ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក រ៉ុង ឈុន ថា គណបក្ស​ភ្លើង​ទៀន អាច​ច្បាម​យក​អាសនៈ​ឃុំ​សង្កាត់​មក​វិញ ក្នុង​ពេល​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន


រូបឯកសារ៖ សកម្មភាព​ជួបជុំគ្នា​នៃ​សកម្មជន​និង​មន្រ្តី​របស់​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​សំបួរ ក្រុង​សៀមរាប នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបថត៖ គណបក្ស​ភ្លើង​ទៀន)
រូបឯកសារ៖ សកម្មភាព​ជួបជុំគ្នា​នៃ​សកម្មជន​និង​មន្រ្តី​របស់​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​សំបួរ ក្រុង​សៀមរាប នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបថត៖ គណបក្ស​ភ្លើង​ទៀន)

ប្រធាន​សហភាព​សហជីព​កម្ពុជា​ លោក ​រ៉ុង ឈុន​ បាន​ប្រកាស​ជា​សាធារណៈ​គាំទ្រ​«គណបក្ស​ភ្លើង​ទៀន» ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កំពុង​មាន​ភាព​សកម្ម​ក្នុង​ការ​លើក​ស្លាក​គណបក្ស​ និង​ការ​ជួប​ប្រជុំ​គ្នា​នៅ​តាម​រាជធានី​ខេត្ត​ក្រុង ​ស្រុក​ខណ្ឌ​មុន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​សង្កាត់​ឆ្នាំ​ ២០២២​ នេះ។​

គណបក្ស​ភ្លើង​ទៀន​ ស្ថិត​ក្រោម​ឈ្មោះ​ជា​គណបក្ស​សម រង្ស៊ី​ កាលពី​ឆ្នាំ​២០១២​ ដែល​ត្រូវ​បាន​ច្របាច់​បញ្ចូល​គ្នា​ជា​មួយ​នឹង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក ​កឹម សុខា​ ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​តុលាការ​កំពូល​រំលាយ​ចោល​វិញ​កាល​ពី​ឆ្នាំ​២០១៧ ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​បទក្បត់​ជាតិ។​

លោក ​រ៉ុង ឈុន​ ដែល​ត្រូវ​បាន​តុលាការ​ដោះលែង​ពី​ពន្ធនាគារ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ ចំពោះ​ការ​រិះគន់​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​នៅ​ខេត្ត​ត្បូងឃ្មុំ​ បាន​បង្ហាញ​ការ​គាំទ្រ​របស់​លោក​ចំពោះ​គោល​ជំហរ​ និង​ការ​សម្រេច​របស់​គណបក្ស​ភ្លើង​ទៀន​ ចំពោះ​ការ​ចុះ​រៀបចំ​រចនា​សម្ព័ន្ធ​គណបក្ស​គ្រប់​លំដាប់​ថ្នាក់​ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នា​ពេល​ខាង​មុខ។​ នេះបើ​តាម​សេចក្តី​ប្រកាស​របស់​សហភាព​សហជីព​កម្ពុជា​ ចេញ​ផ្សាយ​កាល​ពីសប្តាហ៍​មុន។​

រូបឯកសារ៖ មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន និយាយ​ជាមួយ​អ្នកកាសែត​នៅ​ខណ្ឌ​ចម្ការមន រាជធានី​ភ្នំពេញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន និយាយ​ជាមួយ​អ្នកកាសែត​នៅ​ខណ្ឌ​ចម្ការមន រាជធានី​ភ្នំពេញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

លោក ​រ៉ុង​ ឈុន ​ដែល​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់​មួយ​រូប​ផង​នោះ​ បាន​ផ្តល់​សេចក្តី​អត្ថាធិប្បាយ​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា៖​ «ការណ៍​ដែល​គណបក្ស​ភ្លើង​ទៀន បាន​សម្រេច​ចិត្ត​ចុះ​រៀប​រចនា​សម្ព័ន្ធ​គណបក្ស​ គ្រប់​លំដាប់​ថ្នាក់​ ពិត​ជា​ត្រឹម​ត្រូវ​ ហើយ​សមស្រប​តាម​ពេលវេលា​ នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ដែល​មិន​អាច​ពន្យារ​ពេល​បន្ត​ទៀត​បាន​ឡើយ»។​

