គណបក្សប្រឆាំងចំនួនពីរ គឺគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានទាមទារឱ្យស្ថាប័នរៀបចំការបោះឆ្នោតពិចារណា និងរក្សាទុកបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប. បានលុបចេញពីឃុំសង្កាត់មួយចំនួន។ ការណ៍នេះ បណ្តាលឱ្យឃុំសង្កាត់ទាំងនោះមិនមានឈ្មោះគណបក្សទាំងនោះចូលរួមប្រកួតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
ភាគច្រើននៃបេក្ខជនទាំងនោះមកពីគណបក្សភ្លើងទៀន ដែលបញ្ជីឈ្មោះបេក្ខជនគណបក្សទាំងមូលត្រូវបានលុបចោលក្នុងឃុំសង្កាត់ចំនួន១១ ដែលក្នុងនោះ៨នៅរាជធានីភ្នំពេញ ២នៅខេត្តកំពង់ចាម និង១នៅខេត្តពោធិ៍សាត់។ នៅរាជធានីភ្នំពេញ មានសង្កាត់ទួលស្វាយព្រៃ១ សង្កាត់មនោរម្យ សង្កាត់ផ្សារដើមគរ សង្កាត់ព្រែកលៀប សង្កាត់ក្បាលកោះ សង្កាត់អូរឫស្សី១ សង្កាត់អូរឫស្សី២ និងសង្កាត់ដេប៉ូទី១។ នៅកំពង់ចាម មានសង្កាត់កំពង់ចាម និងសង្កាត់បឹងកុក។ នៅខេត្តពោធិ៍សាត់ មានឃុំកណ្តៀង។
គណបក្សភ្លើងទៀនបានចាត់ទុកការសម្រេចរបស់ស្ថាប័ន គ.ជ.ប. ជាការសម្រេចទាំងបំពាន និងមិនត្រឹមត្រូវទៅតាមច្បាប់ឡើយ ហើយបណ្តាលឱ្យបេក្ខជនផ្សេងទៀតបាត់បង់ឱកាសប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ខាងមុខនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សចេញផ្សាយកាលពីព្រឹកថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២។
បើតាមសេចក្តីថ្លែងការណ៍ គណបក្សភ្លើងទៀនបានបង្ហាញការសោកស្តាយចំពោះការសម្រេចរបស់គ.ជ.ប. ដោយថា វាជារឿងអយុត្តិធម៌ ហើយការសម្រេចនេះមានទំនោរនយោបាយ និងមិនបានស៊ើបអង្កេតច្បាស់លាស់។
ក្នុងសន្និសីទសារព័ត៌មាននៅការិយាល័យកណ្តាលរបស់គណបក្សភ្លើងទៀន ក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បានស្នើទៅគ.ជ.ប. ពិចារណាផ្តល់បញ្ជីឈរឈ្មោះបោះឆ្នោតឡើងវិញ ហើយអនុញ្ញាតឲ្យពួកគេមានសិទ្ធិឈរឈ្មោះក្នុងការប្រកួតប្រជែង ដោយស្មើភាព សេរី និងយុត្តិធម៌។ លោកបន្តថា គ.ជ.ប. មិនគួរសម្រេចចិត្តលុបបញ្ជីឈរឈ្មោះទាំងស្រុង ដោយសំអាងត្រឹមតែបុគ្គលម្នាក់ៗ ឬពីរនាក់ដែលមានភាពមិនប្រក្រតីឡើយ ពីព្រោះនៅមានប្រជាពលរដ្ឋ និងសកម្មជនបម្រុងច្រើននាក់ទៀត ដែលចង់ឈរឈ្មោះឱ្យគណបក្សក្នុងការប្រកួតប្រជែងការបោះឆ្នោតថ្នាក់មូលដ្ឋានខាងមុខនេះ។
លោកថ្លែងថា៖ «អ៊ីចឹង យើងខ្ញុំមិនអាចទទួលយកនូវសេចក្តីសម្រេចរបស់គ.ជ.ប. នេះបានទេ...ដូចយើងឃើញថា វាអយុត្តិធម៌ណាស់ ហើយវាជាការបំបិទសិទ្ធិសេរីភាពផង។ ហើយបើនិយាយពីគណបក្សនយោបាយវាធ្ងន់ធ្ងរណាស់។ ពីមុនយើងឮរំលាយគណបក្សសង្គ្រោះជាតិ ។ វាងាយទេ។ រំលាយចោលហើយគណបក្សទាំងមូល។ ឥឡូវបែរជាមើលទៅហាក់ដូចជាដូចនីតិវិធី របៀបរំលាយមូលដ្ឋាន[ការលុបបញ្ជីឈរឈ្មោះឃុំសង្កាត់] ដល់រំលាយច្រើនពេក តើឱកាស[ប្រកួតប្រជែងបោះឆ្នោតនៅ]ឯណា? នេះរយៈពេលខ្លីគាត់ [គ.ជ.ប.] ធ្វើប៉ុណ្ណឹង។ ចុះបើក្រោយ គាត់ធ្វើបែបហ្នឹងទៀត រំលាយឃុំសង្កាត់ទាំងអស់។ អ៊ីចឹង? គណបក្សមានតែឈ្មោះហ្នឹង»។
