ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ ខណៈ​ដែល​សមាគម​អាស៊ាន​ឈាន​ទៅ​រក​សមាហរណកម្ម តើ​កម្ពុជា​នឹង​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ខ្លះ?


មេដឹកនាំ​ពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​​កាន់​ដៃ​តាម​​ប្រពៃណី​អាស៊ាន​ដើម្បី​ថត​រូប​នៅ​ក្រោយ​ការ​ចុះ​ហត្ថលេខា​​បង្កើត​សហគមន៍​អាស៊ាន កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
មេដឹកនាំ​ពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​​កាន់​ដៃ​តាម​​ប្រពៃណី​អាស៊ាន​ដើម្បី​ថត​រូប​នៅ​ក្រោយ​ការ​ចុះ​ហត្ថលេខា​​បង្កើត​សហគមន៍​អាស៊ាន កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

ក្នុង​បរិបទ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់​អាស៊ាន ​អ្នក​ជំនាញ​កំពុង​​មាន​ការ​បារម្ភ​​ថា ​កម្ពុជា​នឹង​មិន​មាន​ការ​ប្រកួត​ប្រជែង​គ្រប់គ្រាន់​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

កំណត់និពន្ធ៖ ក្នុង​បរិបទ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់​អាស៊ាន ​អ្នក​ជំនាញ​កំពុងមាន​ការ​បារម្ភថា ​កម្ពុជា​នឹង​មិន​មាន​ការ​ប្រកួត​ប្រជែង​គ្រប់គ្រាន់​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ខណៈ​ពេល​ដែលលំហូរ​ទំនិញ​និង​សេវាកម្ម​ដោយ​សេរី​រវាង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​ត្រូវ​បាន​ព្រមព្រៀង។ លោកស្រី​សាស្ត្រាចារ្យ ​Pek Koon Heng Blackburn​ គឺ​ជា​សាស្ត្រាចារ្យ​នៃ​ការ​សិក្សា​អន្ដរជាតិ​និង​ជា​នាយកមជ្ឈមណ្ឌល​ការ​សិក្សា​អាស៊ាន​នៅ​ឯ​សាកល​វិទ្យាល័យ American Universityក្នុង រដ្ឋធានី​វ៉ាស៊ីនតោន។ នៅ​ពេល​នេះ​លោកស្រី​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​លោក​មាន ​ឥស្សរាយស​ នៃ​ VOA ​ដើម្បី​ពិភាក្សា​អំពី​ការ​ផ្តួចផ្តើម​ថ្មី​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​សមាជិក​អាស៊ាន​កំពុងស្វែងរក​ការ​ចូល​រួម​ក្នុងសមាហរណកម្ម​សេដ្ឋកិច្ច។ នៅ​ក្នុង​បទ​សម្ភាសន៍​នេះ​លោកស្រី​ បាន​ពន្យល់​ពី​គំនិត​នៅ​ពី​ក្រោយ​សហគមន៍​សេដ្ឋកិច្ច​និង​បញ្ហា​ប្រឈម​ដែល​ប្រទេស​កម្ពុជា​ជួប​ប្រទះ​នៅ​ពេលចូល​រួម​ក្នុងសមាហរណកម្ម​សេដ្ឋកិច្ច។

សូម​ចុច​ស្តាប់​និង​អាន​បទ​សម្ភាសន៍​ទាំង​ស្រុង​ដូច​តទៅ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA Khmer: សូម​អរគុណ​ដែល​បាន​ចូល​រួម​នៅ​ក្នុង​បទ​សម្ភាសន៍​នេះ។ តើ​អ្វី​ទៅ​ជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន?

