ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​គណបក្ស​ប្រឆាំង​សរសើរ​ការ​ប្រឡង​ទុតិយភូមិ​ឆ្នាំ​២០១៤


មន្ត្រី​​កងរាជ​អាវុធហត្ថ​​ឈរ​យាម​ខណៈ​ដែល​​សិស្ស​ដើរ​ឆ្លង​កាត់​របង​សាលារៀន​មួយ​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០០៣។
មន្ត្រី​​កងរាជ​អាវុធហត្ថ​​ឈរ​យាម​ខណៈ​ដែល​​សិស្ស​ដើរ​ឆ្លង​កាត់​របង​សាលារៀន​មួយ​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០០៣។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​បា​ន​ថ្លែង​ជា​សាធារណៈដែល​មិន​ធ្លាប់​មាន សរសើររដ្ឋ​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប។

លោក​ស្រី មួរ សុខហួរ តំណាងរាស្ត្រ​ប្រចាំ​ខេត្ត​បាត់ដំបង​របស់​គណបក្ស​ជំទាស់​បាន​លើក​ពី​គុណ​សម្បត្តិលោក ហង្សជួន ណារ៉ុន រដ្ឋ​មន្ត្រី​អប់រំ​បន្ទាប់​ពី​មាន​ការ​កែ​ទម្រង់​ដ៏​ស៊ីជម្រៅ​មួយ​ក្នុ​ងការ​ប្រឡង​បញ្ចប់​ការ​សិក្សា​ទុតិយភូមិ​ថ្មីៗនេះ។ លោក​ស្រី​ មួរ ​សុខហួរ ​បាន​លើក​ឡើង​នៅ​ក្នុ​ង​ពិធី​ផ្សព្វ​ផ្សាយ​របាយការណ៍​ស្តី​ពីអំពើ​ពុក​រលួយ​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ​ថា រដ្ឋ​មន្ត្រី​អប់រំ​បាន​បង្ហាញ​ឆន្ទៈ​នៅ​ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​អប់រំ​កម្ពុជា។

«សរសើរ​មែនទែន។ ហើយ​ត្រូវ​តែ​គាំទ្រ​ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួង​អប់រំ។ គាត់​មាន​ឆន្ទៈ។ ​គាត់​ចាប់​ផ្តើម​គិត​ស៊ី​ជម្រៅ»។

កាល​ពី​ដើម​ខែ មេសា​ ក្រសួង​អប់រំ​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ប្រឡង​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី​១២​ឬ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ដែល​ជា​ការប្រឡង​ដ៏​តឹង​រឹង​ដោយ​គ្មាន​ការ​សូក​ប៉ាន់​និង​ការបន្លំ​ឬលួច​មើល។

ជាលទ្ធផល ក្នុង​ចំណោម​បេក្ខជន​ប្រឡង​សរុប​ជាង​៩​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេសមាន​តែ​សិស្សានុ​សិស្ស​ចំនួន​២៣.១២៦ នាក់​តែ​ប៉ុណ្ណោះ​ដែល​ប្រឡង​ជាប់​ឬ​ស្មើ​នឹង ២៥,៧២ភាគ​រយ​នៃ​ចំនួន​បេក្ខជន​សរុប។

ក៏ប៉ុន្តែ​ក្រសួង​អប់រំ​ យុវជន និងកីឡា​គ្រោង​នឹង​រៀបចំ​ឲ្យ​បេក្ខជន​ដែល​បរាជ័យ​មាន​ឱកាស​ចូល​ប្រឡង​យក​សញ្ញាបត្រជា​លើក​ទី​២​នៅថ្ងៃ​ទី​១៣ ខែ​តុលា​ខាងមុខ។

លោកស្រី មួ សុខហួរ បាន​ស្តី​បន្ទោស​ថា អត្រា​ដែល​មាន​បេក្ខជន​ជាប់​តិច​តួច​បាន​បង្ហាញ​ថា កម្រិត​នៃ​ការ​អប់រំ​នៅ​កម្ពុជា​នៅ​មាន​គុណភាព​ខ្សោយ ប៉ុន្តែ​លោកស្រី​នៅ​តែ​សរសើរ​ថា រដ្ឋ​មន្ត្រី​អប់រំ​បាន​ធ្វើ​ការ​សម្រាប់​ប្រទេស​ជាតិហើយ​ការ​សរសើ​របស់​លោក​ស្រី​ចំពោះ​ឆន្ទៈ​បែប​នេះ​ដោយ​មិន​ប្រកាន់​លើ​និន្នាការ​នយោបាយ។

«ខ្ញុំ​មិន​មែន​លើក​សរសើ​ខ្លួន​គាត់​ជា​បុគ្គល​ប៉ុន្តែ​សរសើរ​អ្វី​ដែល​ជា​ការ​ខិតខំ​ប្រឹង​ប្រែង អ្វី​ដែល​ជា​គោលការណ៍ អ្វី​ដែល​ជាវិធាន​ការ​របស់​គាត់។ ជា​ការ​ភ្ញាក់​រលឹក​ទៅ​ដល់​អ្នក​ដឹក​នាំ​ប្រទេស​ថា គុណ​ភាព​នៃ​ការអប់រំ​យើង​ធ្លាក់​ដល់​បាត​របៀប​នេះ និទ្ទេស​A មាន​តែ​ចំនួន​១១​នាក់​នៅ​ទូទាំង​ប្រទេស។ តើ​យើង​ឃើញ​ថា ​អនាគត​នៃ​យុវជន​យើង អនាគត​របស់​ជាតិ​យើង អនាគត​នៃ​សេដ្ឋកិច្ចជាតិ​យើង​នៅ​ឯណា?»

លោកស្រីធិតា ឃឹះ នាយិការ​នៃ​អង្គការ​សីលការ​ក៏​បាន​សរសើរ​ការ​កែ​សម្រួល​ក្នុ​ង​ការ​ប្រឡង​នេះ​ដូចគ្នា​ដែរ។

លោកស្រី មួរ សុខហួរ បញ្ជាក់​ថា ក្រុម​តំណាងរាស្ដ្រ​នឹង​ជួយ​លើក​ទឹកចិត្ត​ក្រសួង​អប់រំ​បន្ថែម​ទៀត​ហើយ​ក្រុម​តំណាងរាស្ដ្រ​នឹង​ជួយ​ទាមទារ​ថវិកា​ជាតិ​បន្ថែម​សម្រាប់​វិស័យ​អប់រំ​ឲ្យ​កើន​ពី​២០​ទៅ​២៥​ភាគ​រយ​នៃ​ថវិកា​ជាតិ​សរុប។ ថវិកា​សម្រាប់​ក្រសួង​អប់រំ​ក្នុង​ពេល​នេះ​មាន​ចំនួន​ប្រមាណ​ជា​១៦​ភាគរយ។ ប៉ុន្តែ​គឺជា​ចំនួន​ថវិកា​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​ក្រសួង​នានា​របស់​រដ្ឋា​ភិបាល។

រដ្ឋា​ភិបាល​នឹង​បញ្ជូន​គម្រោង​ថវិកា​ថ្មី​ទៅ​កាន់​រដ្ឋ​សភា​សម្រាប់​បែងចែក​ដល់​ក្រសួង​នានា​សម្រាប់​ឆ្នាំ​២០១៥​នៅ​ក្នុងអំឡុង​ចុង​ឆ្នាំ​២០១៤។

លោក រស់ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន​ និងកីឡា មាន​ប្រសាសន៍​ថាក្រសួង​កំពុង​តែ​រៀប​ចំ​សំណើ​សម្រាប់​គម្រោង​ថវិកា​ឆ្នាំ​២០១៥។ ថវិកា​ថ្មី​គួរ​តែ​ឡើង​ខ្ពស់​ដល់​កម្រិត​ជិត​២០​ភាគរយ​នៃ​ថវិកាជាតិ។

«ការប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​កន្លង​មក​នេះ យើង​បាន​រៀបចំ​ហ្មត់ចត់​ណាស់ដែល​លទ្ធផល​បង្ហាញ​ថា យើង​ទទួល​បាន​ដូច​ក្រសួង​បាន​កំណត់​ទុកគឺ​យុត្តិធម៌​និង​តម្លាភាពដែល​លទ្ធផល​មក​យើង​ទទួល​យក​បាន ​ដែល​លទ្ធផល​នេះ​ឆ្លុះ​បញ្ចាំង​ថា​តើ​សិស្ស​របស់​យើង​ដែល​បាន​បញ្ចប់​ការ​សិក្សា​មធ្យម​សិក្សា​ថ្នាក់​ទី​១២​នេះ​តើ​ចំណុចណា​ខ្លះ​ដែល​យើង​ត្រូវ​កែ​លម្អ»។

ចំណុច​ដែល​ត្រូវ​រក​ឃើញ​ថា ជា​ចំណុច​ខ្សោយ​របស់​សិស្សានុសិស្ស​កម្ពុជា​មាន​ជា​ទូទៅ​ក្នុងពេល​ប្រឡង​នោះ​គឺ​ផ្នែក​វិទ្យាសាស្រ្ត​ពិត​ទាក់ទង​នឹង​ការ​គណនា​និង​រូបមន្ត​ជាក់ស្តែង​ដូចជា ខ្សោយ​ផ្នែក​គណិត​វិទ្យា រូប​វិទ្យា គីមីវិទ្យា និងជីវវិទ្យា ជាដើម។

លោក រស់ សាលីន បញ្ជាក់​ថា ក្រសួង​អប់រំ​ត្រូវ​ការ​ពង្រឹង​ការ​អប់រំ​វិស័យ​ទាំង​នេះ​បន្ថែម​ទៀត។

«ទាមទារ​ឲ្យ​យើង​ពង្រឹង​បន្ថែម​ទៀត​ក្នុង​ពេល​ខាងមុខ។ ភ្លាមៗ​នេះ​ដែរ​គឺ​ក្រសួង​បាន​ចាត់វិធានការ​គឺ​ក្រសួង​បាន​ធ្វើ​ការ​សង្ខេប​មេរៀន​ទាំង​បួន​មុខ​វិជ្ជា​នេះ​មាន​ន័យ​ថា​សង្ខេប​ចំណុច​នីមួយៗ​នៃ​មុខ​វិជ្ជា ការ​បង្ហាញ​ទ្រឹស្តី​បទ​ដែល​ប្រើ​ រូបមន្ត​និង​វិធី​សាស្ដ្រ​ជា​គោល​ដែល​អាច​ឲ្យ​រយៈ​ពេល​ខ្លី​យើង​អាច​យល់​បាន»។

លោក រស់ សាលីន ជឿ​ថា ការ​តម្លើងថវិកា​សម្រាប់​វិស័យ​អប់រំ​នឹង​ជួយ​ពង្រឹង​ចំណុច​ខ្សោយ​របស់​សិស្សានុសិស្ស​កម្ពុជា​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព​បន្ថែម​ទៀត​សម្រាប់​កម្រិត​ប្រកួត​ប្រជែង​ក្នុង​តំបន់ និង​នៅ​ក្នុង​ពិភព​លោក៕

XS
SM
MD
LG