ភ្នំពេញ —
គឺជាដំណឹងដ៏អាក្រក់មួយសម្រាប់បេក្ខជនដែលមានចេតនាលួចចម្លងក្នុងប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬការប្រឡងបញ្ចប់ថ្នាក់ទី១២ចាប់ពីឆ្នាំសិក្សា២០១៤នេះ។ ផ្ទុយទៅវិញវាជាដំណឹងល្អសម្រាប់បេក្ខជនដែលប្រឹងប្រែងរៀនសូត្រដោយសមត្ថភាពខ្លួនឯងសម្រាប់ការប្រឡងដែលទទួលរងការរិះគន់យ៉ាងច្រើនឆ្នាំមកហើយនេះ។
ក្រសួងអប់រំ យុវជននិងកីឡាទើបតែចេញបទបញ្ញត្តិយ៉ាងតឹងរ៉ឹងមួយនៅក្នុងសប្តាហ៍នេះដោយព្រមានទុកជាមុនថា បេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិណាដែលប្រព្រឹត្តការលួយចម្លងក្នុងពេលកំពុងប្រឡង បេក្ខជននោះនឹងត្រូវទទួលបានពិន្ទុសូន្យជាស្វ័យប្រវត្តិ ហើយនឹងត្រូវបណ្តេញចេញពីបន្ទប់ប្រឡងសម្រាប់វិញ្ញាសារនេះ។
បទបញ្ញតិ្តនេះ ដែលបានផ្សព្វផ្សាយក្នុងគេហទំព័ររបស់ក្រសួងអប់រំ បានចែងថា ជនណាដែលមានបំណងលួចចម្លងដោយយកជាប់នឹងខ្លួននូវសៀវភៅឯកសារឬសំណៅឯកសារចូលក្នុងបន្ទប់ប្រឡង ជនណាដែលលាក់ជាប់នឹងខ្លួននូវសៀវភៅ ឯកសារឬសំណៅឯកសារឬ ទូរស័ព្ទដៃនិងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទតម្រូវឲ្យប្រគល់ឯកសារទាំងនោះជូនគណៈមេប្រយោគប្រចាំមណ្ឌលប្រឡង ឬបន្ទប់ប្រឡងដោយមិនមានការធានាអំពីការបាត់បង់ឡើយ។ ហើយក្នុងករណីដែលបេក្ខជនប្រឡងមិនប្រគល់ឯកសារដូចមានចែងខាងលើនេះទេ បេក្ខជននោះនឹងមិនត្រូវអនុញ្ញាតឲ្យចូលរួមប្រឡងនិងត្រូវកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ។
មួយវិញទៀតក្រសួងអប់រំកំណត់ថា ការយកបន្ទាត់ដែលមានសរសេររូបមន្ត ការចម្លងរូបមន្ត ការសរសេរលើបាតដៃ លើភ្លៅ ការសរសេរលើស្បែកជើង ឬកន្សែងជូតមុខ ការអើតមើលសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងផ្សេងទៀត ការប្រើប្រាស់ទូរស័ព្ទដៃក្នុងបន្ទប់ប្រឡង ការអង្គុយខុសលេខតុដោយពុំមានការអនុញ្ញត ការរំកិលទៅអង្គុយកៀកគ្នា ប្តូរសន្លឹកកិច្ចការគ្នា ឬការបង្កលទ្ធភាពឲ្យអ្នកដទៃចម្លង សុទ្ធតែជាអំពើដែលត្រូវហាមឃាត់ក្នុងពេលប្រឡង ហើយនឹងទទួលរងការពិន័យ។
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា ចាប់ពីឆ្នាំនេះតទៅ ក្រសួងនឹងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយដើម្បីសង្កេតការណ៍និងដាក់ពិន័យមន្ត្រី អនុរក្ស ឬគណៈមេប្រយោគដែលទទួលសំណូកនាពេលប្រឡង ដើម្បីឱ្យការរឹតបណ្តឹងនេះបានជោគជ័យ។
