ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខ្សែ​ភាពយន្ត​លាត​ត្រដាង​អំពី​ដំណើរ​ការ​សាងសង់​ទំនប់​សាយ៉ាបូរី​


ឯ​ការដ្ឋាន​ទំនប់​សាយ៉ាបូរី​
ភ្នំពេញ​៖ ភាព​យន្ត​ឯកសារ​ចុងក្រោយ​មួយ​របស់​អ្នក​កាសែត​ម្នាក់​បង្ហាញថា​ ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​របស់​ប្រទេស​ឡាវ​កំពុង​បន្ត​ធ្វើ បើ​ទោះ​បី​ជារដ្ឋាភិបាលឡាវ​បាន​សន្យា​ផ្អាក​ការ​សាងសង់​នោះ​ក៏ដោយ។ ខ្សែ​ភាព​យន្ត​នេះ​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ឯ​សាលារៀន​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ពេល​ថ្មីៗ​នេះ។​

ភាព​យន្ត​ឯកសារ​ក្នុង​កំណែ​ចុង​ក្រោយ​មួយ​ដែល​មាន​ចំណង​ជើង​ថា ​«តើ​ត្រី​ទាំង​អស់​បាត់​ទៅ​ណា​អស់​ហើយ? ការ​សម្លាប់​ទន្លេមេគង្គ​ដោយ​ទំនប់​ម្តង​មួយៗ»​ ត្រូវ​បាន​បញ្ចាំង​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​ភាសា​អង់គ្លេស​ ACE​ក្នុង​ទីក្រុង​ភ្នំពេញ។​

ខ្សែ​ភាពយន្តនេះ​បង្ហាញពី​សកម្មភាព​សាងសង់​កំពុង​កើត​ឡើង​នៅ​ឯ​ការដ្ឋាន​ទំនប់​សាយ៉ាបូរី​ដ៏​ចម្រូង​ចម្រាស់​នៅក្នុង​ប្រទេស​ឡាវ។​

វា​ក៏​បង្ហាញ​ផង​ដែរ​អំពី​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ឡើង​ពី​ការ​សាង​សង់​ទំនប់​នោះ​នៅ​លើ​ដង​ទន្លេ​មេគង្គ។​

លោក​គន្ធា ភិរម្យ​គឺ​ជា​និស្សិត​អាហារូបករណ៍​ម្នាក់​ដែល​កំពុង​រៀន​ត្រៀម​ចេញ​ទៅ​សិក្សា​នៅ​បរទេស។​

«ខ្សែ​ភាព​យន្ត​នេះ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ខ្ញុំ​បាន​ខ្លះ​ ពីព្រោះ​ពីមុន ខ្ញុំ​គិត​ថា ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​ហ្នឹង​អាច​ជួយ​មួយ​ផ្នែក​ដល់​សេដ្ឋកិច្ច​ឡាវ ដែល​ជាប្រទេសក្រីក្រ​ជាងគេ​មួយ​ក្នុង​តំបន់​ ដោយ​អាច​រក​ចំណូល​បាន​ពី​ទំនប់​នេះ​ប៉ុន្តែបន្ទាប់​ពី​ឃើញ​ផល​ប៉ះពាល់​អវិជ្ជមាន​ជាច្រើន​ និង​ជម្រើស​ផ្សេងៗ​ទៀត​ក្នុង​ការ​បង្កើត​ថាម​ពល​ក្នុង​ប្រទេស​ឡាវ​នោះ ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ប្រទេស​ឡាវ​ទេ»។​

ខ្សែ​ភាពយន្ត ដែល​កំណែ​មុន​របស់​វា​ធ្លាប់​ត្រូវ​បាន​ចាក់​បញ្ចាំង​ម្តង​នៅក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​២​ឆ្នាំ​មុន​នោះ ត្រូវ​បាន​ថត​នៅ​ទី​តាំង​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា វៀតណាម​ ថៃ​និង​ឡាវ។​

វា​ក៏​បង្ហាញ​ពី​ទំនប់​ដ៏​ធំ​មហិមា​មួយ​ដែល​កំពុង​ត្រូវ​បាន​សាងសង់​នៅលើ​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ចិន ហើយ​ក៏​បង្ហាញ​ពី​បទ​សម្ភាសន៍​ជា​ច្រើន​ជាមួយ​សកម្មជន​និង​អ្នក​ជំនាញ​បរិស្ថាន​ដែល​បាន​ព្រមាន​អំពី​ផល​ប៉ះពាល់​ដែល​មិន​អាច​ព្យាករណ៍​បាន​ទៅលើ​បរិស្ថាន​និង​ជីវភាព​រស់នៅ​របស់​ប្រជាជន ​ប្រសិនបើ​ទំនប់​សាយ៉ាបូរី​នឹង​ត្រូវ​បាន​សាង​សង់​មែន​នោះ។​

