ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​បារម្ភ​ដោយ​សារ​ចិន​និង​ភូមា​នៅ​តែ​មិន​ព្រម​ចូល​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ


ផែនទីវារីអគ្គិសនីមេគង្គ
ផែនទីវារីអគ្គិសនីមេគង្គ

ប្រទេស​ចិន​ និង​ភូមា​ រហូត​មក​ដល់​ពេល​នេះ​ នៅ​តែ​មិន​ព្រម​ចូល​ជា​សមាជិក​គណៈ​កម្មការ​ទន្លេ​មេគង្គ​ដដែល។​ ក្រុម​មន្ត្រី​ និង​អ្នក​សិក្សា​ស្រាវ​ជ្រាវ​តំបន់​អាង​ទន្លេ​មេគង្គ ​អះអាង​ថា​ មូលហេតុ​គឺដោយ​សារ​ប្រទេស​ទាំង​ពីរ ​ជាពិសេស​គឺ​ចិន បារម្ភ​ខ្លាច​ជាប់​ផុង​នៅក្នុង​កិច្ច​ព្រម​ព្រៀង​មេគង្គ ដែល​តម្រូវឲ្យមាន​ការ​ព្រមព្រៀង​រវាង​ប្រទេស​ជា​សមាជិក​ដទៃ​ទៀត ​មុន​នឹង​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​លើ​ដង​ទន្លេ​មេគង្គ។

នៅ​ឆ្នាំ​១៩៩៦ ​គឺ​មួយ​ឆ្នាំ​ក្រោយ​ពីកំណើត​នៃ​កិច្ច​ព្រមព្រៀង​មេគង្គ ​ប្រទេស​ចិន​និង​ភូមា​បាន​ក្លាយ​ជា​ដៃគូ​សន្ទនា​ជាមួយ​បណ្តា​ប្រទេស​បួន​ទៀត​ដែល​ជា​សមាជិក​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ ​រួមមាន​ថៃ ​ឡាវ ​កម្ពុជា ​និង​វៀតណាម។

ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក​ ប្រទេស​ទាំង​ពីរ​គឺ​ចិន​និង​ភូមា​នៅ​តែ​មិន​ព្រម​ចូល​ជា​សមាជិក​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​នេះ​ដដែល។

លោកវ៉ាត់ បុត្ត​កុសល ​អគ្គលេខាធិការ​រង​នៃ​គណៈ​កម្មការ​ទន្លេមេគង្គ​កម្ពុជា ​សាកល្បង​ពន្យល់​ពី​មូលហេតុ​នេះ៖

«ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ ​ទី​១​គឺ​ស្ថាន​ភាព​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ចិន​និង​ប្រទេស​នៅក្នុង​តំបន់​អាង​ទន្លេ​មេគង្គ​គឺ​ខុស​គ្នា។​ ស្ថានភាព​របស់​ប្រទេស​ចិន​ គាត់​ចង់​អភិវឌ្ឍ​បណ្តា​ទំនប់​វារី​អគ្គិសនី​របស់​គាត់​ ហើយ​បើ​សិន​ជា​អភិវឌ្ឍ​ដោយ​មាន​ការ​ចូល​រួម​របស់​គាត់​នៅ​ដំណាក់​កាល​នេះ​ កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ជំរុញ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ ដូច​ទំនប់​សាយ៉ាបូរី​អញ្ចឹង។​ អញ្ចឹង​ធ្វើ​ឲ្យ​បង្អាក់​ដំណើរ​ការ​សាងសង់​ទំនប់​នៅ​ចិន»។

ក្រោម​កិច្ច​ព្រម​ព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥​ ប្រទេស​ជា​សមាជិក​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ត្រូវ​ពិគ្រោះ​យោបល់​គ្នា​សិន​ មុន​នឹង​ឈាន​ទៅ​សម្រេច​ចិត្ត​លើ​ការអភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​ណា​មួយ​នៅលើ​ដង​ទន្លេ​មេគង្គ។

កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១១ ​ប្រទេស​ជា​សមាជិក​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​បច្ចុប្បន្ន​គឺ​កម្ពុជា​ ថៃ ​ឡាវ​និង​វៀតណាម​បាន​សម្រេច​ផ្អាក​គម្រោង​សាងសង់​ទំនប់​សាយ៉ាបូរីរបស់​ប្រទេស​ឡាវ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត​អំពី​ផល​ប៉ះ​ពាល់​នៃ​ទំនប់​ដ៏​ចម្រូង​ចម្រាស់​នោះ។

សម្រាប់​ប្រទេស​ភូមា​វិញ ​ការ​ចូល​ជា​សមាជិក​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ហាក់​ដូច​ជា​មិន​មែន​ជា​អាទិភាព​ចម្បង​សម្រាប់​ប្រទេស​នេះ​ឡើយ។

