សេដ្ឋវិទូនិងអ្នកជំនាញថ្លែងថាកម្ពុជាគួរតែពង្រឹងសេដ្ឋកិច្ចរបស់ខ្លួននិងស្តង់ដារផលិតផលក្នុងស្រុកដើម្បីត្រៀមខ្លួនធ្វើសមាហរណកម្មសេដ្ឋកិច្ចចូលក្នុងតំបន់អាស៊ីអាគ្នេយ៍សិនមុននឹងគិតគូរពីការចូលជាសមាជិករបស់កិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (Trans-Pacific Partnership) ដែលហៅកាត់ថា (TPP) ខណៈពេលលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា កំពុងតែព្យាយាមកៀរគរនិងជំរុញដៃគូសេដ្ឋកិច្ចផ្សេងៗនៃបណ្តាប្រទេសតំបន់ប៉ាស៊ីហ្វិក។
កិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក Trans-Pacific Partnership គឺជាកិច្ចផ្តួចផ្តើមរបស់ ប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក បារ៉ាក់ អូបាម៉ា ដើម្បីកៀរគរយកសមាជិកពីប្រទេសក្នុងតំបន់បាស៊ីហ្វិកធ្វើជាដៃគូសេដ្ឋកិច្ចនិងធ្វើការនាំចេញក្នុងប្រទេសនោះដោយមិនយកពន្ធឬក៏យកតិចតួចបំផុត។ មកដល់ពេលនេះ Trans-Pacific Partnership មានសមាជិកត្រឹមតែ១២ប៉ុណ្ណោះរួមទាំង សហរដ្ឋអាមេរិកខ្លួនឯង ប្រទេសអូស្ត្រាលី កាណាដា ឈីលី ជប៉ុន នូវែលហ្សេឡង់ ក្នុងនោះក៏មានប្រទេសសមាជិកអាស៊ាន៤ប្រទេសផងដែរដូចជាប្រទេស ព្រុយនេ ម៉ាឡេស៊ី វៀតណាម និង សិង្ហបុរី។
ស្រដៀងគ្នានេះដែរក្រុមប្រទេស កិច្ចព្រមព្រៀងនៃការរៀបចំដៃគូសេដ្ឋកិច្ចនៅក្នុងតំបន់ Regional Comprehensive Economic Partnership ហៅកាត់ថា (RCEP) ត្រូវបានបង្កើតឡើងដោយមានការជំរុញពីប្រទេសចិនក្នុងឆ្នាំ២០១២នាកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ីនឹងផ្លាស់ប្តូរពាណិជ្ជកម្មដោយសេរីជាមួយប្រទេសដៃគូ។ កិច្ចព្រមព្រៀងនេះគឺរាប់បញ្ចូលក្រុមប្រទេសអាស៊ានទាំង១០និងដៃគូពាណិជ្ជកម្មផ្សេងទៀតរួមមានប្រទេសចិន អូស្ត្រាលី កាណាដា ជប៉ុន នូវែលហ្សេឡង់និងកូរ៉េខាងត្បូង។ ក៏ប៉ុន្តែមិនបានបញ្ចូលសហរដ្ឋអាមេរិកនោះទេ។
អ្នកជំនាញសេដ្ឋកិច្ចនិងនយោបាយបានប្រាប់ VOA ខេមរភាសាក្នុងសប្តាហ៍នេះថាប្រទេសកម្ពុជាពុំគួររួសរាន់ចូលជាសមាជិករបស់ប្រទេសនៃក្រុមប្រទេស TPP ហើយធ្វើការពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនជាមុនសិន។ កម្ពុជាដែលសព្វថ្ងៃជាសមាជិកកិច្ចព្រមព្រៀងនៃការរៀបចំដៃគូសេដ្ឋកិច្ចនៅក្នុងតំបន់ (RCEP) គួរតែបង្កើនគុណភាពទំនិញរបស់ខ្លួននិងសេដ្ឋកិច្ចជាតិដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់នាឆ្នាំ២០១៥នៅពេលដែលប្រទេសអាស៊ានទាំង១០បើកចំហរបាំងពន្ធគយហើយមានលំហូរទំនិញដោយសេរីក្នុងតំបន់នោះ។
ជាមួយគ្នានោះដែរ អ្នកជំនាញក៏បានព្រមានថាកិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក Trans-Pacific Partnership គឺគ្រាន់តែជាគោលនយោបាយរបស់សហរដ្ឋអាមេរិកក្នុងការទប់មិនឲ្យមានលំហូរការប្រើប្រាស់កម្លាំងពលកម្មក្នុងតម្លៃទាបពីប្រទេសចិនមកក្នុងតំបន់អាស៊ីនិងបង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ប្រសើរមួយនៅក្នុងពិភពលោកតែប៉ុណ្ណោះ។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យនៅឯសាកលវិទ្យាល័យ លីដស៍ (Leeds) ប្រទេសអង់គ្លេសបានលើកឡើងថាគួរតែផ្តោតលើកិច្ចព្រមព្រៀងនៃការរៀបចំដៃគូសេដ្ឋកិច្ចនៅក្នុងតំបន់ឬ (RCEP) និងធ្វើសមាហរណកម្មក្នុងតំបន់ជាមុនប្រសើរជាងគិតដល់ TPP ដែលមានតម្លៃសេដ្ឋកិច្ចរួមជិតពាក់កណ្តាលពិភពលោក។ ហើយកិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកដែលមានសហរដ្ឋអាមេរិកដឹកនាំគឺមានស្តង់ដារខ្ពស់ជាងក្នុងតំបន់។
«ខ្ញុំគិតថាអ្វីអាទិភាពរបស់កម្ពុជាគឺយើងគួរតែផ្តោតលើ RCEP និងបន្ទាប់មកបើយើងគិតថាយើងត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រកួតប្រជែង រហូតដល់អាចទាញយកផលប្រយោជន៍ សឹមយើងស្នើសុំចូលរួមជាមួយ TPP ហ្នឹងបាន»។
លោកបានបញ្ជាក់ថាមកដល់ពេលនេះប្រទេសជប៉ុនដែលជាសមាជិករបស់ TPPនិងប្រទេសវៀតណាមនៅមានបញ្ហាមួយចំនួននៅឡើយដូចជាបញ្ហាផលិតផលកសិកម្មនិង ការគ្រប់គ្រងសហគ្រិនដោយរដ្ឋនៅវៀតណាម។ ដោយឡែកនៅប្រទេសកម្ពុជានៅមានបញ្ហាជាច្រើនដូចជាបរិស្ថាន ការបង្កើនគុណភាពសេវាកម្ម កម្មសិទ្ធិបញ្ញានិងសិទ្ធិពលកម្មជាដើម។
គិតត្រឹមឆ្នាំ២០១៤កំណើនផលទុនក្នុងស្រុកសរុប ឬ GDP របស់ប្រទេសកម្ពុជាគឺជាង១៥ពាន់លានដុល្លារ។ ហើយតាមការព្យាករណ៍GDP របស់ប្រទេសកម្ពុជានឹងអាចកើនឡើងជាង៧ភាគរយនៅក្នុងឆ្នាំ២០១៥និង ២០១៦ ដោយសារតែស្ថិរភាពនយោបាយ។
លោកបណ្ឌិត ផូល ឆាមប៊ើរស៍ (Paul Chambers) សាស្ត្រាចារ្យនៃសាកលវិទ្យាល័យឈៀងម៉ៃប្រទេសថៃបានប្រាប់ VOA ខេមរភាសាថាកិច្ចព្រមព្រៀងដៃគូឆ្លងសមុទ្រប៉ាស៊ីហ្វិកគឺវាមានទំហំធំពេកសម្រាប់សេដ្ឋកិច្ចកម្ពុជាដែលអាចធ្វើឲ្យប្រទេសដ៏ក្រីក្រមួយនេះធ្លាក់ជាចំណុះនិងគ្របដណ្ដប់សេដ្ឋកិច្ចដោយប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំងនោះ។