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ​ដែល​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​នេះ​ក្រោម​ការ​ដឹកនាំ​របស់​ប្រទេស​ម៉ាឡេស៊ី​ដែល​ជា​ប្រធាន​អាស៊ាន​ តាម​ពិត​ទៅ​គ្រាន់​តែ​ជា​សហគមន៍​មួយ​ក្នុង​ចំណោម​សហគមន៍​ទាំង​៣​របស់​អាស៊ាន។ សហគមន៍​អាស៊ាន​ពឹង​ផ្អែក​លើ​សហគមន៍​ចំនួន​៣ ​រួម​មាន​ សហគមន៍​សន្តិសុខ​នយោបាយ សហគមន៍​សេដ្ឋកិច្ច និង​សហគមន៍​វប្បធម៌​សង្គម។ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជា​ សហគមន៍​មួយ​ក្នុង​ចំណោម​សហគមន៍​ទាំង​នោះ​ ហើយ​វា​ពិត​ជា​មាន​សារៈសំខាន់​ជាង​គេ​សម្រាប់​អាស៊ាន។ ដូច្នេះ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​បង្កើត​ទីផ្សារ​តែ​មួយ​ ដែល​មាន​មូលដ្ឋាន​លើ​ផលិតកម្ម។ សហគមន៍​នេះ​នឹង​បង្កើត​តំបន់​សេដ្ឋកិច្ច​ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង​មួយ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​សមភាព​ជាង​មុន​នៅ​ក្នុង​តំបន់​អាស៊ាន ក៏​ដូចជានឹង​បញ្ចូល​អាស៊ាន​កាន់​តែ​ខ្លាំង​ទៅ​ក្នុង​សេដ្ឋកិច្ច​សាកល​ទាំង​មូល។

នៅ​ពេល​ដែល​យើង​និយាយ​ពី​ការ​បង្កើត​ទីផ្សារ​តែ​មួយ​នេះ យើង​នឹង​និយាយ​សំដៅ​ទៅ​លើទីផ្សារ​នៃ​អ្នក​ប្រើប្រាស់​ចំនួន​៦៣៣​លាន​នាក់ នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០។ ប្រទេស​ទាំង​នេះ​មាន​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ចំនួន​២.៣០០​ពាន់​លាន​ (២,៣​ទ្រីលាន) ដុល្លារ ហើយ​មានអត្រា​កំណើន​ដ៏​ខ្ពស់​បំផុត​ក្នុង​តំបន់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចាប់​តាំង​ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​(២០០៨)​មក។

នៅ​ក្នុង​ឆ្នាំ​២០១៤ ​អាស៊ាន​បាន​ចុះ​បញ្ជី​អត្រា​កំណើន​៥,៦​ភាគរយ​ ដែល​នេះ​ជា​មូលហេតុ​នាំ​ឲ្យ​មានការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី​អន្តរជាតិ សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​ផង​ដែរ​ ដែល​ចង់​ឃើញ​ឲ្យ​មាន​ការ​បង្កើតនូវ​ទីផ្សាររួម​តែ​មួយ​ដែល​មាន​មូលដ្ឋាន​លើ​ផលិតកម្ម​នេះ​នឹង​ធ្វើ​ឲ្យ​សម្រេច​បាន។ អាស៊ាន​ក៏​ចង់​បង្កើត​នូវ​តំបន់​សេដ្ឋកិច្ច​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​មួយ តាមរយៈ​ការ​អនុវត្ត​គោលនយោបាយ​ប្រកួត​ប្រជែង កម្មសិទ្ធិ​បញ្ញា (intellectual property rights) និង​ការ​ការពារ​អ្នក​ប្រើប្រាស់។ ដូច្នេះ យើង​អាច​មាន​លក្ខណៈប្រកួត​ប្រជែង​ខ្លាំង​ជាង​មុន ហើយ​យើង​នឹង​ទាក់ទាញ​បាន​អ្នក​វិនិយោគ​ច្រើន​បន្ថែម​ទៀត ដោយសារបញ្ញត្តិកម្មសិទ្ធិ​បញ្ញា​ប្រសើរ​ជាង​មុន។ ហើយ​បន្ទាប់​មក​ វា​នឹង​បន្ថយ​គម្លាត​ប្រាក់​ចំណូល​នៃ​បណ្តា​ប្រទេស​នៅក្នុងអាស៊ាន​ឲ្យ​ទៅ​ជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​សមភាព ហើយ​វា​នឹង​បង្កើត​មូលនិធិ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន​ ដោយ​យើង​សង្ឃឹម​ថា​នឹង​មាន​មូលធន​ចំនួន​១៣​ពាន់​លាន​ដុល្លារ​ដើម្បី​លើក​កម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​ជាង​គេ​ ដូចជា​ប្រទេស​ឡាវ កម្ពុជា និង​មីយ៉ាន់ម៉ា។ ហើយ​នៅ​ទី​បំផុត វា​នឹង​ធ្វើ​សមាហរណកម្ម​ទី​ផ្សារ​អាស៊ាន​ចូល​ទៅ​ជា​សេដ្ឋកិច្ច​សាកល និង​កិច្ច​ព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ (Regional Comprehensive Economic Partnership)។ វា​នឹង​ក្លាយ​ជា​តំបន់​ពាណិជ្ជកម្ម​អាស៊ាន​ជាមួយ​នឹង​ដៃគូ​របស់​អាស៊ាន។ ដូច្នេះ វា​នឹង​មាន​ប្រទេសសមាជិក​ចំនួន​១៦ ដែល​រួម​មាន​ឥណ្ឌា​និង​ចិន​ផង​ដែរ។ នេះ​ជា​គោលដៅ​ប្រកប​ដោយ​មហិច្ឆតា​មួយ​ ហើយ​វា​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ​នេះ។

