ការដាក់ពាក្យតវ៉ាអន្ដរជាតិមកពីប្រទេស ជាង ១០០ អំពាវនាវឲ្យរដ្ឋាភិបាលប្រទេសឡាវ និង ប្រទេសថៃ ទម្លាក់ចោលផែនការធំធេងនៃការស្ថាបនាទំនប់វារីអគ្គីសនី យ៉ាងធំមួយនៅតំបន់ភាគខាងក្រោមទន្លេមេគង្គ។ ក្រុមអ្នកតាក់តែងច្បាប់នៅសហរដ្ឋអាមេរិក កំពុងអំពាវនាវឲ្យគោរព យ៉ាងជាក់លាក់នូវបទដ្ឋានការពារបរិស្ថាននៃគម្រោងការ ដោយគេមានការភ័យខ្លាចថា នឹងធ្វើឲ្យប៉ះពាល់យូរអង្វែងដល់ប្រព័ន្ធបរិស្ថានរបស់ទន្លេសម្រាប់រយៈពេលយូរ។
ទំនប់វារីអគ្គីសនី សាយ៉ាប៊ូរី ដែលមានតម្លៃ ៣.៥០០ លានដុល្លារ ជា គម្រោងការទំនប់មួយក្នុងចំណោមទំនប់ ១១ នៃតំបន់ភាគខាងក្រោមទន្លេមេគង្គ ដែល ហូរកាត់ប្រទេសថៃ កម្ពុជានិង វៀតណាម។
តែក្រុមជំនាញបរិស្ថាន និយាយថា ទំនប់កម្លាំង ១.២៨០ មេហ្គាវ៉ាត់នោះនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរយូរអង្វែងដល់បរិស្ថាន ជាពិសេស នៅកន្លែងខ្លះ ដូចជានៅតំបន់ដីសន្ដរនៃទន្លេមេគង្គរបស់ប្រទេសវៀតណាមដែលជាជង្រុកស្រូវរបស់ប្រទេសនោះ។
ក្រុមបរិស្ថានមួយ នៅ សរអ ហៅ International Rivers ថ្លែងថាមនុស្ស២២.៥៨០ នាក់ ពីប្រទេសជាង ១០០ បានចុះហត្ថលេខាលើពាក្យតវ៉ា ដែលអំពាវនាវឲ្យទម្លាក់ចោលគម្រោងការ ដោយសារតែគេមានការព្រួយបារម្ភខ្លាំងចំពោះអនាគត នៃតំបន់ភាគខាងក្រោមទន្លេមេគង្គ។ញត្ដិ តវ៉ា ធ្វើឡើង មួយសប្ដាហ៍បុណ្ណោះ មុនពេលដែលគណៈកម្មការទន្លេមេគង្គ ដែលមានសមាជិកប្រទេស កម្ពុជា ឡាវ ថៃ និង វៀតណាម នឹងជួបប្រជុំគ្នា ដើម្បីចេញសេចក្ដីសម្រេចចុងក្រោយបង្អស់មកលើគម្រោងការនោះ។
អ្នកសម្របសសម្រួលយុទ្ធនាការ សម្រាប់អង្គការ International Rivers ប្រចាំប្រទេសថៃ អ្នកស្រី Pianporn Deetes ថ្លែងថា ញត្ដិតវ៉ានោះគូសបញ្ជាក់អំពីការព្រួយបារម្ភ មកលើការប៉ះពាល់ពីសំណង់ទំនប់។
«ខ្ញុំចង់ឃើញអ្នកទទួលខុសត្រូវសំខាន់ៗនៃរដ្ឋាភិបាលថៃនិងឡាវ យល់ដឹងថា ពិភពលោកកំពុងតាមមើលយ៉ាងដិតដល់ ដោយគេឃើញមានមនុស្សដ៏ច្រើនសន្ធឹក មានចិត្ដចង់ការពារទន្លេមេគង្គ ហើយ ជីវិតមនុស្សរាប់លាននាក់ ពឹងផ្អែកមកលើទន្លេមេគង្គ ហើយគេចង់ឲ្យរដ្ឋាភិបាលទាំងនោះធ្វើសេចក្ដីសម្រេចត្រឹមត្រូវ ដោយមិនយោងទៅតាមមូលហេតុនយោបាយ។»
