ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គម្រោង​ទំនប់​របស់​ក្រុមហ៊ុន​ចិន​នៅ​តែ​ជា​អាថ៌​កំបាំង​និង​កង្វល់​ដល់​ពលរដ្ឋ


ពួកគេ​អះអាង​ថា ប្រសិន​បើ​ ត្រូវ​គេ​សាងសង់​មែន ទំនប់​នោះ​នឹង​​បង្ក​​ផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់​ធ្ងរ​ទៅ​លើ​ជីវភាព​រស់​នៅ​របស់​ពួក​គេ។​

ខេត្តកោះកុង៖ ក្រុម​អ្នក​ភូមិ​នៅ​ក្នុង​ខេត្ត​កោះកុង​និយាយ​ថា ពួកគេ​នៅ​តែ​ស្ថិត​ក្នុង​ភាព​ងងឹត​អំពី​គម្រោង​ទំនប់​វារីអគ្គិសនី​មួយ​ដែល​គ្រោង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​នៅ​លើស្ទឹង​អារ៉ែង។ ពួកគេ​អះអាង​ថា ប្រសិន​បើ​ ត្រូវ​គេ​សាងសង់​មែន ទំនប់​នោះ​នឹងបង្កផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់​ធ្ងរ​ទៅ​លើ​ជីវភាព​រស់​នៅ​របស់​ពួក​គេ។​

ទោះបី​ជា​ទំនប់​វារី​អគ្គិសនី​ដែល​គេ​គ្រោង​សាងសង់​ជា​យូរ​មក​ហើយ​មិន​ទាន់​ផុស​ឡើង​នៅលើ​ស្ទឹង​អារ៉ែង​នេះ​ក៏ដោយ ក៏​អ្នក​ភូមិ​នៅ​ទីនេះ​និយាយ​ថា ពួកគេនៅ​តែ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​នៃ​ទំនប់​នេះ​ដែរ។​

លោក​ជង ដន​គឺ​ជា​កសិករ​វ័យ​៧១​ឆ្នាំ ដែល​រស់​នៅ​ក្បែរ​ទីតាំង​នៃ​គម្រោង​សាង​សង់​ទំនប់​នេះ នៅក្នុង​ភូមិ​ព្រែក​ស្វាយ ​ស្រុក​ថ្ម​បាំង ចម្ងាយ​ប្រមាណ​៨០​គីឡូ​ម៉ែត្រពី​ទីរួម​ខេត្ត​កោះកុង។​

«ឮ​តែ​ថា គេ​ធ្វើ​ទំនប់​ហ្នឹង ខ្ញុំ​មាន​អារម្មណ៍​មួយ​ថា ហ្អឹ! ខ្ញុំ​មិន​ដឹង​ផ្លាស់​ទៅ​កន្លែង​ណា? ដំណាំ​ដូងស្លា ដែល​ខ្ញុំ​ខំ​ធ្វើ​រាល់​ថ្ងៃ​ហ្នឹង​ មិន​ដឹង​ទៅ​ជា​យ៉ាង​ណា។ បើ​ផ្លាស់​ទៅ​កន្លែង​ផ្សេង​ទៀត ខ្ញុំ​ចាស់​ទៅ​ហើយ ហើយ​ក៏​ស្តាយ​ដែរ បើ​គេ​ធ្វើ​ទំនប់​មែន»។​

ការ​សិក្សា​អំពី​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ទំនប់​នេះ​បង្ហាញ​ថា ប្រសិន​បើ​ត្រូវ​គេ​សាងសង់​មែន ទំនប់​ដែល​អាច​ផលិត​ថាម​ពល​បាន​ជាង​១០០​ម៉េហ្គាវ៉ាត់​នេះ​នឹងបង្ខំ​ឲ្យ​អ្នកភូមិ​ជាង​១៥០០​នាក់​ ដែល​ភាគ​ច្រើន​ត្រូវ​គេ​ជឿ​ថា ​ជា​ជនជាតិខ្មែរ​ដើម​ត្រូវ​ផ្លាស់​ទី​លំនៅ​ថ្មី។​
ហើយ​អាង​ស្តុក​ទឹក​នៃ​ទំនប់​នេះ​នឹង​ជន់លិច​ដីស្រែ​ចម្ការ​របស់​អ្នកភូមិ​ជិត​១០០០០​ហិកតា និង​ដី​ព្រៃ​ជាង​១០០០០​ហិកតា​ទៀត ដែល​ប្រមាណ​ពាក់​កណ្តាល​នៃដី​ព្រៃនេះ​ស្ថិត​នៅ​ក្នុង​ដែន​ព្រៃ​ការពារ​ជួរ​ភ្នំ​ក្រវាញ​ភាគ​កណ្តាល។​

