ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​មាន​បញ្ហា​លេច​ធ្លាយ​វិញ្ញាសា​និង​ការ​លួច​ចម្លង​ខ្លះ


មន្ត្រី​​កងរាជ​អាវុធហត្ថ​​ឈរ​យាម​ខណៈ​ដែល​​សិស្ស​ដើរ​ឆ្លង​កាត់​របង​សាលារៀន​មួយ​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០០៣។
មន្ត្រី​​កងរាជ​អាវុធហត្ថ​​ឈរ​យាម​ខណៈ​ដែល​​សិស្ស​ដើរ​ឆ្លង​កាត់​របង​សាលារៀន​មួយ​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០០៣។

ក្រោយ​បញ្ចប់​ការ​ប្រឡង​សាធារណជន​ទូទៅ​កត់​សម្គាល់​និង​ទទួល​ស្គាល់​ថា ​មាន​ការ​ផ្លាស់​ប្តូរ​ឥរិយាបទ​នៃ​ការ​ប្រឡង។ ​តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​តែ​កើត​ឡើង​ក្នុង​កំឡុង​ពេល​ប្រឡង​ដោយ​ខាន​ពុំ​បាន។​

តាំង​ពី​ព្រលឹម​ម៉ោង​ប្រហែល​៥:៣០​នាទី​គឺ​ពីរ​ម៉ោង​មុន​ការ​ប្រឡង​ចាប់​ផ្តើម​ សិស្សានុសិស្ស​ដែល​ស្លៀក​ពាក់​ឯកសណ្ឋាន​ខោ​ឬ​សំពត់​ខៀវ ​និង​អាវស ​ដែល​ត្រៀម​ប្រឡងមធ្យមសិក្សា​ទុតិយភូមិ​ ឬ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​ នៅ​ជុំៗ​ក្នុងហាង​ថត​ចម្លង​នៅ​ម្តុំ​ផ្សារចាស់ ​កណ្តាល​រាជធានី​ភ្នំពេញ។

ពួកគេ​កំពុងធ្វើ​ការ​ថត​ចម្លងវិញ្ញាសា​មួយ​ចំនួន​ដែល​គេ​ជឿ​ថា ​បាន​បែក​ធ្លាយ។​

ការ​បែកធ្លាយ​វិញ្ញាសា​ប្រឡងនៅ​ក្នុង​គ្រឹះស្ថាន​អប់រំ​សាធារណៈ​ក្លាយ​ទៅ​ជា​ប្រពៃណី​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​គ្រូបង្រៀន​នៅ​ទីក្រុង​ភ្នំពេញ​ម្នាក់​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ អះ​អាង​ថា​ មាន​ការ​បែក​ធ្លាយ​វិញ្ញាសា​៥​មុខ​គឺ​មុខ​វិជ្ជា​ភាសាខ្មែរ​ គណិត​វិទ្យា​ រូប​វិទ្យា​ គីមីវិទ្យា ​ជីវវិទ្យា។​

«គណិត​ រូប ​គីមី​ ជីវៈ ​ខ្មែរ ​៥​ហ្នឹង​គឺ​តម្លៃ​២០០ ​ហើយ​កូន​នឹង​សុទ្ធ​តែ​កូន​លោក​ធំ ព្រោះ​គេ​រៀន​គួរ​ពិសេស ​ចង់​ឲ្យ​ស៊ើប​សួរ​ថា​ តើ​៥​វិញ្ញាសា​ហ្នឹង​វា​យ៉ាងម៉េច ​ព្រោះ​ថា​ លក់​ហ្នឹង​គឺពី​ជ័យថាវី​មក»។​

បុរស​វ័យ​២៥​ឆ្នាំ​ម្នាក់​ ដែល​នាំ​ប្អួន​ស្រី​មក​ប្រឡង​ ​បាន​ប្រាប់​ថា​ ការ​លាក់​ប្រ៊ុយយ៉ុង​ ឬ​ក្រដាស់​កំណែ​និង​ចម្លើយ​ជា​មុន​នៅ​តែ​មាន​ដូច​រាល់​ឆ្នាំ។​

«ប៉ុន្តែ​សភាព​ជាក់ស្តែង​ដែល​ខ្ញុំ​នាំ​ប្អូន​មក​ប្រឡងហ្នឹង​គឺ​ថា​ ប្រ៊ុយយ៉ុង​ ឯកសារ​ផ្សេងៗ​ដែល​សិស្ស​យក​ចូល​គឺ​យក​ចូល​បាន ​ឃើញ​ច្បាស់​ ឃើញ​នឹង​ភ្នែក»។​

