ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា ​វៀតណាម​ និង​ដៃ​គូ​អភិវឌ្ឍន៍​ប្រឆាំង​ការ​សាងសង់​ទំនប់​សាយ៉ាបូរី​​​


ទំនប់​សាយ៉ាបូរី​ដ៏​ចម្រូង​ចម្រាស​
ទំនប់​សាយ៉ាបូរី​ដ៏​ចម្រូង​ចម្រាស​
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​ វៀតណាម ​និង​ដៃ​គូ​អភិវឌ្ឍន៍​នៅ​តែ​ប្រកាន់​ជំហរ​យ៉ាង​រឹង​មាំ​របស់ពួក​ខ្លួន​ប្រឆាំង​នឹង​ការ​សាងសង់​ទំនប់​សាយ៉ាបូរី​ដ៏​ចម្រូង​ចម្រាស​របស់​ប្រទេស​ឡាវ។ ​ការ​ជជែក​គ្នា​ដ៏​តានតឹង​នេះធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១៩​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​ នៅ​រដ្ឋធានី​វៀង​ចន្ទន៍ ​ប្រទេស​ឡាវ​ ដែល​បាន​បិទ​បញ្ចប់​កាល​ពី​ថ្ងៃព្រហស្បតិ៍ទី​១៧​មករា។​

តាម​កំណត់​ត្រា​ក្នុង​កិច្ច​ប្រជុំ​ដែល​វីអូអេ​ទទួល​បាន ​បាន​ឲ្យដឹង​ថា ​លោក​ស៊ិន នីនី ​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការទន្លេ​មេគង្គ​កម្ពុជា ​បាន​លើក​ឡើងក្នុង​កិច្ច​ប្រជុំ​ថា ​ប្រទេស​ឡាវ​បានរំលោភ​លើ​កិច្ច​ព្រម​ព្រៀង​ទន្លេ​មេគង្គ​ឆ្នាំ​១៩៩៥​ ដែល​បាន​ចែង​ថា​ រាល់​ការ​អភិវឌ្ឍ​ទាំង​អស់​នៅ​តាម​ដង​ទន្លេ​មេគង្គ ​រួម​ទាំង​ការ​សាង​សង់​ទំនប់​ផង​នោះ ​ត្រូវ​តែមាន​ការ​ឯកភាព​និង​ពិគ្រោះ​យោបល់​គ្នា​ជា​មុន​ពី​បណ្តាល​ប្រទេស​ជា​សមាជិក​ដទៃ​ទៀត។ ​លោក​ស៊ិន នីនី​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ឡាវ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​សាយ៉ាបូរីនេះ ​រហូត​ទាល់​តែ​ការ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​នៃ​ទំនប់​នេះ​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ។​

តំណាង​រដ្ឋាភិបាល​ឡាវ ​លោក​វីរ៉ាពុង វីរ៉ាវង់​(Viraponh Viravong) ​អនុ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​រ៉ែ​ និង​ថាមពលឡាវបាន​ច្រាន​ចោល​ការ​លើក​ឡើង​ទាំង​នេះ​ ហើយ​បាន​រក្សា​ជំហររបស់​រដ្ឋាភិបាល​ឡាវ​ថា ការ​សាងសង់​នេះ​ជា​ការ​ស្រប​ច្បាប់​ ដោយ​បាន​បញ្ជាក់​ថា ការ​ពិគ្រោះ​យោបល់​ដែលមាន​រយៈពេល៦​ខែ​បាន​កន្លង​ផុត​ទៅ​ហើយ។
ការ​លើក​ឡើងនេះ​ត្រូវ​បាន​ប្រទេស​កម្ពុជា​និង​អ្នក​សង្កេត​ការណ៍​នានា​លើក​ឡើង​ថា ​ជា​ការ​បកស្រាយ​ខុស។​

រី​ឯ​តំណាង​រដ្ឋាភិបាល​វៀតណាម​ លោក​បណ្ឌិត​ង្វៀន តៃ​ឡៃ​(Nguyen Tai Lai)អនុរដ្ឋមន្ត្រី​ក្រសួង​ធនធាន​ធម្មជាតិ​ និង​បរិស្ថានវៀតណាម​ ​ក៏​សម្តែងគោល​ជំហរ​ស្រដៀង​កម្ពុជា​ផងដែរ​ ដោយ​លោក​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ឡាវ​បញ្ឈប់​ការ​សាងសង់​ទំនប់​របស់​ខ្លួន​ រហូត​ទាល់​តែការ​សិក្សា​ពីផល​ប៉ះពាល់​បរិស្ថានដែល​បាន​ស្នើ​ឡើង​កាល​ពី​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១៨​របស់​គណៈកម្មការ​នេះ ​ត្រូវ​បាន​បញ្ចប់។ ​ប៉ុន្តែការ​សិក្សា​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​ការ​យឺតយ៉ាវ​ខ្លាំង​ ហើយ​មក​ទល់ពេល​នេះ​ ប្រទេស​ជា​សមាជិក​ទើប​តែ​បាន​ព្រមព្រៀងគ្នា​លើ​សេចក្តីព្រាងនៃ​ការ​សិក្សា​នេះ​ប៉ុណ្ណោះ។​
ទំនប់វារី​អគ្គិសនី​សាយ៉ាបូរី​វិនិយោគ​ដោយ​ក្រុមហ៊ុន​ ឆ​កាន​ឆាង​របស់​ប្រទេស​ថៃ​ក្នុង​តម្លៃ​៣.៥០០​លាន​ដុល្លារ​អាមេរិក​ ហើយ​ទំនប់​វារី​អគ្គិសនី​នេះ​នឹង​មាន​កម្លាំង​១.២៨៥​មេ​ហ្គា​វ៉ាត់។​