លោកស្រី​សាស្ត្រាចារ្យ ​Pek Koon Heng Blackburn​ គឺ​ជា​សាស្ត្រាចារ្យ​នៃ​ការ​សិក្សា​អន្ដរជាតិ​និង​ជា​នាយកមជ្ឈមណ្ឌល​ការ​សិក្សា​អាស៊ាន​នៅ​ឯ​សាកល​វិទ្យាល័យ American Universityក្នុង រដ្ឋធានី​វ៉ាស៊ីនតោន។​ (ផ្តល់​ឲ្យ​ដោយ ek Koon Heng Blackburn​)
លោកស្រី​សាស្ត្រាចារ្យ ​Pek Koon Heng Blackburn​ គឺ​ជា​សាស្ត្រាចារ្យ​នៃ​ការ​សិក្សា​អន្ដរជាតិ​និង​ជា​នាយកមជ្ឈមណ្ឌល​ការ​សិក្សា​អាស៊ាន​នៅ​ឯ​សាកល​វិទ្យាល័យ American Universityក្នុង រដ្ឋធានី​វ៉ាស៊ីនតោន។​ (ផ្តល់​ឲ្យ​ដោយ ek Koon Heng Blackburn​)

VOA: អ្នក​បាន​លើក​ឡើង​ពី​ធាតុ​នៃ​ទីផ្សារ​តែ​មួយ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។ តើ​មានការ​ចំណេញ​ខាត​អ្វី​ខ្លះ​សម្រាប់​អាស៊ាន? បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មាន​២ប្រភេទ​ គឺ​អតីត​អាស៊ាន​៦​ប្រទេស​ដំបូង​ដែល​មាន​ការ​អភិវឌ្ឍ​ខ្លាំង និង​សមាជិក​៤​ផ្សេង​ទៀត​ដែល​មាន​ការ​អភិវឌ្ឍ​យឺត។ តើ​ទីផ្សារ​តែ​មួយ​នេះ​ផ្តល់​ប្រយោជន៍​អ្វី​ខ្លះ​ និង​មាន​ផលវិបាក​អ្វី​ខ្លះ​ដល់​ប្រទេស​ទាំង​នោះ?

