លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិរបស់កម្ពុជាសម្រាប់ឆ្នាំ២០១៤ មានភាពភ្ញាក់ផ្អើល ដោយសារតែជាងពាក់កណ្តាលនៃសិស្សចំនួន៩ម៉ឺននាក់បានប្រឡងធ្លាក់។ មូលហេតុនោះ គឺថា អាជ្ញាធរលុបបំបាត់ការលួចចម្លង។ នេះគឺជាផ្នែកមួយនៃកំណែទម្រង់ ដែលរៀបចំឡើងដើម្បីកែប្រែវិស័យអប់រំដ៏ទន់ខ្សោយរបស់កម្ពុជា។
សេចក្តី សម្រេចលុបបំបាត់ការលួចចម្លងមានឥទ្ធិពលខ្លាំង។ ៦០ភាគរយនៃសិស្សថ្នាក់ទី១២ឆ្នាំ២០១៤ បានប្រឡងធ្លាក់ ទោះបីជាមានឱកាសប្រឡងលើកទី២កាលពីខែតុលាឆ្នាំមុនក៏ដោយ។ សិស្សថ្នាក់ទី១២ឆ្នាំ២០១៥ បានកត់សម្គាល់ពីបញ្ហានេះ។
រតនា សិស្សថ្នាក់ទី១២ ថា «ការមិនលួចចម្លងក្នុងពេលប្រឡង» មានន័យថា ពួកគេត្រូវតែប្រើចំណេះដឹងរបស់ខ្លួនដើម្បីប្រឡងឲ្យជាប់ និងចូលរៀនថ្នាក់មហាវិទ្យាល័យ។
រតនា និយាយថា៖ «គោល ការណ៍ថ្មីនេះ គឺធ្វើឲ្យយើងខំរៀនបន្ថែមទៀត និងមិនដើរលេងច្រើនដូចមុន។ ហើយវាក៏មានន័យថា យើងនឹងមិនចំណាយប្រាក់ក្នុងពេលប្រឡង»។
គោល ការណ៍ថ្មីនេះជាគំនិតរបស់លោក ហង់ ជួនណារ៉ុន អតីតរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអប់រំកាលពីឆ្នាំមុន។ លោក ថា ការធ្វើកំណែទម្រង់វិស័យអប់រំ គឺសំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា។
លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ឲ្យដឹងថា៖ «កត្តា សំខាន់ជាងគេគឺ ការខ្វះអ្នកមានជំនាញនៅកម្ពុជា។ ហើយវាក្លាយជាឧបសគ្គដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច ដើម្បីទាក់ទាញការវិនិយោគទុនបរទេសផ្ទាល់។ យើងមានអ្នក វិនិយោគ ទុនចូលមកដាក់ទុន ហើយពួកគេចង់បានកម្លាំងពលករមានជំនាញ តែយើងមិនមានគ្រប់គ្រាន់។ យើងមាននិស្សិតច្រើន ដែលមិនអាចរកការងារធ្វើ។ ហើយនេះគឺជាបញ្ហាមួយដែលប្រទេសជាច្រើនកំពុងប្រឈមគឺការខ្វះអ្នក ជំនាញ»។
គោលការណ៍ ថ្មីនេះ គឺដើម្បីធ្វើឲ្យការបណ្តុះបណ្តាលគ្រូបង្រៀន រដ្ឋបាលគ្រប់គ្រងសាលារៀនមានភាពប្រសើរឡើង និងលើកកម្ពស់ការត្រិះរិះ និងការដោះស្រាយបញ្ហាដល់សិស្សកម្ពុជាចំនួន២លាន៩សែននាក់។
គ្រូបង្រៀន នឹងទទួលបានប្រាក់បៀរវត្សរ៍ច្រើនជាងមុន ហើយសាលារៀននឹងទទួលបានមូលនិធិឧបត្ថម្ភច្រើនជាងមុនពីផែនការថវិកា ជាតិសម្រាប់វិស័យអប់រំ ដែលនឹងកើនឡើងដល់៤៤០លានដុល្លារ។
វា គឺជាផ្លូវដ៏វែងឆ្ងាយសម្រាប់កម្ពុជា។ កម្ពុជាមានអត្រាគ្រូបង្រៀនថ្នាក់បឋមសិក្សាម្នាក់សម្រាប់សិស្ស ៤៦នាក់ ដែលជាចំនួនដ៏យ៉ាប់យ៉ឺនបំផុតក្នុងពិភពលោក ក្រៅពីប្រទេសនៅអាហ្រ្វិក។
ធនាគារ អភិវឌ្ឍន៍អាស៊ី បានផ្តល់ថវិកាចំនួន៩០លានដុល្លារក្នុងរយៈពេល៥ឆ្នាំសម្រាប់ការ បង្កើនគុណភាពវិស័យអប់រំ និងកាត់បន្ថយអត្រាបោះបង់ការសិក្សា។
លោក ម៉ា សុភា បុគ្គលិកធនាគារអភិវឌ្ឍន៍អាស៊ី អបអរសាទរសេចក្តីសម្រេចរបស់រដ្ឋាភិបាលក្នុងការបង្កើនការចំណាយ លើវិស័យអប់រំ តែ លោកថា ការចំណាយតែ១៧ភាគរយនៃថវិកាជាតិនេះ មានកម្រិតទាបនៅឡើយ។
លោក ឲ្យដឹងថា៖ «ការ បែងចែកថវិកាគឺសំខាន់ ប៉ុន្តែការចំណាយក៏សំខាន់ដែរ។ ហើយនេះ គឺជាកត្តាប្រឈមមួយ ពីព្រោះយើងដឹងថា សមត្ថភាពនៅតាមសាលារៀននិងថ្នាក់ពាក់កណ្តាលជាតិនៅតែជាបញ្ហា។ ដូច្នេះកំណែទម្រង់គឺមិនត្រូវធ្វើឡើងតែក្នុងក្រសួងទេ តែត្រូវចាប់ផ្តើមតាមសាលារៀននីមួយៗ និងពីថ្នាក់ក្រោម»។
លោក ថា ការធានាឲ្យបានជោគជ័យលើកំណែទម្រង់ទាំងនេះ នឹងត្រូវការការគាំទ្រមិនត្រឹមតែពីសំណាក់រដ្ឋាភិបាលទេ ថែមទាំងពីសិស្សសាលា អាណាព្យាបាល និងពីវិស័យឯកជនផងដែរ៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត