ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ជំនាញ៖ កម្ពុជា​អាច​ខ្វះកម្លាំង​ពលកម្ម​សម្រាប់សេដ្ឋកិច្ចក្នុង​ស្រុក​


លោក ជុំ ផល្លី អ្នក​ប្រឹក្សា​បច្ចេកទេស​នៃ​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​របស់​អង្គការ Winrock International ប្រចាំ​នៅ​កម្ពុជា​ (ផ្តល់​ឲ្យ​ដោយ៖ ជុំ ផល្លី)

កំណត់​និពន្ធ៖ ការ​ធ្វើ​ចំណាក​ស្រុក​របស់​ពលករ​កម្ពុជា ដើម្បីការងារ​នៅ​ក្រៅ​ប្រទេស​ក្នុង​អត្រា​ខ្ពស់​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា ជា​ពិសេស​គឺ​វិស័យ​កសិកម្ម។ កម្ពុជា​ក៏​អាច​ប្រឈម​នឹង​ការ​ខ្វះ​កម្លាំង​ពលកម្ម បើ​សិន​ជា​ចំនួន​ពលករ​កម្ពុជា ដែល​ធ្វើ​ចំណាក​ស្រុក​ដើម្បី​ស្វែងរក​ការងារ​នៅ​ក្រៅ​ប្រទេស​បន្ត​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ កត្តា​ដែល​ជំរុញ​គឺ​បណ្តាល​មក​ពី​អត្រា​ប្រាក់​បៀរវត្សរ៍​អប្បបរិមា​របស់​កម្ពុជា​ទាប ការ​ខ្វះខាត​ព័ត៌មាន​ស្តី​អំពី​ឱកាស​ការងារ​ក្នុង​ស្រុក និង​កត្តា​មួយ​ចំនួន​ផ្សេងៗ​ទៀត។ ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាង ទែន សុខស្រីនិត នៃ VOA បាន​សន្ទនា​ជាមួយ​នឹង​លោក ជុំ ផល្លី អ្នក​ប្រឹក្សា​បច្ចេកទេស​នៃ​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​របស់​អង្គការ Winrock International ប្រចាំ​នៅ​កម្ពុជា​ជុំវិញ​បញ្ហា​នេះ។

VOA៖ សូម​ជម្រាប​សួរ លោក ជុំ ផល្លី។

លោក ជុំ ផល្លី៖ បាទ ជម្រាប​សួរ ស្រីនិត។

VOA៖ ច៎ាស នាង​ខ្ញុំ​អរគុណ​ច្រើន ដែល​លោក​បាន​ផ្តល់​ឱកាស​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​នឹង VOA នៅ​ថ្ងៃ​នេះ​ទាក់ទង​ជាមួយ​នឹង​បញ្ហា​ជុំវិញ​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ពលករ​ខ្មែរ​ទៅ​ប្រទេស​ថៃ។ ហើយ​ដូច​ដែល​លោក​បាន​ដឹង កាល​ពី​ពាក់​កណ្តាល​ឆ្នាំ២០១៤ ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​ជាង​២០ម៉ឺន​នាក់​នោះ ត្រូវ​បាន​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ប្រទេស​ថៃ ដោយ​សារ​តែ​បញ្ហា​ក្នុង​ស្រុក​នៅ​ប្រទេស​ថៃ។ នាង​ខ្ញុំ​ចង់​ដឹង ថា​តើ​មក​ដល់​បច្ចុប្បន្ន​នេះ​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​របស់​ពលករ​ពី​កម្ពុជា​យើង​នេះ​មាន​ស្ថានភាព​យ៉ាង​ដូច​ម្តេច​ដែរ?