អ្នក​ត្រូវ​តែ​មើល​ទៅ​ទាំង​ទី​ផ្សារ​តែ​មួយ និង​ទីផ្សារ​ដែល​មាន​មូលដ្ឋាន​លើ​ផលិតកម្ម​ ពីព្រោះ​ថា​ វា​ជា​រឿង​ដែល​អ្នក​ប្រើប្រាស់​ទិញ​ផលិតផល​ និង​វា​ក៏​ជា​បញ្ហា​ផលិតកម្ម​ដែល​មាន​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។ សង្ឃឹម​ថា នឹង​មាន​ការ​វិនិយោគ​បន្ថែម​ទៅ​កាន់​ប្រទេស​សមាជិក​អាស៊ាន​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច។ នេះ​ជា​ផលប្រយោជន៍​ដែល​ប្រទេស​ទាំង​នោះ​ទទួល​បាន​ ប្រសិន​បើ​ពួកគេ​អាច​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​បាន។ ផល​ប្រយោជន៍​ហ្នឹង​គឺ​ថា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​បង្កើត​អ្វី​ដែល​គេ​ហៅ​ថា ទីផ្សារ​ស្រដៀង​គ្នា​ ដោយសារ​តែ​វា​ជា​តំបន់​ពាណិជ្ជកម្ម​សេរី។ តំបន់​ពាណិជ្ជកម្ម​សេរី​ជា​កន្លែង​ដែល​អ្នក​អាច​ធ្វើ​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​ណា​មួយ​ក៏​បាន​នៅ​ក្នុង​តំបន់​អាស៊ាន។ ឧទាហរណ៍​ថា នៅ​ពេល​ដែល​អ្នក​ធ្វើ​ផលិតកម្ម​នៅ​ប្រទេស​ឡាវ អ្នក​មិន​ត្រឹម​តែ​អាច​លក់​ផលិតផល​ដល់ប្រជាជន​ចំនួន​ដ៏​តិច​របស់​ប្រទេស​ឡាវ​នោះ​ទេ ប៉ុន្តែ​ក៏​អាច​ដល់អ្នក​ប្រើប្រាស់​ទាំង​៦៣៣​លាន​នាក់​(របស់​អាស៊ាន)តែ​ម្តង។ នៅ​ពេល​អ្នក​វិនិយោគ​នៅ​ក្នុង​ប្រទេស​ណា​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​១០​អ្នក​នឹង​មាន​មធ្យោបាយ​ទៅ​ប្រទេស​ទាំង​១០​តែ​ម្តង។

ដើម្បី​ឲ្យ​ប្រទេស​ទាំង​នោះ​ទាក់ទាញ​ការ​វិនិយោគ​ ពួកគេ​ត្រូវ​បន្ថយ​របាំង​ពន្ធ​គយ បន្ថយ​របាំង​មិន​មែន​ពន្ធ​គយ និង​របាំង​ច្បាប់ ឬ​បញ្ញត្តិ​នានា។ ពួកគេ​បន្ថយ​របាំង​ពន្ធ​គយ​គឺ​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ។ តាម​ពិត​ទៅ​ វា​មាន​សារៈសំខាន់​ណាស់​ដែល​ថា ទី​ផ្សារ​តែ​មួយ​គឺ​ជា​ទីផ្សារ​ផលិតកម្ម​តែ​មួយ។ នឹង​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ទំនិញ សេវាកម្ម ការ​វិនិយោគ ដើម​ទុន និង​កម្លាំង​ពលកម្ម។ ឧទាហរណ៍​ថា ក្រុមហ៊ុន​ពហុជាតិ​មួយ​របស់​អាមេរិក​ចង់​ផលិត​យានយន្ត​នៅ​ក្នុង​ប្រទេស​ណា​មួយ ឧបមា​ថា ប្រទេស​កម្ពុជា នោះ​ពន្ធគយ នីតិវិធី​សុំ​ និង​ទម្រង់​បែបបទ​មាន​លក្ខណៈ​ដូច​គ្នា។ នៅ​ពេល​ចូល​ទៅ​កម្ពុជា​ហើយ នឹង​មាន​ស្តង់ដារ​(រួម)​តែ​មួយ​នៃ​ពន្ធ​គយ​ និង​បញ្ញត្តិ​ឆ្លង​កាត់​ព្រំដែន​ដទៃៗ​ទៀត។ វា​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ជំនួញ​នៅ​ក្នុង​ប្រទេស​អាស៊ាន មិន​ថា​អ្នក​នៅ​ទី​ណា​នោះ​ទេ។ ដូច្នេះ ចំណុច​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា ត្រូវ​បង្កើត​បរិយាកាស​ល្អ​សម្រាប់​ការ​ធ្វើ​ជំនួញ​ ដើម្បី​ឲ្យ​ពួកគេ​អាច​ទាក់ទាញ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​(FDI) បាន ។

