ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ការ​បោះឆ្នោត​ថា នីតិវិធី​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​ដាក់​​បេក្ខជន​ឃុំ​សង្កាត់​របស់​បក្ស​ភ្លើង​ទៀន​ជា​សមត្ថកិច្ច​គ.ជ.ប


រូប​ឯកសារ៖ ប្រជាពលរដ្ឋ​នាំ​គ្នា​ចូល​រួម​ការ​​បោះឆ្នោត​ នៅ​ឃុំ​សំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ (អ៊ិត សូធឿត/វីអូអេ)
រូប​ឯកសារ៖ ប្រជាពលរដ្ឋ​នាំ​គ្នា​ចូល​រួម​ការ​​បោះឆ្នោត​ នៅ​ឃុំ​សំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ (អ៊ិត សូធឿត/វីអូអេ)

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គ.ជ.ប) និយាយ​នៅថ្ងៃ​អង្គារនេះ​ថា ករណីបេក្ខ​ជន​ឈរ​ឈ្មោះ​បោះឆ្នោតក្រុមប្រឹក្សាឃុំ​សង្កាត់មក​ពីគណបក្ស​ភ្លើង​ទៀន​ពាក់ព័ន្ធ​នឹង​ការ​ក្លែងស្នាម​មេដៃ និង​ហត្ថលេខា​លើ​ឯកសារ​សម្រាប់​ចុះឈ្មោះ​បេក្ខភាព​ឈរ​ឈ្មោះ​បោះ​ឆ្នោត​មិន​មែនជាដែន​សមត្ថកិច្ច​ដោះស្រាយ​របស់គ.ជ.ប​នោះ​ទេ។​

ក៏ប៉ុន្តែ​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​លើក​ឡើង​ថា​សំណុំ​រឿង​ពាក់ព័ន្ធនឹង​ការ​ក្លែង​បន្លំ​ស្នាម​មេដៃ និង​ហត្ថលេខា​លើឯកសារ​សម្រាប់​ចុះ​ឈ្មោះបេក្ខភាព​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ដែល​ឈាន​ទៅ​ឃាត់​ខ្លួន​បេក្ខជន​ពីរ​រូប​របស់​គណបក្ស​ភ្លើង​ទៀនគឺ​ត្រូវ​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មិនមែន​ស្ថាប័ន​ទទួល​បន្ទុក​កិច្ចការ​យុត្តិធម៌នោះ​ទេ។

ការ​ឆ្លើយ​ឆ្លង​គ្នា​រវាង​អ្នកជំនាញ​និង​មន្ត្រីស្ថាប័ន​រៀបចំ​បោះឆ្នោត​នេះ​កើត​មានឡើង​បន្ទាប់​ពីសមត្ថកិច្ច​ខេត្ត​ពោធិ៍សាត់កាល​ពី​ថ្ងៃ​ចន្ទ​បាន​បញ្ជូន​ លោក អ៊ុក សាវ៉ារិន និង​លោក ​ឈួន ឈឿង​បេក្ខជនឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់គណបក្ស​ភ្លើង​ទៀន​ទៅ​តុលាការ​ដើម្បី​ឆ្លើយ​បំភ្លឺ​ករណី​ក្លែង​បន្លំ​ស្នាម​មេដៃ​និង​ហត្ថលេខា​លើ​ឯកសារ​សម្រាប់​ចុះ​ឈ្មោះ​បេក្ខភាព​ឈរ​ឈ្មោះ​បោះឆ្នោត។

អ្នក​នាំពាក្យគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គ.ជ.ប) លោក​ហង្ស ពុទ្ធា ​ប្រាប់​VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថា គ.ជ.ប​ស្វាគមន៍​រាល់​សំណើ​និង​សំណូមពរ​ដែល​ពាក់​ព័ន្ធនឹង​ការ​បោះឆ្នោត​ប៉ុន្តែ​លោក​ថា គ.ជ.ប មិន​មែន​ជា​អ្នក​បើក​សវនាការ​កាត់​ក្តី​ករណី​នេះ​ទេ។

«គ.ជ.ប មិន​មែន​ជា​តុលាការ​ដែល​ត្រូវ​បើក​សវនាការក្នុង​រឿង​ពាក្យ​បណ្តឹង​ហ្នឹង​ទេ។ អ៊ី​ចឹង គ.ជ.ប មិន​លូក​ដៃ​ក្នុង​កិច្ចការ​បណ្តឹង​ពាក់​ព័ន្ធនឹង​ការងារ​ខាង​ក្រៅដែល​មិនមែនជា​ការ​បោះឆ្នោតនោះ​ទេ»។​

លោក ហង្ស ពុទ្ធា បន្ថែម​ថា រាល់​កិច្ច​ការ​ពាក់​ព័ន្ធនឹង​ការ​បោះឆ្នោត នោះ​ គ.ជ.ប គឺជា​អ្នក​ទទួល​ខុស​ត្រូវ។​

ឆ្លើយ​តប​នឹង​សំណួរ​របស់ ​VOA ​ដែល​សួរ​ថា តើ​ករណី​ឃាត់​ខ្លួន​បេក្ខជន​គណបក្សភ្លើង​ទៀន​ទាំង​ពីរ​រូប​ទាក់​ទង​នឹងការ​ក្លែង​បន្លំ​ស្នាម​មេដៃ និង​ហត្ថលេខា​លើ​ឯកសារ​សម្រាប់​ចុះឈ្មោះ​បេក្ខភាព​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ថា​ជា​ករណី​បោះឆ្នោត​ដែរ ឬទេ? អ្នកនាំពាក្យ​គ.ជ.ប រូប​នេះ​ឆ្លើយ​ថា៖

«គ.ជ.ប បាន​ដាក់​មន្រ្តី​របស់​ខ្លួន​កំពុង​ស្រាវជ្រាវ អ៊ីចឹង​យើង​ពុំទាន់​មាន​ការបែង​ចែក​ថា​ករណី​នេះ​ជាករណី​អ្វី​នៅ​ឡើយ​ទេ​បាទ»។

លោក​អ៊ុក សាវ៉ារិន គឺ​ជា​បេក្ខជន​ឈរ​ឈ្មោះបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់គណបក្ស​ភ្លើង​ទៀន​នៅ​ឃុំ​អន្សា​ចំបក់​ស្ថិត​ក្នុង​ស្រុក​ក្រគរ ​ចំណែក​លោក​ឈួន ឈឿង ​បេក្ខជ​នឈរឈ្មោះបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​នៅ​ឃុំ​ស្រែ​ស្ដុក ស្រុក​កណ្ដៀង​ខេត្ត​ពោធិ៍សាត់។​

អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន​លោក​ថាច់ សេដ្ឋា ​លើកឡើង​ថា​បេក្ខជន​ឈរ​ឈ្មោះ​ឃុំ​សង្កាត់​គណបក្ស​ភ្លើង​ទៀន​ទាំងពីរ​នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​ពោធិ៍​សាត់​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​ពី​បទក្លែង​បន្លំ​ឯកសារ​សាធារណៈ​ដូចគ្នា។ លោក​ថា បេក្ខជន​ទាំង​ពីរ​មិនបាន​ក្លែង​ស្នាម​មេដៃ​និង​ហត្ថលេខាដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

«គាត់​បាន​អះអាង​ថា​នោះ​ជា​ហត្ថលេខា​ពិត​ប្រាកដ​របស់​អ្នក​ដែលចោទ​ប្រកាន់​គាត់​ហ្នឹង ដែល​យើង​បាន​ហៅគាត់​ឲ្យ​ចូល​ឈរ​ជា​បេក្ខជន​ឃុំ​ហ្នឹង​គឺ​ជា​ហត្ថលេខា​គាត់​ពិត​ប្រាកដ។ បាន​ប្រកែកគ្នា​អ៊ីចឹង។ ហើយ​ប៉ូលិស​ក៏​បាន​ហៅ​ទៅ​សម្រប​សម្រួល។​ទៅ​សម្រប​សម្រួល​ទៅ ទាំង​ភាគី​សងខាងហ្នឹង​ទាំង​ប៉ូលីស​ហ្នឹងថាទទួល​ស្គាល់ថា​ក្លែង​ទៅ​វាឆាប់​ចប់។ ហើយ​ម្ខាង​ទៀត​ហ្នឹង​ក៏​គាត់​មិនចង់​ប្តឹង​ផ្តល់អីដែរ។ដល់​អ៊ី​ចឹងហើយក៏​គាត់ថាទទួល​ទៅ​វា​ចប់​រឿង។ ហើយ​ស្រាប់​តែ​ថា​ទទួល​ទៅ​វាចប់​រឿង​បែរ​ជា​ទៅ​ជា​រឿង​ប្តឹង​ផ្តល់ តុលាការ​ចាប់​ខ្លួន​ចាប់​អី​នោះ​ទៅវិញ»។

លោក ថាច់ សេដ្ឋា បន្ថែម​ថា ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​បេក្ខជន​ទាំង​ពីរ គឺ​ជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​គណបក្ស​ភ្លើង​ទៀន។​

​មន្ដ្រី​ជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែលលោក​កន សាវាង្ស​លើក​ឡើង​ថា​បើ​តាម​មាត្រា​៤២ ចំណុច​ទី​២៥ នៃ​ច្បាប់​ស្តីពីការ​រៀប​ចំ​និងប្រ​ព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ករណី​ពាក់​ព័ន្ធនឹង​បេក្ខជន​គណបក្ស​ភ្លើង​ទៀន​ទាំង​ពីរ​នាក់ គឺជា​វិវាទ​ទាក់ទង​នឹង​ការ​បោះឆ្នោត។ លោក​ថា រាល់​វិវាទ ឬ​ករណី​ណា​ក៏​ដោយ​ដែល​មាន​ពាក់​ព័ន្ធនឹង​ការ​បោះឆ្នោតគឺ​ត្រូវ​ដោះ​ស្រាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​មិនមែន​ជាសមត្ថកិច្ច​របស់​តុលាការ​នោះ​ទេ​។​

«ករណី​ហ្នឹង​គេ​ដាក់​ឲ្យ​មាន​បណ្តឹង​ជា​សាធារណៈ តែ​បណ្តឹង​មិនមែន​បណ្តឹងដាក់​ទៅ​សាធារណៈ​ទេគឺបណ្តឹង​ទៅគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោតហ្នឹង។ ហើយ​ខាង​តុលាការ​ហ្នឹង​ក៏​មិន​អាចទទួល​រឿង​ក្តី​ហ្នឹង​ដែរ ពីព្រោះ​រឿង​ក្តី​ហ្នឹង​គឺជា​រឿង​ក្តី​ទាក់ទង​នឹង​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​គេ​មាន​នីតិវិធី​របស់​គេ​ហើយ​ដល់​ពេល​តុលាការ​គាត់​ទៅធ្វើ​ការ​ទទួលរឿង​ក្តី​ហ្នឹង​តើ​ចោទ​បែប​ម៉េច?»។

ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់​លោក ​ស ថេង​ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ប្រាប់​ថា​លោកកំពុង​មាន​ជំងឺ។

ចំណែក​អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់អ្នក​ស្រី ផាន់ សុគន្ធថង​និយាយ​ថា រាល់​ចំណាត់​ការ​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង គឺ​ជា​សិទ្ធិ​អំណាច​របស់​តុលាការ។ អ្នក​ស្រី​បន្ថែមថា​កាល​ពី​ថ្ងៃទី​១១ ខែមីនា​តុលាការ​បាន​ចោទ​ប្រកាន់លោក អ៊ុក សាវ៉ារិន ពី​បទ «ក្លែង​ឯកសារ​សាធារណៈ» សម្រាប់​លោក ឈួន ឈឿង អ្នកស្រី​ថា តុលាការមិនទាន់​ទទួល​បាន​ឈ្មោះ​នៅ​ឡើយ។

គណបក្ស​ភ្លើង​ទៀន​បាន​ប្តូរឈ្មោះ​ពីគណបក្ស​សម រង្ស៊ី​ កាលពី​ឆ្នាំ​២០១២នៅ​ពេល​ដែល​គណបក្ស​សម រង្ស៊ី និងគណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម សុខា​បាន​ច្របាច់​បញ្ចូល​គ្នាដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ។​ប៉ុន្តែ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​វិញ​កាល​ពី​ឆ្នាំ​២០១៧​ដោយចោទ​ប្រកាន់ពីបទ​ក្បត់​ជាតិ។​

គណបក្ស​ភ្លើង​ទៀន​ដែល​សព្វថ្ងៃ​ស្ថិត​ក្រោម​ការ​ដឹកនាំ​បណ្តោះ​អាសន្ន​របស់​លោក​ថាច់​ សេដ្ឋា​ដែល​ជា​អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​និង​ជា​អតីត​សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប​មាន​ឫស​គល់​ចេញ​ពី​គណបក្ស​ជាតិ​ខ្មែរ​ដែល​មាន​លោក​សម រង្ស៊ី​ ជា​ស្ថាបនិក។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ភ្លើង​ទៀន ចេញ​នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២ បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២២ គណបក្ស​ភ្លើង​ទៀន​បាន​ដាក់បញ្ជី​ឈ្មោះ​បេក្ខជន​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ ទៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀប​ចំការ​បោះឆ្នោតជាផ្លូវ​ការ​បាន​ចំនួន១.៦៤៩​ឃុំ​សង្កាត់ លើ​១.៦៥២ ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស៕

XS
SM
MD
LG