ក្រសួង​អ​ប់រំ​​​គ្រោង​រឹត​បន្តឹង​ការប្រឡង​នៅ​ឆ្នាំ​២០១៥ ​ដូចឆ្នាំ​មុន​ដែរ

  • ឡេង ស្រីនិច

សិស្ស​ម្នាក់​ព្យាយាម​បោះ​​ប្រ៊ុយយ៉ុង​ ឬ​ក្រដាស់​កំណែ​ឲ្យ​មិត្ត​ភក្តិ​​ដែល​កំពុង​ធ្វើ​ការ​ប្រឡង​នៅ​ក្នុង​សាលារៀន​មួយ​ក្នុង​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​១៩៩៦។ (AP photo/Ou Neakiry)

ដោយ​មាន​ទឹក​មុខ​ញញឹម​ញញែម ​យុវសិស្ស​ហ៊ាន ចាន់ថន​ ក្នុង​វ័យ២០​ឆ្នាំមក​ពីវិទ្យា​ល័យ​ជា ស៊ីមសន្ធរ​ម៉ុក​បាន​រៀប​រាប់​ថា ​ជា​រៀង​រាល់​ថ្ងៃ​ ខ្លួន​ក្រោក​ពីដេកនៅ​ម៉ោង​៤​ទាបភ្លឺ​ ដើម្បី​ទន្ទេញ​មេរៀន​ រួចរៀប​ចំ​ខ្លួន​ទៅ​សាលា​នៅ​ម៉ោង​៦។​

យុវសិស្សដែល​កំពុងខំរៀន​ត្រៀម​ប្រឡង​ទុតិយភូមិ​នេះបន្តថា​ បន្ទាប់​ពី​នោះ​ គេ​នៅ​សាលា​រហូត​ដល់​ម៉ោង​៧កន្លះ​ល្ងាច​ទើប​ទៅ​ផ្ទះ​ ព្រោះ​ចាន់ថន​ត្រូវ​នៅ​រៀន​បន្ថែម​ក្រៅម៉ោងនៅ​ពេល​រសៀល​ និងចូលរួម​ក្លឹប​សិក្សាមួយរៀន​ជា​មួយ​មិត្ត​ភក្តិ​រយៈ​ពេល​១​ម៉ោង​កន្លះ​ បន្ទាប់​ពី​ចេញ​ពី​សាលា​រដ្ឋ។​

ចាន់ថន​និយាយថា៖​ «ក្រោយ​ពី​ទៅ​ដល់​ផ្ទះ​ ​ខ្ញុំញ៉ាំ​បាយ​ល្ងាច​ ហើយខ្ញុំ​សម្រាក​បន្តិច ​រួច​ទៅ​ធ្វើ​លំហាត់​រហូត​ដល់​ម៉ោង​១១​យប់​ទៀត»។​

ចាន់​ថន​គឺ​ជា​សិស្ស​ម្នាក់​ក្នុងចំណោម​សិស្ស​៨៨.០០០​នាក់​ដែល​ត្រៀម​នឹង​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិនៅ​ខែ​ក្រោយ​នេះ។​

ទាំង​អ្នក​សង្កេត​ការណ៍​ និង​សិស្សានុ​សិស្ស​មួយ​ចំនួន​បាន​និយាយ​ស្រប​គ្នា​ថា​ កំណែ​ទម្រង់​របស់​ក្រសួង​អប់រំសម្រាប់​ការ​ប្រឡងនេះ​ពិត​ជា​ធ្វើ​ឲ្យ​សិស្សានុសិស្សខិត​ខំ​ប្រឹង​ប្រែង​រៀនសូត្រ​ច្រើនជាង​មុន។​

ចាន់​ថន​បាន​និយាយថា ការ​ប្រឡង​បាក់​ឌុប​នេះមិន​មែន​ជា​ការ​ប្រឡងដែល​សិស្ស​អាច​ត្រៀម​ក្នុង​រយៈ​ពេល១​ឬ២​ឆ្នាំបាន​នោះ​ទេ​ គឺ​សិស្ស​ត្រូវ​មានគោល​ដៅទុក​ជាមុន​ ​និងទស្សន​វិស័យឲ្យ​វែង​ឆ្ងាយ ទើប​គេ​អាច​ទទួល​បាន​ជោគ​ជ័យ​។​