លោក ជុំ ផល្លី៖ បញ្ហា​ពលករ​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បាន​ទេ។ ពលករ​យើង​ភាគ​ច្រើន​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ តាមរយៈ​ការ​ប្រើប្រាស់​លិខិត​ឆ្លង​ដែន ដែល​ហៅ​ថា (Border Pass)។ នៅ​ពេល​នោះ យើង​ឃើញ​ថា រដ្ឋាភិបាល​របស់​ថៃ​ក៏​បាន​បើក​ច្រក​ចេញ​ចូល​តែ​មួយ​ដែរ​នៅ​ប្រទេស​ថៃ ដែល​មាន​ចំនួន​៧៧កន្លែង ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​ពលករ​ដែល​ធ្វើ​ការ​មិន​មាន​ឯកសារ​ស្រប​ច្បាប់​នោះ​បាន​ចុះ​បញ្ជី​នៅ​ទី​នោះ។ ក្នុង​រយៈពេល​៣ខែ​ដំបូង ចាប់​ពី​ចុង​ខែ​មិថុនា រហូត​ដល់​ដើម​ខែ​តុលា​ក្នុង​ឆ្នាំ២០១៤ យើង​ឃើញ​ថា​ពលករ​ជាង​៧សែន​នាក់​បាន​ចុះ​ឈ្មោះ​នៅ​តាម​ច្រក​ចេញ​ចូល​តែ​មួយ​នៅ​ប្រទេស​ថៃ ដើម្បី​ទទួល​បាន​ប័ណ​អនុញ្ញាត​ធ្វើ​ការ​បណ្តោះ​អាសន្ន ដែល​មាន​សុពលភាព​រហូត​ទៅ​ដល់​ខែ​មិនា ឆ្នាំ២០១៥​នេះ។ ហើយ​ពួក​គេ​ក៏​ទទួល​បាន​ការ​ស្នាក់នៅ​បណ្តោះ​អាសន្ន​នៅ​ទីនោះ​ផង​ដែរ។ នេះ​គឺ​ជា​អ្វី​ដែល​យើង​សង្កេត​កន្លង​មក។

VOA៖ ថ្មីៗ​នេះ គណៈ​រដ្ឋ​មន្ត្រី​ថៃ​បាន​ចេញ​គោលការណ៍​ណែនាំ​ដល់​ពលករ ដែល​ចង់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដូច​ជា​ពលករ​មក​ពី​ប្រទេស​កម្ពុជា ឡាវ និង​ភូមា ឲ្យ​បំពេញ​បែប​បទ​នៃ​ដំណើរការ​ផ្ទៀង​ផ្ទាត់​សញ្ជាតិ ដើម្បី​បន្ត​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​រយៈពេល​២ឆ្នាំ​ដោយ​ស្រប​ច្បាប់។ តើ​លោក​យល់​យ៉ាង​ដូច​ម្តេច​ដែរ​ចំពោះ​ដំណើរ​ការ​ផ្ទៀង​ផ្ទាត់​សញ្ជាតិ​នេះ?

លោក ជុំ ផល្លី៖ បាទ អរគុណ​ស្រីនិត​ចំពោះ​សំណួរ​នេះ។ មុន​នឹង​ឆ្លើយ​សំណួរ​នេះ ខ្ញុំ​ចង់​ជម្រាប​អ្នក​តាម​ដាន​វិទ្យុ VOA ទាំង​អស់​នៅ​កម្ពុជា ថា​ក្រោយ​ពី​រដ្ឋាភិបាល​ទាំង​ពីរ​ព្រម​ព្រៀង​បើក​ច្រក​ចេញ​ចូល​តែ​មួយ​នៅ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​នៅ​ប្រទេស​ថៃ អ្នក​ដែល​បាន​ចុះ​បញ្ជី​ឈ្មោះ​ហើយ​នោះ​ត្រូវ​តែ​ទៅ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​សញ្ជាតិ​នៅ​តំបន់ ដែល​ជិត​កន្លែង​គាត់​ធ្វើ​ការ។ ហើយ​នៅ​ទី​នោះ និយោជក​ទាំង​អស់​ដែល​ប្រើ​ពលករ​មិន​មាន​ឯកសារ​ស្រប​ច្បាប់​នោះ ក៏​ត្រូវ​ជួយ​បង្ក​លក្ខណៈ​ងាយ​ស្រួល និង​នាំ​ពលករ​ទាំង​នោះ​ទៅ​ធ្វើការ​ផ្ទៀង​ផ្ទាត់​សញ្ជាតិ​នៅ​តាម​តំបន់​នីមួយៗ។ ដូច្នេះ យើង​ឃើញ​ថា ក្នុង​រយៈពេល​៣ខែ គឺ​ចាប់​ពី​ខែ​មករា រហូត​ដល់​ដំណាច់​ខែ​មិនា​នេះ ដំណាក់​កាល​ទី១​នៃ​ដំណើរការ​ផ្ទៀង​ផ្ទាត់​សញ្ជាតិ​នេះ​ត្រូវ​បាន​បញ្ចប់។ យើង​ឃើញ​ថា ប្រជាពលរដ្ឋ ជា​ពិសេស​ពលករ​កម្ពុជា ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ គាត់​បាន​ទៅ​ផ្ទៀង​ផ្ទាត់​សញ្ជាតិ ដើម្បី​ទទួល​បាន​លិខិត​ឆ្លង​ដែន (Passport) និង​លិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​នោះ​មាន​ចំនួន​ប្រហែល​ជាង១ម៉ឺន​នាក់។ បើ​ប្រៀប​ធៀប​នឹង​ចំនួន​ដែល​ពួក​គាត់​បាន​ចុះ​បញ្ជី​៧សែន​នាក់​នោះ យើង​ឃើញ​ថា ពលករ​ច្រើន​នាក់​ទៀត​ត្រូវ​បំពេញ​បែប​បទ​នេះ។ ដូច្នេះ ហើយ​បាន​ជា​រដ្ឋាភិបាល​ថៃ​បាន​អនុម័ត​ច្បាប់​របស់​ខ្លួន ដើម្បី​អនុញ្ញាត​ឲ្យ​បន្ត​ការ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​សញ្ជាតិ​នេះ​ត​ទៀត ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី១ ខែ​មេសា​នេះ​តទៅ ដែល​នឹង​មាន​រយៈពេល​៣ខែ។ ដូច្នេះ បង​ប្អូន​ពលករ​ទាំង​អស់​ដែល​មិន​បាន​ទាន់​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​សញ្ជាតិ​ត្រូវ​តែ​ផ្ទៀង​ផ្ទាត់​សញ្ជាតិ។

