ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សនិ្នសីទ​និស្សិត​ជំរុញ​ឲ្យ​ជួយ​រៀបចំ​និស្សិត​ត្រៀម​ខ្លួន​ចូល​ក្នុង​សហគមន៍​អាស៊ាន


សន្និសីទនិស្សិតស្តីពីមុខវិជ្ជាសិល្បៈ មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម លើកទី២ ត្រូវបានធ្វើឡើងនៅឯសាកលវិទ្យាល័យហ្សាម៉ាន់ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥។ សន្និសីទនិស្សិតនេះមានគោលបំណងជម្រុញនិស្សិតឲ្យធ្វើការស្រាវជ្រាវនៅក្នុងការសិក្សា។ (នូវ ពៅលក្ខិណា/VOA)
សន្និសីទនិស្សិតស្តីពីមុខវិជ្ជាសិល្បៈ មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម លើកទី២ ត្រូវបានធ្វើឡើងនៅឯសាកលវិទ្យាល័យហ្សាម៉ាន់ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥។ សន្និសីទនិស្សិតនេះមានគោលបំណងជម្រុញនិស្សិតឲ្យធ្វើការស្រាវជ្រាវនៅក្នុងការសិក្សា។ (នូវ ពៅលក្ខិណា/VOA)

សនិ្នសីទ​និស្សិត​មាន​លក្ខណៈ​អន្តរជាតិ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ស្រាវជ្រាវ ​និង​ជួយ​រៀបចំ​និស្សិត​ឱ្យ​ត្រៀម​ខ្លួន​ចូល​ក្នុង​សហគមន៍​អាស៊ាន​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ នៅ​សាកល​វិទ្យាល័យ​ហ្សាម៉ាន់​ក្នុង​ទីក្រុង​ភ្នំ​ពេញ។​

នៅ​ឯ​សន្និសីទ​នេះ​ លោក​បណ្ឌិត​ ដេត​ សុខ​ឧត្តម​ ព្រឹទ្ធបុរស​ខាង​កិច្ចការ​សិក្សាធិការ​នៃសាកល​វិទ្យាល័យ​ហ្សាម៉ាន់ ​បាន​និយាយ​ថា​ សន្និសីទ​និស្សិត​នេះ​គឺ​ជា​ឱកាស​តែ​មួយ​គត់​សម្រាប់​និស្សិត​កម្ពុជា​ធ្វើ​បទ​បង្ហាញ​ឯកសារ​ស្រាវជ្រាវ​អំពី​កិច្ចការ​សិក្សា​របស់​ពួក​គេ។​

លោក​បណ្ឌិត​ សុខឧត្តម បាន​បន្ត​ទៀត​ថា ​ដោយ​សារ​ការ​ស្រាវជ្រាវ​របស់​និស្សិត​នៅ​មាន​កម្រិត​ ដូច្នេះ​សនិ្នសីទ​នេះ​បាន​ជួយ​ឲ្យ​ពួកគេ​ខិតខំ​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម​ឲ្យ​លើស​ពី​កិច្ច​ការសាលា​ ដោយ​សារ​មាន​ការ​ផ្តល់​អនុសាសន៍​ពី​អ្នក​ជំនាញ​ពាក់ព័ន្ធ។​

​«យើង​មាន​អ្នក​ចូលរួម​ពិភាក្សាផ្តល់​យោបល់​គឺ​ជា​អ្នក​ជួយ​ជ្រោងជ្រែង​ក្នុង​ការ​ផ្តល់​មតិ​ ឬ​ក៏​រិះ​គន់​ក្នុង​ន័យ​ស្ថាបនាទៅ​លើ​ឯកសារ​ស្រាវជ្រាវ​របស់​គាត់។​ ហើយ​អ្នក​ដែល​ចូលរួម​ពិភាក្សា​ផ្តល់​យោបល់​ហ្នឹង​ ជា​ទូទៅ​គឺ​ជា​សាស្រ្តាចារ្យ​ ឬ​អ្នក​ជំនាញ​ ឬ​ក៏​ជា​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​ស្ថាប័ន​ពាក់​ព័ន្ធ​ណាមួយ» ​ដែល​គាត់​ធ្លាប់​បាន​ធ្វើ​ការ​ស្រាវជ្រាវច្រើន​លើ​ប្រធាន​បទ​ហ្នឹង។​