ចាន់​ថន​បាន​បន្ត​ថា៖​ «​ខ្ញុំ​គាំ​ទ្រ​កំណែ​ទម្រង់​របស់​ក្រសួង​ ព្រោះ​ថា ​វា​ជា​រឿង​មួយ​ដ៏​ល្អ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ក៏​ដូច​ជាយុវជន​នៅ​ពេល​បច្ចុប្បន្ន ហើយ​ការ​ប្រឡងណា​ក៏​ដោយ​ក៏​ត្រូវ​មាន​បទបញ្ជា​ បទ​បញ្ញត្តិ​ឲ្យ​បាន​ត្រឹម​ត្រូវ​ដែរ»។

កាល​ពី​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ​ លោកហង់ ជួនណារ៉ុន​ ​រដ្ឋ​មន្ត្រី​ថ្មី​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡាបាន​ធ្វើ​ការ​កំណែ​ទម្រង់​លើ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ ដោយ​ចាប់​ផ្តើម​ពី​កំណែ​ទម្រង់​លើ​ការ​ប្រឡងមធ្យម​សិក្សា​ទុតិយ​ភូមិ​ ដែល​ទាំង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​យូនីសែហ្វ​(UNICEF)​ក៏បាន​ចូលរួមដើម្បី​បញ្ឈប់​ការ​លួច​ចម្លង​ និង​បញ្ឈប់​ការ​លក់​សំណៅ​ឯកសារ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សិស្ស​ដែលប្រឡង​ជាប់មាន​រហូត​ដល់​ជាង​៨០​ភាគរយ។​

នាង​អ៊ីរីកា​ ប៊ូក​ មន្ត្រី​របស់​អង្គ​ការ​ UNICEF ​នៅ​កម្ពុជា​ ​បាន​ប្រាប់​វីអូអេ​ខ្មែរ​តាម​រយៈអ៊ីម៉ែល​ថា​ ​កាល​ពី​ឆ្នាំ​មុន ​បុគ្គលិក​របស់​អង្គការ ​UNICEF​ បាន​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​សង្កេត​ការណ៍​ឯករាជ្យដើម្បី​ត្រួត​ពិនិត្យបេក្ខ​ជន​ប្រឡងនៅ​តាម​បណ្តា​មណ្ឌល​ប្រឡងមួយ​ចំនួន​ ក៏​ប៉ុន្តែ​ដោយ​សារ​តែ​ឆ្នាំ​នេះ​ ប្រព័ន្ធ​អប់រំ​ស្ថិត​នៅ​ក្នុង​ចំណុច​មួយដើម្បី​ពង្រឹង​សុចរិត​ភាព​នៃ​ដំណើរការ​ប្រឡង​ អង្គការ​ UNICEF​នឹង​មិន​ចូល​រួម​ទេ។​

បើ​ទោះ​បីជា​ការ​ករណី​លួច​ចម្លង ​និង​ការ​លក់​សំណៅ​នៅ​តែ​បន្ត​ក៏ដោយ​ ​ តែ​កំណែ​ទម្រង់​ពិត​ជាមាន​ប្រសិទ្ធភាព​ព្រោះ​លទ្ធ​ផល​ការ​ប្រឡង​បាន​បង្ហាញ​ថា​ សិស្ស​២៥​ភាគ​រយ​ប៉ុណ្ណោះ​បាន​ប្រឡង​ជាប់។​

លោកហង់​ ជួន​ណារ៉ុន​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា​ ការ​ប្រឡងមធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​នេះ​នឹង​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃទី​២៤​ដល់​ថ្ងៃទី​២៥​ ខែ​សីហា​ ឆ្នាំ​២០១៥ ​នា​ពេល​ខាង​មុខនេះ។​ លោក​បាន​បន្ត​ថា ​ចំនួន​បេក្ខជន​ បេក្ខនារី​ដែល​ចូល​រួម​ប្រឡងមានប្រហែល៨៨.០០០​នាក់​ ហើយ​ក្នុង​នោះ​មាន​ជាង​១០.០០០​នាក់​ជាសិស្ស​ដែល​ប្រឡងធ្លាក់​ពី​ឆ្នាំ​មុន ​ហើយ​ត្រៀម​ប្រឡងនៅ​ឆ្នាំ​នេះ។​ ចំណែក​មណ្ឌល​ប្រឡង​មាន​ចំនួន​១៤៩មណ្ឌល​ទូទាំង​ប្រទេស។​