លោក​បន្ថែម​ថា៖​ «ក្នុង​ខណៈ​នេះ​ មាន​តែ​គណបក្ស​ភ្លើង​ទៀន​ ដែល​លេច​ធ្លោ​ជាង​គេ​ក្នុង​ចំណោម​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ទៀត​ ហើយ​គណបក្ស​ភ្លើង​ទៀន​ នឹង​ក្លាយ​ជា​ដៃគូ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច។​ អ្នក​ស្រឡាញ់​ប្រជា​ធិបតេយ្យ​ កុំរារែក​ និង​កុំ​រង់ចាំ​ ត្រូវ​ចូលរួម​គាំទ្រ​ និង​ធ្វើ​សកម្មភាព​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ ដើម្បី​ស្តារ​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​កម្ពុជា​ឡើង​វិញ»។​

គួរ​រំឭក​ផង​ដែរ​ថា​ បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​អស់​រយៈ​ពេល​៤​បួន​ឆ្នាំ​មក​នោះ​ គណបក្ស​ភ្លើង​ទៀន ​បាន​ចាប់​ផ្តើម​រៀបចំ​រចនា សម្ព័ន្ធ​ឡើង​វិញ​តាំងពី​ចុង​ឆ្នាំ​២០២១​ តែ​គេ​មិន​ទាន់​ដឹង​ថា​ លោក​ សម រង្ស៊ី​ ដែល​បាន​និរទេស​ខ្លួន​ឯង​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​ ជា​អ្នក​ស្ថិត​នៅ​ពីក្រោយ​នៃ​ការ​កម្រើក​ឡើង​វិញ​របស់​គណបក្ស​ជំទាស់​មួយ​នេះ​ ឬ​យ៉ាង​ណា​ទេ ​ខណៈលោក​ កំពុង​ត្រូវ​បាន​រួតរឹត​ដោយ​បទ​ឧក្រិដ្ឋ​ចាក់​ស្រេះ​នៅ​ក្នុង​តុលាការ​កម្ពុជា។​

លោក ​រ៉ុង​ ឈុន​ ដែល​ធ្លាប់​ជា​អតីត​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.)​ មក​ពី​កូតា​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​វីអូអេ​ថា​ អ្នក​ប្រជា​ធិបតេយ្យ​ នឹង​បាត់​ឱកាស​ជ្រើសរើស​តំណាង​ខ្លួន​នៅ​ថ្នាក់​ក្រោម​ជាតិ ​និង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ពោល​ គឺ​សភា ​និង​ព្រឹទ្ធ​សភា​ បើ​គ្មាន​ការ​ចូលរួម​របស់​គណបក្ស​ភ្លើង​ទៀន​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ។ លោក​ថ្លែង​ថា៖​

«បើ​សិន​ជា​យើង​មិន​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​ហ្នឹង​ទេ​ យើង​ខាត​...​ ខាត​ច្រើន។ ទីមួយ​ ក្រុម​ប្រឹក្សា​ស្រុក​ខណ្ឌ​ ក៏​យើង​អត់​បាន។​ ទីពីរ ​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​ ក៏​យើង​អត់។ ​ទីបី​ ព្រឹទ្ធ​សភា ​ក៏​យើង​អត់​ដែរ។ ឃើញ​ទេ?​ ​ខាត​ច្រើន​ បើ​យើង​មិន​ចូល​រួម​ប្រកួត​នៅ​ឆ្នាំ​ ២០២២ ​នេះ»។​

លោក​បន្ថែម​ថា​ អ្នក​គាំទ្រ​ប្រព័ន្ធ​នយោបាយ​ប្រជា​ធិបតេយ្យ​ មិន​អាច​នៅ​អង្គុយ​រង់ចាំ​ការ​វិល​ត្រឡប់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។​ លោក​ថ្លែង​ថា៖​

«សម្រាប់​សង្គ្រោះ​ជាតិ​ យើង​អត់​មាន​ទាន់​ឃើញ​ពន្លឺ​ណា​មួយ​ថា នឹង​បាន​ត្រឡប់​មក​វិញ​ទេ។ ហើយ​បើសិន​ជា​យើង​រង់​ចាំ​ ហើយយើង​អត់​មាន​ធ្វើ​អ្វី​ទាំង​អស់។​ ពេល​ហ្នឹង​វា​នឹង​ហួស​ពេល​ ហើយ​បើ​យើង​មិន​ចូល​រួម​ប្រកួត​ប្រជែង​ វា​នឹង​ស្មើ​សូន្យ​ហើយ​បាទ»។​

