តំណាងគណបក្សនយោបាយមួយចំនួនដែលចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ខាងមុខបានបង្ហាញក្តីព្រួយបារម្ភមួយចំនួននិងជំរុញឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)រក្សាអព្យាក្រឹតភាពនិងសុក្រឹត្យភាព។
សមាសភាពនៃថ្នាក់ដឹកនាំកំពូលទាំង៩នាក់របស់ស្ថាប័នរៀបចំការបោះឆ្នោតត្រូវបានផ្លាស់ប្តូរដោយមិនមានវត្តមានរបស់មន្រ្តីមកពីគណបក្សប្រឆាំងដ៏ធំគឺអតីតគណបក្សសង្រ្គោះជាតិឡើយក្រោយគណបក្សមួយនេះត្រូវបានរំលាយកាលពីឆ្នាំ២០១៧។ សមាសភាពថ្នាក់ដឹកនាំបច្ចុប្បន្ននេះក៏រងការរិះគន់ផងដែរថាមិនអាចធានាការបោះឆ្នោតសេរីត្រឹមត្រូវ និងយុត្តិធម៌បានឡើយ។
ប្រធានស្តីទីគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ថ្លែងថាលោកមិនមានជំនឿថាគ.ជ.បអព្យាក្រឹត្យទាំងស្រុងនោះទេដោយលោកថាស្ថាប័ននេះត្រូវបានរៀបចំឡើងដោយគណបក្សតែមួយ គឺគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។
លោកថ្លែងថា៖ «បើនិយាយពីរឿងជំនឿអាហ្នឹងយើងមិនទាន់មានជំនឿទាំងស្រុងថាមួយភាគរយដែលមានអព្យាក្រឹត្យអីទេ ដែលយើងឃើញទាំងអស់គ្នាយើងដឹងហើយ គ.ជ.បវាមានតែគណបក្សតែមួយទេ ដែលគេរៀបចំហ្នឹង ដូច្នេះវាមិនទាន់អាចធានាបាននូវអព្យាក្រឹតភាពរបស់ខ្លួននៅឡើយទេ»។
លោកបន្តថាមុនឈានទៅដល់ការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះលោកចង់ឃើញការធានាបរិយាកាសនយោបាយការបើកលំហប្រជាធិបតេយ្យនិងការមិនមានការចាប់ចងឬគំរាមកំហែងណាមួយដើម្បីធានាបាននូវការបោះឆ្នោតមួយដោយសេរីនិងយុត្តិធម៌។
លោក ថាច់ សេដ្ឋា បន្ថែមថាបើទោះគណបក្សភ្លើងទៀតបានចុះបញ្ជីបេក្ខជនបានចំនួន១.៦៤៩ឃុំសង្កាត់ ក្នុងចំណោម១.៩៥២ឃុំសង្កាត់ ទូទាំង២៥ ខេត្តក្រុងក៏ដោយក៏គណបក្សភ្លើងទៀនមិនទាន់សម្រេចជាផ្លូវការចំពោះការចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់នៅឡើយទេ។
អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន និយាយថាគណបក្សកែទម្រង់កម្ពុជាមិនមានជម្រើសច្រើនក្រៅពីចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់នោះទេបើទោះបីជាលោកមិនបានបង្ហាញទំនុកចិត្តមកលើស្ថាប័នរៀបចំការបោះឆ្នោតក៏ដោយ។
លោកថ្លែងថា៖ «ប៉ិនថាឲ្យយើងទុកចិត្តតែម្តងយើងមិនមានទំនុកចិត្តទេ។ លើកលែងតែស្ថាប័នមួយនេះរៀបចំឡើងដោយបុគ្គលឯករាជ្យប្រសិនជាថ្នាក់ដឹកនាំស្ថាប័ននេះនៅតែដឹកនាំដោយបុគ្គលដែលចេញពីនិន្នាការនយោបាយចេញពីគណបក្សនៅតែមិនបានទទួលការទុកចិត្តពីម្ចាស់ឆ្នោតអ៊ីចឹង»។
លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់ថាលោកឃើញថា ការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៩៣ និងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៧ ដែលនាពេលនេះគណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងទទួលបានសំឡេងគាំទ្រមួយភាគធំបន្ទាប់ពីគណបក្សប្រជាជនកម្ពុជាទទួលបានទំនុកចិត្តពីសាធារណជន និងសហគមន៍អន្តរជាតិ។
ចំណែកស្ថាបនិកគណបក្សកម្ពុជានិយមលោក អូក អ៊ី ក៏មិនមានជំនឿចិត្តលើស្ថាប័នរៀបចំការបោះឆ្នោតផងដែរ។
លោកថ្លែងថា៖ «ទាក់ទងនឹងថាតើអាចជឿកម្រិតណានោះ រហូតដល់ពេលនេះយើងគ្រាន់តែសង្ឃឹមថា គ.ជ.ប.នឹងអាចរក្សាអព្យាក្រឹត្យរបស់ខ្លួនឲ្យល្អ។ ទោះបីរហូតមកដល់ពេលនេះ យើងឃើញថា ឃុំសង្កាត់មួយចំនួនមានការគំរាមកំហែងមានការរឹតត្បិតពីគណបក្សកាន់អំណាចមួយចំនួនក្តី»។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក ឡឹក សុធារ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា បើទោះបីជាគណបក្សលោកមិនសូវសប្បាយចិត្តចំពោះគ.ជ.បដែលលោកថា«កែប្រែរបៀបនីតិវិធីនៃការកត់ត្រាសន្លឹកឆ្នោតក្តី» ក៏គណបក្សប្រជាធិបតេយ្យមូលដ្ឋានត្រូវតែចូលរួមការបោះឆ្នោត«ដើម្បីធានាឲ្យបាននូវការផ្ទេរអំណាចនៅថ្នាក់មូលដ្ឋាន»។
កាលពីឆ្នាំមុន គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានចេញសេចក្តីថ្លែងការណ៍មួយ ដោយស្នើសុំរដ្ឋសភាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញស្តីពីសមាសភាពស្ថាប័នគ.ជ.ប ដែលចែងពីដើមឡើយថាសមាសភាព៤រូប ត្រូវជ្រើសរើសដោយគណបក្សដឹកនាំរដ្ឋាភិបាល ៤រូបទៀតត្រូវជ្រើសរើសដោយគណបក្សមានអាសនៈក្នុងរដ្ឋសភាដែលមិនចូលរួមក្នុងរដ្ឋាភិបាល និងមួយរូបទៀតជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្សទាំងអស់ដែលមានអាសនៈក្នុងរដ្ឋសភា។ គណបក្សប្រជាធិបតេយ្យមូលដ្ឋានស្នើថាក្នុងករណីដែលមានតែគណបក្សនយោបាយមួយដែលមានអាសនៈក្នុងរដ្ឋសភា ដែលបច្ចុប្បន្នមានតែគណបក្សប្រជាជនកម្ពុជា សមាសភាពគ.ជ.ប ចំនួន៤រូប ត្រូវជ្រើសរើសដោយគណបក្សដឹកនាំរដ្ឋាភិបាល និង៥រូបទៀត ត្រូវជ្រើសរើសដោយបើកចំហ និងតម្លាភាព។
អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក សោម សូរីដាប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាជាមតិឯកជនរបស់គណបក្សនយោបាយផ្សេងៗជុំវិញឯករាជ្យភាពនិងអព្យាក្រឹតភាពរបស់គ.ជ.ប។
លោកថ្លែងថា៖ «ធម្មតាការផ្តល់មតិការផ្តល់យោបល់ការមើលឃើញនូវស្ថានភាពទូទៅ មានការវាយតម្លៃខុសៗគ្នា អ៊ីចឹងទេ នេះគ្រាន់តែជាការមានយោបល់មួយឬក៏ជាមតិមួយរបស់អ្នកពាក់ព័ន្ធដូចជាគណបក្សនយោបាយផងដែរ។ ប៉ុន្តែអ្វីដែលគ.ជ.បកំពុងតែគោរព និងអនុវត្តនោះ គឺការកំណត់យកច្បាប់ជាគោលក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន»។
លោកបន្ថែមថាក្នុងករណីមើលឃើញថា មានភាពមិនប្រក្រតីគណបក្សនយោបាយអាចដាក់សំណើជាលាយលក្ខណ៍អក្សរមកកាន់គ.ជ.បឬហៅទូរសព្ទផ្ទាល់មកកាន់ថ្នាក់ដឹកនាំគ.ជ.បដើម្បីពិនិត្យដោះស្រាយរៀបចំជាកិច្ចប្រជុំពិភាក្សារវាងគ.ជ.បនិងភាគីពាក់ព័ន្ធ ឬផ្តល់ជាភ័ស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលើមន្រ្តីបោះឆ្នោត ឬបុគ្គលមិនមែនជាមន្រ្តីបោះឆ្នោតដើម្បីប្តឹងបន្តទៅតុលាការ។
កាលពីថ្ងៃទី១០ ខែមីនា ប្រធានគ.ជ.ប លោក ប្រាជ្ញ ចន្ទ បានជួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក Vitit Muntarbhorn។ ក្នុងជំនួបតាមវីដេអូអនឡាញនោះ លោកប្រាជ្ញ ចន្ទ បានលើកឡើងថាស្ថាប័នគ.ជ.ប ត្រូវបំពេញបេសកកម្មរបស់ខ្លួនដោយគោរពនិងអនុវត្តតាមរដ្ឋធម្មនុញ្ញច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគ.ជ.ប.ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតនិងបទបញ្ជាផ្ទៃក្នុងរបស់គ.ជ.ប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.បចេញផ្សាយនៅថ្ងៃសុក្រនេះ។
លោក ឈឹម ផលវិរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានិយាយថារាល់ការបោះឆ្នោតតែងមានការត្រួតពិនិត្យនិងអង្កេតការណ៍ត្រឹមត្រូវពីភាគីពាក់ព័ន្ធនានាដើម្បីធានាបាននូវសុក្រឹត្យភាព។
លោកថ្លែងថា៖«គណបក្សនយោបាយនីមួយៗគួរតែកុំព្រួយបារម្ភហើយចោទប្រកាន់អ្នកដទៃពីព្រោះការបោះឆ្នោតសុទ្ធតែមានភ្នាក់ងារអង្កេតការណ៍មានការចួលរួមពីអង្គការសង្គមស៊ីវិល។ ហើយមាននីតិវិធីច្បាស់លាស់ហើយប្រជាពលរដ្ឋក៏គាត់ចូលរួមទាំងអស់។ ដូច្នេះ វាអត់មានអ្វីដែលគួរព្រួយបារម្ភទេ»។
បន្ទាប់ពីបិទបញ្ចប់ការទទួលពាក្យសុំចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតរយៈពេលបីថ្ងៃគិតមកទល់ថ្ងៃទី៦ ខែមីនា គណបក្សនយោបាយផ្លូវការចំនួន១៧នឹងចូលរួមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនាខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញផ្សាយកាលពីថ្ងៃទី៨ ខែមីនា៕