គណៈកម្មការជំនាញរបស់សភាជាតិបានស្នើសុំឱ្យក្រសួងអប់រំពង្រឹងគុណភាពអប់រំដោយផ្តោតលើគុណភាពគ្រូបង្រៀននិងកម្មវិធីសិក្សាដែលនៅអន់ថយបើប្រៀបធៀបនឹងប្រទេសក្នុងតំបន់។
ការធ្វើសវនាការដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងអប់រំកាលពីថ្ងៃពុធកើតមានឡើងក្រោយពីការប្រឡងសញ្ញាប័ត្រទុតិយភូមិកាលពីដើមខែសីហាមានសិស្សានុសិស្សប្រឡងជាប់តែជាង២៥ភាគរយក្នុងចំណោមបេក្ខជនជិត៩ម៉ឺននាក់ដោយសារតែមានការរឹតបន្តឹងយ៉ាងមធ្យ័តខុសពីរាល់ដង។
លោកយ៉ែម បុញ្ញឫទ្ធិ សមាជិកសភាគណបក្សសង្គ្រោះជាតិនិងជាប្រធានគណៈកម្មការអប់រំ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍បានបញ្ជាក់ប្រាប់វីអូអេថា៖
«ការរឹតបន្តឹងនៅពេលប្រឡងជាខ្នាតមួយដើម្បីវាស់វែងគុណភាពនៃការអប់រំនិងគុណភាពរបស់បេក្ខជនរបស់សិស្សយើង។ ឆ្នាំមុនៗអត្រានៃអ្នកជាប់មធ្យមសិក្សាទុតិយភូមិមានរហូតដល់ជាង៧០ភាគរយឬជាង៨០ភាគរយដល់ពេលយើងរឹតបន្តឹងនៅឆ្នាំសិក្សា២០១៣-២០១៤ហ្នឹងស្រាប់តែធ្លាក់ចុះមកដល់២៥ភាគរយសបញ្ជាក់ថាយើងនៅមានបញ្ហានៅក្នុងវិស័យអប់រំរបស់យើងអញ្ចឹងហើយបានជាយើងស្នើសុំឱ្យមានកំណែទម្រង់ជាក់លាក់មួយពាក់ព័ន្ធនឹងកត្តាផ្សេងៗទៀតមិនមែនរឹតបន្តឹងរឿងប្រឡងមួយមុខទេពីព្រោះមានកត្តាផ្សេងទៀតដែលត្រូវធ្វើកំណែទម្រង់ដែរដើម្បីឱ្យវិស័យអប់រំរបស់យើងមានគុណភាពពិតប្រាកដ»។
កត្តាផ្សេងៗដែលលោកយ៉ែម បុញ្ញឫទ្ធិលើកឡើងនោះមានការពង្រឹងគុណភាពគ្រូបង្រៀន គុណភាពកម្មវិធីសិក្សា មធ្យោបាយ សិស្ស និងសង្គម៖
«ពីព្រោះប្រអប់ទាំងប្រាំហ្នឹងហើយដែលជួយជំរុញវិស័យអប់រំមានប្រសិទ្ធភាពនិងមានគុណភាពល្អទៅថ្ងៃអនាគត។ ឧទាហរណ៍ក្នុងរឿងគ្រូបង្រៀនដើម្បីឱ្យគ្រូបង្រៀនមានគុណភាពទាល់តែគ្រូបង្រៀនមានប្រាក់ខែគ្រប់គ្រាន់ហើយមានការជំរុញលើកទឹកចិត្តដើម្បីគាត់អាចបំពេញការងារបានពេញលេញ។ លើសពីហ្នឹងទៅទៀតយើងក៏ត្រូវពង្រឹងសមត្ថភាពគាត់បន្ថែមបូកនឹងគរុកោសល្យហើយមួយទៀតសំខាន់មែនទែនគឺត្រូវបំបាត់អំពើពុករលួយក្នុងប្រព័ន្ធគ្រូតាមសាលានីមួយៗពីព្រោះបច្ចុប្បន្ននេះមានអ្នកទិញពិន្ទុ អ្នកទិញវត្តមានទោះបីមិនបាច់ទៅរៀនក៏អាចមានឈ្មោះវត្តមានជាដើម។ ទាំងអស់ហ្នឹងហើយដែលយើងយល់ថាកំណែទម្រង់លើប្រអប់ទាំងប្រាំសំខាន់ណាស់»។
សវនាការនោះមានលក្ខណៈចង្អៀតឬហៅថាសវនាការបិទទ្វារហើយមានការអញ្ជើញឱ្យតំណាងសង្គមស៊ីវិលចូលរួមដែរប៉ុន្តែពួកគេមួយចំនួនបានខកខានមិនអាចចូលរួមស្តាប់បានដោយសារតែមិនមានការអនុញ្ញាតពីប្រធានសភាជាតិ។
លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងបន្ទប់សវនាការទេបើទោះបីជាត្រូវបានគណៈកម្មការអញ្ជើញឱ្យចូលរួមស្តាប់ក៏ដោយ។
លោកយល់ថាដើម្បីពង្រឹងគុណភាពអប់រំគឺត្រូវដោះស្រាយបញ្ហាប្រាក់បៀវត្សរ៍គ្រូបង្រៀនដែលមានចំនួនតិចតួចជាមុនសិន។
«មុនគេបង្អស់នោះ គឺប្រាក់ខែគ្រូបង្រៀនហ្នឹងហើយ ហើយបើសិនជាប្រាក់ខែគ្រូបង្រៀនមិនត្រូវបានដោះស្រាយជូនពួកគាត់ទេហើយបើមិនដោះស្រាយជូនពួកគាត់ គឺពួកគាត់មិនសហការជាមួយពេលហ្នឹងយើងមិនអាចទទួលបានការអប់រំប្រកបដោយគុណភាពដែរពីព្រោះទោះបីមានសម្ភារៈសិក្សាគ្រប់គ្រាន់មានសាលារៀនបន្ទប់ម៉ាស៊ីនត្រជាក់ក្តីបើក្រពះគ្រូបង្រៀនមិនត្រូវបានដោះស្រាយការអប់រំក៏មិនអាចទទួលបានការអប់រំល្អដែរ»។
វីអូអេមិនអាចទាក់ទង លោក រដ្ឋមន្ត្រីហង់ ជួនណារ៉ុន បានទេនៅក្រោយពី សវនាការនោះ បានបញ្ចប់ប៉ុន្តែនៅក្នុងបទសម្ភាសកន្លងមកជាមួយនឹងវីអូអេលោកបានបញ្ជាក់ថាលទ្ធផលនៃការប្រឡងនេះគឺដើម្បីយកមកកែលម្អគុណភាពអប់រំ។
«ក្រោយប្រឡងនេះយើងកំណត់ទិសដៅកំណែទម្រង់កំណត់ចក្ខុវិស័យជាពិសេសត្រូវពង្រឹងសាលាតែម្តងហៅថាអភិបាលកិច្ចនៅតាមសាលាហើយក៏ដូចជាពង្រឹងការបណ្តុះបណ្តាលគ្រូហើយការរៀននិងការបង្រៀនភាសាខ្មែរ កំណានតាំងពីថ្នាក់ទី១ ទី២ ទី៣ ហើយនឹងពង្រឹងនូវវិធីសាស្រ្តបង្រៀន គរុកោសល្យ ការបណ្តុះបណ្តាលគ្រូជាដើមក៏ដូចជាការគ្រប់គ្រងសាលាការចូលរួមរបស់មាតាបិតាសិស្ស សហគមន៍ ការចូលរួមរបស់ដៃគូអភិវឌ្ឍន៍នៅក្នុងការកែលម្អសាលារៀន»។
ក្រសួងអប់រំនឹងរៀបចំការប្រឡងលើកទីពីរសម្រាប់សិស្សដែលធ្លាក់នៅ ថ្ងៃទី១៣និង១៤ខែតុលាខាងមុខនេះ៕