ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី​មូរ សុខហួរ៖ ​អាស៊ាន​ត្រូវ​តែ​ការពារ​ទាំង​ពលករ​មាន​និង​អត់​ជំនាញ

  • ម៉ែន​ គឹមសេង

រូបឯកសារ៖ ពលករ​ចំណាក​ស្រុក​នៅក្នុង​រថយន្ត​ទ្រុង គ្រាដែល​ពួកគេ​រង់ចាំ​ឆ្លង​ចូល​ប្រទេស​កម្ពុជា​នៅ​ឯព្រំដែន​ប្រទេស​កម្ពុជា-ថៃ នៅ​ខែមិថុនា ឆ្នាំ២០១៤។

ប្រទេស​កម្ពុជា​និង​ប្រទេស​ដទៃ​ទៀត​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​(អាស៊ាន) ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ផ្តល់ការការពារ​ដល់​ពលករ​ចំណាក​ស្រុកទាំងអ្នក​មានឯកទេស​និងអ្នកមិន​មាន​ឯកទេស​ ដើម្បី​កុំ​ឱ្យ​ពួកគេ​រង​ការរំលោភ​បំពាន​នានា។​ នេះ​បើតាម​ការស្នើឡើង​របស់​អ្នក​តំណាងរាស្រ្ត។

លោកស្រីមូរ សុខហួរ ​អ្នកតំណាងរាស្រ្ត​ទទួល​បន្ទុក​កិច្ចការ​នារី ​កុមារ​ និង ​ពលករ​ចំណាក​ស្រុក នៃ​ខុទ្ទកាល័យ​ប្រធាន​ក្រុម​សំឡេង​ភាគតិចបាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាលពី​ខែមេសា​ថា៖

«អ្វី​ដែល​ជាការ​ព្រួយបារម្ភ​ហើយ​ជាការ​ជាក់​ស្តែង​គឺ​ ពលករ​ដែល​ចំណាកស្រុក​ហើយ​អត់​មាន​ឯកទេស​បច្ចេកទេស​ការចេះដឹង​ជាពិសេស​ស្ត្រី​គឺជា​ពលករ​ដែល​អត់​មាន​ការ​ការពារ​។ ហើយ​ភាគច្រើន​គឺ​ជា​ពលករ​ដែល​មក​តាម​មេខ្យល់​ ដែល​មក​តាម​ទូក​ ដែល​គេ​ដាក់​តាម​រទេះភ្លើង​ មក​តាម​ឡាន​ហើយ​ដើរ​ចំណាកស្រុក​ដោយ​គ្មាន​ការ​ទីពឹង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន‍»។​

​ប្រទេស​ជា​សមាជិក​អាស៊ាន ​មាន​ប៊្រុយណេ ​កម្ពុជា ​ឥណ្ឌូនេស៊ី ​ឡាវ ​ម៉ាឡេស៊ី ​មីញ៉ាន់ម៉ា​ ហ្វីលីពីន​ សិង្ហបុរី ​ថៃ ​និង​វៀតណាម។ ប្រទេស​ទាំង​នេះ​នឹង​ចង​ជា​សហគមន៍​តែ​មួយ​នៅ​ដំណាច់​ឆ្នាំ​២០១៥។ ប្រទេស​កម្ពុជា​ ឡាវ​ មីញ៉ាន់ម៉ា​ និង​វៀតណាម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សមាជិក​ថ្មី​ដែល​ត្រូវ​បាន​ទទួល​ការ​យ​កចិត្ត​ទុកដាក់​។

លោកស្រី​មូរ សុខហួរ​បាន​បន្ថែម​ថា​តាមគោលការណ៍​ដែល​មាន​នា​ពេលបច្ចុប្បន្ន​គឺ​ក្រោយ​ពី​អាស៊ាន​ធ្វើ​សមាហរណកម្ម​គឺ​សហគមន៍​នេះ​ផ្តល់​តែ​ការ​ការពារ​ដល់​កម្មករ​ដែល​មាន​ឯកទេស​ប៉ុណ្ណោះ។