អ្នកនាង​ភីអាផន ​ឌីតេស​(Pianporn Deetes) ​អ្នក​សម្រប​សម្រួល​កម្មវិធី​នៃ​អង្គការ​ទន្លេ​អន្តរជាតិ​ប្រចាំ​ប្រទេស​ថៃ​ បាន​ថ្លែង​ថា ​ការ​ខ្វែង​មតិ​គ្នា​រវាង​ប្រទេស​ជា​សមាជិក​ ជាបរាជ័យ​មួយ​របស់​គណៈ​កម្មការថ្នាក់​តំបន់​មួយ​នេះ។​

«គណៈ​កម្មការ​ទន្លេ​មេគង្គ​បាន​បរាជ័យ​ក្នុង​ការ​ឱ្យ​ប្រទេស​ជា​សមាជិក​ខ្លួន​គោរព​តាម​កិច្ច​ព្រមព្រៀងឆ្នាំ​១៩៩៥​ ព្រោះ​ប្រទេស​ឡាវ​បាន​សាងសង់​ទំនប់​សាយ៉ាបូរី​របស់​ខ្លួន​ដោយ​គ្មាន​ការ​ព្រមព្រៀងពី​ប្រទេស​ក្បែរ​ខាង​ខ្លួន​រួច​ទៅ​ហើយ។ ​ហើយ​នេះ​នឹង​ជា​គម្រូ​អាក្រក់​សម្រាប់​ការ​សាងសង់​ទំនប់​តាម​ដង​ទន្លេ​មេគង្គ​នៅ​ថ្ងៃ​អនាគត​ទៀត»។​

យោង​តាម​ការ​ស្រាវជ្រាវ​ដាច់​ដោយ​ឡែក​មួយរបស់​អង្គការ​ទន្លេ​អន្តរ​ជាតិ​បាន​ឲ្យ​ដឹង​ថា​ ទំនប់​សាយ៉ាបូរី​នឹង​នាំ​ឱ្យ​មាន​ការ​ផ្លាស់ទី​លំនៅ​ប្រជាជន​២.១០០​នាក់​ ហើយ​ប៉ះពាល់​ដោយផ្ទាល់​ដល់​មនុស្ស​២០២.០០០​នាក់​ដែល​នៅ​ជិត​នោះ ​ធ្វើ​ឱ្យ​ខូចខាត​ធ្ងន់ធ្ងរដល់​ប្រព័ន្ធ​ជីវចម្រុះ និង​ពូជ​ត្រី​ ហើយ​នឹង​ប៉ះពាល់​ដល់​សុវត្ថិភាព​ស្បៀង​និងជីវភាព​ប្រជាជន​តាម​ដង​ទន្លេ​មេគង្គ​រាប់​លាន​គ្រួសារ។​

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ ប្រទេស​និង​ស្ថាប័ន​ជា​ដៃ​គូ​អភិវឌ្ឍ​នានា​ដែល​បាន​ចូល​រួម​ ដូចជា​ប្រទេស​អាល្លឺម៉ង់ ​ស.រ.អា. ​ជប៉ុន​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ជា​ដើម​ ក៏​បាន​សម្តែង​ការ​ខក​ចិត្ត​នឹង​ទង្វើរបស់​រដ្ឋាភិបាល​ឡាវ​នេះ​ដែរ។​
ប្រទេស​ផ្តល់​ជំនួយ​ទាំងនោះ​បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ខ្លួន​ថា​ «ជា​ការ​ឯកភាព​របស់​ពួកយើង​ដែល​ថា ​ការ​សាងសង់​ទំនប់​តាម​ដង​ទន្លេ​មេគង្គ​នឹង​ផ្លាស់​ប្តូរ​ទន្លេ​នេះ​ ដោយ​មិន​អាច​ប្រកែក​បាន​ ដែល​នឹងក្លាយ​ជា​ការ​គម្រាម​កំហែង​ដល់​សុវត្ថិភាព​ស្បៀង ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តភាព ​និង​ការ​អភិរក្ស​ប្រព័ន្ធ​ជីវ​ចម្រុះ»។​
នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ ​តំណាង​ប្រតិភូ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ និង​ដៃគូ​អភិវឌ្ឍន៍នឹង​ចុះ​ទៅ​ធ្វើ​ទស្សនកិច្ចនៅ​ទីតាំង​ការដ្ឋាន​ទំនប់​សាយ៉ាបូរី​នេះ៕
XS
SM
MD
LG