ប្រទេស​អាស៊ាន​ត្រូវ​តែ​បន្ថយ​របាំង​របស់​ខ្លួន​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម ហើយ​បើ​និយាយ​ពី​ពន្ធគយ​វិញ វា​បាន​ថយ​ចុះ​ជាង​៩០ភាគរយ​ហើយ។ ប្រទេស​នានា​បាន​បន្ថយ​របាំង​ពន្ធ​គយ​នៅ​ទូទាំង​អាស៊ាន​បាន​ជាង​៩០ភាគរយ។ ប៉ុន្តែ​របាំង​មិន​មែន​ពន្ធ​គយ​និង​បទ​បញ្ជា​គ្រប់គ្រង​នានា​នៅ​តែ​មាន​ច្រើន ប្រសិន​បើ​អ្នក​មើល​ទៅ​របាំង​មិន​មែន​ពន្ធ​គយ និង​បទ​បញ្ញត្តិ​ទាំង​នោះ។ ប្រសិន​បើ​អ្នក​មើល​ប្រទេស​សិង្ហបុរី ​ប្រទេស​នេះ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​បើក​ចំហ​បំផុត។ ប្រទេស​សិង្ហបុរី​ស្ទើរ​តែ​មិន​មាន​របាំង​មិន​មែន​ពន្ធ​គយ​ ប៉ុន្តែ​កម្ពុជា ឡាវ ឥណ្ឌូណេស៊ី និង​មីយ៉ាន់ម៉ា​វិញ​មាន​របាំង​ច្រើន។ នេះ​ហើយ​ជា​ការងារ​ជាច្រើន​ដែល​យើង​ត្រូវ​ធ្វើ​ទៀត។

VOA Khmer: អ្នក​បាន​លើក​ឡើង​ថា ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​ តើ​អ្នក​កំពុង​និយាយ​ពី​កំណែ​ទម្រង់​អ្វី​ដែរ?

យើង​ចង់និយាយ​អំពី​ការ​កាត់​បន្ថយ​គោល​នយោបាយការពារ​បុព្វសិទ្ធិ​(សិទ្ធិ​ពិសេស)ពាណិជកម្ម​ក្នុង​ស្រុក ឬគាំពារនិយម (Protectionism)។ ឧទាហរណ៍​ ប្រទេស​កម្ពុជា​នៅ​តែ​គាំពារ​វិស័យ​ស្រូវ​អង្ករ​ ឬ​ក៏​អាច​និយាយ​បាន​ថា ពួកគេ​គាំពារ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ ដូចជា​វិស័យ​សំណង់។ នៅ​ក្នុង​ករណី​ប្រទេស​វៀតណាម​ ពួកគេ​មាន​សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ដែល​ទទួល​បាន​បុព្វសិទ្ធិ​ពី​រដ្ឋ ហើយ​ពួកគេ​ត្រូវ​តែ​បន្ថយ​របាំង​ទាំង​នោះ។ និយាយ​មួយ​បែប​ទៀត គឺ​ថា អ្នក​មិន​អាច​មាន​យន្តការ​គាំពារនិយម​នេះ​ទេ។ ពួកគេ​ត្រូវ​កាត់​បន្ថយ​បទបញ្ញត្តិ​របស់​រដ្ឋាភិបាល​ គោលនយោបាយ​ពន្ធដារ ហើយ​ពួកគេ​ដោះស្រាយ​បញ្ហា​របាំង​មិន​មែន​ពន្ធគយ​ទាំង​អស់។ សម្រាប់​របាំង​ពន្ធ​គយ​ វា​មាន​ភាព​ងាយ​ស្រួល​ វា​មាន​តែ​២ភាគរយ​ប៉ុណ្ណោះ​លើ​ការ​នាំ​ទំនិញ​ចូល។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​នៅ​ក្នុង​ប្រទេស​ទាំង​នោះ ឧទាហរណ៍​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ការ​ផលិត​រថយន្ត​កំពុង​ហូរ​ចូល​ប្រទេស​ម៉ាឡេស៊ី ហើយ​របាំង​ពន្ធគយ​បាន​ថយ​ចុះ​ដល់​ប្រមាណ​ជា​៥​ភាគរយ។ ប៉ុន្តែ​ម៉ាឡេស៊ី​អនុវត្ត​លើ​លិខិត​អនុញ្ញាត ប័ណ្ណ​បើកបរ ឬ​ចំណាយ​ផ្សេងៗ ហើយ​បន្ទាប់​ពី​បង់​ពន្ធ​ជូន​រដ្ឋាភិបាល​រួច​ លិខិត​អនុញ្ញាត ថ្លៃ​ប័ណ្ណ​បើកបរ និង​តម្លៃ​ពិត​ប្រាកដ​របស់​រថយន្ត​មួយ​នឹង​កើន​ជាង​៣០​ភាគរយ​ថែម​ពី​លើ​ការ​នាំ​ចូល​ទៅ​ទៀត។ ដូច្នេះ នេះ​ហើយ​ជា​អ្វី​ដែល​យើង​ហៅ​ថា របាំង​មិន​មែន​ពន្ធគយ។

ដូច​គ្នា​នេះ​ផង​ដែរ របាំង​មិន​មែន​ពន្ធគយ នៅ​តែ​ជា​បញ្ហា​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន។ ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​កាត់​បន្ថយ​បញ្ហា​ទាំង​នេះ ហើយ​របាំង​មិន​មែន​ពន្ធ​គយ​ជា​បញ្ហា​ប្រឈម​ធំ​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ត្រូវ​ដោះស្រាយ។ ប្រទេស​ឡាវ​និង​កម្ពុជា​នៅ​តែ​មាន​គោល​នយោបាយ​គាំពារ​ច្រើន​បែប​ច្រើន​យ៉ាង។ ប្រទេស​វៀតណាម​នឹង​បន្ថយ​របាំង​របស់​ពួកគេ​តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (TPP) ដូច្នេះ​វៀតណាម​នឹង​មាន​ការ​នាំ​មុខ​ជា​មិន​ខាន។ ម៉ាឡេស៊ី​និង​វៀតណាម​នឹង​ធ្វើ​សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច​ទៅ​ដល់​កម្រិត​ដ៏​ខ្លាំង​មួយ​ជាង​អ្នក​ដែល​មិន​ស្ថិត​នៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដៃ​គូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (TPP)។

VOA Khmer: តើ​ប្រទេស​កម្ពុជា​អាច​ធ្វើ​អ្វី​បាន​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​សហគមន៍​នេះ? តើ​រដ្ឋាភិបាល​អាច​ធ្វើ​អ្វី​បាន​ខ្លះ? តើ​ពលរដ្ឋ​កម្ពុជា​អាច​ធ្វើ​អ្វី​ដើម្បី​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ​នេះ?

ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​នានា​ដូចជា​ប្រទេស​ឡាវ​និង​ឥណ្ឌូណេស៊ី​ ដែល​ជា​ប្រទេស​មាន​ការ​គាំពារ​ច្រើន​នោះ​ ដោយ​សារ​តែ​ពួកគេ​បារម្ភ​អំពី​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​មាន​ស្រាប់​មិន​ខ្លាំងក្លា​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួត​ប្រជែង។ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ក្តោតក្តាប់​ដោយ​ក្រុមហ៊ុន​ចិន​នៅ​វិស័យ​កាត់​ដេរ វិស័យ​ថាមពល វិស័យ​សំណង់ និង​ការ​លក់​រាយ។ ដោយសារ​ក្រុមហ៊ុន​សុទ្ធ​តែ​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ពួកគេ​អាច​ចូល​ដល់​ទីផ្សារ​ដែល​ធំ​ជាង​នេះ​(ផ្សារ​អាស៊ាន) ទោះ​ណា​ជា​មាន​ក្តី​កង្វល់​លើ​បញ្ញត្តិ​ស្តី​ពី​ប្រភព​ដើម​ក៏​ដោយ។ និយាយ​មួយ​បែប​ទៀត ប្រសិន​បើ​ក្រណាត់​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ពួកគេ​អាច​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា​មិន​ជាប់​ពន្ធ​នោះ​ទេ ដោយ​ពួកគេ​ទទួល​បាន​បុព្វសិទ្ធិ​ នានា​នៃ​ទីផ្សារ​តែ​មួយ​និង​ទីផ្សារ​ផលិតកម្ម។ ប៉ុន្តែ​ប្រសិន​បើ​វត្ថុ​ធាតុ​ដើម​យក​មក​ពី​ប្រទេស​ចិន វា​មិន​អាច​រួច​ផុត​ពន្ធ​នោះ​ទេ។ មាន​បញ្ញត្តិ​ស្តី​ពី​ប្រភព​ដើម​ដែល​ការពារ​ផលិតកម្ម​ក្នុង​ស្រុក។ វា​គឺ​សម្រាប់​ការពារ​ផលិតកម្ម​ដែល​មាន​ស្រាប់​ក្នុង​ស្រុក ហើយ​វា​ការពារ​ផល​ប្រយោជន៍​អ្នក​ផលិត។