លោក ​ថម ហ្វាស្រូប​(Tom Fawthrop )​គឺ​ជា​ផលិតករ​ភាព​យន្ត​នេះ។​

«ផល​ប្រយោជន៍​ស្អី​ក៏ដោយ​ដែល​ប្រទេស​ឡាវ​អាច​ទទួលបាន​ពី​ការ​លក់​អគ្គិសនី​នោះ ប្រហែល​ជា​មិន​ច្រើន​លើស​ពី​ការ​បំផ្លិច​បំផ្លិច​ដ៏​ធំ​សម្បើម​ដែល​ទំនប់​នេះ​នឹង​បង្ក​ដល់​ទន្លេ​មេគង្គ​ និង​ប្រព័ន្ធ​អេកូឡូស៊ី​របស់​វា​នោះ​ទេ ហើយ​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​សន្តិសុខ​ស្បៀង​នៃ​ប្រទេស​ទាំងអស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ប៉ុណ្ណោះ ដោយរួម​ទាំង​ប្រជា​ជន​ឡាវ​ខ្លួន​ឯង​ផង​ដែរ»។​

សាយ៉ាបូរី គឺ​ជា​ទំនប់​មួយ​ក្នុង​ចំណោម​ទំនប់​យ៉ាង​តិច​១១​ដែល​គេ​គ្រោង​នឹង​សាង​សង់​នៅលើ​ដង​ទន្លេ​មេគង្គ​ខ្សែ​ទឹក​ខាង​ក្រោម។​

គេ​ជឿ​ថា មនុស្ស​រហូត​ដល់​៦០​លាននាក់​ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​នេះ​នឹង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ ប្រសិន​បើ​ទំនប់​ទាំងនេះ​នឹង​ត្រូវ​បាន​សាងសង់នោះ។​

លោក ​ហ្គ័រដិន ខងដិន (Gordon Congdon)​គឺជា​នាយក​អភិរក្ស​ធនធាន​វារីសាស្ត្រ​ទឹក​សាប​នៃ​អង្គការ​អភិរក្ស​ WWF។​

លោក​មាន​ប្រសាសន៍​ថា ភាពយន្ត​ឯកសារ​នេះ​បាន​លើកឡើង​នូវ​សំណួរ​សំខាន់ៗ​ជាច្រើន​ដូច​ជា​ ថា​តើ​ដំណើរ​ការ​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​មាន​ប្រសិទ្ធិភាព​ដែរ​ ឬ​ទេ បើ​គេ​គិត​អំពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដែល​កំពុង​តែ​បន្ត​នេះ។​

«មក​ត្រឹម​ពេលនេះ វា​ឆាប់ពេក​ហើយ​និយាយ​ដោយ​ស្មោះត្រង់ទៅ ខ្ញុំ​គិត​ថា គេ​គ្មាន​ការ​ទទួល​ខុសត្រូវ​ទេ ក្នុង​ការ​បន្ត​សាងសង់​ទំនប់​នេះ មុន​ពេល​ដែល​គេ​អាច​ឆ្លើយ​តប​នឹង​សំណួរ​សំខាន់ៗ​ទាំង​នេះ»។​

ប្រទេស​កម្ពុជា​និង​វៀតណាម​ចង់​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀតអំពី​ផល​ប៉ះពាល់​នៃ​ទំនប់​សាយ៉ាបូរី​របស់​ប្រទេស​ឡាវ​នោះ មុន​ពេល​ការសាងសង់​ចាប់​ផ្តើម។​

លោក ​ឈិត សំអាត គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ NGO Forum​ នៅ​កម្ពុជា។​

«គាត់​សាងសង់​ទៅ​ចំណេញ​គាត់​មែន ប៉ុន្តែ​គាត់​ត្រូវ​ថា​ តើ​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​មក​ដល់​ប្រទេស​ខាង​ក្រោម។ អញ្ចឹង​ជម្រើស​ដែល​ល្អ​សម្រាប់​ឡាវ​ហ្នឹង គឺ​ធ្វើការ​ពិគ្រោះ​យោបល់​ ធ្វើការ​សិក្សា​ឡើង​វិញ ហើយ​រក​វិធាន​ការ​ដោះ​ស្រាយ​ក្តី​ព្រួយ​បារម្ភ​ ឬ​ផល​ប៉ះពាល់​របស់​ប្រទេស​នៅ​ក្រោម​ខ្សែ​ទឹកហ្នឹង​ឲ្យ​បាន មុន​ហ្នឹង​គាត់​ចាប់​ផ្តើម ពីព្រោះ​ទន្លេ​នេះ​គឺ​ជា​ទន្លេរួម​មួយ​ដែល​យើង​ប្រើទឹក​រួម​គ្នា​នៅ​ក្នុង​តំបន់»។
លោក​បន្ថែម​ថា ប្រសិន​បើ​ប្រទេស​នីមួយៗ​គិត​តែ​ចង់​ចំណេញ​រៀងៗ​ខ្លួន នៅទីបំផុត​អ្នក​ដែល​ខាត​បង់នោះ​គឺ​ប្រជាជន​ខ្លួន​ឯង៕​
XS
SM
MD
LG