លោក​ហង់​ ជួនណារ៉ុន​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា៖​ «ក្រសួង​នឹង​បន្ត​រឹត​បន្តឹងការ​ប្រឡងឆ្នាំ​នេះឲ្យ​មាន​ស្តង់ដារ​ដូច​ឆ្នាំ​មុន ​ហើយ​ខ្ញុំ​រំពឹង​ថា​ ចំនួន​សិស្ស​ដែល​ជាប់​នឹង​មាន​ការ​កើន​ឡើង»។​

លោក​គ្រី​ ណារិទ្ធ​ ដែល​ជា​គ្រូ​បង្រៀន​ថ្នាក់​ទី​១២មក​ពី​វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក​បាន​ឲ្យ​ដឹង​ថា​ សិស្ស​ភាគ​ច្រើន​បាន​ខិត​ខំ​រៀន​ជាង​មុន​ ​ ព្រោះ​ពួកគេ​បាន​ដឹង​ថា ក្រសួង​នឹង​រឹត​បន្តឹង​ការ​ប្រឡង។​

លោក​បន្ថែម​ថា៖ «​តាម​ការ​សង្កេត​របស់​ខ្ញុំ​ សិស្ស​ទាំង​នោះបាន​មក​រៀន​ទៀងទាត់​ជាង​មុន ​ចេះ​មក​រៀន​គួរ​ និង​មាន​បើក​ក្លឹប​សិក្សារៀនជា​មួយ​មិត្ត​ភក្តិដោយ​ខ្លួនឯង»។​

ស្រដៀង​គ្នានឹង​ចាន់​ថន​ដែរ​ ​យុវសិស្ស​ប៊ុន​ សីហា​ អាយុ​១៩​ឆ្នាំ ​មក​ពី​វិទ្យាល័យហ៊ុន សែន​ជម្ពូរវ័ន​ ដែលនៅ​ជាយ​ទី​ក្រុង​ភ្នំពេញ​ បាន​និយាយ​ថា​ គេ​បាន​ខិតខំ​ប្រឹង​រៀន​ត្រៀម​ប្រឡង​ថ្នាក់​ទី​១២​ ថ្នាក់​ជាតិ​នេះ​តាំង​ពី​ថ្នាក់​ទី​៩​មក​ម្ល៉េះ​ ហើយ​សព្វ​ថ្ងៃ​ គេ​កំពុង​តែ​ខិត​ខំ​បន្ថែមដោយ​បានរៀន​ឈ្មួល​បន្ថែម​ផង​ រៀន​ក្រៅ​ម៉ោង​រវាង​សិស្ស​គ្នា​ឯង​ផង។

សីហា​បាន​បញ្ជាក់​ថា៖​ «ខ្ញុំខំ​ទៅ​រៀន​គួរ​ក្រៅ​ម៉ោង​ដល់សាលា​ជ័យ​ថាវី​ដែល​នៅឯ​ទីក្រុង​នោះ»។​

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ ​សិស្ស​មួយ​ចំនួន​ទៀត​នៅ​ទី​ក្រុង​ភ្នំពេញ​ បាន​បង្ហាញ​ពី​ភាព​សោក​ស្តាយ ​និង​ភ្ញាក់​ខ្លួន ​ហើយ​ចាប់​ផ្តើម​រៀន​សូត្រ​ឡើង​វិញនៅ​ថ្នាក់​ទី​១២ ខណៈពេល​ដែល​ក្រសួងរឹតបន្តឹង​ការ​ប្រឡង។​

