ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​អប់រំ​ជា​កំណែ​ទម្រង់​ដ៏​គន្លឹះ


សិស្ស​នៅ​សាលាបឋមសិក្សា​មួយ​ក្នុង​ខេត្ត​ក្រចេះ។

ភ្នំពេញ៖ បញ្ញវន្ត​ខ្មែរ​ម្នាក់​និយាយ​ថា​ ការ​ដំឡើងប្រាក់ខែ​គ្រូ​បង្រៀន​និង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​អប់រំ​គឺ​ជា​កំណែ​ទម្រង់​ជា​គន្លឹះ​ដែល​ត្រូវ​តែ​ធ្វើ​ ដើម្បី​ធានា​ឲ្យ​គុណភាព​អប់​រំ​នៅ​កម្ពុជា​ប្រសើរ​ឡើង​និង​អាច​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​របស់​យុវជន​ខ្មែរ​នៅ​ពេល​ខាងមុខ។​

លោក​ប៉ា ច័ន្ទរឿន​បេក្ខជន​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ​ឆាលស្ទឺត​ក្នុង​ប្រទេស​អូស្ត្រាលី ​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ «ហេឡូវីអូអេ»​ កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​គ្រូ​បង្រៀន​ត្រូវ​ការ​ប្រាក់ខែច្រើន​ជាង​ពេល​បច្ចុប្បន្ន ដើម្បី​ឲ្យ​ពួកគេ​អាច​រស់​នៅ​បាន​សមរម្យ​ក្នុង​សង្គម​បច្ចុប្បន្ន​បាន។​

«ជាទូទៅ ​គ្រូបង្រៀន​ជាច្រើន​តែង​តែ​ត្អូញ​ថា ​ក្រពះឃ្លាន​បង្រៀន​មិនកើត។​ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​ដំឡើងប្រាក់​ខែ​ដល់​គ្រូ​បង្រៀន​និង​បុគ្គលិក​អប់រំ​ឲ្យ​ពួកគាត់​អាច​មាន​ជីវភាព​រស់នៅ​សមរម្យ ​ដើម្បី​ឲ្យ​ពួក​គាត់​អាច​ពង្រឹង​ទាំង​ក្រម​សីលធម៌​ និង​វិជ្ជាជីវៈ​គ្រូ​បង្រៀន​បាន»។

គ្រូ​បង្រៀន​នៅ​កម្ពជា​ ជា​មធ្យម​ទទួល​បាន​ប្រាក់​ខែ​ប្រមាណ​១០០​ដុល្លារ​ ក្នុង​មួយ​ខែ​ដោយរាប់​បញ្ជូល​ទាំង​ការ​ដំឡើងកាំ​ប្រាក់​ខែ​នា​ពេល​ថ្មី​ៗ​នេះ​ផង។​

ប្រាក់​ខែ​តិច​នេះ​បាន​ញាំង​ឲ្យ​គ្រូបង្រៀន​ជាច្រើន​មិន​គោរព​ក្រម​សីលធម៌វិជ្ជាជីវៈ​របស់​ខ្លួន ​ដោយ​ទារ​លុយ​ពី​សិស្ស​នៅ​ក្នុង​ម៉ោង​សិក្សា​របស់​រដ្ឋ​ បង្ខំ​ឲ្យ​សិស្ស​ទិញ​ក្រដាស​មេរៀន​ និង​រៀន​គួរ​ក្រៅ​ម៉ោង​ជាដើម។​

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​និយាយ​ថា ​គ្រូបង្រៀន​ត្រូវ​ការ​ប្រាក់​ខែ​យ៉ាង​តិច​១លាន​រៀន​ ឬ​២៥០​ដុល្លារ​ក្នុង​មួយខែ ​ដើម្បី​ឲ្យ​ពួកគេ​អាច​ទ្រទ្រង់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​បាន​ និង​អាច​ផ្តោត​ទៅ​ការ​បង្រៀន​បាន​ប្រសើរ​ជាង​មុន។​

លោក​ប៉ា ច័ន្ទរឿន​ ដែល​ជា​សាស្ត្រាចារ្យ​ជាន់​ខ្ពស់​នៃ​សាកល​វិទ្យាល័យ​ឯកជន​មួយ​ក្នុង​ទីក្រុង​ភ្នំ​ពេញ​ផង​ដែរ​នោះ ​មាន​ប្រសាសន៍​ថា​ ការ​ទាមទារ​ការ​ដំឡើងប្រាក់ខែរបស់​គ្រូ​បង្រៀន​នេះ​គឺ​ជា​រឿង​សមរម្យ​ បើ​គិត​ពី​តម្លៃ​ទំនិញ​នៅ​តាម​ទីផ្សារ​ដែល​កើន​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ។​

«ប្រាក់​ខែ​១លាន​រៀល​ក្នុង​មួយ​ខែ​នេះ​គឺ​ជា​ប្រាក់​ខែ​មួយ​ដែល​មិន​ច្រើន​ទេ ​ហើយ​វា​ក៏​ជា​កម្រិត​មួយ​ដែល​គ្រូបង្រៀន ​ឬ​មន្ត្រី​អប់រំ​ គាត់​អាច​យក​ទៅ​ទ្រទ្រង់​ជីវិត​រស់​នៅ​បាន​ ដោយផ្អែកលើ​តម្លៃ​នៃ​ការ​រស់​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​នា​ពេល​បច្ចុប្បន្ន​នេះ»។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ​ការ​ដំឡើងប្រាក់​ខែ​គ្រូ​បង្រៀន​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធប្រមូល​ពន្ធ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន ​និង​ការ​លុបបំបាត់​អំពើ​ពុករលួយ​នៅ​ក្នុង​រដ្ឋការ​អប់​រំ​ខ្លួន​ឯង​តែ​ម្តង។​