«សម្រាប់កម្ពុជា TPP គឺអាចគ្រាន់តែជួយទាក់ទាញ ក្រុមហ៊ុនវិនិយោគទុន មកក្នុងប្រទេសនេះដោយសារតែ តម្លៃពលកម្មទាប និងប្រាក់ឈ្នួលទាបជាងគេបង្អស់ក្នុងតំបន់។ ក៏ប៉ុន្តែក្រុមសហជីពកំពុងព្យាយាមតស៊ូមតិ ដើម្បីទាមទារឲ្យមានលក្ខខណ្ឌ ការងារប្រសើរមួយនាពេលនេះ។ ហើយប្រជាជនកម្ពុជាក៏មិនចង់ឲ្យក្រុមហ៊ុនបរទេសគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះដែរ។ ក៏ប៉ុន្តែកម្ពុជាអាចជាវថ្នាំពេទ្យដែលមានតម្លៃសមរម្យក្នុងក្រុមប្រទេស TPP»។ នេះបើតាមមតិរបស់លោកបណ្ឌិត Paul Chambers តាមរយៈសារអេឡិចត្រូនិកមកកាន់VOA។
សាស្ត្រាចារ្យដដែលក៏បានបន្តថាកម្ពុជាគួរតែប្រយ័ត្នចំពោះការប្រកួតប្រជែងរបស់ក្រុមប្រទេស TPP ដែលជ្រោមជ្រែងដោយមហាអំណាចអាមេរិកនិងកិច្ចព្រមព្រៀងនៃការរៀបចំដៃគូសេដ្ឋកិច្ចនៅក្នុងតំបន់ RCEP ដែលជំរុញដោយមហាយក្សចិននោះ។
អ្នកសេដ្ឋកិច្ចនិងប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ លោកចាន់ សុផល បានយល់ស្របថាក្នុងក្របខណ្ឌសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយ ប្រទេសកម្ពុជាគួរជ្រើសរើសយកកិច្ចព្រមព្រៀងនៃការរៀបចំដៃគូសេដ្ឋកិច្ចនៅក្នុងតំបន់ដែលនឹងចាប់ផ្ដើមធ្វើសមាហរណកម្មសេដ្ឋកិច្ចក្រុមប្រទេសអាស៊ាននាចុងឆ្នាំ២០១៥នេះជាពេលដែលលំហូរទំនិញដោយសេរីក្នុងតំបន់ប្រទេសអាស៊ីអាគ្នេយ៍ឬអាស៊ាន។ លោកបានបង្ហាញថា TPP អាចនាំឲ្យប្រទេសអាមេរិកចំណេញច្រើនជាងប្រទេសក្នុងតំបន់ទាំងនយោបាយនិងសេដ្ឋកិច្ច។
«ខ្ញុំយល់ថាវាគឺជារឿងគេហៅ Geopolitics ភូមិសាស្រ្តនយោបាយច្រើនគឺរឿងដែលដឹកនាំដោយប្រ
ទេសអាមេរិកដើម្បីចង់ប្រមូលប្រទេសមួយចំនួននិងឲ្យសហការគ្នា ល្អនឹងខ្លួន ជាជាងជាមួយតែប្រទេសចិន អញ្ចឹងគេខិតខំគៀងគរគ្នាដើម្បីធ្វើជាតំបន់ពាណិជ្ជកម្មរួមគ្នាដើម្បីជាផលចំណេញនយោបាយផងនឹងសេដ្ឋកិច្ចផង»។
កាលពីថ្ងៃអាទិត្យលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានបញ្ជាក់នៅក្នុងសុន្ទរកថាមួយទៅកាន់អ្នកគាំទ្ររបស់លោកថា TPP មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោកនិងអាមេរិកផងដែរដែលអាចជំរុញឲ្យមានការផ្លាស់ប្តូរពាណិជ្ជកម្មសេរីនិងបង្កើនការងារដែលមានប្រាក់ឈ្នួលសមរម្យជាច្រើន។