លោក​ពេជ្រ​ សុខេម​គឺ​ជា​ប្រធាន​កម្មវិធី​មេគង្គ​ស្តី​ពី​ទឹក ​បរិស្ថាន​និង​ការ​ចិញ្ចឹម​ជីវិត ហៅ​កាត់​ថា ​M-POWER។

«ចំពោះ​ភូមា​ ច្បាស់​ហើយ​ថា ​១%​នៃ​ប្រទេស​ភូមា​ស្ថិត​នៅក្នុង​ទន្លេ​មេគង្គ​ ដូច្នេះ មិន​មែន​ជា​អាទិភាព​ធំ​អី​ទេ​សម្រាប់​ភូមា​ ហើយ​តំបន់​នៅ​ភូមា​នោះ​ ពី​ដើម​នៅ​មាន​ពួក​ឧទ្ទាម ​ពួក​បះបោរ​នៅ​ ដូច្នេះ​ហើយ​មិនមែន​ជា​អាទិភាព​សម្រាប់​ភូមា​ទេ»។

លោក​ពូ សុធារៈ​គឺ​ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវ​នៃ​វិទ្យាស្ថាន​សិក្សា​អាស៊ី​អាគ្នេយ៍​ដែល​មាន​មូល​ដ្ឋាន​នៅក្នុង​ប្រទេស​សឹង្ហបុរី។

លោក​និយាយ​ថា​ សមាជិក​ភាព​របស់​ចិន​និង​ភូមា​នៅក្នុង​គណៈ​កម្មការ​ទន្លេ​មេគង្គ​នឹង​អាច​ជួយ​ធានា​ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ​ទាំង​មូល។

«ប្រសិន​បើ​គាត់​ចូល​រួម​នៅក្នុង​នេះ​ វា​មាន​អត្ថ​ប្រយោជន៍​ខ្លាំង​ណាស់​គឺ​ថា​ ទី១​ កិច្ច​សហប្រតិបត្តិការ​តំបន់​ វា​រឹត​តែ​រីក​ចម្រើន។ ​រីកចម្រើន​ហ្នឹង​គឺ​ថា​ រាល់​ការ​ងារ​ដែល​ប៉ះពាល់​នឹង​ទន្លេ​មេគង្គ​ហ្នឹង​គឺ​ថា​ មាន​ការ​ពិគ្រោះ​យោបល់​គ្នា​ ប្តូរ​យោបល់​គ្នា ​មាន​ការ​គាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ មុន​នឹង​ធ្វើ​អ្វី​មួយ​នោះ»។

ពុំ​ទាន់​មាន​ប្រតិកម្ម​ណាមួយ​ពី​ខាង​តំណាង​ប្រទេស​ភូមា​នៅឡើយ​ទេ​ទាក់ទង​នឹង​ការ​ចូល​ជា​សមាជិក​របស់​ខ្លួន​ទៅ​ក្នុង​គណៈកម្មការ​ទន្លេ​មេគង្គ​នេះ។

ប៉ុន្តែ​លោក​សាស្ត្រាចារ្យ​លូ ហ្ស៊ីង​ (Lu Xing) ​នាយក​មជ្ឈ​មណ្ឌល​សិក្សា​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​នៃ​សាកលវិទ្យាល័យ​ Yunnan ​របស់​ចិន​ និយាយ​ថា​ គ្មាន​ហេតុ​ផល​អ្វី​ដែល​ចិន​ត្រូវ​ចូល​ជា​សមាជិក​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ទៀត​ទេ ​នៅ​ពេល​ដែល​ចិន​បាន​ចូល​រួម​នៅក្នុង​វេទិការ​មហា​អនុ​តំបន់​ទន្លេមេគង្គ​ដែល​មាន​ប្រទេសទាំង​៦​ជាសមាជិករួច​ទៅ​ហើយ​នោះ​គឺ​ចិន ​ភូមា​ ថៃ​ ឡាវ​ កម្ពុជា​និង​វៀត​ណាម។

«នៅក្នុង​ឆ្នាំ​១៩៩២​ យើង​មាន​វេទិការ​មហា​អនុតំបន់​ទន្លេ​មេគង្គ​ ហើយ​បាន​ប្រើ​វេទិការ​នេះ​សម្រាប់​ការ​ពិភាក្សា​ ការ​អភិវឌ្ឍ​ ឬ​ក៏​ការ​សហការ​គ្នា។ ​ប៉ុន្តែ គណៈ​កម្មការ​ទន្លេ​មេគង្គ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៥។​ ដូច្នេះ​ ព្រឹត្តិការណ៍​ទាំង​ពីរ​នេះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​សម្រាប់​ខ្ញុំ​ក្នុង​នាម​ជា​អ្នក​សិក្សា​ស្រាវជ្រាវ។ ​ហេតុអ្វីបាន​ជា​អ្នក​មិន​ប្រើ​ប្រាស់​វេទិការ​មហា​អនុតំបន់​ទន្លេ​មេគង្គ? ​មាន​ប្រទេស​ទាំង​៦​នៅក្នុង​វេទិការ​នេះ​រួច​ស្រេច​ទៅ​ហើយ​។ ​ហេតុអ្វី​បាន​ជា​ចាំ​បាច់​ជ្រើស​រើស​អង្គការ​មួយ​ផ្សេង​ទៀត​ ដែល​ផ្តោត​ទៅ​លើ​គណៈ​កម្មការ​ទន្លេ​មេគង្គ​នោះ? តើ​អ្នក​អាច​ឆ្លើយ​សំណួរ​របស់​ខ្ញុំ​នេះ​បាន​ទេ?»