រូបឯកសារ៖ លោក​ សុខ ឥសាន ឆ្លើយ​សំណួរ​របស់​វីអូអេ នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​ព្រឹទ្ធសភា អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/វីអូអេ)
រូបឯកសារ៖ លោក​ សុខ ឥសាន ឆ្លើយ​សំណួរ​របស់​វីអូអេ នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​ព្រឹទ្ធសភា អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/វីអូអេ)

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​លោក ​សុខ ឥសាន​ យល់​ថា​ ការ​ចូលរួម​របស់​គណបក្ស​ភ្លើង​ទៀន​ក្នុង​សង្វៀន​នយោបាយ​កម្ពុជា​ឡើង​វិញ​នោះ ​គឺ​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ ដោយសារ​គណបក្ស​នេះ​ បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ។​

លោក​ប្រាប់​វីអូអេ​ថា៖​ «វា​ជារឿង​ធម្មតា​ដែល​គាត់​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ហើយ​ ហើយ​គេ​អនុញ្ញាត​ឱ្យ​គាត់​បាន​ធ្វើ​សកម្ម​ភាព​ដោយ​សេរី​ស្រប​ទៅ​តាម​គោល​ការណ៍​ច្បាប់​ វាអត់​មាន​បញ្ហា​អី​ទេ។ ហើយ​ខ្ញុំ​យល់​ថា វា​មិន​មែន​ជា​ការ​គំរាម​កំហែង​ដូច​ជា​អ្នក​វិភាគ​ខ្លះ​ ឬ​មួយ​ក៏​អ្នក​អង្គការ​សង្គម​ស៊ីវិល​លម្អៀង​ខាង​នយោបាយ​មួយ​ចំនួន​និយាយ​ថា​ វា​ជា​ការ​គំរាម​កំហែង​ដោយ​សារ​គណបក្ស​ប្រជាជន​ខ្លាច​ អ៊ីចឹង​បាន​ជា​អីចេះ​ អីចុះ​អី។​ អាហ្នឹង​អត់​ករណី​ហ្នឹង​ទេ​បាទ»។

លោក​ សុខ ឥសាន​ ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ​ ជឿ​ថា​ លោក ​សម រង្ស៊ី​ មិន​អាច​ស្ថិត​នៅពី​ក្រោយ​សកម្ម​ភាព​ចុង​ក្រោយ​របស់​គណបក្ស​ភ្លើងទៀន​ទេ​ បើ​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​ធ្វើ​វិសោធន​កម្ម​កន្លង​មក​នោះ។ លោក​មាន​ប្រសាសន៍​ថា៖​

«ច្បាប់​ស្តីពី​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ មាន​ដាក់​រួច​ហើយ ​គណបក្ស​ណា​ដែល​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋ​ជន​ ក្រុម​ភេរវករ​ ឬ​មួយ​ក៏​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ អាហ្នឹង ​ធ្វើ​ទុក្ខ​ទោស​ខ្លួន​ឯង​ហើយ។​ ច្បាប់​មាន​ហើយ»។​

រូបឯកសារ៖ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចូលរួម​ជា​វាគ្មិន​ក្នុង​កិច្ចពិភាក្សា​រឿង​បោះឆ្នោត នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបថត ថត​ដោយ​អង្គការ​សមធម៌​កម្ពុជា (EC))
រូបឯកសារ៖ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចូលរួម​ជា​វាគ្មិន​ក្នុង​កិច្ចពិភាក្សា​រឿង​បោះឆ្នោត នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបថត ថត​ដោយ​អង្គការ​សមធម៌​កម្ពុជា (EC))

អ្នក​វិភាគ​នយោបាយ​លោក ​ឡៅ ម៉ុងហៃ​ បាន​ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទ​ថា​ គណបក្ស​ភ្លើង​ទៀន​ ដែល​ជា​ការ​ផ្ចុង​ផ្តើម​គំនិត​បង្កើត​ឡើង​ដោយលោក​ សម រង្ស៊ី​ នៅ​តែ​ជា​កម្លាំង​នយោបាយ​ខ្លាំង​មួយ​ ដែល​អាច​មាន​លទ្ធភាព​ត​ទល់​ជា​មួយ​នឹង​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន។​

លោក​បាន​ផ្តល់​ការ​អធិប្បាយ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ក្នុង​ន័យ​ដើម​ថា៖​ «គណបក្ស​ភ្លើង​ទៀន​នៅ​តែ​គេ​ឃើញ​ថា​ ជា ​សម រង្ស៊ី​ ដែល​ជា​ស្ថាបនិក​ និង​ដែល​ជា​កម្លាំង​នយោបាយ​ដ៏​ខ្លាំង​មួយ​ទន្ទឹម​នឹង​កម្លាំង​នយោបាយ​កាន់​អំណាច​សព្វ​ថ្ងៃ​ បើ​តាម​ការ​ប្រើ​ប្រាស់​កម្លាំង​ទៅ​តប​ត​នឹង​សកម្ម​ភាព​របស់​ សម រង្ស៊ី​ នៅ​និង​ពី​បរទេស ​និង​ជាពិសេស​ទៅ​ទប់​ទល់​ រារាំង​ការ​វិល​ត្រឡប់​របស់​ សម​ រង្ស៊ី​ នៅ​ឆ្នាំ២០១៩»។​

លោក​កត់​សម្គាល់​បន្ថែម​ថា​ បើ​ដក​ហូត​មេរៀន​ពី​ការ​រៀបចំ​ ការ​គ្រប់​គ្រង​ដឹក​នាំ​ពី​មុនៗ​ ហើយ​បើ​មាន​ឈាម​ថ្មី​ដែល​មាន​គំនិត​ថ្មីៗ​ថា​ នឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ​ឬ​ធ្វើ​យ៉ាង​ណា​ ដើម្បី​រៀបចំ​ និង​គ្រប់គ្រង​ដឹកនាំ​គណបក្ស​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ដែល​អាច​ពង្រឹង​ស្មារតី​របស់​សង្គ្រោះ​ជាតិ​ដែល​ជា​ស្មារតី​ផ្លាស់​ប្តូរ​របស់​ប្រជា​ពលរដ្ឋ​នោះ ហើយ​ប្រែ​ក្លាយ​ស្មារតី​នោះ​ជា​សន្លឹក​ឆ្នោត​គាំទ្រ​នៅ​ពេល​បោះ​ឆ្នោត​ «គណបក្ស​ភ្លើង​ទៀន ​នឹង​ទៅ​ជា​កម្លាំង​នយោបាយ​ដ៏ខ្លាំង​បាន​ដោយ​មិន​បាច់​មាន​វត្តមាន​របស់ ​សម រង្ស៊ី»។​

លោក​សង្កត់​ធ្ងន់​ថា៖ ​«​ពុំ​ឃើញ​មាន​គណបក្ស​ណា មាន​គ្រឹះ​នៃ​អំណាច - power base - ធំ ​និង​រឹងមាំជាង​គណបក្ស​ភ្លើង​ទៀន​ទេ»។​

បើតាម​លោក ​រ៉ុង ឈុន​ គណបក្ស​ភ្លើង​ទៀន​ដែល​សព្វថ្ងៃ​ស្ថិត​ក្រោម​ការ​ដឹកនាំ​បណ្តោះ​អាសន្ន​របស់​លោក​ ថាច់​ សេដ្ឋា​ ដែល​ជា​អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ ​និង​ជា​អតីត​សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប​ មាន​ឫស​គល់​ចេញ​ពី​គណបក្ស​ជាតិ​ខ្មែរ​ដែល​មាន​លោក​ សម រង្ស៊ី​ ជា​ស្ថាបនិក​ និង​ក្រោយ​មក ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ជា​គណបក្ស​សម រង្ស៊ី​ ហើយ​បាន​រួបរួម​គ្នា​ជា​មួយ​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម សុខា។​

គណ​បក្ស​ជំទាស់​មួយ​នេះ​ បាន​ទទួល​អាសនៈ​រដ្ឋ​សភា​ចំនួន​១៥​ ក្នុង​ពេល​បោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​កាល​ពី​ឆ្នាំ​១៩៩៨​ និង​បាន​អាសនៈ​ចំនួន​២៤​ កាល​ពី​ឆ្នាំ​២០០៣​ និង​បាន​អាសនៈ​ចំនួន​២៦ ​កាល​ពី​ឆ្នាំ​២០០៨​ មុន​នឹង​ចូល​រួម​ជាមួយ​នឹង​គណ​បក្ស​សិទ្ធិ​មនុស្ស​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ឆ្នាំ​២០១២៕

XS
SM
MD
LG