អ្នក​ធ្វើ​បទ​បង្ហាញ​មាន​ចំនួន​៤២​នាក់​ មក​ពី​ប្រទេស​ចំនួន​៩​ ដែល​ក្នុង​នោះ​មាន​ដូចជា​ប្រទេស​ម៉ាឡេស៊ី​ ​ឥណ្ឌូនេស៊ី​ និង​សិង្ហបុរី​ជា​ដើម។​

និស្សិត​នៅ​ក្នុង​ការ​សិក្សា​ឆ្នាំ​ទី​៣​ និង​ទី​៤ ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ចូលរួម​ ខណៈពេល​ដែល​ពួក​គេ​ស្ថិត​នៅ​ក្នុង​ការស្រាវជ្រាវ​សម្រាប់​និក្ខេបទ​ថ្នាក់​បញ្ចប់​របស់​ពួកគេ។​

លោក​បណ្ឌិត​ ពូ​ សុវចនា​ នាយក​រង​នៃ​វិទ្យាស្ថាន​សម្រាប់​សហប្រតិបត្តិការ​ និង​សន្តិភាព​ បាន​និយាយ​ថា​ លោក​បាន​មើល​និស្សិត​៤​នាក់​ធ្វើ​បទ​បង្ហាញ​ ខណៈ​ដែល​លោក​ធ្វើ​ជា​អ្នក​ចូលរួម​ពិភាក្សា​ផ្តល់​យោបល់នៅ​ក្នុង​ការពិភាក្សា​មួយនៅ​ក្នុង​សន្និសីទ​និស្សិត​នោះ។​

«អ្នក​ទាំង​បួន​មាន​កម្រិត​មួយ ដែល​នៅ​ប្រទេស​កម្ពុជា​យើង​សព្វ​ថ្ងៃ​កម្រ​មាន​និស្សិត​ខ្មែរ​ដែល​អាច​ធ្វើ​ដូច​គាត់​បាន។​ អញ្ចឹង​ពួកគេ​សុទ្ធ​តែ​ជា​និស្សិត​ឆ្នើម​ហើយ​ដែល​អាច​សរសេរ​ ហើយ​ឡើង​ធ្វើ​បទ​បង្ហាញ​ ហើយ​នឹង​និយាយ​ឲ្យ​អ្នក​ទាំង​អស់​មាន​ការ​ចាប់​អារម្មណ៍»។​

2សន្និសីទនិស្សិតស្តីពីមុខវិជ្ជាសិល្បៈ មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម លើកទី២ ត្រូវបានធ្វើឡើងនៅឯសាកលវិទ្យាល័យហ្សាម៉ាន់ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥។ សន្និសីទនិស្សិតនេះមានគោលបំណងជម្រុញនិស្សិតឲ្យធ្វើការស្រាវជ្រាវនៅក្នុងការសិក្សា។ (នូវ ពៅលក្ខិណា/VOA)
2សន្និសីទនិស្សិតស្តីពីមុខវិជ្ជាសិល្បៈ មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម លើកទី២ ត្រូវបានធ្វើឡើងនៅឯសាកលវិទ្យាល័យហ្សាម៉ាន់ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥។ សន្និសីទនិស្សិតនេះមានគោលបំណងជម្រុញនិស្សិតឲ្យធ្វើការស្រាវជ្រាវនៅក្នុងការសិក្សា។ (នូវ ពៅលក្ខិណា/VOA)

អ្នក​ជំនាញ​ក្នុង​ការស្រាវជ្រាវរូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​ស្រាវជ្រាវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នៅ​មាន​កម្រិត​ ដោយ​សារ​តែ​កង្វះ​ធនធាន​ពី​ស្ថាប័ន​ឲ្យ​ធ្វើ​ការ​ស្រាវជ្រាវ​ និង​កង្វះ​ការ​បណ្តុះ​បណ្តាល​ការ​ស្រាវជ្រាវ​ឲ្យ​ស៊ី​ជម្រៅ។​