យុវសិស្ស​ឈ្មោះ​សន ស្រីលាភ​ អាយុ​១៨​ឆ្នាំ​ មក​ពី​វិទ្យាល័យ​ជា ស៊ីម​ សន្ធរម៉ុក​ បានប្រាប់​វីអូអេ​ថា ដោយ​សារ​តែខ្លួនមើល​ឃើញ​ថា​ ការ​ប្រឡង​មុនៗមាន​លក្ខណៈ​ធូរ​រលុង​ ដែលសិស្ស​មិន​ចេះ​ក៏​នៅ​តែ​ជាប់ដោយ​សារ​ការលួចចម្លង​នោះ នាង​ក៏មាន​គំនិត​មិន​សូវ​ចង់​រៀន​ដែរ។​ នាង​និយាយ​ថា៖​ «ទាល់​តែ​ឃើញកំណែ​ទម្រង់​អញ្ចឹង​ ខ្ញុំ​ក៏​ចាប់​ផ្តើម​រៀន ​ភ្ញាក់​ខ្លួន​ហើយ​ខំប្រឹង​រៀន»។​

នាង​បាន​លើក​ឡើង​ថា​ នៅ​ពេល​នាងឃើញ​សិស្ស​ថ្នាក់​ទី​១០ ​និង​ទី​១១​ មិន​សូវ​ខំ​រៀន នាងមាន​អារម្មណ៍​ថា ​ស្តាយ​ជំនួស​ពួក​គេ ​ហើយ​ចង់​ប្រាប់ឲ្យ​ពួកគេខំប្រឹង​រៀន​ ដើម្បី​កុំ​ឲ្យ​ខក​ខ្លួន​ដូច​នាង។

លោកកែម ឡី​ អ្នក​វិភាគ​ឯក​រាជ្យ បាន​បង្ហាញ​ការ​យល់​ឃើញលើ​អាកប្បកិរិយា​របស់​សិស្ស​ថា កាល​ពីមុន​សិស្ស​មិន​សូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់លើ​ការ​រៀន​សូត្រ​ប៉ុន្មាន​ទេ​ ដោយ​សារ​ពួក​គេ​អាង​ទៅ​លើការ​ស៊ូកប៉ាន់។​ ប៉ុន្តែ​មួយ​រយៈ​កន្លង​មក​នេះ​ ពោល​គឺត្រឹម​ឆ្នាំ​២០១៤​ សិស្ស​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន លែង​ពឹង​ផ្អែក​លើ​ការ​លួច​ចម្លង​ ការ​ឲ្យ​គេ​ធ្វើ​ឲ្យ​ ឬ​លួច​ចម្លង​ ហើយ​ពួកគេ​ចាប់​ផ្តើម​ពឹង​លើ​សមត្ថភាព​របស់​ខ្លួន​គេ​វិញ។​

លោក​បាន​មាន​ប្រសាសន៍​ថា៖​ «ការ​ធ្វើ​កំណែ​ទម្រង់​នេះ​ជា​រឿង​ល្អ​មួយ​ ព្រោះ​ថា​ ទី​មួយ​ វា​ជា​ការ​ពញ្ញាក់​អារម្មណ៍មួយ​ទៅ​ដល់​សិស្ស​ កុំ​ឲ្យ​ពឹង​ផ្អែក​លើ​ការចម្លង​គ្នា​ ការ​បង្កើត​កំហុស​នា​ពេល​ប្រឡង។​ ​ ទីពីរ​ វា​ក៏​ជា​របត់​ថ្មី​មួយ​ដែរ ដែល​មន្ត្រី​ក្រសួង​អប់រំ​បាន​រៀបចំ​ក្រុមកំណែ​ទម្រង់​ដែល​មាន​មនុស្ស​ល្អៗ​ អ្នក​ដែល​មាន​សមត្ថភាព​ និង​គុណភាព​ខ្ពស់ៗ​មក​ជួយ​គិត​ជ្រោម​ជ្រែង​ និង​ទី​បី គឺ​យើង​នឹង​មាន​សង្ឃឹម​ ប្រសិន​បើជា​គាត់​ ជារដ្ឋមន្ត្រី​ ហើយ​គាត់​មាន​សិទ្ធិ​អំណាចពេញ​លេញ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់ពិត​ប្រាកដ ​មិន​មែន​ជា​លក្ខណៈនយោបាយ»៕