លោក ថាច់ សេដ្ឋា បញ្ជាក់ថា ការលុបបញ្ជីបេក្ខជនឈរឈ្មោះទាំងស្រុងចេញពីឃុំសង្កាត់មួយចំនួននេះ គឺជា«ប្រវត្តិសាស្រ្តថ្មី» និង«លើកទីមួយ»សម្រាប់ការរៀបចំដំណើរការបោះឆ្នោតនេះ។
លោកបន្តថា៖ «ជាប្រវត្តិសាស្រ្តលើកទី១ហើយ បោះឆ្នោតតាំងពីអាណត្តិទី១ដល់ទី៥ គឺទី៥នេះ ហើយដែលមានពាក្យប្តឹង។ ពីមុនសូម្បីប្តឹងរឿងបេក្ខជនអត់មានផង កុំថា ឡើយរំលាយបញ្ជី។វាអត់មាន។ ឥឡូវនេះ គឺអាណត្តិទី៥ចាប់ផ្តើមមានហើយ។ ហើយបើមានរបៀបនេះតទៅមុខទៀត គឺចប់ហើយ ...មិនអាចមានឱកាសក្នុងការប្រកួតប្រជែងដោយស្មើភាពគ្នាអីទេ ពីព្រោះយកច្បាប់ យកនីតិវិធីរំលាយបញ្ជីយ៉ាងងាយៗបែបនេះនោះ»។
បើតាមលោក ថាច់ សេដ្ឋា បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់របស់គណបក្សភ្លើងទៀន ត្រូវបានទទួលស្គាល់ ដោយគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់រួចរាល់ហើយ ប៉ុន្តែហេតុអ្វីបានជាមានការរំលាយដល់បញ្ជីបេក្ខជនឈរឈ្មោះបែបនេះ? លោកថា ប្រសិនបើបេក្ខជនណាម្នាក់មិនគ្រប់លក្ខខណ្ឌ គួរដកតែបេក្ខជននោះ មិនមែនរំលាយបញ្ជីបេក្ខជនឈរឈ្មោះទាំងមូលឡើយ។
មិនមែនមានតែគណបក្សភ្លើងទៀនប៉ុណ្ណោះទេ គណបក្សឆន្ទៈខ្មែរក៏បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី៣១ ខែមីនា ដោយបញ្ជាក់ដែរថា ការសម្រេចរបស់ស្ថាប័នគ.ជ.ប. លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សឆន្ទៈខ្មែរនៅសង្កាត់ផ្សារថ្មីទី៣ក្នុងរាជធានីភ្នំពេញ គឺជាការសម្រេចមួយមិនត្រឹមត្រូវ ព្រោះយោងតែតាមពាក្យបណ្តឹងរបស់បុគ្គលតែម្នាក់ និងពុំមានវិធានការអង្កេតស្រាវជ្រាវឱ្យបានច្បាស់លាស់ ដើម្បីយកមកធ្វើជាមូលដ្ឋាននៃការសម្រេចរបស់ខ្លួនឡើយ។ គណបក្សឆន្ទៈខ្មែរបន្តថា ការធ្វើបែបនេះបណ្តាលឱ្យបេក្ខជនផ្សេងទៀតបាត់បង់ឱកាសក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះ។
លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា កន្លងមក គ.ជ.ប. បានសម្រេចលុបឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន៤នាក់នៅសង្កាត់វត្តភ្នំ និង១១នាក់នៅក្នុងសង្កាត់ជ័យជំនះ និងលុបបញ្ជីបេក្ខជនរបស់គណបក្សក្នុងសង្កាត់ផ្សារថ្មីទី៣ចំនួន១៨នាក់តែម្តង ដោយគ.ជ.ប. សំអាងថា បេក្ខជនទាំងនោះមិនចេះអក្សរ ឬមិនបានបំពេញបែបបទដោយផ្ទាល់ខ្លួនជាដើម។ ប៉ុន្តែលោកទាមទារឱ្យស្ថាប័នមួយនេះស៊ើបអង្កេតឱ្យបានច្បាស់លាស់។
លោកថ្លែងថា៖ «យើងបានធ្វើសេចក្តីថ្លែងការណ៍រួចហើយ បញ្ជាក់អំពីជំហររបស់យើង ហើយយើងយល់ថា ការសម្រេចនេះ គឺជាការសម្រេចដែលមិនត្រឹមត្រូវហើយមិនបានធ្វើការស៊ើបអង្កេតស្រាវជ្រាវឲ្យបានច្បាស់លាស់ អំពីមូលហេតុ។ ហេតុអ្វីបានជាគណបក្សនយោបាយមួយទៅយកបេក្ខជនដែលមិនមានចេះអក្សរនោះ គឺថា វាមិនអាចទៅរួចទេ ចំណុចទាំងអស់នេះ ហើយខ្ញុំយល់ថា ជាមូលហេតុដែលមិនសមស្របទេ»។
លោកបន្តថា៖ «ផ្ទុយទៅវិញ គ.ជ.ប. គួរតែចាប់ផ្តើមពង្រឹងការស៊ើបអង្កេតថា តើបេក្ខជនរបស់យើងរងការបំភិតបំភ័យ ការគំរាមកំហែងពីអ្នកណាខ្លះទៅវិញទេ ដែលធ្វើឱ្យពួកគាត់មានការភ័យព្រួយហើយអ្នកខ្លះអាចនឹងដកបេក្ខភាពពីការឈរឈ្មោះអីអ៊ីចឹង។ នោះទើបជាទង្វើដ៏ត្រឹមត្រូវរបស់គ.ជ.ប. ក្នុងនាមជាស្ថាប័នមួយដែលជាស្ថាប័ន[រដ្ឋ]ធម្មនុញ្ញ ហើយតាំងខ្លួនជាស្ថាប័នមួយដែលឯករាជ្យនោះ បាទ»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ហង្ស ពុទ្ធា ថ្លែងការពារការសម្រេចរបស់ស្ថាប័នគ.ជ.ប.ថា ការសម្រេចលុបចោលបញ្ជីឈ្មោះបេក្ខជន ស្របតាមអង្គហេតុ និងអង្គច្បាប់។
លោកបញ្ជាក់ថា៖ «ក្រុមប្រឹក្សាជំនុំជំម្រះ ប្រសិនបើបណ្តឹងជាបញ្ហាបុគ្គលក៏ធ្វើការពិចារណាលើបុគ្គល។បើសិនជាបុគ្គលហ្នឹងមានបញ្ហា គឺគ.ជ.ប. លុបតែបុគ្គលដែលជាបេក្ខជនទេ។ប៉ុន្តែប្រសិនបើមានការប្តឹងរហូតទៅដល់បញ្ជី ហើយផ្ទៀងផ្ទាត់ទៅឃើញថា បញ្ជីហ្នឹងមានភាពមិនល្អតាំងពីដើមទីជាពិសេសតំណាងគណបក្សនយោបាយលោកដឹងថា សមាជិករបស់ខ្លួន បេក្ខជនរបស់ខ្លួនអត់បានចេះអក្សរ ឬចេះសរសេរទេ ប៉ុន្តែលោកនៅតែព្យាយាមជួយបំពេញ នោះគឺជាការខុសឆ្គងក្នុងការរៀបចំបញ្ជីហើយ។ អ៊ីចឹង បញ្ហានេះពាក់ព័ន្ធដល់ការលុបដល់បញ្ជី»។
គួរបញ្ជាក់ថា កាលពីខែមីនា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេងបានអំពាវនាវឲ្យគណបក្សនយោបាយទាំងអស់កុំនិយាយបំផ្លើសការណ៍ពិត និងកុំធ្វើជាអ្នកនយោបាយ«ពូកែរំអួយ»។
មន្ដ្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស ថ្លែងថាគ.ជ.ប.អនុវត្តតាមច្បាប់ គឺជារឿងត្រឹមត្រូវ ប៉ុន្តែអ្វីដែលច្បាប់មិនបានចែងច្បាស់លាស់ គ.ជ.ប. គួរតែថ្លឹងថ្លែងអំពីអត្ថប្រយោជន៍របស់បេក្ខជនរបស់គណបក្សដែលចូលរួមប្រកួតការបោះឆ្នោត ជាជាងការសម្រេចចិត្តមួយធ្វើឱ្យបាត់បង់ឱកាស ដែលអាចជិះឥទ្ធិពលដល់សិទ្ធិនយោបាយទៀតផង។
លោកបញ្ជាក់ថា៖ «ដូចការចែងក្នុងមាត្រា៦២ហ្នឹងមិនបានចែងលម្អិតថាបេក្ខជនមួយ ឬពីរនៅក្នុងបញ្ជីឈ្មោះដែលបាត់បង់ត្រូវលុបបញ្ជីចោល គឺអត់ទេ។ នេះជារឿងមួយដែលសំខាន់ណាស់។ អ៊ីចឹង គ.ជ.ប. គួរពិនិត្យមើល ហើយពិចារណាឡើងវិញធ្វើម៉េចថ្លឹងថ្លែងនូវចំណុចដែលជាអត្ថប្រយោជន៍ហ្នឹងធំជាជាងការសម្រេចធ្វើឱ្យមានការបាត់បង់សិទ្ធិដល់បេក្ខជនដែលបានចូលរួមប្រកួតប្រជែង»។
គួរបញ្ជាក់ថា ក្រៅពីការទាមទារឲ្យគ.ជ.ប. កុំលុបចោលបញ្ជីឈ្មោះបេក្ខជន គណបក្សភ្លើងទៀនក៏បានរាយការណ៍ពីការរំខានផ្នែកនយោបាយលើបេក្ខជនថ្នាក់ក្រោមរបស់ខ្លួន ក្នុងនោះក៏មានការកោះហៅពួកគេទៅប៉ុស្តិ៍នគរបាលផងដែរ៕