«ចំណុច​ដែល​សំខាន់​បំផុត​នោះ​គឺ​ថា​ តើ​លោក​រដ្ឋ​មន្ត្រី​ថ្មី​នៃ​ក្រសួង​អប់រំ​មាន​ឆន្ទៈ​ក្នុង​ការ​ឆ្កឹះ​ដង្កូវ​ចេញ​ពី​សាច់ដែរ​ឬ​ទេ?​ ថាតើ​គាត់​ហ៊ាន​បណ្តេញ​មន្ត្រី​ពុក​រលួយ​ចេញ​ពីក្រប​ខណ្ឌ​ក្រសួង​អប់រំ​និង​ដាក់​ទោស​ពួកគេ​ទៅ​តាម​ផ្លូវ​ច្បាប់​ដែរ​ឬ​ទេ»។

ជារៀង​រាល់​ឆ្នាំ ​តែង​មាន​របាយ​ការ​ណ៍​ជា​ហូរហែអំពី​ការ​លិច​ធ្លាយ​វិញ្ញាសារ​ មុនពេល​ប្រឡង​ថ្នាក់​ជាតិ​និង​ការ​សូក​និង​ស៊ី​សំណូក​ពី​សំណាក់​សិស្ស ​និង​គ្រូ​ប្រចាំ​ថ្នាក់​ឬ​អនុរក្ស​តាម​មណ្ឌល​ប្រឡង​ ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឲ្យ​សិស្ស​លួច​ចម្លង​គ្នា ​ឬ​ឯកសារ​មេរៀន​ជាដើម។​

លោក​ច័ន្ធរឿន​មាន​ប្រសាសន៍​ថា ​មាន​កត្តា​បី​យ៉ាង​ដែល​កំណត់​ថា​ តើ​អំពើ​ពុក​រលួយ​នេះ​អាច​នឹង​ត្រូវ​បាន​លុប​បំបាត់​បាន​ឬ​អត់​នោះ។​

«កត្តា​ទាំង​បី​នោះ​គឺ​ឆន្ទៈ​នយោបាយ ​ឆន្ទៈ​នយោបាយ​ និង​ឆន្ទៈ​នយោបាយ»។​

រដ្ឋាភិបាល​កន្លង​មក​និយាយ​ថា ​ខ្លួន​មិន​អាច​ដំឡើងប្រាក់​ខែឲ្យ​បាន​ខ្ពស់​តាម​ការ​ទាមទារ​ដល់​បុគ្គលិក​អប់រំ​ជាង​១១២០០០​នាក់​ទូទាំង​ប្រទេស​នោះ​បាន​ទេ ​ដោយ​សារ​ថវិកា​រដ្ឋ​មាន​កម្រិត​តិចតួច។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ​រដ្ឋ​មន្ត្រី​ថ្មី​នៃ​ក្រសួង​អប់រំ​គឺ​លោក​បណ្ឌិត​ ហង់​ ជួន​ណារ៉ុន​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ច័ន្ទ​នៅក្នុង​ពិធី​ប្រារព្ធទិវា​គ្រូ​បង្រៀន​ពិភព​លោក​ថា ​លោក​នឹង​ចាត់​វិធាន​ការ​លុបបំបាត់​អំពើ​ពុករលួយ​និង​ការ​សូក​ប៉ាន់​ទាក់​ទង​នឹង​ការ​ប្រឡង ដើម្បី​«លើក​កម្ពស់​ការ​គោរព​ចំពោះ​គ្រូ​បង្រៀន​និង​ស្តារ​កិត្តិយស​របស់​គ្រូ​បង្រៀន​ឡើងវិញ»។

ទោះ​ជា​យ៉ាង​ណាក៏​ដោយ ​គេ​នៅ​មិន​ទាន់​ដឹង ថា​តើ​វិធានការ​ជាក់​លាក់​ណា​ខ្លះ​នឹង​ត្រូវ​យក​មក​អនុវត្ត​ដើម្បី​ដោះ​ស្រាយ​បញ្ជា​នេះ​នៅ​ឡើយ​ទេ។​

លោក​ប៉ា ច័ន្ទ​រឿន​មាន​ប្រសាសន៍​ថា ​ប្រជា​ពលរដ្ឋ​នឹង​ក្លាយ​ជា​អ្នក​កំណត់​ជោគ​វាសនា​រដ្ឋាភិបាល​អាណត្តិ​ក្រោយ​ ប្រសិន​បើ​ការ​សន្យា​អំពី​កំណែ​ទម្រង់​ការ​អប់រំ​មិន​ត្រូវ​បាន​គោរព​ទេ​នោះ។​

«ប្រជាជន​នា​ពេល​បច្ចុប្បន្ន​មាន​ការ​ឈឺឆ្អាល​ទៅនឹង​បញ្ហា​របស់​ប្រទេស​ជាតិ​គឺ​លោក​តែង​តែ​តាមដាន​អំពី​ការ​ប្រព្រឹត្ត​និង​ការ​អនុវត្ត​ការងារ​របស់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ​ដូច្នេះ​បើសិន​ជា​ការ​សន្យា​ថា ​នឹង​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ទាក់​ទង​នឹង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​អប់រំ ​មិន​ត្រូវ​បាន​បំពេញ​នៅ​ក្នុង​អាណត្តិ​នេះ​ទេ ​ខ្ញុំ​គិត​ថា ​ប្រជាជន​នឹង​កាត់​ទោស​រដ្ឋាភិបាល​អាណត្តិ​បច្ចុប្បន្ន​នេះ​ នៅ​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ក្រោយ»៕
XS
SM
MD
LG