អ្នក​ស្រី​ពេជ្រ ញឹម​គឺ​ជា​កសិករ​ម្នាក់​ដែរ​នៅ​ទីនេះ។ អ្នក​ស្រី​និយាយ​ថា គ្រួសារ​របស់​អ្នកស្រី​ពឹង​អាស្រ័យ​ទៅលើ​ដី​ស្រែ​ទំហំ​២​ហិកតា​ស្ថិត​ក្នុង​ផ្ទៃអាង​របស់​ទំនប់ ដើម្បី​ទ្រទ្រង់​ជីវភាព​រស់​នៅ។​

«ខ្ញុំ​ដូច​ជា​មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ ព្រោះ​វា​ប៉ះពាល់​ដី​ស្រែ​របស់​ខ្ញុំ​នៅ​ខាង​លើ​ទំនប់​ហ្នឹង»។

ក្រៅ​ពី​ស្រែ​ចម្ការ​និង​ផល​ អនុផល​ព្រៃឈើ​ អ្នក​ភូមិ​ទាំង​នេះ​ក៏​ពឹង​អាស្រ័យ​ទៅ​លើ​ការ​នេសាទ​ត្រី​នៅ​តាម​ដង​ស្ទឹង​អារ៉ែង​នេះ​សម្រាប់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់ពួក​គេ​អស់​ជា​ច្រើន​ជំនាន់​មក​ហើយ។​

ដូច្នេះ​ប្រសិន​បើ​ទំនប់​នឹង​ត្រូវ​បាន​សាងសង់​មែន នោះ​វា​នឹង​រាំង​ខ្ទប់​លំហូរ​ទឹក​ស្ទឹង​នេះ ហើយ​នឹង​បំផ្លាញ​ដែន​ជម្រក​ត្រីនៅ​ខាង​ក្រោម​ទំនប់​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​អ្នក​ភូមិ​ជនជាតិដើម​ភាគ​តិចនៅ​ទីនេះ នេះ​បើ​យោង​តាម​អង្គការ​ទន្លេ​អន្តរជាតិ។​

អង្គការ​អភិរក្ស​បរិស្ថាន​នេះ​ក៏​អះអាង​ដែរ​ថា អាង​ស្តុក​ទឹក​របស់​ទំនប់​នេះ​ក៏​នឹង​គម្រាម​កំហែង​ដល់​ពពួក​ពូជ​សត្វ​ដ៏​កម្រ​ និង​ជិត​ផុត​ពូជ​ជាង​៣០​ប្រភេទ​ដោយ​រួម​ទាំង​ក្រពើ​ភ្នំ​ និង​ត្រី​នាគ​ផង​ដែរ។​

លោក​យ៉ែម សុខុន​គឺ​ជា​នាយក​សាលា​បឋម​សិក្សា​មួយ​នៅ​ទី​នេះ។ លោក​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ អ្នក​ភូមិ​ស្ទើរ​តែ​មិន​ដឹង​អ្វី​សោះ​អំពី​គម្រោង​សាង​សង់​ទំនប់​នេះ ជាពិសេស​ព័ត៌មាន​ទាក់​ទង​នឹង​សំណង​សម្រាប់​ពួក​គេ​ចំពោះ​ផលប៉ះពាល់​ដោយ​សារ​ទំនប់​នោះ។​

«ប្រជាជន​ចាំ​តែ​ដល់​ថ្ងៃ​គេ​សង់​បាន​ដឹង។​ វា​បាត់​ទំនុក​ចិត្ត​មួយ។ អញ្ចឹង​ ខ្ញុំ​ចង់​ឲ្យ​ប្រជាជន​ដឹង​មុន​អំពី​សំណង​របស់​រដ្ឋាភិបាល​ ឬ​របស់​ក្រុមហ៊ុន​ចិន»។​

តាំង​ពី​ឆ្នាំ​២០០៧​មក រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន​យ៉ាង​តិច​ចំនួន​២​ធ្វើ​ការ​សិក្សា​លទ្ធភាព​នៃ​ការ​សាងសង់​ទំនប់​នៅ​លើ​ស្ទឹង​អារ៉ែង​នេះ។​ ក្រុមហ៊ុន​ទី​១ ឈ្មោះ China Southern Power Grid ​ដែល​បាន​ចាប់​ផ្តើម​មុន​គេ ប៉ុន្តែបានដក​ខ្លួន​ចេញ​ពី​គម្រោង​ទំនប់​នេះ​វិញ​ នៅ​ឆ្នាំ​២០១០ បន្ទាប់​ពី​មើលឃើញ​ថា គម្រោង​នេះ​មិន​អាច​អនុវត្ត​បាន។ ចាប់​ពី​នោះ​មក ​ក៏មាន​ក្រុមហ៊ុន​ទី​២ ឈ្មោះ ​China Guodian Corporation ត្រូវ​គេ​រាយ​ការណ៍​ថា បាន​ទទួល​បន្ត​គម្រោង​ទំនប់​ដែល​នឹង​ចំណាយ​ទឹក​ប្រាក់​អស់​ជាង​៣០០​លាន​ដុល្លារ​នេះ។

លោក​យ៉ែម សុខុន​និយាយថា៖​

«ខ្ញុំ​ជឿ​ថា ផល​ប្រយោជន៍​ដែល​បាន​ពី​ក្រុមហ៊ុន​វារីអគ្គិសនី​នេះ​គឺ​ច្រើន​ហើយ ហើយ​ប្រជាជន​ក៏​អាច​ស្វែង​រក​ការងារ​ខ្លះ​បាន​ធ្វើ​ដែរ។ ប៉ុន្តែ​ទោះ​ជា​ផល​ប៉ះពាល់​តិច​ជាង​ផល​ដែល​យើង​បាន​ក៏​ដោយ ​យើង​មិន​ដឹង​ថា​ តើ​ផល​ដែល​យើង​បាន​ហ្នឹង​ វាសម​ស្រប​ជា​មួយ​ប្រជាជន​ដែរ ​ឬ​មួយ​យ៉ាង​ណា?»

ក្រុម​អ្នក​រិះ​គន់​បាន​អំពាវនាវ​ឲ្យ​មាន​ការ​លុប​ចោល​គម្រោង​សាងសង់​ទំនប់​នេះដោយ​លើកឡើង​អំពី​ផល​ប៉ះពាល់​បំផ្លិច​បំផ្លាញ​នៃ​ទំនប់​មួយ​នេះ ​ព្រម​ទាំង​អះអាងអំពី​ការ​កាប់​ឈើ​មាន​តម្លៃ​ដោយ​ខុសច្បាប់នៅ​ក្នុង​និង​ក្រៅ​ផ្ទៃ​អាង​ស្តុក​ទឹកនៃ​ទំនប់​នេះ។​ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​បាន​បដិសេធ​ការ​អះអាង​នេះ។​

យ៉ាង​ណាក៏​ដោយ លោក​អ៊ិន គង់​ជិត អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង និយាយ​ថា គម្រោង​សាងសង់​ទំនប់​នៅ​លើ​ស្ទឹង​អារ៉ែង​នេះមិន​ចាំ​បាច់​ឡើយ។​

«នៅ​ក្នុង​ខេត្ត​កោះកុង​នេះ ​មាន​ភូមិ​សាស្ត្រ​ជា​ច្រើន​ដែល​បាន​និង​កំពុង​ដំណើរ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី មាន​ដូចជា​ទំនប់​ស្ទឹង​តាតៃ ទំនប់​ស្ទឹង​ ឬស្សី​ជ្រុំក្រោម ទំនប់​ស្ទឹង​អាតៃ ហើយ​ឥឡូវ​នេះ គឺ​មាន​ទំនប់​គីរីរម្យ​៣​ទៀត។ អញ្ចឹង​ ​យើង​ឃើញ​ថា ទំនប់​ទាំង​ប៉ុន្មាន​ហ្នឹង ពិត​ជា​អាច​ផ្តល់​ថាមពល​គ្រប់គ្រាន់​ទៅទូទាំង​ប្រទេស​ ក៏​ដូច​ជា​អាច​លក់​ទៅ​ប្រទេស​ខាង​ក្រៅ​បាន​ទៀត»។​

វីអូអេខ្មែរ​បានព្យាយាម​ទាក់​ទង​តំណាង​ក្រុមហ៊ុន​ចិន​ទាំង​ពីរ​ដើម្បី​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​ តែ​មិន​អាច​ទាក់ទង​បាន​ណា​បាន​ទេ។​

ទាំង​មន្ត្រី​ស្រុក​ថ្មបាំង​និង​មន្ត្រី​ខេត្ត​កោះកុង និយាយ​ថា ពួក​គេ​ក៏​គ្មាន​ព័ត៌មាន​អំពី​ក្រុម​ហ៊ុន​ទាំង​នោះ ហើយ​ក៏​មិន​ដឹង​ផែន​ការ​លម្អិត​ក្នុង​ការ​សាងសង់​ទំនប់​របស់ក្រុម​ហ៊ុន​នោះ​ដែរ។​
ប៉ុន្តែ​ពួកគេ​អះអាង​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​អនុម័ត​លើ​គម្រោង​សាងសង់​នោះ​រួច​ស្រេច​ហើយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ថាមពល​ដែល​កាន់​តែកើន​ឡើង​នៅ​ក្នុង​ប្រទេស។
ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ខ្លះ​នៅ​តែ​មាន​មន្ទិល​អំពី​លទ្ធភាព​ដែល​ទំនប់​នេះ ​អាច​លេច​រូបរាង​ពិត​ប្រាកដ។​

លោក​គឹម ឆែ គឺ​ជា​មេឃុំ​ប្រឡាយ ជា​ឃុំមួយ​ក្នុង​ចំណោម​ឃុំ​ពីរ​ដែល​នឹង​ត្រូវ​ជន់​លិច ប្រសិន​បើ​ទំនប់​នេះ​ត្រូវ​គេ​សាងសង់។​

«តាំង​ពី​ឆ្នាំ​២០០៧​មក​រហូត​ឆ្នាំ​២០១៣​នេះ ខ្ញុំ​មើល​ទៅ​ដូច​ជា​អត់​ទេ តាម​ទស្សនៈ​របស់​ខ្ញុំ ពីព្រោះ​ថា សិក្សា​អី​ក៏​វែង​ម៉្លេះ? បើ​កន្លែង​ផ្សេងៗ​ដូច​តាតៃ​អី មិន​ទាំង​ ឮ​សិក្សា​អី​ផង គេ​ធ្វើ​បាត់​ទៅ​ហើយ»។​

លោក​និយាយ​ថា អ្នកភូមិ​របស់​លោក​មិន​គួរ​ព្រួយ​បារម្ភ​ជ្រុល​ពេក​អំពី​គម្រោង​ទំនប់​នេះ​ទេ ពី​ព្រោះ​ប្រសិន​បើ​ផ្ទះ​និង​ដី​ស្រែចម្ការ​របស់​ពួកគេ​ត្រូវ​ជន់​លិច​ដោយ​សារ​ទំនប់​មែន​នោះ​ ផ្ទះ​និង​ដី​ស្រែចម្ការ​របស់​លោក ​ក៏​នឹង​ត្រូវ​ជន់​លិច​ដូចគ្នាដែរ៕​

XS
SM
MD
LG