បើជំនាញមិនគ្រប់គ្រាន់ កម្មកររោងចក្រកាត់ដេរកម្ពុជាជិត៧០ម៉ឺននាក់នឹងក្លាយជាឧបសគ្គនៃការប្រកួតប្រជែងពេលកម្ពុជាធ្វើសមាហរណកម្មទៅក្នុងសហគមន៍ សេដ្ឋកិច្ចអាស៊ាន។ នេះជាការអះអាងរបស់ លោក ជា មុនី ប្រធានសហជីព សេរីកម្មករកម្ពុជា និងកញ្ញា ង៉ាក សាវឿន តំណាងកម្មកររោងចក្រកាត់ដេរ F.Y ដែលបានថ្លែងក្នុងកម្មវិធី Hello VOA កាលពីយប់ថ្ងៃព្រហស្បតិ៍។ លោក មុនី បានបន្ថែមថា កម្ពុជាមានពលកម្មជំនាញតិច ដោយសារចំណាកស្រុកនិងការរក ឱកាសការងារក្រៅប្រទេស កម្មករជំនាញមិនត្រូវគេហ្វឹកហ្វឺនប៉ុន្មានទសវត្សរ៍ មកនេះ ពលករបរទេសដែលមានជំនាញខ្ពស់ជាងនឹងដណ្តើមការងារកម្ពុជាសំខាន់ៗ ការវិនិយោគទុនឧស្សាហកម្មធំៗថ្មីៗនឹងមិនអាចរកបានកម្មករជំនាញក្នុងប្រទេសកម្ពុជា។
អាស៊ាននឹងធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅដំណាច់ឆ្នាំនេះ មានន័យថា ប្រទេស ទាំង១០ក្នុងអាស៊ាននឹងបើកទ្វារទូលាយចំពោះការនាំចេញនាំចូលទំនិញ ដោយសេរី មិនគិតពន្ធ មានលំហូរផ្នែកពលកម្មទៅវិញទៅមក មានសេវាកម្ម មុខជំនាញ ផ្សេងៗថ្មីៗនឹងផ្លាស់ប្តូរគ្នាយ៉ាងឆាប់រហ័ស។ ប្រទេសកម្ពុជាមានកម្មកររោងចក្រប្រមាណ៧០ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី។ វិស័យកាត់ដេរជាវិស័យមួយក្នុងចំណោមវិស័យសំខាន់ទាំងបួនដែលទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា៕