អ្វី​ដែល​យើង​សង្កេត​ឃើញ​ពី​ការ​បើក​អនុញ្ញាត​បន្ត​ឲ្យ​ប្រជាពលរដ្ឋ ឬ​ក៏​ពលករ​ដែល​មិន​ទាន់​បាន​ចុះ​បញ្ជី ឬ​ក៏​មិន​ទាន់​បាន​ទៅ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​សញ្ជាតិ​នៅ​ប្រទេស​ថៃ​នោះ វា​អាច​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ខ្លះ​ដែរ​មក​ដល់​ប្រទេស​កម្ពុជា។ យើង​ឃើញ​ថា ដោយ​សារ​កម្ពុជា​ខិតខំ​ធ្វើ​យ៉ាង​ម៉េច ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ពង្រឹង​ការ​ធ្វើ​ចំណាក​ស្រុក​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​គាត់​ទទួល​បាន​សុវត្ថិភាព​ការងារ​របស់​គាត់។ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ រាជរដ្ឋាភិបាល​មិន​បាន​បិទ​នៃ​ពេល​វេលា​នៃ​ការ​អនុញ្ញាត​ឲ្យ​ពលករ​ដែល​ធ្វើការ​មិន​មាន​ឯកសារ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​នោះ​ត្រឹម​ថ្ងៃ ដែល​បាន​ព្រម​ព្រៀង ហើយ​ឥឡូវ​នេះ​រដ្ឋាភិបាល​ថៃ​បាន​បន្ត​បើក​ឲ្យ​ប្រជាពលរដ្ឋ​មិន​មាន​ឯកសារ​ធ្វើការ​ចុះ​បញ្ជី និង​ផ្ទៀង​ផ្ទាត់​សញ្ជាតិ​ឲ្យ​ទទួល​បាន​ឯកសារ​នៅ​ប្រទេស​ថៃ​ទៀត។ ដូច្នេះ យើង​ឃើញ​ថា បញ្ហា​នេះ​អាច​មាន​ផល​អាក្រក់​ទៅ​ដល់​ប្រទេស​កម្ពុជា​ដែរ។ យើង​ឃើញ​ថា វា​បណ្តាល​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នូវ​ចំនួន​ពលករ ដែល​ចេញ​ទៅ​ធ្វើការ​ស្រប​ច្បាប់។ ជា​ទូទៅ នៅ​ក្នុង​របាយការណ៍​របស់​គណៈកម្មាការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស ដែល​បាន​រាយការណ៍​តាម​មូលដ្ឋាន​នោះ គឺ​ក្នុង​មួយ​ឆ្នាំៗ យើង​ឃើញ​ថា ប្រជាពលរដ្ឋ​ប្រហែល​ជា​៣ពាន់​នាក់​ធ្វើ​ចំណាក​ស្រុក ប៉ុន្តែ​នៅ​ឆ្នាំ​ថ្មី​នេះ យើង​ឃើញ​ថា​មាន​ការ​ធ្លាក់​ចុះ។ ប្រជាពលរដ្ឋ​ដែល​ទៅ​ធ្វើការ​ស្រប​ច្បាប់​ប្រហែល​ជា​២ម៉ឺន​នាក់​ប៉ុណ្ណោះ។ បើ​សិន​ជា​ពលករ​ដែល​ធ្វើការ​ស្រប​ច្បាប់​ធ្លាក់​ចុះ យើង​ឃើញ​ថា ចំណូល​ដែល​ទទួល​បាន​ពី​ការ​បញ្ជូន​ត្រឡប់​ជា​ផ្លូវ​ការ​របស់​ពលករ ដែល​ធ្វើការ​ស្រប​ច្បាប់​ក៏​មាន​ការ​ធ្លាក់​ចុះ​ដែរ។