ប៉ុន្តែ​សម្រាប់​លោក​ពេជ្រ សុខេម​ ការ​ផ្តល់​ហេតុ​ផល​របស់​លោក​សាស្ត្រាចារ្យ​ចិន​ គឺ​គ្រាន់​តែ​ជា​ការ​ដោះ​សារ​មួយ​ប៉ុណ្ណោះ។

«នៅ​ក្នុង​ឆ្នាំ​១៩៩២-១៩៩៣​ នៅពេល​ដែល​យើង​ចរចា​កិច្ចព្រមព្រៀង​ទន្លេ​មេគង្គ​ថ្មី​ យើង​ហៅ​ចិន​និង​ភូមា​ចូល​រួម​ ប៉ុន្តែ​ពេល​នោះ​ ចិន​មាន​គម្រោង​ធ្វើ​ទំនប់​១៥​នៅ​លើ​ទន្លេ​របស់​គាត់​ហើយ។​ អញ្ចឹង​នៅ​ពេល​ដែល​លូ ហ្ស៊ីង​និយាយ​ពី​GMS​ហ្នឹង​ វា​គ្រាន់​តែ​ជា​លេស​មួយ​ទេ។​ តាម​ពិត​ទៅ ​ការ​ដែល​ចិន​មិន​ចូល​សំខាន់​បំផុត​គឺ​គាត់​នៅ​លើ​គេ។​ គាត់​មាន​គម្រោង​ធ្វើ​ទំនប់​របស់​គាត់​ហើយ។​ បើ​សិន​គាត់​ចូល​ កិច្ច​ព្រមព្រៀង​នឹង​ទាម​ទារ​ឲ្យ​មាន​ការ​ចរចា​ និង​ការ​ឯកភាព​គ្នា។ ​ដូច្នេះ ​គាត់​ថា​ វា​អត់​ចំណេញ​សម្រាប់​គាត់។ ​គាត់​ថា​ អ្នក​ឯង​ចរចា​តែ​គ្នា​ឯង​នៅ​ខាង​ក្រោម​ហ្នឹង​សិន​ទៅ ​ខ្ញុំ​មិន​ចាំ​បាច់​ចូល​រួម​ទេ ​ចាំ​ដល់​ពេល​ណា​មួយ​សមរម្យ ​បាន​គាត់​ពិចារណា»។

សម្រាប់​លោក​ Larry Harrington ​នាយក​ផ្នែក​ស្រាវជ្រាវ​កម្មវិធី​ជំនះ​លើ​បញ្ហា​ទឹក​និង​ស្បៀង​អាហារ​ (Challenge Program on Water and Food)​ ពេល​វេលា​ដ៏​សមរម្យ​សម្រាប់​ចិន​ចូល​ជា​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ​បាន​មក​ដល់​ហើយ ​ប្រសិន​បើ​ចិន​ចង់​បង្ហាញ​ថា​ ​ខ្លួនជា​មេដឹកនាំ​ពិភពលោក​មួយ​ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវនោះ។

«ប្រទេស​ចិន​កំពុង​ប្រែក្លាយ​ទៅ​ជា​មេ​ដឹកនាំ​ពិភព​លោក​មួយ​ដែរ​ ហើយ​ក្នុង​នាម​ ជា​មេដឹកនាំ​ពិភពលោក​ ប្រទេស​នេះ​នឹង​ផ្តល់​ភាព​ជា​អ្នក​ដឹកនាំ​នៅក្នុង​បញ្ហា​ក្រម​សីលធម៌ ​សុជីវធម៌​ ព្រមទាំង​ក្នុង​បញ្ហា​បច្ចេកទេស ​វិទ្យាសាស្ត្រ​ និង​នយោបាយ​ផងដែរ»។

ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ទាំង​នេះ​រំពឹង​ថា​ ចិន​ប្រហែល​ជា​នឹង​ធ្វើ​ខ្លួន​ជា​បង​ធំ​ដ៏​ល្អ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ នៅ​ពេល​ដែល​គម្រោង​សាងសង់​ទំនប់​របស់​ចិន​នៅលើ​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាង​លើ​ជិត​ចប់​សព្វ​គ្រប់​ទៅ​ហើយ​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG