ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រកួត​ប្រជែង​របស់​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទាប​ក្នុង​ទីផ្សារ​សាកលលោក​


លោក​​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ថ្លែង​ក្នុង​អំឡុង​កិច្ច​ពិភាក្សា​មួយ​ក្នុង​សន្និសីទ​ វេទិកា​ពិភពលោក​អំពី​អាស៊ី​បូព៌ា​នៅ​ក្រុង​ចាការតា​ប្រទេស​ឥណ្ឌូនេស៊ី​ កាល​​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៥។ (AP Photo/Achmad Ibrahim)
លោក​​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ថ្លែង​ក្នុង​អំឡុង​កិច្ច​ពិភាក្សា​មួយ​ក្នុង​សន្និសីទ​ វេទិកា​ពិភពលោក​អំពី​អាស៊ី​បូព៌ា​នៅ​ក្រុង​ចាការតា​ប្រទេស​ឥណ្ឌូនេស៊ី​ កាល​​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៥។ (AP Photo/Achmad Ibrahim)

​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) ​ឆ្នាំ​២០១៥​បាន​ឲ្យ​ដឹង​ថា ​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី​៩៥​ក្នុង​ភាព​ប្រកួត​ប្រជែង​ ដោយ​នាំ​មុខ​តែ​ប្រទេស​មីយ៉ាន់ម៉ា ​ឬ​ភូមា​ តែ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ប្រទេស​ទាំង​អស់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។​

ខណៈ​ដែល​សមាគម​អាស៊ាន​នឹង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​រួម​ដ៏​ធំ​មួយ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ​កម្ពុជា​នៅ​តែ​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​ប្រទេស​ដែល​មាន​ភាព​ប្រកួត​ប្រជែង​ខាង​សេដ្ឋកិច្ច​ទាប​នៅ​ក្នុង​ទីផ្សារ​សាកលលោក។​

ប្រទេស​មួយ​មាន​ភាព​ប្រកួត​ប្រជែង​ល្អ ​នៅ​ពេល​ដែល​ប្រទេស​នោះ​មាន​សមត្ថភាព​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ទុន សមត្ថភាព​នាំ​ចេញ ​និង​ផ្គត់ផ្គង់​ទំនិញ ​និង​ផ្តល់​សេវាកម្ម​ដែល​មាន​សន្ទុះ​ដ៏​លឿន ​ធៀប​នឹង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់។​

​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) ​ឆ្នាំ​២០១៥​បាន​ឲ្យ​ដឹង​ថា ​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី​៩៥​ក្នុង​ភាព​ប្រកួត​ប្រជែង​ ដោយ​នាំ​មុខ​តែ​ប្រទេស​មីយ៉ាន់ម៉ា ​ឬ​ភូមា​ តែ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ប្រទេស​ទាំង​អស់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។​

លោក ​ហេង ឌីណា ​សេដ្ឋវិទូ​ខ្មែរ​មួយ​រូប​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ ​បាន​ឲ្យ​ដឹង​ថា ​កម្ពុជា​បាន​បំពេញ​កិច្ចការ​ល្អ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ខាង​ម៉ាក្រូ​សេដ្ឋកិច្ច ​ជា​ពិសេស​ខាង​អតិផរណា។​

‍‍«ហើយ​ចំពោះ​ភាព​ងាយ​ស្រួល​ផ្សេងៗ​ ដូច​ជា​ការ​បង់​ពន្ធ ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ហើយ​និង​បែបបទ​នៃ​ការ​នាំ​ចេញ ​នាំ​ចូល​នោះ​គឺ​យើង​នៅ​មាន​ចំណុច​ច្រើន​ដែល​ត្រូវ​ធ្វើ​ទៀត»។​

លោក​បាន​បក​ស្រាយ​ថា លទ្ធភាពមាន​ភាព​ប្រកួត​ប្រជែង​កម្រិត​ខ្ពស់វា​សំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ​ពីព្រោះ​វា​នឹង​នាំ​មក​នូវ​ការ​អភវិឌ្ឍ​ដល់​ប្រជា​ពលរដ្ឋ ​និង​ប្រទេស​កម្ពុជា​ទាំង​មូល។​

«‍បើ​សិន​ជា​យើង​អាច​ទាក់​ទាញ​អ្នក​វិនិយោគ​មក​កាន់​ប្រទេស​កម្ពុជា​យើង នោះ ​គាត់​នឹង​បង្កើត​ជា​រោងចក្រ។​ គាត់​ផលិត​វត្ថុ។ ​វា​អាច​ផ្តល់​ការងារ។​ វា​អាច​ផ្តល់​ជំនាញ ​និង​ប្រាក់​កម្រៃ​ដល់​ប្រជា​ពលរដ្ឋ​យើង។ ​ហើយ​បើ​សិន​ជា​យើង​ផលិត​បាន​កាន់​តែ​ច្រើន ​និង​ផលិត​បាន​គុណភាព​កាន់​តែ​ល្អ ​នោះ​ប្រាក់​ចំណូល​វា​កាន់​តែ​ខ្ពស់។ ​កាល​ណា​ប្រាក់​ចំណូល​ខ្ពស់​ យើង​អាច​មាន​កម្រិត​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង។​ ហើយ​នេះ​ហើយ​ជា​ដំណើរ​ការ​កំណើន​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​ដ៏​សាមញ្ញ​មួយ»។​

ការ​វាយតម្លៃ​របស់​វេទិកា WEFនេះ​ខុស​ពី​សារ​វិដេអូ​ពាណិជ្ជកម្ម​អំពីភាព​ប្រកួតប្រជែង​កម្ពុជា៖

យ៉ាង​ណា​មិញ ​លោក​បាន​បន្ថែម​ថា ​ដើម្បី​ពង្រឹង​ភាព​ប្រកួត​ប្រជែង​របស់​ខ្លួន ​កម្ពុជា​ជួប​នឹង​កត្តា​ប្រឈម​ធំៗ ​ដូច​ជា​ ​ខាង​គោល​នយោបាយ​ សិទ្ធិ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ ការ​ខ្វះ​ពលករ​មាន​ជំនាញ ​ផលិតភាព​ទាប ​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​មាន​កម្រិត​ទាប ​ហើយ​ស្ថានភាព​ទីផ្សារ​មិន​អាច​ទស្សន៍ទាយ​បាន​ និង​ថ្លៃ​សេវា​ដឹក​ជញ្ជូន ​និង​ថ្លៃ​អគ្គិសនី​ខ្ពស់។​

«‍ហើយ​សម្រាប់​ប្រទេស​កម្ពុជា​យើង​ដែល​ជា​ប្រទេស​តូច ​ហើយ​យើង​ត្រូវ​ការ​ធនធាន ​ហើយ​យើង​នៅ​មាន​ជំនាញ​ថ្នាក់​ទាប ​អញ្ចឹង​វា​កាន់​តែ​សំខាន់​ចំពោះ​ប្រទេស​ខ្មែរ​យើង​សម្រាប់​បង្កើន​ភាព​ប្រកួត​ប្រជែង​នេះ»។​

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​បង្កើត​ទីផ្សារ​ដ៏​ប្រកួត​ប្រជែង​រួម​មួយ​រវាង​ប្រទេស​ជា​សមាជិក​នៃ​សមាគម​អាស៊ីអាគ្នេយ៍ ​ឬ​ហៅ​កាត់​ថា ​អាស៊ាន​នេះ។​ ហើយ​ទីផ្សារ​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ខែ​មករា​ ឆ្នាំ​២០១៦​នេះ​តទៅ។​

បើ​ទោះ​បី​ជា​មាន​ការ​សន្និដ្ឋាន​ថា ​កម្ពុជា​នឹង​មាន​ឱកាស​ទទួល​បាន​ប្រយោជន៍​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ​យ៉ាង​ណា​ក្តី ​ក៏​កម្ពុជា​ចាំបាច់​ត្រូវ​តែ​ពង្រឹង​ជំនាញ​របស់​ពលករ ​ពង្រឹង​ហេដ្ឋារចនាសម្ពន្ធ​និង​ពង្រឹង​ផលិត​ផល​កសិកម្ម​របស់​ខ្លួន។​

ក្នុង​អំឡុង​ពេល​ពីរ​ទសវត្សរ៍​កន្លង​ទៅ​នេះ ​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា​មាន​អត្រា​ជា​មធ្យម​៧ភាគ​រយ ​ដែល​មួយ​ផ្នែក​ធំ​គឺដោយសារ​ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់ ​និង​វិស័យ​ទេសចរណ៍។ ​ក៏​ប៉ុន្តែ​កំណើន​សេដ្ឋ​កិច្ច​អាច​កើន​ប្រសើរ​ជាង​នេះ ​បើ​សិន​ជា​កម្ពុជា​អាច​ពង្រឹង​វិស័យ​កសិកម្ម​ គឺ​ពង្រីក​ផលិតផល​ស្រូវ​របស់​ខ្លួន។​

«‍វិស័យ​កសិកម្ម​ ដែល​យើង​ត្រូវ​ពង្រឹង​ ពីព្រោះ​វិស័យ​នេះ​វា​អាច​មាន​ផល​វិជ្ជ​មាន​ច្រើន​ដល់​សង្គម ​និង​សេដ្ឋកិច្ច។​ ជា​ឧទាហរណ៍ ​បើ​សិន​ជា​យើង​អាច​ពង្រឹង​វិស័យ​កសិកម្ម ​ពោល​គឺ​បើ​សិន​ជា​យើង​អាច​ផលិត​ម្ហូប​អាហារ ​បន្លែ ​សាច់ ​ម្ហូប​អាហារ​ថោក​ជាង​មុន​នោះ​ ​វា​អាច​ជួយ​ដល់​ផលិតភាព​ដែរ​ ដោយ​សារ​តែ​ប្រជាជន​យើង​គាត់​អាច​បរិភោគ​អាហារ​ថោក​ជាង​មុន។​ អញ្ចឹង​ការ​ចាយ​វាយ​ វា​អាច​ថោក​ជាង​មុន»។​

យ៉ាង​ណា​មិញ ​កំណើន​សេដ្ឋកិច្ច​អាច​សម្រេច​ទៅ​បាន ​លុះ​ត្រា​តែ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​អំណោយ​ផល​ដល់​បរិយាកាស​បណ្តាក់​ទុន​ពី​ក្រុម​វិនិយោគ​ទុន​បរទេស។ ​ហើយ​ព្រឹត្តិ​ការណ៍​នយោបាយ​ថ្មីៗ ​ដូចជា​ការ​វាយ​ដំ​លើ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង​ពីរ​រូប​នោះ​គឺ​មិន​ជួយ​ដល់​បរិយាកាស​នយោបាយ​អ្វី​ទេ។​

«‍ជា​មូលដ្ឋាន ​យើង​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព​នយោបាយ ​និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ពីព្រោះ​គ្មាន​ប្រទេស​ណា​អាច​រីក​ចម្រើនបាន​ទេ​ ​បើ​សិន​ជា​គ្មាន​ស្ថិរភាព​ទាំង​ពីរ​នេះ​ទេ»។​

ក្រៅ​ពី​ការ​ពង្រឹង​ជំនាញ​របស់​ពលករ ​ពង្រឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ពង្រឹង​ផលិតផល​កសិកម្ម​ដើម្បី​ឲ្យ​ភាព​ប្រកួត​ប្រជែង​កើន​បាន​មួយ​កម្រិត​ហើយ​នោះ ​ កម្ពុជា​ក៏​អាច​មាន​ភាព​ប្រកួត​ប្រជែង​ល្អ​ប្រសើរ​មួយ​កម្រិត​ទៀត តាម​រយៈ​ការ​ង្រឹង​គុណភាព ​និង​កិច្ច​សហការ​រវាង​ស្ថាប័ន​ទាំង​ឡាយ ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ និង​រលូន​សម្រាប់​អ្នក​វិនិយោគទុន ​ហើយធ្វើ​ការ​ឆ្លើយតប​នឹង​តម្រូវការ​របស់​វិស័យ​ឯកជន​ ដោយ​សម្រួល​ទៅ​តាម​នីតិវិធី​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម៕

XS
SM
MD
LG