VOA៖ ឆ្លង​តប​ទៅ​នឹង​ការ​ទប់​ស្កាត់​មិន​ឲ្យ​ពលករ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់​នេះ តើ​ទាំង​រដ្ឋាភិបាល ជា​ពិសេស​គឺ​អង្គការ​សង្គម​ស៊ីវិល ក៏​ដូច​ជា​ស្ថាប័ន​ពាក់​ព័ន្ធ​មាន​គម្រោង​ចុះ​ទៅ​តាម​មូលដ្ឋាន​ព័ត៌មាន​នេះ​ឲ្យ​ពលករ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​យើង​បាន​ជ្រាប​ពី​ដំណើរ​ការ​ផ្លូវ​ច្បាប់​ក្នុង​ការ​ទទួល​បាន​ប័ណ​ការងារ​ទៅ​ធ្វើការ​ក្រៅ​ប្រទេស​ដោយ​ស្រប​ច្បាប់​ដែរ​ឬ​ទេ?

លោក ជុំ ផល្លី៖ បាទ អរគុណ។ សំណួរ​នេះ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​ប្រជាពលរដ្ឋ​យើង ជា​ពិសេស​បង​ប្អូន​ដែល​មាន​បង​ប្អូន​សាច់​ញាតិ ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​ឲ្យ​ស្វែង​យល់​ដឹង​អំពី​ព័ត៌មាន​នេះ។ យើង​ឃើញ​ថា ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​អំពី​បញ្ហា​នៃ​ការ​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​មិន​មាន​លក្ខណៈ​ទូលំ​ទូលាយ​ប៉ុន្មាន​ទេ​តាម​មូល​ដ្ឋាន ដោយ​សារ​ការ​ផ្សព្វផ្សាយ​គឺ​មាន​កម្រិត តាម​រយៈ​តែ​អង្គការ​ផ្សេងៗ ដូច​ជា​អង្គការ Winrock International ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​ធ្វើការ​តាម​រយៈ​ដៃ​គូ ក្នុង​ការ​ផ្សព្វផ្សាយ​ពី​គោលការណ៍​ថ្មីៗ​របស់​រាជរដ្ឋាភិបាល ដើម្បី​ជួយ​សម្រប​សម្រួល​ធ្វើ​យ៉ាង​ម៉េច ដើម្បី​ឲ្យ​ពលករ​យើង​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ចុះ​បញ្ជី ដើម្បី​ទទួល​បាន​ឯកសារ​ស្រប​ច្បាប់​ក្នុង​តម្លៃ​មួយ ដែល​មាន​លក្ខណៈ​យោគ​យល់​ច្រើន​ពី​រាជ​រដ្ឋាភិបាល។ អង្គការ​សង្គម​ស៊ីវិល​បាន​ធ្វើការ​ផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ ដូច​ជា​ក្រុម​ប្រឹក្សា​យុវជន ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប ដើម្បី​ឲ្យ​ពួក​គាត់​បាន​ដឹង​ព័ត៌មាន​ទាំង​អស់​នេះ ហើយ​ជួយ​ផ្សព្វផ្សាយ​បន្ត។ ហើយ​អង្គការ Winrock បាន​ធ្វើ​ការ​ឆ្លើយ​តប​សារ​ជា​សម្លេង តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ។ នៅ​ពេល​ដែល​អស់​លោក លោក​ស្រី​បាន​ដឹង​ពី​ព័ត៌មាន​ហ្នឹង គាត់​អាច​ចុច​ទូរស័ព្ទ​ឆ្លើយ​តប​នឹង​ព័ត៌មាន​ថ្មីៗ​អំពី​ការ​ចុះ​បញ្ជី​នៅ​ស្រុក​ថៃ​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​ទី​ប៉ុន្មាន។ ហើយ​ប្រជាពលរដ្ឋ​នៅ​ពេល​ចុះ​បញ្ជី​ហើយ​ត្រូវ​បន្ត​ទៅ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​សញ្ជាតិ​ពី​ពេល​ណា​ទៅ​ដល់​ពេល​ណា ហើយ​ពួក​គាត់​នឹង​ទទួល​បាន​អ្វី​ខ្លះ។ ទាំង​អស់​នេះ​យើង​បាន​ជួយ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ព័ត៌មាន​តាម​សារ​អេឡិចត្រូនិក តាម​រយៈ​វិទ្យុ ការ​ធ្វើ​យុទ្ធនាការ ការ​ជួប​ជាមួយ​នឹង​បណ្តាញ​យុវជន និង​បណ្តាញ​ម៉ូតូ​ឌុប។

VOA៖ ងាក​មក​បញ្ហា​ស្ត្រី​វិញ​ម្តង តើ​ចំនួន​ពលករ​ចំណាក​ស្រុក​ដែល​ជា​ស្រ្តី​មាន​ចំនួន​ប៉ុន្មាន បើ​ធៀប​នឹង​ពលករ​ដែល​ជា​បុរស? តើ​ពួក​គាត់​ជួប​នឹង​បញ្ហា​អ្វី​ខ្លះ? ហើយ​នាង​ខ្ញុំ​ចង់​ដឹង​បន្ថែម ថា​តើ​ពលករ​ដែល​ជា​ស្ត្រី​ដែល​ចាក​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ស្រុក​អាច​ជួយ​សេដ្ឋកិច្ច​គ្រួសារ​ដែល​នៅ​កម្ពុជា​បាន​ដល់​កម្រិត​ណា​ដែរ បើ​ធៀប​នឹង​ពលករ​ដែល​ជា​បុរស?

លោក ជុំ ផល្លី៖ ជា​ការ​ពិត ខ្ញុំ​មិន​មាន​ព័ត៌មាន​លម្អិត​អំពី​ចំនួន​ស្ត្រី ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​ទេ។ ក៏​ប៉ុន្តែ ទាក់​ទង​នឹង​បញ្ហា​នេះ ចំនួន​ពលករ​ដែល​មាន​គ្រួសារ គឺ​មាន​កូន និង​ប្រពន្ធ​ទៅ​ជាមួយ​នោះ តាម​រយៈ​ការ​ផ្ទៀង​ផ្ទាត់​សញ្ជាតិ​នៅ​ប្រទេស​ថៃ​ចាប់​ពី​ខែ​កក្កដា ដល់​ខែ​តុលា​ឆ្នាំ​មុន​នេះ​មាន​៤ម៉ឺន​នាក់។ នៅ​ក្នុង​នោះ យើង​ឃើញ​ថា ស្ត្រី​មាន​ការ​លំបាក​ខ្លះ​ដែរ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ផ្ទៀង​ផ្ទាត់​សញ្ជាតិ ដោយ​សារ​តែ​គាត់​