​មិន​មាន​ជម្រើស​ឲ្យ​យើង​អាច​មិន​ចូលរួម​ ឬ​មិន​ធ្វើ​សេរីភាវូបនីយកម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នោះ​ទេ។ ប្រសិន​បើ​អ្នក​មិន​ចូលរួម​ នោះ​អ្នក​នឹង​ត្រូវ​បាន​គេ​ទុក​ចោល។ ​ប្រទេស​ឡាវ​បាន​ចូល​រួម​នៅ​ក្នុង​ដំណើរការ​នេះ ដូច្នេះ​វា​មាន​ន័យ​ថា ទុន​វិនិយោគ​បន្ថែម​ទៀត​នឹង​ហូរ​ចូល​ប្រទេស​ឡាវ ​ហើយ​អាជីវកម្ម​ជាច្រើន​នឹង​ចូល​ទៅ​ប្រទេស​ឡាវ។ អ្វី​ដែល​កម្ពុជា​នឹង​ត្រូវ​ធ្វើ​ គឺ​ធានា​ថា​ ខ្លួនមាន​តម្លាភាព​ជាង​មុន។ ប្រទេស​នេះ​ត្រូវ​មាន​បញ្ញត្តិ​លើ​បញ្ហា​ហិរញ្ញវត្ថុ ហើយ​ត្រូវ​តែ​កាត់​បន្ថយ​អំពើ​ពុករលួយ កាត់​បន្ថយ​ការ​គាំពារ​ភាព​ផ្តាច់មុខ និង​ការ​ប្រកាន់​បក្ស​ពួកនិយម​ (អ្នក​ជំនួញ​ដែល​រដ្ឋ​ពេញ​ចិត្ត)។ នេះ​ជា​អ្វីៗ​ដែល​កម្ពុជា​ត្រូវ​ដោះស្រាយ។​ វា​នឹង​មាន​ការ​ពិបាក​ ដូច្នេះ​ហើយ​បាន​ខ្ញុំ​និយាយ​ពី​ដើម​ថា របាំង​មិន​មែន​ពន្ធ​គយ​គឺ​ជា​កន្លែង​ដែល​ត្រូវ​តែ​មាន​កំណែ​ទម្រង់​ ហើយ​មិន​មាន​ឆន្ទៈ​នយោបាយ​ក្នុង​ការ​សម្រេច​រឿង​នេះ​នៅ​ឡើយ​ទេ។ ជា​ចុង​ក្រោយ អ្វី​ដែល​សំខាន់​គឺ​ថា ប្រទេស​អាស៊ាន​ទាំង​១០​ រួម​មាន​កម្ពុជា​ផង បាន​តាំង​ចិត្ត​ធ្វើ​សេរីភាវូបនីយកម្ម​រយៈ​ពេល​យូរ ដោយ​សារ​តែ​មិន​មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​ការ​ធ្វើ​សេរីភាវូបនីយកម្ម។ ប្រសិន​បើ​អ្នក​មិន​ធ្វើ​វា អាជីវកម្ម​នានា និង​ការ​វិនិយោគ​នឹង​ហូរ​ទៅ​ប្រទេស​ផ្សេង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG