ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ចំនួន​១៧​ចូល​រួមបោះឆ្នោត​ឃុំ​សង្កាត់​ខែ​មិថុនា តែ​អវត្តមាន​ LDP ហើយ​បេក្ខភាព​ស្រ្តី​មាន​តិច


រូប​ឯកសារ៖ ក្រុមមន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ កំពុង​រៀបចំ​ការិយាល័យ​បោះឆ្នោត​ និង​បិទបញ្ជី​បោះឆ្នោត​ថ្មី​ នៅតាម​ការិយាល័យ​បោះឆ្នោត​មួយ ត្រៀម​សម្រាប់​ថ្ងៃ​បោះឆ្នោត​ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/វីអូអេ)

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គ.ជ.ប.) បាន​ប្រកាស​ថា​មាន​គណបក្ស​សរុប​ចំនួន​១៧​បាន​ចុះ​ឈ្មោះ​ចូល​រួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ខែ​មិថុនា​ជាមួយ​នឹង​អវត្តមាន​គណបក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) និង​ការ​ចុះ​ឈ្មោះ​បេក្ខភាព​ជា​ស្ត្រី​នៅ​កម្រិត​តិច​តួច។

ក្នុងតារាងតុល្យការបណ្ដោះអាសន្នបិទបញ្ចប់ការចុះបញ្ជីឈ្មោះបេក្ខជនដែលបានធ្វើឡើងពីថ្ងៃទី៤ ដល់ថ្ងៃទី៦ខែមីនាកន្លងទៅបង្ហាញថា បក្សប្រជាជនកម្ពុជាចុះបញ្ជីបេក្ខភាពប្រកួតច្រើនជាងគេឈរឈ្មោះនៅគ្រប់១.៦៥២ឃុំសង្កាត់ ជាមួយនឹងបេក្ខជន២៨.០០០នាក់ ដេញពីក្រោយដោយបក្សភ្លើងទៀនដែលឈរឈ្មោះនៅ១.៦៣២ឃុំសង្កាត់ជាមួយនឹងបេក្ខជន ២៣.៣៦៧នាក់។

យ៉ាង​ណា​ក៏​ដោយ​គណបក្ស​ភ្លើង​ទៀន​ដែល​ត្រូវ​បាន​ប្រកាស​គាំទ្រ​ដោយ​លោក សម រង្ស៊ី បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ដោយ​ឡែក​មួយ​ថា ខ្លួន​បាន​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​នៅ ១.៦៤៩​ឃុំ​សង្កាត់ តែ​មិន​បាន​បង្ហាញ​ស្ថិតិ​បេក្ខជន​នោះ​ទេ។

គណបក្ស​ដែល​ចូល​រួម​ផ្សេង​ទៀត​រួម​មាន ហ្វ៊ុនស៊ិនប៉ិច - ខ្មែរ​រួបរួម​ជាតិ - ខ្មែរ​ស្រឡាញ់​ជាតិ - សញ្ជាតិ​កម្ពុជា - យុវជន​កម្ពុជា - ឆន្ទៈ​ខ្មែរ - កែ​ទម្រង់​កម្ពុជា - កម្ពុជា​និយម - ប្រជា​ធិបតេយ្យ​មូលដ្ឋាន - ខ្មែរ​តែ​មួយ - សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ - ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា - ឯកភាព​ជាតិ​ខ្មែរ - រស្មី​ខេមរា - និង​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (L.D.P.) បាន​ប្រកាសមិន​ចូលរួម​ការ​បោះឆ្នោត​នេះ​ទេ ដោយ​បាន​លើក​ឡើង​អំពី​ការ​«រឹតត្បិតយ៉ាង​ខ្លាំង»​ពី​សំណាក់​គ.ជ.ប. ជាមួយ​នឹង​នីតិវិធី​ដែល​មិន​ចែក​ចាយ​ទម្រង់​លទ្ធផល​ឆ្នោត​បឋម​តាម​ការិយាល័យ (ទម្រង់១១០២)​ទៅឱ្យ​ភ្នាក់​ងារ​គណបក្ស​នយោបាយ ហើយ​ថា​សំណើ​ខ្លួន​ទៅ​គ.ជ.ប.​ជុំវិញ​ការ​កំណត់​សុពលភាព​សន្លឹក​ឆ្នោត​បាន​ការ​នោះ​មិន​ត្រូវ​បាន​គ.ជ.ប.​ទទួល​កែ​ប្រែ​នោះ​ទេ។

ជាមួយ​គ្នា​នេះ​ដែរ​ក្នុង​ចំណោម​បេក្ខភាព​សរុប ៨២.៧៨៦​នាក់​មក​ពី​១៧​គណបក្ស​នោះ​មាន​បេក្ខ​ភាព​ជា​ស្រ្តី​សរុប​២៥.៩៦៣​នាក់ ឬ​ស្មើ​នឹង​ប្រមាណ​៣១ភាគរយ​ប៉ុណ្ណោះ ​នៃ​បេក្ខភាព​សរុប។

ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​គណបក្ស​ប្រជាជន​ឈ្នះ​បាន​កៅអី​មេឃុំ​ចៅ​សង្កាត់ និងកៅអី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​៦.៥០៣​អាសនៈ ដេញ​ពី​ក្រោយ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​តំណែង​មេឃុំ​ចៅ​សង្កាត់​ចំនួន និង​កៅអី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន ៥.០០៧​អាសនៈ។

តែ​ក្រោយ​ពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ចម្រូងចម្រាស​ក្រោយ​ការ​បោះ​ឆ្នោត​លើក​មុន​មក​អាសនៈ​ដែល​ឈ្នះ​បាន​ដោយ​បក្ស​នេះ ត្រូវ​បាន​ហែក​ច្រៀក​ចែក​ទៅ​បក្ស​ដទៃ​ដែល​នាំ​ឱ្យ​បច្ចុប្បន្ន​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់គ្រង​កៅអី​មេឃុំ​ចៅសង្កាត់​១.៦៤៥កន្លែង​ទូទាំង​ប្រទេស និង​តំណែង​ក្រុមប្រឹក្សា​សរុប ១១.០៥១​កន្លែង ឯ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នៅ​រក្សា​កៅអី​មេឃុំ​មួយ​កន្លែង​ដែល​ខ្លួន​ឈ្នះ​បាន​នៅ​ខេត្ត​បន្ទាយមានជ័យ៕

កំណត់សម្គាល់៖ កំណែមុននៃអត្ថបទនេះបានសរសេរថាបេក្ខភាពគណបក្សប្រជាជនមាន ២៨.០៣១នាក់ ហើយបេក្ខភាពគណបក្សភ្លើងទៀនមាន ២១.៦១៩នាក់។ កំណែនោះត្រូវបានកែតម្រូវដោយ​ការធ្វើបច្ចុប្បន្នភាពថា បេក្ខភាពគណបក្សប្រជាជនមាន ២៨.០០០នាក់ ហើយបេក្ខភាពគណបក្សភ្លើងទៀនមាន ២៣.៣៦៧នាក់។

អត្ថបទ​ទាក់ទង

XS
SM
MD
LG