អាច​ប្រឈម​មុខ​នឹង​បញ្ហា​មាន​ផ្ទៃ​ពោះ។ តែ​តាម​ពិត គោល​នយោបាយ​របស់​រដ្ឋាភិបាល​ថៃ​មិន​មាន​ការ​រើស​អើង​ទេ​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ។ ប៉ុន្តែ អ្វី​ដែល​យើង​សង្កេត​ឃើញ​តាម​ព័ត៌មាន និង​បណ្តាញ​ដែល​យើង​ធ្វើការ​ជាមួយ​នោះ​គឺ​ថា គេ​បាន​ជម្រាប​ទៅ​ខាង​និយោជក នៅ​ពេល​ដែល​គេ​រក​ឃើញ​ថា​ស្ត្រី​មាន​ផ្ទៃ​ពោះ។ នៅ​ពេល​ដែល​និយោជក​ដឹង​ថា​ស្ត្រី​មាន​ផ្ទៃ​ពោះ និយោជក​អាច​បញ្ជូន​ស្ត្រី​ត្រឡប់​មក​វិញ។ នេះ​គឺជា​បញ្ហា​មួយ ដែល​យើង​សង្កេត​ឃើញ​ដែល​ស្ត្រី​បាន​ប្រឈម ដែល​មាន​លក្ខណៈ​ដូច​ជា​រើស​អើង​ដល់​ស្ត្រី។ ជា​ការ​ពិត ស្ត្រី​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បី​ជួយ​ទៅ​ដល់​គ្រួសារ​របស់​គាត់។ ក៏​ប៉ុន្តែ ខ្ញុំ​មិន​មាន​តួលេខ​ដែល​បញ្ហា​ថា តើ​ស្ត្រី​គាត់​អាច​ចូលរួម​ចំណែក​សេដ្ឋកិច្ច​ប៉ុន្មាន​នៅ​ក្នុង​ការ​កសាង​ជីវភាព​គ្រួសារ។

VOA៖ មាន​ការ​ស្រាវ​ជ្រាវ និង​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ដែល​ថា ការ​ធ្វើ​ចំណាក​ស្រុក​របស់​ពលករ​កម្ពុជា​ទៅ​ក្រៅ​ប្រទេស ជាពិសេស​ទៅ​ប្រទេស​ថៃ​ក្នុង​ចំនួន​ដ៏​ច្រើន​នេះ​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា​មួយ​កម្រិត​ដែរ ជា​ពិសេស​នៅ​ក្នុង​វិស័យ​កសិកម្ម ដែល​កម្ពុជា​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម​ច្រើន។ នាង​ខ្ញុំ​ចង់​ដឹង ថា​តើ​អ្វី​ខ្លះ​ដែល​អាច​ជា​គន្លឹះ ដើម្បី​បង្កើត​ជា​កត្តា​លើក​ទឹក​ចិត្ត​ដើម្បី​ឲ្យ​ពលករ​កម្ពុជា​ធ្វើ​ការ​នៅ​ក្នុង​ស្រុក ជា​ជាង​ធ្វើការ​នៅ​ក្រៅ​ស្រុក នៅ​ចំពោះ​មុខ​សមាហរ័ណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុង​ឆ្នាំ២០១៥​នេះ។

លោក ជុំ ផល្លី៖ សំណួរ​នេះ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ហើយ​ក៏​ជា​បញ្ហា​មួយ​ដែល​រាជ​រដ្ឋាភិបាល​របស់​យើង​កំពុង​តែ​ព្រួយ​បារម្ភ​ដែរ ដោយ​សារ​ការ​ហូរ​ចេញ​នៃ​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​នេះ។ ជា​ការ​ពិត កម្ពុជា​យើង​មាន​សក្តានុពល​ខ្លាំង​មែន​ទែន​ទៅ​លើ​កម្លាំង​ពលកម្ម។ តាម​យោបល់​របស់​ខ្ញុំ​ដើម្បី​ធ្វើ​យ៉ាង​ដូច​ម្តេច​រក​វិធី​សាស្ត្រ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​វិល ឬ​ក៏​ពិចារណា​លើ​ការងារ​ក្នុង​ប្រទេស ជា​ពិសេស​នៅ​ក្នុង​វិស័យ​កសិកម្ម ដែល​ជា​វិស័យ​មួយ​ដែល​រាជរដ្ឋាភិបាល​យើង​មាន​ការ​ប្តេជ្ញា​ចិត្ត ដើម្បី​នាំ​អង្ករ​ចេញ​ក្រៅ​ប្រទេស​នោះ ខ្ញុំ​យល់​ថា រាជរដ្ឋាភិបាល​យើង​គួរ​តែ​ពិចារណា​ទៅ​លើ​ល័ក្ខខណ្ឌ​ការងារ​ជា​ច្រើន ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ធានា​ថា ល័ក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ប្រទេស​ជិត​ខាត។ បើ​មិន​ដូច្នោះ​ទេ យើង​មិន​អាច​ទប់​ស្កាត់​នៃ​ការ​ហូរ​ចេញ​នេះ​បាន​ទេ។ ទី​មួយ យើង​ត្រូវ​ពិនិត្យ​មើល​លើ​ច្បាប់​ការងារ​របស់​យើង។ ច្បាប់​ការងារ​របស់​កម្ពុជា​សព្វថ្ងៃ​គឺ​គ្រប​ដណ្តប់​តែ​លើ​វិស័យ​រោងចក្រ និង​កាត់​ដេរ​តែ​ប៉ុណ្ណោះ។ ចំពោះ​វិស័យ​ផ្សេងៗ​ទៀត ដូច​ជា​វិស័យ​សំណង់ វិស័យ​កសិកម្ម វិស័យ​ក្រៅ​ផ្លូវការ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក៏​មិន​ទាន់​ត្រូវ​បាន​គ្រប​ដណ្តប់​នៅ​ឡើយ​ទេ ជា​ពិសេស​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ។ ដូច្នេះ ដើម្បី​ទាក់​ទាញ​ពលករ​របស់​យើង​វិល​មក​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​វិញ រដ្ឋាភិបាល​យើង​គួរ​តែ​ធ្វើ​វិសោធនកម្ម ដើម្បី​ឲ្យ​ច្បាប់​គ្រប​ដណ្តប់​ទៅ​លើ​វិស័យ​ដែល​ខ្ញុំ​បាន​រៀបរាប់ ហើយ​ធ្វើ​ឲ្យ​ប្រាក់​បៀរវត្សរ៍​អប្បបរិមា​ប្រហាក់​ប្រហែល​នឹង​ប្រទេស​ជិត​ខាង។ ទីពីរ​ប្រសិន​បើ​រាជរដ្ឋាភិបាល​យើង​អាច​ពិចារណា​ទៅ​លើ​ឱកាស​ការងារ​ផ្សេងៗ​ទៀត ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ពលករ​យើង​ឲ្យ​គាត់​មាន​សមត្ថភាព ហើយ​ជំរុញ​ក្រុម​ហ៊ុន​ដែល​មក​វិនិយោគ ជា​ពិសេស​ក្រុម​ហ៊ុន​វិនយោគ​លើ​ដី​សម្បទាន​របស់​ដី​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ស្រូប​យក​កម្លាំង​ពលកម្ម​កម្ពុជា ដែល​កំពុង​តែ​មាន​នៅ​ស្រុក​ខ្មែរ ជា​ជាង​យក​កម្លាំង​ខាង​ក្រៅ​ដើម្បី​បំពេញ លុះ​ត្រា​តែ​កម្លាំង​នៅ​កម្ពុជា​មិន​អាច​បំពេញ​បាន ចាំ​យើង​យក​កម្លាំង​មក​ពី​ក្រៅ។ ការ​ធ្វើ​បែប​នេះ​គឺ​ឆ្លើយ​តប​នឹង​ច្បាប់​នៅ​កម្ពុជា​ដែរ៕

XS
SM
MD
LG