គម្រោងការសម្រាប់ ទំនប់វារីអគ្គិសនីចំនួន ១១ ធំៗ នៅលើទន្លេមេគង្គ បានចាប់ផ្ដើមឡើងកាលពីឆ្នាំ ២០០៦។ នៅក្រោមកិច្ចសន្យាថា ប្រទេសថៃ នឹងទិញ ៩៥ភាគរយនៃភ្លើងអគ្គិសនី ចេញពីទំនប់សាយ៉ាបុរី។
ក្រសួងថាមពលរបស់ប្រទេសថៃ ថ្លែងថា គ្មានឃើញភ័ស្ដុតាងណាមួយដែលគាំទ្រការទាមទារ ថាមានការខូចខាតរយៈពេលយូរ មកលើទន្លេទេ។ តែក្រុមមន្ដ្រីនៃ ប្រទេសវៀតណាម និង កម្ពុជា គាំទ្រគំនិតរបស់ក្រុមជំនាញបរិស្ថាន ដោយសំអាងថាវានឹងធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់ទីជម្រករបស់ត្រី។
ក្នុងខែមេសា ប្រទេសទាំងឡាយ ដែលស្ថិតនៅក្រោមទន្លេមេគង្គ បានយល់ព្រមគ្នា សុំឲ្យផ្អាកការស្ថាបនាទំនប់ រង់ចាំការសិក្សាជ្រៅជ្រះ។
តែសេចក្ដីរាយការណ៍កាលពីពេលថ្មីៗនេះ ចង្អុលឲ្យឃើញសំណង់កំពុងដំណើរការនៅទីកន្លែងទំនប់ ធ្វើឡើងដោយ ក្រុមសំណង់ថៃ។
លោក Carl Thayer អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្រា្តលី ថ្លែងថាសេចក្ដីសម្រេចរបស់ រដ្ឋាភិបាលក្នុងការជំរុញឲ្យស្ថាបនាទំនប់ នឹង បណ្ដាលឲ្យមានភាពតានតឹងការទូត។
«ទាំងកម្ពុជា ទាំងវៀតណាម ពេលសួរយោបល់ បានចេញសេចក្ដីថ្លែងការណ៍បង្ហាញការព្រួយបាម្ភ ហើយប្រទេសទាំងពីរ ពេញចិត្ដខ្លាំងចំពោះការពន្យារពេលសំណង់ទំនប់។ រឿងសំខាន់មួយ ដែលយើងមិនទាន់និយាយ គឺ នឹងមានកំណត់ការទូតដ៏ហ្មត់ចត់ចំពោះ ប្រទេស ឡាវ ហើយខ្ញុំយល់ថាលោកអ្នកនឹងឃើញមានទស្សនកិច្ចថ្នាក់ខ្ពស់ពីទីក្រុងហាណូយទៅកាន់រដ្ឋធានីវៀងច័ន្ទ ដើម្បីសុំឲ្យមានការពន្យល់ដោយសារតែគេមានការព្រួយបារម្ភធំធេង។»
លោក Thayer ថ្លែងថា ប្រទេសវៀតណាមនឹងពិនិត្យមើលប្រទេសអ្នកផ្ដល់ជំនួយថវិកាផ្ដល់ ឲ្យគណៈកម្មការទន្លេមេគង្គ មានរាប់បញ្ចូលសហរដ្ឋអាមេរិក អូស្រ្ដាលី និង ជប៉ុន ដើម្បីដាក់សម្ពាធការទូត មកលើប្រទេស ឡាវ និង ថៃ ឲ្យពន្យារពេលសំណង់ទំនប់។
ក្រុមអ្នកវិភាគបានអំពាវនាវឲ្យបញ្ឈប់គម្រោងការនោះរយៈពេល១០ឆ្នាំ ដើម្បីធ្វើការវាស់វែងជ្រាលជ្រៅមកលើការប៉ះពាល់ដល់ប្រព័ន្ធបរិស្ថាននៅលើទំនប់ សាយ៉ាប៊ូរី ផង និង សំណង់ទំនប់ដទៃដែលស្ថិតនៅតាមបណ្ដោយទន្លេមេគង្គ។
គណៈកម្មការទន្លេមេគង្គថ្នាក់រដ្ឋមន្រ្ដីត្រូវកំណត់ ជួបប្រជុំនៅក្នុងថ្ងៃទី ៧ ខែធ្នូ ក្នុងទីក្រុង សៀមរាប ប្រទេសកម្ពុជា៕
ប្រែសម្រួលដោយ អ៊ូ ធួក