សិស្ស​ម្នាក់​ព្យាយាម​បោះប្រ៊ុយយ៉ុង​ ឬ​ក្រដាស់​កំណែ​ឲ្យ​មិត្ត​ភក្តិដែល​កំពុង​ធ្វើ​ការ​ប្រឡង​នៅ​ក្នុង​សាលារៀន​មួយ​ក្នុង​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​១៩៩៦។
សិស្ស​ម្នាក់​ព្យាយាម​បោះប្រ៊ុយយ៉ុង​ ឬ​ក្រដាស់​កំណែ​ឲ្យ​មិត្ត​ភក្តិដែល​កំពុង​ធ្វើ​ការ​ប្រឡង​នៅ​ក្នុង​សាលារៀន​មួយ​ក្នុង​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​១៩៩៦។

ដូច​រាល់​ការ​ប្រឡង​មុនៗ​ដែរ ​ទិដ្ឋភាព​ខាង​ក្រៅ​របង​មណ្ឌល​ប្រឡង​ម្តាយ​ឪពុក​ និង​សាច់ញាតិ​មួយ​ចំនួន​ឈរ​ផ្តុំ​គ្នា​រង់​ចាំ​លើក​ទឹក​ចិត្ត ​ស្តាប់​ដំណឹង​ពី​ការប្រឡងនៅ​ខាង​ក្នុង​មណ្ឌល​ប្រឡង​ និង​បញ្ជូនអាហារ ​ភេសជ្ជៈ ​និង​វិញ្ញាសា​តាម​មាត់​របង។​

យោង​តាមបណ្តាញ​សង្គម​ Facebook ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ឲ្យ​ដឹង​ថា ​មាន​ជន​បន្លំ​ខ្លួន​ទៅ​ប្រឡងជំនួស​បេក្ខជន​ប្រឡង​នៅ​ខេត្ត​ព្រៃវែង​ និង​ខេត្ត​កណ្តាល ​ក្នុង​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិនៅ​ថ្ងៃ​ទី​១​នេះ។​

អ្នក​ស្ម័គ្រ​ចិត្ត​តាម​ដាន​សភាព​ការណ៍​ប្រឡងនៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មួយ​រូប​រៀប​រាប់ថា៖​

«ព្រឹក​មិញ​នេះ ស្ថាន​ភាព​នៃ​សិស្ស​ដែល​ចូល​រួម​ការ​ប្រឡងនេះ​មាន​មួយ​ចំនួន​ដែល​មាន​ការ​ហុច​វិញ្ញាសា​តាម​របង​សាលា​ដោយ​សមត្ថកិច្ច​មួយ​ចំនួន​អត់​ទាន់​មាន​ការ​ចាប់​ឬ​ឃាត់​អី​ទេ ​ប៉ុន្តែ​ផ្លូវ​ចូល​មាន​ការ​ឆែក​តឹង​រ៉ឹង​ពី​សំណាក់​លោក​គ្រូ​អ្នក​គ្រូ ​ហើយ​គ្មាន​ការ​យក​គ្រឿង​អេឡិចត្រូនិច​ចូល​ទាំង​អស់»។​

លោក​រស់ សាលីន ​អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡាបាន​បដិសេធ​ករណី​ដែល​បាន​លើក​ឡើង​នេះ​ ដោយលោក​និយាយ​ថា​ វាជា​ការ​បំផុស​បំផុល​របស់​ជន​មួ​យ​ក្រុម​ដែល​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន។​

«ខាង​ក្រសួង​បាន​ទៅ​ដល់​កន្លែង​ពិនិត្យ​តែ​ម្តង​ ទី២​យើង​បាន​ធ្វើ​កោសល្យវិច្ច័យ​ មាន​ន័យ​ថា ​យក​វិញ្ញាសា​ដែល​គេ​អះអាង​ថា​ បែក​ធ្លាយ​ហ្នឹង​មក​ពិនិត្យ​ជាមួយ​វិញ្ញាសា​ដែល​ក្រសួង​ចេញ ​ហើយ​មើល​ទៅ​ដូច​ជា​អត់​មាន​ដូចគ្នា​ទេ​ បាទ។​ នេះ​ជា​ការ​បំផុស​របស់​ជន​ ក្រុម​ដែល​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ​ បាទ»។​

ក្រសួង​អប់រំ​ កាល​ពី​ពេល​ថ្មីៗ​នេះ ​បាន​ចេញ​បទ​បញ្ជា​ឲ្យ​មាន​ការ​រឹត​បន្តឹង​លើ​បេក្ខជន​ប្រឡង​ដោយ​ហាម​ប្រាម​មិន​ឲ្យ​យក​វិញ្ញាសា​ដែល​បែក​ធ្លាយ​ចូល​ក្នុង​មណ្ឌល​ប្រឡង ​ឯកសារ​ផ្សេងៗ​ និង​គ្រឿង​អេឡិចត្រូនិក​ដែល​អាច​ផ្តល់ទំនាក់​ទំនង​ទៅ​មជ្ឈដ្ឋាន​ខាង​ក្រៅ​បន្ទប់​ប្រឡង​ដែល​អាច​ផ្តល់​ជា​ជំនួយ។​ ក្រសួង​ក៏​បាន​ព្រមាន​បណ្តេញ​បេក្ខជន​ណា​ដែល​ប្រព្រឹត្ត​ល្មើស​ គឺ​មិន​ឲ្យ​បន្ត​ការ​ប្រឡង​ឡើយ។

បើទោះ​មាន​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​កើត​មាន​ក្នុង​ពេល​ប្រឡង​ សិស្ស​ដែល​ទើប​តែ​ចេញ​ពី​ប្រឡងនៅ​ម៉ោង​១១​នាទី​ព្រឹក​ជា​មួយ​នឹង​ទឹក​មុខ​ក្រៀម​ក្រំបារម្ភផង​និង​រីករាយ​ផង។​

ជាមួយ​គ្នា​នេះ​ដែរ​ លោក​ រ៉ុង​ ឈុន​ ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​យល់​ឃើញ​ថា ការ​ប្រឡងបាក់​ឌុប​ឆ្នាំ​នេះ​មាន​លក្ខណៈ​ប្រសើរ​ជាង​ឆ្នាំ​មុន​បន្តិច។​

«ការ​ប្រឡងបាក់ឌុប​ឆ្នាំ​ហ្នឹង​ បើ​យើង​ធៀបទៅឆ្នាំ​កន្លង មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​បន្តិច ​ព្រោះ​ដំណើរ​ការ​ប្រឡងហ្នឹង​មិន​មាន​ឃើញ​ការ​ផ្តល់​សំណូក​ និង​បើក​ចម្លង​អី​នោះ​ទេ។ ​ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ ឃើញ​ថា​ ការ​ដែល​នាំ​ប្រ៊ុយយ៉ុង​ នាំ​តេឡេហ្វូន​ចូល​នោះ​នៅ​តែ​ចោទ​មាន ​តែ​ត្រូវ​បាន​សន្តិសុខ ​និង​អនុរក្ស​ដក​ហូត​សព្វ​បែប​យ៉ាង»។​

លោក​រ៉ុង​ ឈុន​បញ្ជាក់​បន្ថែម​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក្នុង​ថ្ងៃ​ទី១។​

«នៅ​ខេត្ត​ព្រៃវែង​ និង​កណ្តាល​មាន​មនុស្ស​ទៅ​ប្រឡងជំនួស​បេក្ខជន​ ឯ​វិញ្ញាសា​ប្រវត្តិវិទ្យា​ក៏​ត្រូវ​បាន​បែក​ធ្លាយ​នៅ​ខេត្ត​ព្រៃវែង​ផង​ដែរ»។​

បើ​ទោះជា​និស្សិត​មួយ​ចំនួន​ប្រាប់​ថា​ ការ​ប្រឡងមាន​លក្ខណៈ​រឹត​បន្តឹង​ខ្លាំងក្តី​ តែ​ ម៉ោង​១​ថ្ងៃត្រង់​ក្នុង​ថ្ងៃទី​២​នៃ​ការ​ប្រឡងទៅ​ហើយ ​គេ​ឃើញ​នៅ​មាន​សិស្ស​មួយ​ចំនួន​នៅ​តែ​ទៅ​ថត​ចម្លង​វិញ្ញា​សា​តូចៗ ​នៅតាម​ហាង​ថត​ចម្លង​មួយ​ចំនួន​ក្បែរ​សាកល​វិទ្យាល័យ​ពុទ្ធិសាស្រ្ត ​មិន​ឆ្ងា​យ​ប៉ុន្មាន​ពី​មណ្ឌល​ប្រឡងវិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ​និង​វត្ត​កោះ។​

នេះ​ជា​សញ្ញា​ឲ្យ​ឃើញ​ថា​ សិស្ស​នៅ​មាន​ឱកាស​បើក​ចម្លង​នៅ​ឡើយ។​

លោក​រ៉ុង ឈុននិយាយថា៖​ «នៅ​មណ្ឌល​មួយ​ចំនួន​ បេក្ខជន​នៅ​មើល​គ្នា​ ចម្លង​គ្នា​បាន​ខ្លះ»។​

ការ​ប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិន​ឆ្នាំ​២០១៤​នេះ​បែង​ចែក​ជា​១៥៤ ​មណ្ឌល​ប្រឡង​ និងមាន​បេក្ខជន​ត្រូវ​ប្រឡងសរុប​ចំនួន​ជាង​៩៣.៤៥៦​នាក់៕

XS
SM
MD
LG