«យើងគួរតែប្រាកដថាជនជាតិអាមេរិកាំងគឺជាអ្នកសរសេរវិធាននៃពាណិជកម្មពិភពលោក។ ហើយយើងគួរតែធ្វើវាខណៈពេលដែលសេដ្ឋកិច្ចរបស់យើងស្ថិតនៅក្នុងលំដាប់ថ្នាក់ពិភពលោកនោះ។ ប្រសិនបើយើងមិនធ្វើតើដឹងទេថាអ្នកណានឹងធ្វើ? ប្រទេសចិននឹងធ្វើហើយពួកគេនឹងបង្កើតវិន័យសម្រាប់កម្មករនិងអ្នកជំនួយជនជាតិចិន»។
នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ីបូព៌ា ដែលធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីនាចុងខែកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់ខ្លាំងៗចំពោះភាពមិនស្មើគ្នាដៃគូសេដ្ឋកិច្ចមួយនេះ។ លោកនាយករដ្ឋមន្ត្រីបានលើកជាសំណួរថាហេតុអ្វីបានចាំបាច់មាន TPP ដែលអនុញ្ញាតឲ្យតែសមាជិកពាក់កណ្តាលរបស់ក្រុមប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍ឬក៏ ASEAN ចូលរួម? លោកបានបញ្ជាក់ថាក្រុមប្រទេសអាស៊ានរួមជាមួយចិននិងដែគូដទៃទៀតបានបង្កើត កិច្ចព្រមព្រៀងនៃការរៀបចំដៃគូសេដ្ឋកិច្ចនៅក្នុងតំបន់ RCEP ដែលបានបង្កើតឡើងនាឆ្នាំ២០១២ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន។ ហើយក្រុមប្រទេសទាំងពីរនេះអាចនឹងមានការប្រឈមមុខដាក់គ្នា។
«ដូច្នេះទាំងពីរនេះមិនគួរក្លាយទៅជាការ គេហៅថាប្រឈមមុខគ្នាទេ ក៏ប៉ុន្តែគួរតែត្រូវបានជំរុញ។ អ្វីដែលគួរឲ្យមានការសោកស្តាយហើយគួរឲ្យសោកស្តាយដែរថា៖ហេតុអ្វីបានជា Trans-Pacific Partnership មិនយកអាស៊ានទាំង១០ធ្វើជាដៃគូ? នេះជាសំណួរ ដែលខ្ញុំនៅតែសួរថាតើបំណងពិតប្រាកដនៃការបង្កើតឡើងនូវ Trans-Pacificមានគោលដៅអ្វីពិតប្រាកដ? បានជាយក ពាក់កណ្តាលនៃអាស៊ានចូលជាដៃគូហើយ ជាយកតែពាក់កណ្តាល ហើយទុកពាក់កណ្តាលនៅខាងក្រៅដូច្នេះ?»
ក៏ប៉ុន្តែលោកបណ្ឌិតឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យនៅឯសាកលវិទ្យាល័យ លីដស៍ (Leeds) ប្រទេសអង់គ្លេសបានលើកឡើងថាការរិះគន់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ីបូព៌ាគឺចង់បង្ហាញពីចំណាប់អាម្មណ៍របស់កម្ពុជាក្នុងការចូលរួមជាមួយ TPP ឬ Trans-Pacific Partnership។ លោកបានបន្តថាតាមពិត TPP គឺបើកចំហដល់គ្រប់បណ្តាប្រទេសឲ្យចូលរួម តែផ្អែកលើការចរចានិងស្នើសុំ៕