន​ភិត​ភ័យអំពី​សុវត្ថិ​ភាព និង​ភ័យ​ខ្លាច​ថា​នឹង​មិន​ទទួល​បាន​សេវា​រដ្ឋ​បាល និង​សេវា​សាធារណៈ​តាម​មូលដ្ឋាន និង​ភ័យ​ខ្លាច​ការ​គំរាម​ដក​បណ្ណក្រីក្រ​វិញជា​ដើម។ ​

គួរ​បញ្ជាក់​ថា ​គ.ជ.ប បាន​កំណត់​ថ្ងៃ​បោះឆ្នោត​ឃុំ​សង្កាត់​ គឺ​ធ្វើ​នៅ​ថ្ងៃអាទិត្យ​ទី៥​ ខែ​មិថុនា ឆ្នាំ​២០២២ខាង​មុខ​នេះ​។ គ.ជ.ប. ​បាន​ប្រកាស​ថា​ មាន​គណ​បក្ស​ចំនួន​១៧​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង​ តែ​មាន​តែ​បក្ស​ពីរ​ប៉ុណ្ណោះ​ដែល​បាន​ដាក់ឈ្មោះ​បេក្ខ​ជន​ច្រើន​ជាង​គេ​ និង​ប្រកួត​នៅ​ច្រើន​ឃុំ​សង្កាត់​ជាង​គេ​ គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​ភ្លើង​ទៀន៕

XS
SM
MD
LG