ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភាអនុម័ត​គម្រោង​ទំនប់វារី​អគ្គិសនី​សេសានក្រោម​២​


ទំនប់វារី​អគ្គិសនី​សេសាន​ក្រោម​២​ស្ថិត​នៅ​​ចម្ងាយ​២០​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​ស្ទឹងត្រែង​ លើដៃ​ទន្លេ​ហូរ​ចាក់​ទៅ​ទន្លេ​មេគង្គ។
ទំនប់វារី​អគ្គិសនី​សេសាន​ក្រោម​២​ស្ថិត​នៅ​​ចម្ងាយ​២០​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​ស្ទឹងត្រែង​ លើដៃ​ទន្លេ​ហូរ​ចាក់​ទៅ​ទន្លេ​មេគង្គ។
ភ្នំពេញ​៖ រដ្ឋ​សភា​កម្ពុជា​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​ កាលពីថ្ងៃ​សុក្រ​ទី​១៥​ខែ​កុម្ភៈ​នេះ ​ដែ​ល​នឹង​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​វិនិយោគ​លើ​គម្រោង​នេះ​ចាប់ផ្តើម​ដំណើរការ​របស់​ខ្លួន​ បើ​ទោះ​ជាប្រជា​ពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​មិនទាន់​ទទួល​បាន​សំណង​ក៏ដោយ។​

សមាជិក​សភា​ចំនួន​៨២​រូប​លើ​៩០​រូប​បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់ព្រម​សម្រាប់​ក្រុមហ៊ុន​ហាយដ្រូ ផៅវ័រ សេសាន​ក្រោម​២។​

ក្នុង​កិច្ច​ប្រជុំ​សភា ​លោក​យឹម សុវណ្ណ ​តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី​ បាន​ស្នើ​ឱ្យ​មាន​ការ​ពន្យារ​ពេល​អនុម័ត​ច្បាប់​នេះ។​

«យើង​ខ្ញុំ​សូម​ឱ្យ​ពន្យារ​ការ​ពិភាក្សា​ និង​ការ​អនុម័ត​ រហូត​ដល់​មាន​ការ​សិក្សា​ឱ្យ​បាន​ល្អិត​ល្អន់ ​មាន​ឯកសារ​គ្រប់គ្រាន់​ ឱ្យ​មាន​ការ​ចូលរួម​ឱ្យ​គ្រប់​ជ្រុង​ជ្រោយ​ កុំ​ឱ្យ​មាន​ការ​តវ៉ា​ដូច​ប៉ុន្មាន​ថ្ងៃ​កន្លង​នេះ​មក​ សឹម​យើង​បន្ត​ការ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​បន្ត​ទៀត»។​

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ ​លោក​ស៊ុយ សែម ​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ ​និង​ថាមពល​ បាន​ថ្លែង​ក្នុង​រដ្ឋ​សភា​ថា ​នេះ​ដោយ​សារ​នៅ​ពេល​សិក្សា​បឋម​កាល​ពី​ឆ្នាំ​២០០៩​ ក្រុម​អ្នក​ឯកទេស​បាន​ប៉ាន់​ស្មាន​ថា ​មានឃុំ​ចំនួន​បួន​នឹង​លិច ​ប៉ុន្តែ​ការ​សិក្សា​លម្អិត​នៅ​ពេល​ក្រោយ​មក​បង្ហាញ​ថា ​ឃុំ​ដែល​នឹង​លិច​ជាក់​ស្តែង​គឺ​មាន​តែ​បី​ឃុំប៉ុណ្ណោះ។​

ទំនប់វារី​អគ្គិសនី​សេសាន​ក្រោម​២​ស្ថិត​នៅចម្ងាយ​២០​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​ស្ទឹងត្រែង​ លើដៃ​ទន្លេ​ហូរ​ចាក់​ទៅ​ទន្លេ​មេគង្គ។​ទំនប់​វ៉ារីអគ្គិសនីនេះមាន​សក្តានុពល​ផលិត​ថាមពល​អគ្គិសនី​៤០០​មេហ្គាវ៉ាត់​ ហើយ​គ្រោង​នឹង​ចាប់​ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០១៣​នេះ។​

ទំនប់​២​នេះវិនិយោគ​ដោយ​ក្រុម​ហ៊ុន​ហាយដ្រូ ផៅវ័រ​ សេសាន​ក្រោម​២​ ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​ដោយ​ក្រុមហ៊ុន​ក្នុង​គឺ​ស្រុករ៉ូយាល់​គ្រុប​ជាមួយក្រុមហ៊ុន​ពីរ​ទៀត​របស់​ចិន​ និង​វៀតណាម​ ​មាន​ទំហំ​ទឹក​ប្រាក់​សរុប​៧៨២លាន​ដុល្លារ​អាមេរិក​ ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១២។​

គម្រោង​ទំនប់​ដែល​មាន​ប្រវែង​៨​គីឡូម៉ែត្រ​នេះ​នឹង​នាំ​ឱ្យ​លិច​ភូមិ​ចំនួន​៧​ទាំង​ស្រុង​ ដែល​ធ្វើ​ឱ្យ​មាន​ការ​បំលាស់​ទី​លំនៅ​របស់​ប្រជា​ពលរដ្ឋ​ប្រមាណ​៥០០០​នាក់។ ​ជាង​នេះ​ទៀត ​ដី​ព្រៃ​រាប់​សិប​ពាន់​ហិចតា​នឹង​លិច ​ត្រី​កម្រ​មួយ​ចំនួន​នឹង​ផុត​ពូជ​ ដោយ​សារ​មិន​អាច​បំលាស់ទី​បាន​ និង​ប៉ះពាល់​ដល់​គុណភាព​ទឹក​ ជីវ​ចម្រុះ​ និង​ជីវភាព​ប្រជា​ពលរដ្ឋ​ដែ​លនៅ​ជិត​នោះ។​ នេះ​បើ​តាម​របាយការណ៍​វាយ​តម្លៃ​ជំហាន​ដំបូង​របស់​រដ្ឋាភិបាល។​

សេចក្តីព្រាង​ច្បាប់ដែល​មាន​៦​ទំព័រ និង​៣​មាត្រា​នេះ​បាន​ចែង​អំពី​លក្ខខណ្ឌ​វិនិយោគ ​ផល​ប៉ះពាល់​នៃ​គម្រោង ​និង​វិធានការ​ដោះស្រាយ​សំណង។​

ប៉ុន្តែបើ​យោង​តាម​របាយការណ៍​ដែល​ចេញ​រួម​គ្នា​ដោយអង្គការ​បរិស្ថាន​ចំនួន​បី​គឺ​អង្គការ​ NGO Forum ​ សមាគម​អភិរក្ស​វប្បធម៌​ និង​បរិស្ថាន​ និង​អង្គការ​បណ្តាញ​ការពារ​ទន្លេ​បី ​បាន​បង្ហាញ​ថា ​ច្បាប់​នេះ​ដែលត្រូវ​បាន​អនុម័ត​នេះ​លើក​ឡើង​ថា ​ប្រជា​ពលរដ្ឋ​រង​ផល​ប៉ះពាល់​មាន​តែចំនួន​៦​ភូមិស្មើ​នឹង៧៩៧​គ្រួសារប៉ុណ្ណោះ។ ​ផ្ទុយ​ទៅវិញ​ ប្រជា​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយ​គម្រោង​នេះ​មាន​ចំនួន​រហូត​ដល់​១០២៥​គ្រួសារ​ រីឯរបាយ​ការណ៍​ស្រាវជ្រាវ​ដាច់​ដោយ​ឡែក​មួយ​ទៀតរបស់​អង្គការ ​NGO Forum ​បង្ហាញ​ថា​ ប្រជាពលរដ្ឋរហូត​ដល់​ទៅ​១៣៤៥​គ្រួសារ​ឯ​ណោះ​នឹង​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់។​
ជាង​នេះ​ទៀត​ ច្បាប់​នេះ​មិន​មានការ​ពិភាក្សា​ពី​ប្រជា​ពលរដ្ឋ​ប្រហែល​៥១០០០​នាក់ដែល​រងផល​ប៉ះពាល់​ដោយ​ប្រយោល​ពី​ទំនប់​នេះទេ។​

លោក​ឈិត សំអាត ​នាយក​ប្រតិបត្តិ​អង្គការ​NGO Forum ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ សេចក្តី​ព្រាងច្បាប់​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ជាក់ស្តែង​អំពីផល​ប៉ះពាល់​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ។​

«ទី​មួយ​ច្បាប់​ហ្នឹង​មិន​មាន​ការ​ពិគ្រោះយោបល់​ឱ្យ​បាន​ទូលំទូលាយ​ពី​សហគម​ដែល​ប៉ះពាល់​ទេ។​ ទីពីរ ​យើង​ឃើញ​ថា ​តួលេខ​មួយ​ចំនួន ​យើង​មិន​ដឹង​ថា​ ហេតុ​អ្វី​បាន​ជា​ការ​សិក្សា​ពី​ហេតុ​ប៉ះពាល់​បរិស្ថាន​នៅ​ឆ្នាំ​២០០៩​ និង​ក្នុង​ច្បាប់​ហ្នឹង​មាន​ការ​ថយ​ចុះទេ។​ ដូច្នេះ​ការ​ចូលរួមនិង​តម្លាភាព​នៃ​ច្បាប់​នេះ​នៅ​មាន​កម្រិត»។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នោះ ​តំណាង​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​ដែល​មាន​ចំនួន​១២​នាក់ ​បាន​យក​ញ្ញត្តិ​មួយ​របស់​សហគមន៍​ខ្លួន​ទៅដាក់​ជូន​ស្ថានទូត​ចិន​ ប្រចាំ​កម្ពុជា ​និង​រដ្ឋ​សភា​កម្ពុជា ​ដើម្បី​សម្តែង​ការ​ជំទាស់​ទៅ​នឹង​ការ​សាងសង់​ទំនប់​នេះ។ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នកស្រី​ណែន សុគីត ​តំណាង​ជនជាតិ​ដើម​ភាគតិច​ម្នាក់​របស់​សហគមន៍​មូលដ្ឋាន។​

«នៅ​ស្ទឹង​ត្រែង​ហ្នឹង​ យើង​បាន​ប្រជុំ​គ្នា​សរសេរ​ញ្ញត្តិ​ហ្នឹង​ទៅ​ដាក់នៅ​ស្ថានទូត​ចិន​ និង​រដ្ឋ​សភា។ ​យើង​សូម​ឱ្យ​រដ្ឋ​សភា​ហ្នឹង​ជួយ​បញ្ឈប់ ​ឬ​ផ្អាក​ ហើយ​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​ហ្នឹង​ឡើង​វិញ។​ មួយ​ទៀត​ហ្នឹង​ យើង​ឱ្យ​គាត់​រើស​ជម្រើស​ថ្មី​ ក្រៅ​ពី​សាងសង់​ទំនប់​វារី​អគ្គិសនី​ ដែល​ធ្វើ​កាត់​តាម​ដង​ទន្លេ។​ ខាង​ទូត​ចិន​គឺ​យើង​សំណូមពរ​ដូច​គ្នា»។​

យ៉ាងណា​ក៏ដោយ​ក្រុម​ប្រជា​ពលរដ្ឋ​នៅ​មិនទាន់​ទទួល​បាន​ចម្លើយ​នៅ​ឡើយ​ទេ​រហូត​មក​ទល់​ពេល​នេះ៕​
XS
SM
MD
LG