នៅក្នុងពិធីចុះហត្ថលេខានោះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razakដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននេះ បានសាទរចំពោះការបង្កើតសហគមន៍អាស៊ាន ថាជា «សមិទ្ធផលជាប្រវត្តិសាស្ត្រមួយ» ដែលត្រូវគេសម្រេចបាននៅក្រោយពេលគម្រោងនេះត្រូវបានស្នើឡើងជាលើកដំបូងកាលពីជាង១២ឆ្នាំមុន។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះថ្លែងថា៖ «របៀបរបបអាស៊ាន (Asean Way) បាននាំផ្លូវយើងហើយនឹងនៅតែបន្តជាត្រីវិស័យរបស់យើង ដើម្បីស្វែងរកការព្រមព្រៀងឲ្យមានសហគមន៍អាស៊ានមួយដែលមាននយោបាយឯកភាពគ្នាមួយ សេដ្ឋកិច្ចរួមបញ្ចូលគ្នា សង្គមដែលការទទួលខុសត្រូវ និងដែលផ្ដោតលើប្រជាជនអាស៊ានជាធំ និងផ្អែកលើច្បាប់ជាមូលដ្ឋាន»។
របាំងពន្ធនាំចូលជាច្រើនត្រូវបានលុបបំបាត់ចោលរួចទៅហើយ នៅក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន បើទោះបីជាវិស័យដែលរសើបខាងនយោបាយច្រើន នៅតែបន្តត្រូវបានរដ្ឋការពារ ដូចជាវិស័យកសិកម្ម ការផលិតរថយន្តនិង និងឧស្សាហកម្មដែកថែប ជាដើម។
ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា មានការងារជាច្រើនទៀតដែលត្រូវធ្វើសម្រាប់សសរស្ដម្ភសំខាន់បំផុតសម្រាប់អាស៊ានគឺ សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ដើម្បីសម្រេចឲ្យបាននូវគោលដៅចម្បងរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យមានសេរីភាពបម្លាស់ទីទីច្រើនជាងមុនសម្រាប់ពលករមានជំនាញ ការធ្វើពាណិជ្ជកម្ម និងការបន្តាក់ទុន ក្នុងតំបន់ដែលប្រជាជនជាង៦០០លាននាក់ គឺច្រើនជាងតំបន់អាមេរិកខាងជើងឬសហភាពអឺរ៉ុប។
សមាហរណកម្មសេដ្ឋកិច្ចអាស៊ានគឺក្នុងបំណងជួយឱ្យតំបន់នេះ មានការប្រកួតប្រជែងជាមួយនឹងមហាសេដ្ឋកិច្ចរបស់ចិននិងឥណ្ឌា ហើយអាស៊ាននឹងបង្កើតជាទីផ្សាររួមតែមួយដែលធំជាងគេទីប្រាំពីររបស់ពិភពលោក។
នៅក្នុងបណ្តារដ្ឋអាស៊ានមួយចំនួន អំពើពុករលួយត្រូវបានចាត់ទុកថាធ្ងន់ធ្ងរនិងរារាំងដល់ដំណើរការសមាហរណកម្មសេដ្ឋកិច្ចនេះ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) បានប្រាប់ក្រុមអ្នកកាសែតនៅទីនោះថា អំពើពុករលួយជាបញ្ហាដែលលោកបានពិភាក្សាជាមួយមេដឹកនាំនៃប្រទេសម៉ាឡេស៊ី។
លោកអូបាម៉ាថ្លែងថា៖ «ខ្ញុំបានលើកឡើងបញ្ហានេះជាមួយលោកនាយករដ្ឋមន្រ្តី Najib ដូចដែលខ្ញុំមានធ្វើជាមួយនឹងមេដឹកនាំដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទ្វីបអាហ្វ្រិក អាមេរិកឡាទីន និងនៅគ្រប់ទីកន្លែងដែលយើងបានទៅដល់ អំពីសារៈសំខាន់នៃតម្លាភាព គណនេយ្យភាព និង សារៈសំខាន់នៃការលុបបំបាត់ចោលទាំងស្រុងនូវអំពើពុករលួយ ដែលទាំងអស់នេះជាឧបសគ្គដល់ការអភិវឌ្ឍនិងអាចបណ្តាលឲ្យប្រទេសនានាដើរថយក្រោយ»។
ការព្រមព្រៀងថ្មីមួយនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងអាមេរិក ដែលត្រូវបានប្រកាសឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលនៅក្នុងប្រទេសម៉ាឡេស៊ី បង្ហាញពីវិស័យអាទិភាពចំនួនប្រាំនៃការសហការគ្នានេះ ដែលរួមមានការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ។ សហគមន៍សេដ្ឋកិច្ចអាស៊ាននឹងចាប់ដំណើរការពេញលេញនៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៥នេះ៕
ប្រែសម្រួលដោយ មាន ឥស្សរាយស