«អង្គភាពនឹងមានអ្នកដើរត្រួតពិនិត្យកិច្ចការនេះ ហើយអង្គភាពពិនិត្យមើលទាំងអស់លើបទបញ្ញត្តិទាំងឡាយ ដែលពាក់ព័ន្ធហ្នឹងការអនុវត្ត។ ដូច្នេះអង្គភាពតឹងណាស់ ទាំងផ្លូវច្បាប់ ទាំងផ្លូវរដ្ឋបាល។ ដល់ពេលហ្នឹងយើងសហការគ្នាដើម្បីបញ្ចៀសកុំឱ្យរឿងហ្នឹងកើតឡើង»។
ការប្តេជ្ញារឹតបន្តឹងការប្រឡងនេះធ្វើឡើងក្រោយពីការប្រឡងបញ្ចប់ការសិក្សាទុតិយភូមិនាពេលកន្លងមក ដែលរងការរិះគន់អំពីការលួចចម្លងនិងការសូកប៉ាន់នាពេលប្រឡង និងការបែកធ្លាយវិញ្ញាសារប្រឡងជាដើម។ ការប្រឡងបញ្ចប់ទុតិយភូមិនៅឆ្នាំនេះនឹងប្រព្រឹត្តទៅនៅខែសីហា។
កាលពីឆ្នាំ២០១៣ក្នុងចំណោមសិស្សប្រឡងបញ្ចប់ថ្នាក់ទី១២ចំនួនជាង១២ម៉ឺននាក់ មាន៨៥ភាគរយបានប្រឡងជាប់។
លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សាទរចំពោះចំណាត់ការថ្មីនេះ ប៉ុន្តែលោកស្នើឱ្យក្រសួងគិតគូរប្រាក់បៀវត្សរ៍គ្រូបង្រៀនឱ្យបានសមរម្យដែរ សម្រាប់ការអនុវត្តផែនការនេះមានប្រសិទ្ធិភាព។
«សម្រាប់ផែនការរបស់លោករដ្ឋមន្ត្រីថ្មី សមាគមយើងគឺសាទរ ប៉ុន្តែសួរថា វិធានការនេះមានប្រសិទ្ធិភាពទេ។ យើងរង់ចាំមើលទាំងអស់គ្នា។ យើងឃើញមានរបត់ថ្មីដែលឱ្យសង្គមស៊ីវិល សមាគមចូលរួមសង្កេតការណ៍។ ការពង្រឹងគុណភាពអប់រំជាការល្អហើយ ប៉ុន្តែត្រូវតែគិតគូរពីប្រាក់បៀវត្សរ៍គ្រូបង្រៀនដែរ ទើបវាអាចទៅរួច»។
លោក កែម ឡី អ្នកវិភាគសង្គមម្នាក់ ថ្លែងថា ក្រសួងអប់រំនាពេលកន្លងមកបានដាក់វិធានការស្រដៀងនេះច្រើនរួចមកហើយ ប៉ុន្តែមិនសូវបានជោគជ័យ ដោយសារអវត្តមានយន្តការរឹតបន្តឹងនិងត្រួតពិនិត្យដែលមានប្រសិទ្ធិភាព។
«តាមពិតក្រសួង គាត់មានវិធានការច្រើន ប៉ុន្តែវិធានការដែលទទួលបានជោគជ័យទាល់តែវិធានការ វាជាវិធានការច្បាប់។ មានការដាក់ទោសទណ្ឌ ព្រហ្មទណ្ឌតាមច្បាប់ពុករលួយជាដើម។ ទីពីរ បទបញ្ជាដែលទទួលបានជោគជ័យទាល់តែមានយន្តការអនុវត្តតាំងពីថ្នាក់ជាតិរហូតថ្នាក់មូលដ្ឋាន។ ទីបីអ្នកដែលត្រួតពិនិត្យការប្រឡងហ្នឹងមានភាពស្អាតស្អំប៉ុណ្ណា មិនលូកលាន់លុយកាក់។ ទីបួនវិធានការមិនសូវមានប្រសិទ្ធិភាពដោយសារពុំមានការចូលរួមពីសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយក្នុងការចូលរួមសង្កេតការណ៍»។
លោក កែម ឡី បន្ថែមថា ការលួចចម្លងគ្នាក្នុងពេលប្រឡងនឹងធ្វើឱ្យមានការបាក់ទឹកចិត្តដល់អ្នកប្រឹងប្រែង និងប៉ះពាល់ធ្ងន់ធ្ងរដល់គុណភាពអប់រំនៅកម្ពុជា៕