«អ្វី​ដែល​យើង​ជា​ខ្មែរ​ក៏ ​ដូច​ជាលាវ ​ប្រទេស​ភូមា​ដែល​មិន​អាច​ចំណេញ​ពី​ជើងមេឃ​អាស៊ាន​បើក​ចំហរ​នៅ​ឆ្នាំ​២០១៥​គឺប្រទេស​យើង​ជាប្រទេស​ដែល​ផ្តល់​ពលករ​ចំណាកស្រុក​ដែល​អត់​មាន​ឯកទេស‍»។

មាន​ពលករ​កម្ពុជា​ជាង​មួយលាន​នាក់​កំពុង​ធ្វើ​ការ​ទាំង​ស្របច្បាប់និង​មិន​ស្របច្បាប់​នៅ​ប្រទេស​ថៃ ហ្វីលីពីន​ ម៉ាឡេស៊ី ​ឥណ្ឌូនេស៊ី​និង​កូរ៉េខាងត្បូង។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​តំណាងរាស្រ្ត​មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​មក​ជួបជុំ​គ្នា​កាលពី​ចុងខែ​មេសា​នៅ​ទីក្រុង​គួឡាឡំពួរ​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ទាមទារសិទ្ធិសេរីភាព​សម្រាប់ពលករ​ទាំងនោះដែល​រួម​មាន​ការ​ការពារ​ទាំង​សិទ្ធិសេរីភាព​នៅ​ក្នុង​សេដ្ឋកិច្ច​ សិទ្ធិសេរីភាព​សង្គម​ និង​សិទ្ធិ​សេរីភាព​នយោបាយ‍។ ​ក្នុងនោះ​ក៏​មាន​ទាមទារ​ឱ្យ​បាន​ប្រាក់ខែ​សមរម្យ​ដែល​អាច​ចិញ្ចឹមខ្លួន​និង​ក្រុម​គ្រួសារ​បាន ​សិទ្ធិ​បង្កើត​សហជីព ​បញ្ចេញ​មតិ​និង​សេវា​សង្គម​ផង​ដែរ ។

លោក​ស្រី មូរ សុខហួរ​បាន​បន្ថែម​ថា៖

«អញ្ចឹង​ហើយ​បាន​ជា​យើង​ជា​សង្គម​ស៊ីវិល​ យើង​អ្នក​តំណាងរាស្រ្ត​ដែល​គិត​ពីផល​ប្រយោជន៍​រួម​គឺ​មិន​អាច​អាស៊ាន​គិត​តែ​ពី ​សេដ្ឋកិច្ច។ បញ្ហា​គឺ​បញ្ហា​ធំ​គឺ​អាស៊ាន​គិត​តែ​ពី​សេដ្ឋកិច្ច​គិ​ត​តែពីផ្សារ​បើក​ចំហរ​ជើង​មេឃ​នោះ​គឺ​និយាយ​តែពីអ្វី​ដែល​ពាក់​ព័ន្ធ​នឹង​បច្ចេកទេស។ អ្វី​ដែល​ពាក់​ព័ន្ធ​នឹង​ថវិកា​ធំៗ​ វិនិយោគ​ធំៗ​ហើយ​ភ្លេច​តាំងពី​កម្មករ​របស់​យើង​ដែល​អត់​មាន​ជំនាញ​ ភ្លេច​កសិករ​របស់​យើង​ដែល​អត់​មាន​បច្ចេកទេស​និង​លក់​កសិផល​របស់​គ្នា»។​

នៅថ្ងៃ​ច័ន្ទ​នេះ​ មាន​ពលករ​ខ្មែរ​ដែល​ត្រូវ​គេ​បោកប្រាស់​ឱ្យ​ទៅ​ធ្វើ​កម្មករ​នេសាទ​ចំនួន​៥៩​នាក់​បាន​វិលត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​បន្ទាប់​ពី​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ នៅ​មាន​អ្នក​នេសាទ​ចំនួន​៦៨​នាក់​ទៀត​ដែល​រដ្ឋាភិបាល​កម្ពុជា​និង​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​កំពុង​សហការ​ជាមួយ​នឹង​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ដើម្បី​បញ្ជូន​ពួកគេ​ត្រឡប់​មក​វិញ​ដែរ៕

XS
SM
MD
LG