ពលរដ្ឋ​សុំ​ឱ្យ​ប្រទេស​ឡាវ​ផ្អាក​សាងសង់​ទំនប់​វារី​អគ្គិសនី​ដុន​សាហុង

ផែនទី​ទីតាំង​ទំនប់ Don Sahong ក្នុង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ឡាវ ចម្ងាយ​តែ​២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​ជាមួយ​កម្ពុជា។

ក្រុម​ប្រជាពលរដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិលនៅ​ប្រទេស​កម្ពុជា​បាន​ទទូចនៅ​ថ្ងៃ​សុក្រ​នេះឲ្យ​រដ្ឋា​ភិបាល​ប្រទេស​ឡាវ​ផ្អាក​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដុន​សាហុង​ (Don Sahong) ជាបន្ទាន់ ​ដោយ​សំអាង​ថា​ទំនប់​វារីអគ្គិសនី​កម្រិត​២៦០​មេហ្គាវ៉ាត់​នេះ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​បរិស្ថាននិង​ជីវភាព​ពួកគេ​យ៉ាង​ធ្ងន់ធ្ងរ។

សំណើ​នេះ​ធ្វើឡើង​ស្របពេល​ដែល​ប្រទេស​ឡាវ​ត្រូវគេ​ដឹង​ថា​គ្រោង​នឹង​សាងសង់​ទំនប់​វារី​អគ្គិសនី​នេះ​នៅ​ខែ​វិច្ឆិកានេះ​ឬ​នៅឆ្នាំ​២០១៤។

ទំនប់​នេះ​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ឡាវ​និង​ចម្ងាយ​ត្រឹមតែ​ពីរ​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ​ពី​ប្រទេស​កម្ពុជា​ហើយ​គឺជា​ទំនប់​វារី​អគ្គិសនី​នៅ​ផ្នែក​ខាងលើ​ទន្លេ​មេគង្គ​ដែល​កៀក​នឹង​ប្រទេស​កម្ពុជា​ជាងគេ​បំផុត។

លោក​ឈិត សំអាត ​នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Forum) បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃនេះ​ថា​ ទំនប់​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ការ​នេសាទ​ ផលត្រី​និង​ការធ្វើ​កសិកម្ម​របស់​ប្រជាជន​កម្ពុជា។

លោក​ថ្លែង​ថា៖ «យើង​មាន​ការព្រួយ​បារម្ភ​ជាខ្លាំង​ជា​ពិសេស​ប្រទេស​ដែល​នៅ​ក្រោម​ខ្សែ​ទឹក​ដូចជា​កម្ពុជា​នេះ​អំពី​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​នេះ»។

ទំនប់​ដុនសាហុងវិនិយោគ​ដោយ​ក្រុមហ៊ុន​ Mega First Corporation ​របស់​ប្រទេស​ម៉ាឡេស៊ី​ក្នុង​តម្លៃ​៣.៨០០​លាន​ដុល្លារ។

លោកឈិត សំអាត ​មាន​ប្រសាសន៍​ថា​ ទំនប់​វារី​អគ្គិសនី​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កម្ពុជាយ៉ាងតិច​ចំនួន​៦​លាន​នាក់​ដែល​កំពុង​រស់នៅ​ជុំវិញ​និង​ក្នុង​អាង​ទន្លេ​មេគង្គ​ដូចជា​ក្នុង​ខេត្តក្រចេះ ​ស្ទឹងត្រែង ​ខេត្តកំពង់ចាម ​កំពង់ឆ្នាំង​និង​បណ្តា​ខេត្ត​នៅជុំវិញ​បឹងទន្លេសាប​ដូចជា​សៀមរាប​ កំពង់ធំ​ បាត់ដំបង ​បន្ទាយមានជ័យ​និង​ឧត្តមានជ័យ​ជាដើម។​

អ្នកស្រី​ប៊ូ ខាំកន ​ជា​តំណាង​សហគមន៍​មកពី​ខេត្តស្ទឹងត្រែង។​ អ្នកស្រី​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​ព្រឹកមិញ​ថា​អ្នកស្រី​ព្រួយបារម្ភ​ថា​ទំនប់​វារីអគ្គិសនី​នៅ​ប្រទេស​ឡាវ​អាច​នឹង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​អ្នកស្រី​ធ្លាក់​ខ្លួន​ក្រ។

«ខែ​ត្រី​ឡើង​ប្រជាពលរដ្ឋ​រកត្រី​បានជិត​១០០​គីឡូ​ក្នុង​មួយ​ថ្ងៃ​គឺ​ជិត​មួយ​លាន​រៀល។​ តែ​បើ​ខែ​ត្រីមិន​ត្រូវ​ប្រជា​ពលរដ្ឋ​អាច​រក​បាន​ក្នុង​មួយ​ថ្ងៃ​៣០.០០០រៀល។ ​បើសិនជា​ទំនប់​កើតឡើង​នឹង​ធ្វើ​ឲ្យ​ចរាចរណ៍​ត្រី ​បម្លាស់ទី​របស់​ត្រី ​ការ​បន្តពូជ ​ផលនេសាទ​ថយចុះ។​ ពួកខ្ញុំ​នឹង​ឈាន​ទៅ​រក​ភាព​ក្រីក្រ»។

ដោយឡែក​លោក​សុខ ស៊ីម ​តំណាង​សហគមន៍​មក​ពី​ខេត្តក្រចេះ​លើក​ឡើង​ថា​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដុនសាហុង​នឹង​ប៉ះពាល់​ដល់​ជីវិត​សត្វ​ផ្សោត​ដ៏​ល្បីល្បាញ​ក្នុង​ខេត្ត​របស់​លោក។

«បើ​កាលណា​បាត់ត្រី​ហើយ​បាត់ផ្សោត​ទៀត។​ ផ្សោត​នេះ​គឺជា​បិតិកភណ្ឌ​របស់​យើង​ផង​និង​ជាអត្ត​សញ្ញាណ​ជាតិ​របស់​យើង​ផង។​តំបន់​ខ្ញុំ​គឺជា​តំបន់​ទេសចរណ៍​បាន​ពី​ផ្សោត។ ខ្ញុំ​សង្ឃឹម​ថា​រដ្ឋាភិបាល​ឡាវ​បញ្ឈប់​ការ​សាងសង់​ហើយ​សិក្សា​ឲ្យ​ស៊ី​ជម្រៅ»។​

កាល​ពី​ថ្ងៃច័ន្ទ​រដ្ឋាភិបាល​ប្រទេស​ឡាវ​បាន​ដឹកនាំ​គណៈប្រតិភូ​ចម្រុះ​មួយ​មកពី​ប្រទេស​ចំនួន​បួន​ដើម្បី​ធ្វើ​ទស្សនកិច្ច​ទីតាំង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដុនសាហុង ​ក្នុងនោះ​ក៏មាន​គណៈប្រតិភូ​ពី​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក​ស៊ីន នីនី ​អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជាមាន​ប្រសាសន៍​ថា​គណៈប្រតិភូ​កម្ពុជា​មិនទាន់​អាច​ទាញ​ការ​សន្និដ្ឋាន​បែប​ណា​ចំពោះ​ទំនប់​វារី​អគ្គិសនី​នេះ​នៅឡើយ​ទេ​ដោយសារ​តែ​ធាទឹក​ធំ​ក្នុង​អាង​ទន្លេ​មេគង្គ​នៅពេល​នេះ។

មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ដដែល​បញ្ជាក់​ថា​កម្ពុជា​បាន​ស្នើ​ដល់​ប្រទេស​ឡាវ​កាលពី​ខែតុលា​ឲ្យ​ដាក់​ការ​ពិភាក្សា​លើ​បញ្ហា​សាងសង់​ទំនប់​វារី​អគ្គិសនី​ដុនសាហុង​នេះ​ក្នុង​ក្របខណ្ឌ​នៃ​គណៈកម្មាធិការ​ទន្លេ​មេគង្គទាក់ទង​នឹង​ផលប៉ះពាល់​នានា។​ ប៉ុន្តែ​រដ្ឋាភិបាល​ឡាវ​មិនទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

«ក្រសួង​និមួយៗ​កំពុង​ពិនិត្យ​ឯកសារ​ដែល​លេខាធិការដ្ឋាន​មេគង្គ​អន្តរជាតិ​ផ្ញើ​មក។​ ហើយ​គណៈកម្មាធិការ​មេគង្គ​អន្តរជាតិ​នឹង​ផ្ញើ​យោបល់​មក​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​ជាតិ​កម្ពុជា​ដើម្បី​ធ្វើការ​បូក​សរុប​ថា​តើ​ផល​ប៉ះពាល់​ខាង​ត្រី​យ៉ាងណា ​ខាង​បរិស្ថាន​យ៉ាងណា ​ជលសាស្ដ្រ ​ខាង​សង្គម​សេដ្ឋកិច្ច​ឲ្យ​គ្រប់​ជ្រុងជ្រោយ។​ យើង​មាន​ក្រុម​ការងារ​រួចហើយ។​ ហើយ​ផ្អែក​លើ​កិច្ចព្រមព្រាង​មេគង្គ​និង​នីតិវិធី​នៃ​ការប្រើប្រាស់​ទឹកទំនប់​ដុនសាហុង​ដែល​ស្ថិត​នៅលើ​ទន្លេមេ​នោះ​ត្រូវតែ​ដាក់ពិគ្រោះ​យោបល់​គ្នា​ក្នុង​ក្របខណ្ឌ ​MRC​ គណៈកម្មាធិការ​ទន្លេ​មេគង្គ​គឺ​កម្ពុជា​ស្នើ​ឲ្យ​ឡាវ​យក​បញ្ហា​នេះ​មក​ពិភាក្សា​គ្នា»។

ប្រទេស​ឡាវ​កំពុង​សាងសង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី ​ដ៏​ចម្រូងចម្រាស់​លើ​ទន្លេមេ​គង្គ​ដែល​ប្រឆាំង​តវ៉ា​ដោយ​ប្រទេស​វៀតណាម​និង​កម្ពុជា។​ ហើយ​នៅ​ក្នុងពេលនេះ​រដ្ឋាភិបាល​ក្រុង​វៀងច័ន្ទ​នឹង​ចាប់ផ្តើម​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​មួយ​ទៀត​ដែល​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​អាច​នឹង​ធ្លាក់មក​លើ​ប្រទេស​កម្ពុជា​ជាពិសេស។

អង្គការ​ទន្លេ​អន្តរជាតិ​ International Rivers ​កាលពី​ថ្ងៃច័ន្ទ​បានអធិប្បាយ​ថា​ ទំនប់​ដុនសាហុង​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដូច​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​ដែរ៕