លោក​ អ៊ឹម​ ច័ន្ទបូរ៉ាជាតិ​ និស្សិត​ថ្នាក់​អនុបណ្ឌិត​នៅ​សាលា​គោល​នយោបាយ​សាធារណៈរបស់​លោក​លីក្វាន់យូ​នៅ​សាកល​វិទ្យាល័យ​ជាតិ​សឹង្ហបុរី​ បាន​ចូល​រួម​ធ្វើ​បទ​បង្ហាញ​ការស្រាវជ្រាវ​ពី​ប្រធានបទ​ស្តី​អំពី​ការិយាធិបតេយ្យ​របស់​កម្ពុជា​ និង​ចិន។​

«ករណី​ស្រាវជ្រាវ​ (research) ​ហ្នឹង​ គ្រាន់​តែ​ចង់​ឲ្យ​សិស្ស​និស្សិត​នៅ​ស្រុក​ខ្មែរ​ហ្នឹង​ គាត់​យល់​ថា​ ការស្រាវជ្រាវ​ហ្នឹង​វាមាន​ប្រយោជន៍។​ មិន​ចាំ​បាច់​ថា​ យើង​ធ្វើ​ការស្រាវជ្រាវ​ដែល​ល្អ​ហ្មង​បាន​យើង​ចាំ​ធ្វើ​ការ​ស្រាវជ្រាវ​នោះ​គឺ​មិនមែន​ទេ។​ យើង​ចាប់​ផ្តើម​ពី​ចំណុច​ដំបូងៗ​ទៅ»។​

លោក​បាន​និយាយ​ថា​ សន្និសីទ​នេះ​បាន​ទទួល​លទ្ធផល​ល្អ​ ដោយ​សារ​វា​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​និស្សិត​ ខណៈ​ដែល​លោក​បាន​ទទួល​សំណួរ​អំពី​របៀប​ក្នុង​ការស្រាវជ្រាវ​របស់​លោក។

លោក​ យុង​ ច័ន្ទ​ឌឺលុច្ស​ ជា​និស្សិតជំនាញ​សិក្សា​អន្តរជាតិនៃវិទ្យាស្ថាន​ភាសា​បរទេស ​បាន​ចូល​រួម​ស្តាប់​ការធ្វើ​បទបង្ហាញ​នៅ​ក្នុង​សន្និសីទ​នេះ​ ជាមួយ​មិត្ត​រួម​ថ្នាក់​របស់​ខ្លួន​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ពី​វាគ្មិន​ និង​ចំណេះ​ដឹង​ផ្នែក​អាស៊ាន​ ដើម្បី​ជួយ​ដល់​ការ​សិក្សា​របស់​គេ។​

«ចំពោះ​ការស្រាវជ្រាវ​ ឬ​ក៏​ការ​ធ្វើ​បទ​បង្ហាញ​របស់​ពួក​គាត់គឺ​ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ព្រោះ​គាត់​មាន​បទពិសោធ​ គាត់​មាន​ការ​ស្រាវជ្រាវ​ច្រើន​ពី​មុខ​វិជ្ជា​របស់​គាត់​ហ្នឹង ​ហើយ​គាត់ពន្យល់​បាន​ក្បោះ​ក្បាយ​ល្អ»។​

លោកបណ្ឌិត​ ដេត សុខឧត្តមសង្ឃឹម​ថា​ នឹង​មាន​ការចូលរួម​ពីសាកល​វិទ្យាល័យ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ពេល​អនាគត ដោយ​សារ​សន្និសីទ​នេះ​បើក​ចំហ​ជា​សាធារណៈ​សម្រាប់​និស្សិត។​

«ចាប់​ពី​ឥឡូវ​ទៅ​យើង​នឹង​ព្យាយាម​សហការ​ជាមួយ​ពួក​គាត់​ ផ្តល់​ពេល​វេលា​ឲ្យ​បាន​ច្រើន​ជាង​មុន​ ហើយ​សង្ឃឹម​ថា ​សាកល​វិទ្យាល័យ​ផ្សេងៗគាត់​សហការ​ជាមួយ​ពួក​យើង​ តែយើង​ទាមទារ​ឲ្យពួក​គាត់​ចេះ​ភាសា​អង់គ្លេស​ ព្រោះ​វា​ជា​ភាសា​គោល»។​

​សន្និសីទ​និស្សិត​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជាលើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០១៤៕

XS
SM
MD
LG